អាជ្ញាធរ និងកងកម្លាំងរាជធានីភ្នំពេញបន្តចុះត្រួតពិនិត្យទីតាំងប្រមូលផ្ដុំ ៩០ទីតាំងបន្ថែមទៀត ដើម្បីលុបបំបាត់បទល្មើសនានា ពិសេសបទល្មើសការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា
សមត្ថកិច្ចចម្រុះចុះត្រួតពិនិត្យឃ្លាំងស្តុកសាច់បង្កករាប់រយតោនមួយកន្លែងស្ថិតនៅខណ្ឌសែនសុខ ក្រោយសង្ស័យនាំចូលពីប្រទេសថៃ
រដ្ឋបាលខេត្តព្រះសីហនុបង្ហាញលទ្ធផលបង្ក្រាបបទល្មើស ONLINE SCAMS ៖ រកឃើញមនុស្សជិត៥ពាន់នាក់ និងដកហូតអាជ្ញាបណ្ណកាស៊ីណូចំនួន ១១ទីតាំង
ឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់

សន្តិសុខ និង សង្គម

អ៊ីស្រាអែល អនុញ្ញាតឱ្យរថយន្តដឹកជំនួយពីច្រកឆ្លងកាត់ Erez ដែលបើកឡើងវិញ ចូលតំបន់ហ្កាហ្សា

2024/05/02 10:32:48 am        111
ប្រទេសអ៊ីស្រាអែល បានបើកច្រកឆ្លងកាត់ដែលមានតែមួយគត់នៅផ្នែកភាគខាងជើងតំបន់ហ្កាហ្សា កាលពីថ្ងៃពុធ ដោយអនុញ្ញាតឱ្យរថយន្តដឹកជំនួយឆ្លងកាត់ច្រក Erez បន្ទាប់ពីការទាមទាររបស់សហរដ្ឋអាមេរិក ឱ្យធ្វើការបន្ថែមទៀតដើម្បីដោះស្រាយវិបត្តិមនុស្សធម៌ដែលកំពុងកើនឡើង។ការបើកច្រកឆ្លងកាត់ Erez ឡើងវិញ គឺជាការអង្វរសុំរបស់របស់ទីភ្នាក់ងារផ្តល់ជំនួយអន្តរជាតិ រយៈពេលជាច្រើនខែមកហើយដើម្បីកាត់បន្ថយភាពអត់ឃ្លានដែលត្រូវបានគេជឿថាធ្ងន់ធ្ងរបំផុត ក្នុងចំណោមជនស៊ីវិលរាប់សែននាក់ នៅតំបន់ភាគខាងជើងតំបន់នោះ។រដ្ឋាភិបាលអ៊ីស្រាអែល បានបើកច្រកឆ្លងកាត់នៅថ្ងៃនៃដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken ដែលបានជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និងបានអំពាវនាវឱ្យមានការផ្តល់ជំនួយមនុស្សធម៌បន្ថែមទៀត ចូលទៅក្នុងដែនដីនេះ។ ច្រកផ្លូវកាត់ Erez ត្រូវបានប្រើជាចម្បងសម្រាប់ចរាចរណ៍ផ្លូវគោក នៅតែបិទចាប់តាំងពីច្រកនេះត្រូវបានបំផ្លាញអំឡុងការវាយប្រហាររបស់ពួកហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ដែលបណ្តាលឱ្យមានសង្គ្រាម។ទីភ្នាក់ងារផ្តល់ជំនួយនិយាយថា ពួកគេបានប្រឈមមុខទៅនឹងការលំបាកក្នុងការចូលទៅដល់តំបន់នេះជាមួយនឹងអាហារ និងថ្នាំពេទ្យ ដែលត្រូវដឹកជញ្ជូនពីផ្នែកផ្សេងទៀតនៃតំបន់ហ្កាហ្សា ឆ្លងកាត់តំបន់សង្រ្គាម។អ៊ីស្រាអែល បានប្រកាសថា ខ្លួននឹងបើកច្រកឆ្លងកាត់ Erez ឡើងវិញ កាលពីខែមុន ប៉ុន្មានថ្ងៃបន្ទាប់ពីកងកម្លាំងរបស់ខ្លួនបានសម្លាប់ក្រុមបុគ្គលិកមនុស្សធម៌ ដែលផ្តល់ជំនួយស្បៀងអាហារនៅតំបន់ហ្កាហ្សា ក្នុងការវាយប្រហារតាមអាកាសដែលនាំឲ្យមានការថ្កោលទោសពីអន្តរជាតិ។ អ៊ីស្រាអែល បានសុំអភ័យទោស ចំពោះការវាយប្រហារតាមអាកាសទាំងនោះ។ ទីក្រុងវ៉ាស៊ីនតោន ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់អ៊ីស្រាអែល បាននិយាយថា ការគាំទ្របន្ថែមទៀតសម្រាប់សង្គ្រាមនឹងពឹងផ្អែកលើការធ្វើឲ្យប្រសើរលទ្ធភាពទទួលបានជំនួយ។

