រដ្ឋបាលខេត្តព្រះសីហនុបង្ហាញលទ្ធផលបង្ក្រាបបទល្មើស ONLINE SCAMS ៖ រកឃើញមនុស្សជិត៥ពាន់នាក់ និងដកហូតអាជ្ញាបណ្ណកាស៊ីណូចំនួន ១១ទីតាំង
ឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់
ដើមខែមិថុនានេះ កម្លាំងនគរបាលរាជធានីបង្ក្រាបគ្រឿងញៀន០៥ករណី ឃាត់មនុស្ស២៤នាក់ និងដកហូតគ្រឿងញៀន៦៦គីឡូក្រាម
បង្ក្រាបជនជាតិចិន០៤នាក់ ជាក្រុមត្រៀមរៀបចំផែនការណ៍ចាប់ជំរិត តែត្រូវទប់ស្កាត់ទាន់ពេល

សន្តិសុខ និង សង្គម

ប្រជាជនហៃទី និយាយថា សន្តិសុខគឺជាអាទិភាព ខណៈរដ្ឋាភិបាលអន្តរកាលឡើងកាន់អំណាច

2024/04/26 09:30:02 am        131
ប្រជាជនហៃទីនៅ ទីក្រុង ខេប ហៃទៀន(Cap-Haitien) បានអំពាវនាវឱ្យផ្តល់អាទិភាពចំពោះសន្តិសុខនៅក្នុងប្រទេសនេះ ខណៈក្រុមប្រឹក្សាអន្តរកាល បានចូលកាន់អំណាចនៅប្រទេសហៃទី កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែ មេសា។ សកម្មភាពដែលមានបំណងនាំត្រឡប់មកវិញនូវស្ថិរភាព ដល់ប្រទេសជាកន្លែងដែលអំពើហិង្សាដោយក្រុមជនអន្ធពាល បានបង្កភាពចលាចល និងទុក្ខព្រួយ ក៏ត្រូវបានគេមើលឃើញថាមានការមន្ទិលសង្ស័យដោយមនុស្សមួយចំនួនដែលបាននិយាយថាមិនទទួលស្គាល់ក្រុមប្រឹក្សានេះទេ ហើយនឹងព្យាយាមជំរុញឲ្យអតីតមេដឹកនាំរដ្ឋប្រហាររបស់ប្រទេសហៃទី លោក Guy Phillippe ឡើងកាន់តំណែងជាប្រធានាធិបតី។លោក Philippe ដែលបានជួយការដឹកនាំរដ្ឋប្រហារមួយ នៅប្រទេសហៃទី ក្នុងឆ្នាំ ២០០៤ ហើយបានវិលត្រឡប់មកកោះតំបន់សមុទ្រការ៉ាអ៊ីបមួយនេះវិញ កាលពីឆ្នាំមុនបន្ទាប់ពីបានជាប់ពន្ធនាគារនៅសហរដ្ឋអាមេរិក ធ្លាប់បាននិយាយថាលោកមានបំណងក្លាយជាប្រធានាធិបតី។ នាយករដ្ឋមន្ត្រីហៃទី លោក Ariel Henry បានប្រកាសលាលែងពីតំណែងរបស់លោកនៅក្នុងលិខិតមួយ ដែលបានចុះកាលបរិច្ឆេទ ថ្ងៃពុធ ទី២៤ ខែមេសា និងចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃព្រហស្បតិ៍។យោងតាមសារព័ត៍មានផ្លូវការរបស់ប្រទេសបានឲ្យដឹងថា រដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់លោក Henry លោក មីឈែល ប៉ាទ្រីក ប៉យស្វឺត(Michel Patrick Boisvert) គឺជានាយករដ្ឋមន្ត្រីបណ្តោះអាសន្ន។អំពើហិង្សាដោយក្រុមជនអន្ធពាល ជាបញ្ហានៅក្នុងប្រទេសហៃទីជាច្រើនឆ្នាំមកហើយ បានកើនឡើងនៅដើមឆ្នាំនេះ។ ស្ថានភាពសន្តិសុខ បានជម្លៀសប្រជាជនរាប់ពាន់នាក់ និងបានបង្កមហន្តរាយភាពអត់ឃ្លាន។