ក្រុមហាម៉ាស គំរាមបញ្ឈប់ការចរចាបទឈប់បាញ់ហ្កាហ្សា បើអ៊ីស្រាអែល វាយប្រហារក្រុងរ៉ាហ្វា

2024/05/02 08:44:30 am        210
ចលនាអ៊ីស្លាមប៉ាឡេស្ទីន ឬហៅថាក្រុមហាម៉ាស កាលពីថ្ងៃពុធ (០១ ឧសភា) បានព្រមានថា ការចរចាបទឈប់បាញ់ជាមួយអ៊ីស្រាអែលនឹងត្រូវផ្អាក ប្រសិនបើអ៊ីស្រាអែល វាយប្រហារថ្មើជើងលើទីក្រុង រ៉ាហ្វា (Rafah) នៅភាគខាងត្បូងតំបន់ហ្កាហ្សាស្រ្ទីប (Gaza Strip)។លោក អូសាម៉ា ហាមដាន (Osama Hamdan) មន្ត្រីជាន់ខ្ពស់របស់ក្រុមហាម៉ាស បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ អាល់ម៉ាណា (al-Manar) ដែលមានមូលដ្ឋាននៅប្រទេសលីបង់ ថា ក្រុមហាម៉ាស នឹងបញ្ឈប់រាល់ការចរចាដោយប្រយោលជាមួយអ៊ីស្រាអែល ប្រសិនបើខ្លួនបើកប្រតិបត្តិការយោធាជើងគោកប្រឆាំងនឹងក្រុងរ៉ាហ្វា។ដោយចោទអ៊ីស្រាអែល ថាកំពុង «គំរាមគ្រប់ភាគីដោយប្រើការវាយប្រហាររបស់ខ្លួនលើក្រុង រ៉ាហ្វា» មន្ត្រីហាម៉ាសរូបនេះបានសង្កត់ធ្ងន់ថា «ចលនាតស៊ូនៅតែមានអំណាចដើម្បីការពារប្រជាជនហ្កាហ្សា»។ មេដឹកនាំក្រុមហាម៉ាស និងកងពលតូច អាល់កាសាម (Al-Qassam) ដែលជាស្លាបយោធារបស់ក្រុមហាម៉ាស បានរក្សាទំនាក់ទំនងជាមួយក្រុមនយោបាយរបស់ខ្លួន ហើយបន្តពង្រឹងជំហរនៅខ្សែប្រយុទ្ធ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយថា អ៊ីស្រាអែលនឹងវាយចូលទៅក្នុងទីក្រុង រ៉ាហ្វា និងលុបបំបាត់កងវរសេនាតូចហាម៉ាស នៅទីនោះ ទោះជា «មាន ឬមិនមាន» កិច្ចព្រមព្រៀងជាមួយក្រុមហាម៉ាសក៏ដោយ៕

សិស្សសាលានៅឥណ្ឌា រីករាយនឹងការលេងទឹកក្នុងថ្នាក់រៀន ដើម្បីទប់ទល់នឹងរលកកម្ដៅ

2024/05/02 08:36:30 am        203
មានស្នាមញញឹម និងការសើចសប្បាយពេញបន្ទប់រៀននៃសាលាបឋមសិក្សារដ្ឋមួយនៅរដ្ឋ ឧតាប្រទេស (Uttar Pradesh) ភាគខាងជើងប្រទេសឥណ្ឌា នៅពេលសិស្សបានលោតចូលទៅក្នុងអាងទឹកបណ្តោះអាសន្នមួយ ដែលរៀបចំដោយគ្រូរបស់ពួកគេ ដើម្បីទប់ទល់នឹងរលកកម្ដៅក្ដៅខ្លាំងនៅសប្ដាហ៍នេះ។ គ្រូបង្រៀននៃសាលាបឋមសិក្សាគំរូនៅភូមិ មេសោណាពួរ (Mehsaunapur) ក្នុងស្រុក កាននួច (Kannuaj) បាននិយាយថា ពួកគេព្រួយបារម្ភពីចំនួនអ្នកចូលរៀនទាបនៅក្នុងសាលា ដោយសារតែការកើនឡើងនៃសីតុណ្ហភាពនៅក្នុងតំបន់ ដូច្នេះហើយទើបនឹងឃើញគំនិតនេះឡើង។សិស្សានុស្សមានការរំភើបចិត្តយ៉ាងខ្លាំងដែលបានចូលលេងទឹកក្នុងអាង ហើយបាននិយាយថា ពួកគេរីករាយនឹងបទពិសោធនេះ។សាលារៀនមួយនេះបានមើលឃើញវត្តមានសិស្សកើនឡើងចាប់តាំងពីមានសកម្មភាពនេះ ហើយ និយាយថា ពួកគេបានស្នើឱ្យអាជ្ញាធរធ្វើអាងហែលទឹកអចិន្ត្រៃយ៍សម្រាប់សិស្ស។ការិយាល័យអាកាសធាតុ របស់ប្រទេសឥណ្ឌា បានព្យាករណ៍សីតុណ្ហភាពពី៣៩ អង្សាសេទៅ ៤៣អង្សាសេ សម្រាប់សប្តាហ៍ខាងមុខនេះ ដែលបង្ហាញពីស្ថានភាពរលកកម្ដៅខ្លាំងនៅក្នុងតំបន់នេះ ខណៈ មានមនុស្ស២នាក់ បានស្លាប់ដោយសារជំងឺសុរិយរោគ ឬកម្ដៅក្ដៅខ្លាំងពេក ៕