ប្រមុខ UN អំពាវនាវឱ្យដាក់ពង្រាយបេសកកម្មសន្តិសុខទៅកាន់ហៃទី ឱ្យបានឆាប់រហ័ស

2024/04/26 09:00:43 am        78
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរ៉េស (Antonio Guterres) អំពាវនាវឱ្យអាជ្ញាធរថ្មីដែលទើបចូលកាន់តំណែងនៅក្នុងប្រទេសហៃទី «ពន្លឿនការអនុវត្តពេញលេញនៃការរៀបចំអភិបាលកិច្ចអន្តរកាល" និងពន្លឿនការដាក់ពង្រាយយ៉ាងឆាប់រហ័សនៃបេសកកម្មសន្តិសុខពហុជាតិដើម្បីជួយដោះស្រាយស្ថានការណ៍ «ដ៏ធ្ងន់ធ្ងរ» នៅក្នុងប្រទេស នេះបើតាមអ្នកនាំពាក្យរបស់អគ្គលេខាធិការ UN រូបនេះបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៥ មេសា)។អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក ស្តេហ្វាន ឌូចារីក (Stephane Dujarric) បាននិយាយថា «អគ្គលេខាធិការអំពាវនាវដល់រដ្ឋជាសមាជិកទាំងអស់ឱ្យធានាថា បេសកកម្មគាំទ្រសន្តិសុខពហុជាតិទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុ និងភស្តុភារ ដែលខ្លួនត្រូវការដើម្បីទទួលបានជោគជ័យ និងដើម្បីបញ្ជប់អំពើហិង្សាដ៏ឃោរឃៅនៅហៃទី»។ប្រទេសកេនយ៉ា ធ្លាប់បានប្រកាសកាលពីឆ្នាំមុនថា ខ្លួននឹងដឹកនាំកម្លាំងដែលត្រូវបានបង្កើតឡើងដើម្បីជួយនគរបាលជាតិហៃទី ប្រយុទ្ធប្រឆាំងនឹងក្រុមជនអន្ធពាលដ៏មានអំណាចនៅក្នុងប្រទេសនេះ ជាទីដែលកំណើនអំពើហិង្សាយ៉ាងធ្ងន់ធ្ងរ បានជំរុញឱ្យមានគ្រោះមហន្តរាយមនុស្សធម៌ ប៉ុន្តែគំនិតផ្តួចផ្តើមនេះត្រូវបានចងភ្ជាប់នៅក្នុងបញ្ហាប្រឈមរបស់តុលាការកេនយ៉ាចាប់តាំងពីពេលនោះមក ដោយធ្វើឱ្យបេសកកម្មនេះត្រូវបានផ្អាក៕

អ៊ីស្រាអែល បង្កើនការវាយប្រហារតាមអាកាសលើតំបន់រ៉ាហ្វារបស់ហ្កាហ្សា មុនប្រតិបត្តិការថ្មើជើង

2024/04/26 08:53:50 am        91
អ៊ីស្រាអែលបានបង្កើនការវាយប្រហារតាមអាកាសលើទីក្រុង រ៉ាហ្វា (Rafah) កាលពីយប់រំលេងអាធ្រាត្រឈានចូលថ្ងៃសុក្រសប្ដាហ៍នេះ បន្ទាប់ពីបាននិយាយថា ខ្លួននឹងជម្លៀសជនស៊ីវិលចេញពីទីក្រុង ហ្កាហ្សា ភាគខាងត្បូង ហើយចាប់ផ្តើមការវាយប្រហារទាំងស្រុង ទោះបីជាមានការព្រមានពីសម្ព័ន្ធមិត្តថា ការវាយលុកនេះ អាចបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសច្រើនក៏ដោយ។ក្រុមគ្រូពេទ្យនៅក្នុងដែនដីប៉ាឡេស្ទីន ដែលត្រូវបានឡោមព័ទ្ធដោយកងទ័ពអ៊ីស្រាអែល បានរាយការណ៍ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលចំនួន ៥ លើក លើតំបន់រ៉ាហ្វាកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ មេសា សប្ដាហ៍នេះ ដែលបានប៉ះចំផ្ទះចំនួន ៣ ខ្នង បានសម្លាប់មនុស្សយ៉ាងហោចណាស់៦ នាក់រួមទាំងអ្នកសារព័ត៌មានក្នុងស្រុកម្នាក់ផងដែរ។ លោក អ៊ីប្រាហ៊ីម ក្រៃស៊ី (Ibrahim Khraishi) ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនប្រចាំអង្គការសហប្រជាជាតិបានប្រាប់សារព័ត៌មាន Reuters កាលពីថ្ងៃព្រហស្បតិ៍ថា យើងបារម្ភខ្លាំងពីអ្វីដែលនឹងកើតឡើងនៅ តំបន់រ៉ាហ្វា ។ កម្រិតនៃការប្រកាសអាសន្នមានខ្ពស់ណាស់។ អ្នកខ្លះកំពុងចាកចេញ ពួកគេខ្លាចបែកបាក់គ្រួសារ ប៉ុន្តែពួកគេអាចទៅណាបាន? ពួកគេមិនត្រូវបានអនុញ្ញាតឱ្យទៅភាគខាងជើងទេ ដូច្នេះហើយត្រូវបានបង្ខាំងឲ្យនៅក្នុងតំបន់តូចមួយចង្អៀតមួយនេះ។ ដែនដីហ្កាហ្សាស្ទ្រីប មានប្រវែងប្រហែល ៤០ គីឡូម៉ែត្រ -ទទឹងចន្លោះពី ៥គីឡូម៉ែត្រទៅ ១២ គីឡូម៉ែត្រ ហើយជាតំបន់មួយ ក្នុងចំណោមតំបន់ជាច្រើន ដែលមានប្រជាជនច្រើនជាងគេបំផុតនៅលើពិភពលោក។នៅក្នុងខែទី៧រនៃសង្រ្គាមតាមអាកាស និងថ្មើជើងដ៏បំផ្លិចបំផ្លាញ កងកម្លាំងអ៊ីស្រាអែលក៏បានបន្តការទម្លាក់គ្រាប់បែកលើតំបន់ភាគខាងជើង និងកណ្តាលដែលត្រូវបានឡោមព័ទ្ធមួយនេះ ក៏ដូចជាភាគខាងកើតនៃទីក្រុងខាន់យ៉ូនីស(Khan Younis) នៅភាគខាងត្បូងហ្កាហ្សាផងដែរ។ គោលដៅធំរបស់អ៊ីស្រាអែលគឺកម្ទេចក្រុមហាម៉ាស ទោះបីជាមិនច្បាស់ថាតើពួកគេនឹងបំផ្លាញក្រុមសកម្មប្រយុទ្ធនេះដោយរបៀបណាក៏ដោយ៕

សាកលវិទ្យាល័យ Columbia បំផុសចលនាបាតុកម្មទូទាំងអាមេរិក បង្ខំឲ្យអាជ្ញាធរឆ្លើយតបភ្លាមៗ

2024/04/26 08:12:16 am        122
ការជាប់គាំង និងការប៉ះទង្គិចគ្នា នៅសាកលវិទ្យាល័យ កូឡុំបៀ(Columbia)ជុំវិញការរុះរើជំរំនិស្សិត ដែលកំពុងតវ៉ាប្រឆាំងសង្រ្គាមរបស់អ៊ីស្រាអែលនៅក្នុងដែនដីហ្កាហ្សា បានបង្កឲ្យមានបាតុកម្មស្រដៀងគ្នានេះជាច្រើន នៅតាមបរិវេណសាកលវិទ្យាល័យនានាទូទាំងសហរដ្ឋអាមេរិក ប៉ុន្តែក្រុមអាជ្ញាធរបានបង្ក្រាបជាបន្តបន្ទាប់ មុនពេលស្ថានភាពរីកកាន់តែធំពិបាកទប់ស្កាត់។វីដេអូនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញពីការប៉ះទង្គិចគ្នាក្នុងបរិវេណសាកលវិទ្យាល័យចុងក្រោយនេះ ដែលបង្ខំឲ្យកងកម្លាំងនគរបាលបានឆ្លើយតបភ្លាមៗកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ មេសាសប្ដាហ៍នេះ ខណៈក្រុមបាតុករជានិស្សិតនៅសាកលវិទ្យាល័យ ព្រីនស្តុន(Princeton)នៃរដ្ឋនូជើស៊ី(New Jersey) បានចាប់ផ្តើមបោះជំរំ។ គេបានលឺមន្រ្តីម្នាក់និយាយនៅក្នុងវីដេអូដែលបានបង្ហោះនៅលើ X ថា អ្នកទាំងអស់គ្នាកំពុងរំលោភលើគោលការណ៍សាកលវិទ្យាល័យ។ តង់ទាំងនេះត្រូវតែធ្លាក់ដល់ដីឥឡូវនេះ ស្របពេលក្រុមអ្នកតវ៉ាស្រែកថា ដោះលែងប៉ាឡេស្ទីនឲ្យមានសេរីភាព។ ប្រព័ន្ធផ្សព្វផ្សាយ និងនគរបាលបាននិយាយថា ការឆ្លើយតបភ្លាមៗរបស់កងកម្លាំងនគរបាលនៅក្នុងជំរំរបស់សាកលវិទ្យាល័យព្រីនស្តុនបានកើតឡើង ប៉ុន្មានម៉ោងបន្ទាប់ពីនគរបាលក្រុងបូស្តុនបានរុះរើជំរំគាំទ្រពលរដ្ឋប៉ាឡេស្ទីន ដែលបង្កើតឡើងដោយនិស្សិតនៅក្នុងសាកលវិទ្យាល័យ អ៊ីម៉ើសុន (Emerson) កាលពីព្រឹកថ្ងៃព្រហស្បតិ៍ដោយចាប់ខ្លួនមនុស្សជាង ១០០ នាក់។ កងកម្លាំងនគរបាលបាននិយាយថា ជំរំតង់ជាច្រើននៅលើចិញ្ចើមផ្លូវក្បែរសាកលវិទ្យាល័យមួយនេះ នៅកណ្តាលទីក្រុងបូស្តុនត្រូវបានបោសសម្អាតចេញភ្លាមៗបន្ទាប់ពីម៉ោង ១ ព្រឹក។ ក្រុមអ្នករៀបចំការតវ៉ាទាំងនោះបាននិយាយថានៅសាកលវិទ្យាល័យណស វ៉េស្ទើន (Northwestern) និស្សិតបានចាប់ផ្តើមដំឡើងតង់នៅបរិវេណខាងជើងនៃទីក្រុងជីកាហ្គោ(Chicago)ស្របពេលពួកគេបានអំពាវនាវឱ្យសាកលវិទ្យាល័យការពារវាគ្មិនគាំទ្រប៉ាឡេស្ទីន និងបញ្ចប់ទំនាក់ទំនងជាមួយស្ថាប័ននានារបស់អ៊ីស្រាអែល៕