អំពើហិង្សាផ្ទុះឡើងក្នុងការតវ៉ាគាំទ្រប៉ាឡេស្ទីន នៅតាមសាកលវិទ្យានានាទូទាំងសហរដ្ឋអាមេរិក

2024/05/02 08:05:46 am        308
ក្រុមបាតុករបានប៉ះទង្គិចគ្នាជាមួយកងកម្លាំងនគរបាលកាលពីថ្ងៃពុធទី១ឧសភា សប្ដាហ៍នេះ នៅឯសាកលវិទ្យាល័យកាលីហ្វ័រនីញ៉ា ក្នុងទីក្រុង Los Angeles (UCLA) ដោយមានការវាយតប់ រុញច្រានគ្នា ទាត់ធាក់ និងប្រើដំបងវាយគ្នាទៅវិញទៅមក។ ប៉ុន្មានម៉ោងកន្លងទៅនេះ កងកម្លាំងនគរបាលបានឆ្មក់ចូលក្នុងអគារមួយនៅសាកលវិទ្យាល័យ Columbia ក្រោយក្រុមបាតុករគាំទ្រប៉ាឡេស្ទីនបានចូលកាន់កាប់ ដើម្បីបំបែកបាតុកម្មដែលបានធ្វើឱ្យមានភាពចលាចលនៅតាមសាកលវិទ្យាល័យនានាទូទាំងសហរដ្ឋអាមេរិក ខណៈមានការបំផុសគំនិតឲ្យបន្តការតវ៉ាលុះត្រាការទាមទារបានសម្រេច។ យោងតាមសារព័ត៌មាន Arizona Daily Star ជាមួយគ្នានោះ នគរបាល និងក្រុមបាតុករបានប៉ះទង្គិចគ្នានៅបរិវេណសាកលវិទ្យាល័យ អារីហ្សូណាស៍ ធូសុន (Arizona's Tucson)។ បន្ទាប់ពីមានការប៉ះទង្គិចគ្នាពីរ-បី ម៉ោង រវាងបាតុករគាំទ្រប៉ាឡេស្ទីន និងក្រុមគាំទ្រអ៊ីស្រាអែលនៅ សាកលវិទ្យាល័យ UCLA កងកម្លាំងនគរបាលពាក់មួកសុវត្ថិភាព និងប្រដាប់ដោយខែលការពារ បានបង្កើតជាជួរ ហើយបំបែកក្រុមអ្នកមតវ៉ាបន្តិចម្តងៗ និងឈានដល់ការបញ្ឈប់អំពើហិង្សា។ការបោះជំរំតង់តវ៉ា អំពាវនាវឱ្យសាកលវិទ្យាល័យនានាឈប់ធ្វើអាជីវកម្មជាមួយអ៊ីស្រាអែល ឬក្រុមហ៊ុនដែលគាំទ្រសង្រ្គាមនៅដែនដីហ្កាហ្សា បានរីករាលដាលពាសពេញសហរដ្ឋអាមេរិក នៅក្នុងចលនានិស្សិតដ៏ចលាចល មិនធ្លាប់បានឃើញនៅក្នុងសតវត្សទី ២១ ដែលចាប់ពីរដ្ឋញូវយ៉ក ដល់រដ្ឋតិចសាស់និងកាលីហ្វ័រនីញ៉ា។ ការបង្រ្កាបជាបន្តបន្ទាប់ពីសំណាក់កងកម្លាំងនគរបាលនៅតាមបរិវេណសាកលវិទ្យាល័យមួយចំនួន បានធ្វើឱ្យមានការរំជើបរំជួលកើតចេញពីចលនាតវ៉ារបស់និស្សិតដែលមានទំហំធំជាងអំឡុងសម័យសង្គ្រាមវៀតណាមទៅទៀត។ មានការប្រឈមដាក់នឹងការអនុវត្តច្បាប់ពោពេញដោយហឹង្សា និងមានការចាប់ខ្លួនមនុស្សជាង១ ពាន់នាក់ អំឡុងការបង្ក្រាបនោះ។ ក្នុងករណីដ៏កម្រ មន្ត្រីសាកលវិទ្យាល័យ និងអ្នកដឹកនាំការតវ៉ាបានចុះកិច្ចព្រមព្រៀងដើម្បីរឹតបន្តឹងការរំខានដល់ជីវិតក្នុងសាកលវិទ្យាល័យ និងការប្រារព្ធពិធីនានា ដែលនឹងចាប់ផ្តើមនាពេលខាងមុខ៕

ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា កើនឡើងជាង ៣៤.៥០០ នាក់

2024/05/01 02:33:26 pm        96
ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ (៣០ មេសា) ថាចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន ពីការវាយប្រហាររបស់អ៊ីស្រាអែល ដែលកំពុងបន្តលើតំបន់ហ្កាហ្សាស្ទ្រីប បានកើនឡើងជាង ៣៤.៥០០ នាក់។ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ៤៧ នាក់ និងបង្ករបួសចំនួន ៦១ នាក់ទៀត ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបចាប់តាំងពីការផ្ទុះឡើងនៃជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស ឡើងដល់ទៅ ៣៤.៥៣៥ នាក់ និងអ្នករបួសដល់ ៧៧.៧០៤ នាក់។ សេចក្តីថ្លែងការណ៍បាននិយាយថា ជនរងគ្រោះមួយចំនួននៅតែស្ថិតនៅក្រោមគំនរបាក់បែក ស្របពេលមានការទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងរ និងកង្វះកម្លាំងពីក្រុមជួយសង្គ្រោះ។ទន្ទឹមនឹងនេះ កងទ័ពអ៊ីស្រាអែលបានរាយការណ៍ថាបានវាយប្រហារគោលដៅចំនួន ២៤ នៅតំបន់ហ្កាហ្សា រួមទាំងច្រកចូលផ្លូវរូងក្រោមដី និងទីតាំងបាញ់មីស៊ីល នេះបើយោងតាមវិទ្យុរដ្ឋអ៊ីស្រាអែល។ អគ្គនាយកដ្ឋានការពារជនស៊ីវិលនៅហ្កាហ្សា បានប៉ាន់ប្រមាណថាមានមនុស្សសរុបជាង ១០.០០០ នាក់ នៅតែបាត់ខ្លួននៅក្រោមគំនរបាក់បែកនៃអគារដែលត្រូវបានបំផ្លាញនៅក្នុងតំបន់ហ៊ុមព័ទ្ធនេះ។អ៊ីស្រាអែល បើកការវាយលុកទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា ដើម្បីសងសឹកនឹងការវាយលុករបស់ក្រុមហាម៉ាស ឆ្លងព្រំដែនភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ក្នុងអំឡុងពេលដែលមនុស្សប្រហែល ១.២០០ នាក់ស្លាប់ និងជាង ២០០ នាក់ត្រូវបានចាប់ធ្វើជាចំណាប់ថ្នូរ៕

ប្រមុខ UN អំពាវនាវឱ្យមានការស៊ើបអង្កេតអន្តរជាតិលើការរកឃើញផ្នូរដ៏ធំនៅហ្កាហ្សា

2024/05/01 02:25:15 pm        135
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរ៉េស (Antonio Guterres) កាលពីថ្ងៃអង្គារ (៣០ មេសា) បានអំពាវនាវឱ្យមានការស៊ើបអង្កេតជាអន្តរជាតិលើផ្នូរដ៏ធំមានសាកសពមនុស្សរាប់រយនាក់ ដែលទើបរកឃើញនៅក្រោមដីមន្ទីរពេទ្យនៅតំបន់ហ្កាហ្សា។លោក ហ្គុយតឺរ៉េស បាននិយាយថា «យើងមានការតក់ស្លុតយ៉ាងខ្លាំងចំពោះរបាយការណ៍ដែលថា ផ្នូរដ៏ធំត្រូវបានគេរកឃើញនៅទីតាំងជាច្រើនក្នុងហ្កាហ្សា រួមទាំងនៅក្រោមមន្ទីរពេទ្យ អាល់ស៊ីហ្វា (Al Shifa) និងមន្ទីរពេទ្យ ណាសសើ (Nasser) ដែលនៅក្នុងមន្ទីរពេទ្យ ណាសសើ តែមួយ មានសាកសពជាង ៣៩០ នាក់ត្រូវបានគេរកឃើញ»។លោកបន្ថែមថា «ក្រុមគ្រួសារអ្នកស្លាប់ និងបាត់ខ្លួន មានសិទ្ធិដឹងពីអ្វីដែលបានកើតឡើង ហើយពិភពលោកមានសិទ្ធិក្នុងការទទួលខុសត្រូវចំពោះការរំលោភលើច្បាប់អន្តរជាតិដែលអាចកើតមាន។ មន្ទីរពេទ្យ បុគ្គលិកសុខាភិបាល អ្នកជំងឺ និងជនស៊ីវិលទាំងអស់ត្រូវតែការពារ ហើយសិទ្ធិមនុស្សទាំងអស់ត្រូវតែគោរព»។ប្រព័ន្ធសុខាភិបាលនៅហ្កាហ្សា ត្រូវបានបំផ្លាញដោយសង្រ្គាម ខណៈចំនួនពីរភាគបីនៃមន្ទីរពេទ្យ និងមណ្ឌលសុខភាព លែងដំណើរការ។ ចំណែកមន្ទីរពេទ្យដំណើរការដែលនៅសេសសល់ត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ ហើយបច្ចុប្បន្នមន្ទីរពេទ្យហ្កាហ្សា មួយចំនួនមានលក្ខណៈស្រដៀងនឹងទីបញ្ចុះសព៕