អូស្ត្រាលីចោទប្រកាន់ក្មេងជំទង់ ៥ នាក់ជុំវិញហេតុការណ៍ប្រើកាំបិតចាក់បព្វជិតនៅក្រុងស៊ីដនី

2024/04/25 02:44:14 pm        175
នគរបាលអូស្ត្រាលី បាននិយាយនៅថ្ងៃព្រហស្បតិ៍ (២៥ មេសា) នេះថា ពួកគេបានចោទប្រកាន់ក្មេងជំទង់៥ នាក់ពីបទល្មើសពាក់ព័ន្ធនឹងអំពើភេរវកម្ម នៅក្នុងការស៊ើបអង្កេតបន្ទាប់ពីការចាក់សម្លាប់គណៈសង្ឃជាន់ខ្ពស់ (បុព្វជិត) នៅវិហារសាសនាគ្រិស្ត អាស៊ីរៀន (Assyrian) ខណៈពេលដែលលោកកំពុងផ្តល់ការផ្សាយផ្ទាល់ធម្មទានកាលពីដើមខែនេះ។ក្មេងប្រុសទាំងប្រាំនាក់ ដែលនឹងត្រូវចូលតុលាការកុមារនៅថ្ងៃព្រហស្បតិ៍នោះ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធ នៅក្នុងតំបន់ទីក្រុង ស៊ីដនី (Sydney)។ នគរបាលនិយាយថា ពួកគេគឺជាជនសមគំនិតជាមួយក្មេងប្រុសវ័យ ១៦ ឆ្នាំម្នាក់ដែលត្រូវបានចោទប្រកាន់រួចហើយ ក្នុងការប្រើកាំបិតព្យាយាមចាក់សម្លាប់លើបុព្វជិត ម៉ា ម៉ារី អ៊ីម៉ានុយអ៊ែល (Mar Mari Emmanuel) ដែលបានរងរបួសក្នុងហេតុការណ៍ថ្ងៃទី១៥ ខែមេសា នៅឯព្រះវិហារនោះ។នគរបាលរដ្ឋ ញ៉ូវ សៅ វែលស៍ (New South Wales) និយាយថា ការចោទប្រកាន់ចុងក្រោយ រួមមានការកាន់កាប់សម្ភារៈជ្រុលនិយម ឃុបឃិតរៀបចំធ្វើអំពើភេរវកម្ម និងការកាន់កាំបិតនៅទីសាធារណៈ។បុព្វជិត អ៊ីម៉ានុយអ៊ែល ដែលជាគណៈសង្ឃជាន់ខ្ពស់នៅព្រះវិហារសាសនាគ្រិស្ដ អាស៊ីរៀន នៅជាយក្រុង ស៊ីដនី ក្នុងតំបន់ វ៉េកហ្វីល (Wakefield) គឺជាអ្នកមានប្រជាប្រិយភាពក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមមានអ្នកតាមដានជុំវិញពិភពលោក និងជាអ្នករិះគន់យ៉ាងចាស់ដៃចំពោះការស្រលាញ់ភេទដូចគ្នា ការចាក់វ៉ាក់សាំងកូវីដ១៩ សាសនាអ៊ីស្លាម និងការជាប់ឆ្នោតរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden)៕

ផ្នូរធំរួមដ៏រន្ធត់នៅមន្ទីរពេទ្យតំបន់ហ្កាហ្សា ជំរុញឱ្យមានការសើបអង្កេតជាអន្តរជាតិ

2024/04/25 02:11:51 pm        251
ចំនួនដ៏ច្រើននៃស្ថាប័នអន្តរជាតិដែលកំពុងកើនឡើង បានទាមទារឱ្យមានការស៊ើបអង្កេតឯករាជ្យ ទៅលើផ្នូរធំរួម ដែលត្រូវបានរកឃើញកាលពីពេលថ្មីៗនេះ នៅមន្ទីរពេទ្យក្នុងតំបន់ហ្កាហ្សា ដែលត្រូវបានវាយឆ្មក់ដោយកងទ័ពអ៊ីស្រាអែល កំពុងបង្ហាញពីការស្លាប់ពលរដ្ឋប៉ាឡេស្ទីនរាប់រយនាក់បន្ថែមទៀត ខណៈការវាយលុករបស់យោធាអ៊ីស្រាអែលនៅក្នុងតំបន់ហ៊ុមព័ទ្ធ មានរយៈពេលលើសពី ២០០ថ្ងៃ។គិតត្រឹមថ្ងៃពុធម្សិលមិញនេះ មន្ត្រីសុខាភិបាលតំបន់ហ្កាហ្សា បាននិយាយថា ក្រុមគ្រូពេទ្យប៉ាឡេស្ទីនបានរកឃើញសាកសពជាង៣០០ នៅបរិវេណមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Nasser នៅទីក្រុង Khan Younis ដែលកងទ័ពអ៊ីស្រាអែលកាន់កាប់រហូតដល់ថ្ងៃទី៧ ខែមេសា។ ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារថា ក្រុមគ្រូពេទ្យបានរកឃើញសាកសពកាន់តែច្រើនបន្ថែមទៀតនៅក្នុងផ្នូរធំរួម នៅមន្ទីរពេទ្យ al-Shifa ទីក្រុងហ្កាហ្សា ដែលធ្លាប់ជាបរិវេណមន្ទីពេទ្យធំបំផុតនៅដែនដីនេះ។កងកម្លាំងអ៊ីស្រាអែល បានធ្វើការហ៊ុមព័ទ្ធរយៈពេលពីរសប្តាហ៍ នៅមន្ទីពេទ្យ al-Shifa មុនពេលដកកងទ័ពចេញកាលពីថ្ងៃទី ១ ខែមេសា។ មន្ត្រីជាន់ខ្ពស់ អង្គការលើកលែងទោសអន្តរជាតិ លោកស្រី អ៊ីរីកា ហ្គូវ៉ារ៉ា រ៉ូសាស(Erika Guevara Rosas) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃពុធថា ការរកឃើញដ៏រន្ធត់នៃផ្នូរធំរួមទាំងនេះ បញ្ជាក់ពីភាពបន្ទាន់នៃការធានាឱ្យមានដំណើរការចូលភ្លាមៗសម្រាប់អ្នកស៊ើបអង្កេតសិទ្ធិមនុស្ស រួមទាំងអ្នកជំនាញផ្នែកកោសល្យវិច្ច័យទៅកាន់តំបន់កាន់កាប់ហ្កាហ្សា ដើម្បីធានាថាភស្តុតាងត្រូវបានរក្សាទុក និងដើម្បីអនុវត្តការស៊ើបអង្កេតឯករាជ្យ និងតម្លាភាព ក្នុងគោលបំណងធានាបានការទទួលខុសត្រូវសម្រាប់ការបំពានណាមួយលើច្បាប់អន្តរជាតិ ។យោធាអ៊ីស្រាអែល បានអះអាងថា អ្នកទាំងឡាយណាដែលពួកគេបានចាប់ខ្លួននិងសម្លាប់ គឺជាអ្នកប្រយុទ្ធរបស់ក្រុមសកម្មប្រយុទ្ធ។ ប៉ុន្តែ អ្នកសារព័ត៌មាន វេជ្ជបណ្ឌិត និងសាក្សីផ្សេងទៀតនិយាយថា ជនរងគ្រោះភាគច្រើន ជាជនស៊ីវិល ឬបុគ្គលិកថែទាំសុខភាព។

វិទ្យាស្ថានសិក្សាស្រាវជ្រាវ៖ លោក ពូទីន មិនទាន់អស់លុយ ដើម្បីផ្តល់មូលនិធិធ្វើសង្រ្គាម នៅអ៊ុយ ក្រែនទេ