ប្រធានាធិបតីកូឡុំប៊ី៖ គ្រាប់កាំភ្លើង និងមីស៊ីលរបស់កងកម្លាំងប្រដាប់អាវុធ ត្រូវបានគេលួច ដោយសារអំពើពុករលួយ

2024/05/01 01:21:19 pm        295
ប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro បាននិយាយកាលពីថ្ងៃអង្គារថា ឃ្លាំងស្តុកអាវុធរបស់យោធាបានបង្ហាញថា គ្រាប់កំាភ្លើងជាងមួយលានគ្រាប់ គ្រឿងផ្ទុះរាប់ពាន់គ្រាប់ រួមទាំងគ្រាប់បែកដៃ និងមីស៊ីលមួយចំនួន បានបាត់ពីមូលដ្ឋានយោធា ដោយស្តីបន្ទោសអំពើពុករលួយចំពោះអាវុធដែលបានបាត់បង់ទាំងនេះ។លោក Petro បានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយជាមួយរដ្ឋមន្ត្រីការពារជាតិ និងជាប្រធានកងកម្លាំងប្រដាប់អាវុធ ដោយលោកបានបញ្ជាឲ្យរុះរើបណ្តាញពុករលួយណាមួយ នៅក្នុងកងកម្លាំងសន្តិសុខ ដោយនិយាយថា អាជ្ញាធរតុលាការ កំពុងស៊ើបអង្កេតលើបញ្ហានេះ។លោកបានបញ្ជាក់ថា៖«មធ្យោបាយតែមួយគត់ ដើម្បីពន្យល់ពីការបាត់បង់អាវុធដែលបានកើតឡើងនោះ គឺជាយូរមកហើយ ដោយសារមានបណ្តាញមនុស្ស នៅក្នុងកងកម្លាំងប្រដាប់អាវុធ និងជនស៊ីវិលដែល បានធ្វើពាណិជ្ជកម្មអាវុធដ៏ធំ ដោយប្រើប្រាស់អាវុធស្របច្បាប់ពីរដ្ឋកូឡុំប៊ី»។ កប្រធានាធិបតី បាននិយាយថា សព្វាវុធនឹងទៅដល់ដៃក្រុមប្រដាប់អាវុធកូឡុំប៊ី ហើយប្រហែលជាត្រូវបានរត់ពន្ធទៅកាន់ប្រទេសហៃទី ឬដាក់លក់ពួកវាទាំងនោះ នៅលើទីផ្សារងងឹតអន្តរជាតិ។«យើងច្បាស់ជាត្រូវតែបំបែកកងកម្លាំងប្រដាប់អាវុធទាំងស្រុង ដូចជាអំណាចសាធារណៈណាមួយចេញពីឧប្បត្តិហេតុនៃអំពើពុករលួយនេះ។ នោះគឺជាមធ្យោបាយតែមួយគត់ ដើម្បីធានាសុវត្ថិភាពរបស់ប្រជាពលរដ្ឋយើង និងកងកម្លាំងប្រដាប់អាវុធ»។លោក Petro បានអះអាងថា គ្រាប់កាំភ្លើងធុន ៥,៥៦ មិល្លីម៉ែត្រ ជាង១,៣លានគ្រាប់ បានបាត់ពីឃ្លាំងស្តុក នៅមូលដ្ឋានយោធាពីរ នៅក្នុងទីក្រុងTolemaida នៅប្រទេសកូឡុំប៊ីភាគកណ្តាល និងខេត្ត La Guajira រួមជាមួយនឹងគ្រាប់កាំភ្លើងរាប់សែនគ្រាប់ផ្សេងទៀត។