2024/04/25 02:04:46 pm        243
វិទ្យាស្ថានស្រាវជ្រាវដែលមានមូលដ្ឋាននៅទីក្រុងវីយែន បានព្យាករថា សេដ្ឋកិច្ចរបស់រុស្ស៊ី នឹងកើនឡើង ២,៨ភាគរយ នៅឆ្នាំនេះ ហើយនឹងកើនឡើងក្នុងអត្រាយឺតជាង ២,៥ ភាគរយនៅឆ្នាំក្រោយ ដោយផ្ទុយពីការព្យាករណ៍ថា ការឈ្លានពានរបស់ទីក្រុងមូស្គូលើអ៊ុយក្រែន នឹងនាំឲ្យមានការខូចខាតសេដ្ឋកិច្ច។លោក Vasily Astrov សេដ្ឋវិទូនៃវិទ្យាស្ថានសម្រាប់ការសិក្សាស្រាវជ្រាវសេដ្ឋកិច្ចអន្តរជាតិ នៅទីក្រុងវីយែន បាននិយាយថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ( Vladimir Putin) នឹងមិនអស់លុយសម្រាប់ធ្វើសង្គ្រាមទេ»។លោក Astrov បានអះអាងថា៖«សម្រាប់សេដ្ឋកិច្ចរុស្ស៊ី បញ្ហានេះ គឺជាអ្វីដែលកើតឡើង បន្ទាប់ពីសង្គ្រាម ព្រោះថា បច្ចុប្បន្នសង្គ្រាម គឺពឹងផ្អែកទាំងស្រុងលើសេដ្ឋកិច្ច»។មានការកើនឡើងយ៉ាងច្រើននៃការចំណាយសាធារណៈ ជាពិសេសគឺសម្រាប់វិស័យយោធា។ប្រាក់ឈ្នួលពិតប្រាកដ នៅក្នុងប្រទេសរុស្ស៊ី បានកើនឡើងជិត ៨ភាគរយ ក្នុងឆ្នាំ ២០២៣ ដែលជំរុញដោយកង្វះកម្លាំងពលកម្មជំនាញ ខណៈដែលការប្រើប្រាស់ឯកជន បានកើនឡើង ៦,៥ ភាគរយ នេះបើយោងតាមរបាយការណ៍របស់វិទ្យាស្ថានឯកទេស នៅអឺរ៉ុបខាងកើត។ ផលិតផលក្នុងស្រុកសរុប បានកើនឡើង ៣,៦ភាគរយ កាលពីឆ្នាំមុន បើទោះបីជាមានទណ្ឌកម្មលោកខាងលិចដ៏ធំក៏ដោយ។សម្រាប់អ៊ុយក្រែន វិទ្យាស្ថាននេះ រំពឹងថា នឹងមានកំណើន ៣,២ ភាគរយ នៅឆ្នាំនេះ បន្ទាប់ពី ៥,៣ ភាគរយ ក្នុងឆ្នាំ ២០២៣ ។ប៉ុន្តែការការពារដែនអាកាសដ៏តិចតួចរបស់ទីក្រុងគីវ កំពុងមានការខូចខាត ដោយការវាយប្រហារតាមអាកាសរបស់រុស្ស៊ីបានកាត់ផ្តាច់ចរន្តអគ្គិសនីដល់ផ្ទះ និងឧស្សាហកម្ម។លោក Astrov បាននិយាយថា៖«នៅទីបំផុត អ្វីគ្រប់យ៉ាង នឹងឈរបាន ឬបរាជ័យ គឺពឹងផ្អែកលើការទទួលបានជំនួយផ្នែកយោធា និងហិរញ្ញវត្ថុគ្រប់គ្រាន់ និងទាន់ពេលវេលាពីលោកខាងលិច។ ក្នុងឆ្នាំ ២០២៤នេះ អ៊ុយក្រែនប្រឈមមុខ នឹងកង្វះហិរញ្ញប្បទានចំនួន ៤០ពាន់លានដុល្លារ»។

ចិន រំពឹងថា នឹងមានភ្លៀងធ្លាក់បន្ថែមទៀត ក្រោយទឹកជំនន់ដ៏ធ្ងន់ធ្ងរឆក់យកជីវិតមនុស្សមួយចំនួន

2024/04/25 01:48:55 pm        241
ប្រទេសចិន កំពុងរងគ្រោះពីទឹកជំនន់ធ្ងន់ធ្ងរ ដែលបានសម្លាប់មនុស្សចំនួន៤នាក់ និងបង្ខំឲ្យមនុស្សរាប់ពាន់នាក់ប្រញាប់ប្រញាល់ដឹកជញ្ជូនរបស់របរបស់ពួកគេ ទៅកាន់ទីមានសុវត្ថិភាព ខណៈប្រទេសចិន ត្រៀមទប់ទល់ការធ្លាក់ភ្លៀងខ្លាំងថែមទៀត។ ទឹកជំនន់នៅក្នុងខេត្តខ្វាងទុង បានជន់លិចផ្លូវ ផ្ទះសម្បែង និងហាងអាជីវកម្ម ព្រទាំងបានបង្ខំឲ្យមនុស្សប្រមាណជាង១០០.០០០នាក់ ជម្រៀសចេញពីលំនៅឋានផងដែរ ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ិនហួ និយាយថា មនុស្ស៣នាក់បានស្លាប់នៅក្នុងទីក្រុងឆាវឈីង (Zhaoqing) និងអ្នកសង្រ្គោះម្នាក់នៅក្នុង ទីក្រុង សាវហ្គ័ន (Shaoguan) តែពុំបានបញ្ចាក់ពីមូលហេតុ និងពេលវេលានៃការស្លាប់នោះទេ។ បន្ទាប់ពីភ្លៀងធ្លាក់បានធូរសា្រលបន្តិច កាលពីថ្ងៃពុធ ប្រជាពលរដ្ឋបានប្រញាប់ប្រញាល់យករបស់របររបស់ពួកគេចេញពីទឹកជំនន់ ។ប៉ុន្តែកម្រិតទឹកនៅតែខ្ពស់ ហើយគេរំពឹងថា នឹងមានភ្លៀងធ្លាក់បន្ថែមទៀត នៅប៉ុន្មានថ្ងៃខាងមុខ។ ភ្នាក់ងារអាកាសធាតុជាតិរបស់ចិន នៅថ្ងៃព្រហស្បតិ៍នេះ បានចេញការព្រមានកម្រិតខ្ពស់បំផុតទី២ ណែនាំឲ្យមានការជម្លៀសប្រជាពលរដ្ឋនៅក្នុងខេត្តខ្វាងទុងភាគខាងត្បូង ខណៈភ្លៀងធ្លាក់ខ្លាំងបន្តញាំញីតំបន់នេះ ៕

អ៊ុយក្រែន បានវាយប្រហារដោយយានដ្រូនទៅលើឃ្លាំងស្តុកប្រេងរបស់រុស្ស៊ី ដោយបង្កឲ្យភ្លើងឆេះយ៉ាងសន្ធោសន្ធៅ

2024/04/25 11:44:17 am        393
សេវាសន្តិសុខជាតិរបស់អ៊ុយក្រែន បាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានវាយប្រហារឃ្លាំងស្តុកប្រេងរបស់រដ្ឋរុស្ស៊ីចំនួនពីរ នៅតំបន់Smolensk ភាគខាងលិចនៃប្រទេសរុស្ស៊ី។ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានដកស្រង់សម្តីមន្ត្រីចារកម្មអ៊ុយក្រែន ដោយនិយាយថា ការវាយប្រហារដោយយានដ្រូន បានបំផ្លាញប្រេងឥន្ធនៈជាង ២៦.000 ម៉ែត្រគូប ពោលគឺតិចជាង ១លានហ្វីតគូប នៅឃ្លាំងដែលគ្រប់គ្រងដោយសាជីវកម្មថាមពល Rosneft របស់រុស្ស៊ី។វីដេអូដែលមិនបានផ្ទៀងផ្ទាត់ដែលត្រូវបានផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញពីភ្លើងឆេះយ៉ាងសន្ធោសន្ធៅ និងផ្សែងខ្មៅក្រាស់ឃ្មឹកដែលហុយចេញពីអ្វីដែលមើលទៅដូចជាធុងស្តុកប្រេងចំនួនពីរ នៅឯកន្លែងមួយដែលស្ថិតនៅភាគខាងលិចនៃទីក្រុងមូស្គូ ក្បែរព្រំដែនរបស់ប្រទេសនេះជាមួយបេឡារុស និងអ៊ុយក្រែន។អភិបាលនៃតំបន់Smolensk នៃប្រទេសរុស្ស៊ី លោក Vasily Anothkin បានប្រកាសជាលើកដំបូងអំពីការវាយប្រហារនេះ នៅព្រឹកថ្ងៃពុធ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយនិយាយថា៖«តំបន់របស់លោក ត្រូវបានកំណត់គោលដៅម្តងទៀត ដោយការវាយប្រហារដោយយានដ្រូនរបស់អ៊ុយក្រែន»។លោក Anothkin បាននិយាយថា មិនមាននរណាម្នាក់រងរបួស នៅក្នុងការវាយប្រហារនោះទេ ប៉ុន្តែ «ភ្លើងបានឆាបឆេះហេដ្ឋារចនាសម្ព័ន្ធស៊ីវិល»។លោកបានផ្តល់ព័ត៌មានបច្ចុប្បន្ន នៅល្ងាចថ្ងៃពុធ ដើម្បីបញ្ជាក់ថា ភ្លើងនោះ មិនបានរាលដាលទេ ដោយបង្ហាញថា មិនមានការគំរាមកំហែងពីអណ្តាតភ្លើងដែលរាលដាលហួសបរិវេណនោះទេ។មន្ត្រីនៅក្នុងតំបន់ Voronezh និង Lipetsk នៃប្រទេសរុស្ស៊ី ភាគខាងត្បូងនៃទីក្រុង Smolensk ក៏បានរាយការណ៍ពីការវាយប្រហារដោយយានដ្រូនលើតំបន់ឧស្សាហកម្មផងដែរ។