តំបន់អាស៊ីអាគ្នេយ៍ កំពុងស៊ូទ្រាំនឹងរលកកម្ដៅដ៏គ្រោះថ្នាក់ និងបំបែកកំណត់ត្រា

2024/05/01 12:56:43 pm        217
រលកកម្ដៅដ៏គ្រោះថ្នាក់ និងបំបែកកំណត់ត្រា កំពុងកើតឡើងនៅតំបន់អាស៊ីអាគ្នេយ៍ ដោយជំរុញឲ្យមានការបិទសាលារៀន ការធ្វើតេស្តបណ្តាញថាមពល និងបណ្តាលឱ្យមានមនុស្សស្លាប់ និងឈឺ ទាក់ទងនឹងកម្ដៅកាន់តែច្រើនគួរឲ្យកត់សម្គាល់។ អស់រយៈពេលជាច្រើនថ្ងៃមកនេះ សីតុណ្ហភាពបានកើនឡើងដល់ពី ១០០ ទៅ ១២០ អង្សាហ្វារិនហៃ ចាប់ពីប្រទេសឥណ្ឌាទៅដល់ប្រទេសហ្វីលីពីន ខណៈកម្រិត៩០អង្សាហ្វារិនហៃ បានហក់ឡើង និងគ្របដណ្ដប់ដល់ភាគខាងជើងរបស់ប្រទេសជប៉ុន។ ប្រវត្តិវិទូអាកាសធាតុ លោក ម៉ាស៊ីមីលីអាណូ ហេរ៉េរ៉ា (Maximiliano Herrera)បានសរសេរនៅលើ Xថា កំណត់ត្រារាប់ពាន់កំពុងត្រូវបានប្រព្រឹត្តិយ៉ាងគ្រោះថ្នាក់ពាសពេញទ្វីបអាស៊ី ដែលជាព្រឹត្ដិការណ៍ដ៏ធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រអាកាសធាតុពិភពលោក។ កម្ដៅដ៏ក្ដៅ បានរាលដាលពាសពេញតំបន់មួយនេះ កាលពីសប្តាហ៍មុន ហើយគេរំពឹងថានឹងបន្តរហូតដល់ដើមខែឧសភានេះ។នៅតំបន់ខ្លះ សីតុណ្ហភាពបានឡើងខ្ពស់ជាងធម្មតាចាប់តាំងពីខែមីនាមក។ទីក្រុងរណបម៉ានីល ដែលមានប្រជាជនជាង ១៤ លាននាក់នៅក្នុងប្រទេសហ្វីលីពីន បានកត់ត្រាសីតុណ្ហភាពខ្ពស់គ្រប់ពេលវេលាគឺ១០១,៨ អង្សាហ្វារិនហៃ ស្មើ ៣៨,៨ អង្សាសេ កាលពីចុងសប្ដាហ៍នេះ។គេក៏បានមើលឃើញផងដែរពីសីតុណ្ហភាពក្ដៅបំផុតនៅពេលយប់ក្នុងកំណត់ត្រាកាលពីថ្ងៃពុធសប្តាហ៍មុនក្នុងកម្រិត២៩,៨អង្សាសេ ខណៈប្រទេសនេះ បិទសាលារៀនក្រោយមនុស្ស៦នាក់ស្លាប់។ ប្រទេសថៃ កំពុងបន្តរងនូវរលកកម្តៅដ៏ធ្ងន់ធ្ងរ ដោយសីតុណ្ហភាពកើនឡើងដល់កម្រិតខ្ពស់បំផុត ក្នុងតំបន់មួយចំនួន ហើយអាជ្ញាធរ បានព្រមានពីអាកាសធាតុកាន់តែធ្ងន់ធ្ងរ នៅប៉ុន្មានថ្ងៃខាងមុខនេះ។ស្រុកជាង៣០នៅទូទាំងខេត្តចំនួន ៧៧របស់ប្រទេសថៃ បានមើលឃើញសីតុណ្ហភាពក្ដៅខ្លាំងក្នុងខែមេសា ជា ខែក្តៅបំផុតនៃឆ្នាំនេះ។នៅបង់ក្លាដែស វិញ មនុស្ស ៤០នាក់ បានស្លាប់ដោយសារជំងឺដាច់សរសៃឈាមខួរក្បាលបណ្តាលមករលកកម្តៅដែលអូសបន្លាយរយៈពេលជាងមួយខែ ខណៈមនុស្ស២នាក់ស្លាប់នៅឥណ្ឌា៕

អ្នកស្រុកនៅភាគខាងជើងអ៊ីស្រាអែល ត្រៀមខ្លួនសម្រាប់លទ្ធភាពសង្គ្រាមពេញទំហឹងជាមួយក្រុម ហេសបូឡា