ត្រីបាឡែនជាង ១០០ក្បាលជាប់ខ្លួន នៅលើឆ្នេរភាគខាងលិចអូស្ត្រាលី

2024/04/25 11:40:34 am        356
អាជ្ញាធរសត្វព្រៃ បានប្រញាប់ប្រញាល់ទៅកាន់ឆ្នេរមួយកន្លែងនៅភាគនិរតីប្រទេសអូស្ត្រាលី នៅថ្ងៃព្រហស្បតិ៍នេះ ជាកន្លែងដែលត្រីបាឡែនជាច្រើនក្បាលត្រូវបានគេរកឃើញថាកំពុងជាប់គាំងខ្លួននៅទីនោះ។ ក្រសួងជីវចម្រុះ និងអភិរក្សរបស់រដ្ឋ បានបញ្ជាក់ថា ការជាប់គាំងខ្លួនដ៏ច្រើននៃចំនួនត្រីបាឡែនជាង១០០ក្បាល កំពុងកើតឡើងនៅរមណីយដ្ឋាន Toby's Inlet ។អ្នកជំនាញមកពីក្រសួង ព្រមទាំងពេទ្យសត្វមកពីសួនសត្វ Perth បច្ចុប្បន្នកំពុងត្រូវបានដាក់ពង្រាយ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពនេះ។ក្រសួងបាននិយាយថា យើងដឹងថា មនុស្សជាច្រើនចង់ជួយ ប៉ុន្តែយើងបានស្នើសុំឱ្យប្រជាជនកុំព្យាយាមជួយសង្គ្រោះសត្វដោយគ្មានការណែនាំពីបុគ្គលិកក្រសួងអភិរក្ស ព្រោះវាអាចបណ្តាលឱ្យមានរបួសបន្ថែមទៀត និងធ្វើឲ្យសត្វមានគ្រោះថ្នាក់ និងរារាំងដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។ប្រធានផ្នែកស្រាវជ្រាវភូមិសាស្ត្រសមុទ្រ លោក Ian Wiese ដែលធ្វើការនៅកន្លែងកើតហេតុនោះ បានប្រាប់សាជីវកម្មផ្សព្វផ្សាយអូស្ត្រាលីថា ត្រីបាឡែនជាច្រើនក្បាលបានងាប់រួចទៅហើយ ដោយមួយចំនួន ទើបតែមកពីជិតខាងនោះ ហើយការងាប់កាន់តែច្រើនបន្ថែមទៀតអាចត្រូវបានគេរំពឹងទុកក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខនេះ។លោកបានបង្ហាញការព្រួយបារម្ភអំពីទីតាំងទីពីរ នៅប៉ែកខាងកើតនៃរមណីយដ្ឋាន Toby's Inlet ជាកន្លែងដែលលោកជឿថា ត្រីបាឡែនជាច្រើនក្បាលក៏អាចប្រឈមនឹងហានិភ័យ។យោងតាមសេចក្តីថ្លែងការណ៍មួយរបស់ក្រុមប្រឹក្សាក្រុង Busselton បានឲ្យដឹងថា ឆ្នេរនេះត្រូវបានបិទបន្ទាប់ពីត្រីបាឡែនជាច្រើនជាប់គាំងខ្លួន ត្រូវបានរាយការណ៍។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រជាកសិករឥណ្ឌូនេស៊ី ត្រៀមខ្លួនរួចរាល់ក្នុងការសម្របខ្លួនតាមបាតុភូតអែល នីញ៉ូ
06/09/2026 10:06 PM
គម្រោងផ្លូវថ្លៃបំផុតរបស់ឥណ្ឌាខិតទៅរកការប្រកួតប្រជែង ក្រោយពិធីបើកការដ្ឋានសាងសង់
06/09/2026 10:06 PM
សម្តេចតេជោ ហ៊ុន សែន៖ យើងសម្រេចយកវិធីចរចា ដើម្បីចៀសវាងការចោទប្រកាន់ថាយើងបំពានកិច្ចព្រមព្រៀងឈប់បាញ់
06/09/2026 10:06 PM
អ្នកនាំពាក្យសម្ដេច​តេជោ ច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ
06/09/2026 09:06 PM
វិនិយោគិនកូរ៉េ បាននិងកំពុងចាប់អារម្មណ៍អំពីការធ្វើធុរកិច្ចនៅកម្ពុជា
06/09/2026 09:06 PM
មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍៖ ផ្លូវជាកាតាលីករយ៉ាងសំខាន់ ជួយជំរុញសេដ្ឋកិច្ចជនបទឱ្យរីកចម្រើន
06/09/2026 09:06 PM
សម្តេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ប្រកបដោយសុវត្ថិភាព
06/09/2026 09:06 PM
ភ្លើងឆេះព្រៃទ្រង់ទ្រាយធំ បានឆាបឆេះតំបន់កាស្មៀ ប្រទេសឥណ្ឌា
06/09/2026 08:06 PM
ប្រធានគណៈកម្មការអឺរ៉ុប៖ EU មានគោលដៅលើថាមពល ធនាគារ និងការនេសាទរបស់រុស្ស៊ី នៅក្នុងទណ្ឌកម្មថ្មី
06/09/2026 08:06 PM
ខ្សែ​ដៃ​តាម​ដាន​អេឡិចត្រូនិចរបស់​លោក ថាក់ស៊ីន ត្រូវ​ដោះចេញ ក្រោយ​តុលាការថៃពិនិត្យបញ្ជីលើកលែងទោស
06/09/2026 08:06 PM