2024/05/01 12:27:55 pm        149
លោក អេលី ហារ៉ែល (Eli Harel) គឺជាទាហានអ៊ីស្រាអែលមានអាយុជាង ៣០ឆ្នាំតិចតួច នៅពេលដែលលោកត្រូវបានបញ្ជូនទៅកាន់ប្រទេសលីបង់ ក្នុងឆ្នាំ ២០០៦ ដើម្បីប្រយុទ្ធនឹងអ្នកប្រយុទ្ធមកពីក្រុមហេសបូឡា (Hezbollah) ដែលគាំទ្រដោយអ៊ីរ៉ង់ នៅក្នុងសង្គ្រាមបង្ហូរឈាម ដែលភាគច្រើនអាចសន្និដ្ឋានបានរយៈពេលមួយខែ។ឥឡូវនេះ លោក ហារ៉ែល មានអាយុ ៥០ឆ្នាំ បានត្រៀមខ្លួនជាស្រេចក្នុងការចូលរួមបម្រើក្នុងកងទ័ពឡើងវិញ ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមដូចគ្នា ប្រសិនបើការបាញ់ផ្លោងនៅតាមព្រំដែនភាគខាងជើងរបស់អ៊ីស្រាអែលក្លាយទៅជាសង្រ្គាមពេញទំហឹងជាមួយក្រុមតំណាងក្នុងតំបន់ដ៏មានឥទ្ធិពលបំផុតរបស់អ៊ីរ៉ង់។ លោកបាននិយាយថា លើកនេះ កងកម្លាំងអ៊ីស្រាអែល នឹងប្រឈមមុខនឹងលក្ខខណ្ឌប្រយុទ្ធដ៏លំបាកបំផុតមួយចំនួនដែលនឹកស្មានមិនដល់។លោកបានប្រាប់សារព័ត៌មានរ៉យទ័រថា៖«មានអន្ទាក់ដាក់បង្កប់នៅគ្រប់ទីកន្លែង» ។ «មនុស្ស កំពុងព្យាយាមចេញពីផ្លូវរូងក្រោមដី។ អ្នកត្រូវតែប្រុងប្រយ័ត្នជានិច្ច បើមិនដូច្នេះទេ អ្នកនឹងស្លាប់ជាមិនខាន»។លោក ហារ៉ែល រស់នៅក្នុងទីក្រុងហៃហ្វា (Haifa) ដែលជាទីក្រុងធំបំផុតទី៣ របស់អ៊ីស្រាអែល ដែលស្ថិតនៅចំពោះមុខអាវុធរបស់ក្រុមហេសបូឡា។ កាលពីពេលថ្មីៗនេះ អភិបាលក្រុងហៃហ្វា បានជំរុញឲ្យអ្នកស្រុក ស្តុកទុកស្បៀងអាហារ និងថ្នាំពេទ្យ ដោយសារតែហានិភ័យនៃសង្គ្រាមកាន់តែកើនឡើង។អ៊ីស្រាអែល និងក្រុមហេសបូឡា បានចូលរួមនៅក្នុងការកើនឡើងនៃការវាយប្រហារឆ្លងព្រំដែនប្រចាំថ្ងៃក្នុងរយៈពេល ៦ខែកន្លងមកនេះ ស្របជាមួយនឹងសង្រ្គាមនៅតំបន់ហ្កាហ្សា ហើយការកើនឡើងភាពតានតឹង និងការយកលេសផ្សេងៗរបស់ពួកគេ បានជំរុញឲ្យមានការភ័យខ្លាចនៃជម្លោះក្នុងតំបន់កាន់តែកាន់តែរាលដាលធំឡើង។ក្រុមហេសបូឡា បានប្រមូលអាវុធដ៏ច្រើនគួរឲ្យកត់សម្គាល់ ចាប់តាំងពីឆ្នាំ ២០០៦មកម្ល៉េះ។

ផ្ទុះភ្នំភ្លើងនៅឥណ្ឌូណេស៊ី បានបិទព្រលានយន្តហោះជាច្រើន ខណៈផេះបានទៅដល់ម៉ាឡេស៊ី

2024/05/01 12:16:54 pm        211
ក្រុមមន្ត្រី បាននិយាយនៅថ្ងៃពុធនេះថា ការផ្ទុះភ្នំភ្លើងនៅតំបន់ដាច់ស្រយាលរបស់ប្រទេសឥណ្ឌូនេស៊ីបានបង្ខំឱ្យអាកាសយានដ្ឋានជិត១០កន្លែងបានបិទ ដោយមានផេះហុយចូលទៅដល់ប្រទេសម៉ាឡេស៊ី ខណៈអាជ្ញាធរបានប្រញាប់ប្រញាល់ជម្លៀសមនុស្សរាប់ពាន់នាក់ចេញ ដោយសារតែការភ័យខ្លាច រលកយក្សស៊ូណាមិ។ភ្នំភ្លើង រូអាង(Ruang) បានផ្ទុះឡើងបីដងកាលពីថ្ងៃអង្គារ ដោយបានបញ្ចេញកម្អែភ្នំភ្លើង និងផេះហុយឡើងកម្ពស់ជាង៥គីឡូម៉ែត្រទៅលើអាកាស ហើយកំពុងបង្ខំឱ្យអាជ្ញាធរចេញបទបញ្ជាជម្លៀសប្រជាជនចំនួន ១២.០០០នាក់។ នាវាសង្គ្រោះ និងនានាចម្បាំងមួយគ្រឿង ត្រូវបានបញ្ជូនទៅ ដើម្បីជួយជម្លៀសប្រជាជនរាប់ពាន់នាក់ពីកោះ តាងហ្គូឡានដាង(Tagulandang) ដោយសារតែ ការព្រមាននៅផ្នែកមួយចំនួននៃភ្នំភ្លើងអាចធ្លាក់ចូលទៅក្នុងសមុទ្រ ដែលអាចបង្កឱ្យមានរលកយក្សស៊ូណាមិ។លោកស្រី Rosalin Salindeho អាយុ ៩៥ឆ្នាំជាពលរដ្ឋកោះ Tagulandang នៃខេត្ត Sulawesi ខាងជើងរបស់ប្រទេសឥណ្ឌូនេស៊ី បាននិយាយអំពីការភ័យខ្លាចរបស់លោកស្រី នៅពេលដែលភ្នំភ្លើង រូអាង(Ruang) ផ្ទុះបន្ទាប់ពីលោកស្រីមកដល់កោះ ស៊ីអាវ(Siau)។ លោកស្រីនិយាយថា ភ្នំភ្លើងបានផ្ទុះឡើង វាគួឲ្យខ្លាច មានដុំថ្មធ្លាក់មកដូចទឹកភ្លៀង។ ទីភ្នាក់ងារឧតុនិយមរបស់ប្រទេស បានចែករំលែកផែនទី នៅព្រឹកថ្ងៃពុធនេះ ដែលបង្ហាញថា ផេះភ្នំភ្លើងបានហុយចូលទៅដល់ភាគខាងកើតប្រទេសម៉ាឡេស៊ី នៅលើកោះ Borneo ដែលប្រទេសនេះនៅជាប់ជាមួយប្រទេសឥណ្ឌូនេស៊ី និងប្រទេសប្រ៊ុយណេ។ យោងតាមការជូនដំណឹងពីក្រុមហ៊ុនអាកាសចរណ៍ AirNav Indonesia ដែលគ្រប់គ្រងដោយរដ្ឋ បានរាយការណ៍ថា ការរាលដាលនៃផេះភ្នំភ្លើង បានបង្ខំឱ្យព្រលានយន្តហោះចំនួន៧កន្លែងត្រូវបិទ ជាអាកាសយានដ្ឋានធំបំផុត នៅទីក្រុង Manado និងទីក្រុង Gorontal។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកវិនិយោគទុនចិននៅជុំវិញពិភពលោកនាំគ្នាមកបើកប្រជុំត្រៀមរៀបចំមហាសន្និបាតធុរកិច្ចនៅកម្ពុជាចុងឆ្នាំនេះ
06/10/2026 05:06 PM
ពលរដ្ឋអ៊ីរ៉ង់និយាយថា ទីក្រុងតេអេរ៉ងមិនត្រូវនៅអសកម្មនោះទេ ស្របពេលភាពតានតឹងអាមេរិក-អ៊ីរ៉ង់កើនឡើង
06/10/2026 05:06 PM
អាជ្ញាធរ និងកងកម្លាំងរាជធានីភ្នំពេញបន្តចុះត្រួតពិនិត្យទីតាំងប្រមូលផ្ដុំ ៩០ទីតាំងបន្ថែមទៀត ដើម្បីលុបបំបាត់បទល្មើសនានា ពិសេសបទល្មើសការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា
06/10/2026 05:06 PM
ស្ថាប័ន​តាម​ដាន​ EU៖ ពិភពលោកមាននូវ​ខែឧសភាក្តៅបំផុតទី២ ខណៈអឺរ៉ុបប្រឈមស្ថានភាពធម្មតាថ្មី​
06/10/2026 05:06 PM
គណៈកម្មាធិការជាតិគ្រោងរៀបចំប្រព័ន្ធគ្រប់គ្រងសំរាមទំនើប ដោយផ្អែកលើប្រសិទ្ធភាពសេដ្ឋកិច្ច នៅក្នុងខេត្តព្រះសីហនុ និងកោះកុង
06/10/2026 05:06 PM
គុយបាត្រៀមដឹកជញ្ជូនប្រេងឥន្ធនៈដ៏ធំបំផុតពី​សហរដ្ឋអាមេរិក ចាប់តាំងពី​មាន​ទណ្ឌកម្ម​សង្គ្រាមត្រជាក់
06/10/2026 05:06 PM
ពីថ្នាក់រៀនទៅ​កសិដ្ឋាន​ឆ្លាតវៃ ! សិស្ស NTTI បង្កើត​បាន​ប្រព័ន្ធ Solar Greenhouse គ្រប់គ្រ​ងដំ​ណាំ​ដោយ​ស្វ័យប្រវត្តិ
06/10/2026 05:06 PM
នាយករដ្ឋមន្ត្រីនិយាយថា «អូស្ត្រាលីមានការព្រួយបារម្ភយ៉ាងខ្លាំង» អំពីស្ថានភាពនៅមជ្ឈិមបូព៌ា
06/10/2026 04:06 PM
មនុស្ស ១២នាក់ស្លាប់ និង ៩នាក់រងរបួស ក្នុងហេតុការណ៍បាញ់ប្រហារនៅទីក្រុង Johannesburg អាហ្វ្រិកខាងត្បូង
06/10/2026 04:06 PM
គ្រូ និងសិស្ស អំពាវនាវសាធារណជនចូលរួមកម្មវីធី TVET Day ដើម្បីស្វែងយល់សារៈសំខាន់វិស័យបណ្តុះបណ្តាលជំនាញ
06/10/2026 04:06 PM