រដ្ឋបាលខេត្តព្រះសីហនុបង្ហាញលទ្ធផលបង្ក្រាបបទល្មើស ONLINE SCAMS ៖ រកឃើញមនុស្សជិត៥ពាន់នាក់ និងដកហូតអាជ្ញាបណ្ណកាស៊ីណូចំនួន ១១ទីតាំង
ឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់
ដើមខែមិថុនានេះ កម្លាំងនគរបាលរាជធានីបង្ក្រាបគ្រឿងញៀន០៥ករណី ឃាត់មនុស្ស២៤នាក់ និងដកហូតគ្រឿងញៀន៦៦គីឡូក្រាម
បង្ក្រាបជនជាតិចិន០៤នាក់ ជាក្រុមត្រៀមរៀបចំផែនការណ៍ចាប់ជំរិត តែត្រូវទប់ស្កាត់ទាន់ពេល

សន្តិសុខ និង សង្គម

អ្នកឃ្លាំមើល៖ អ៊ីរ៉ង់កាត់បន្ថយវត្តមានយោធានៅស៊ីរី បន្ទាប់ពីការវាយប្រហារដែលត្រូវបានបន្ទោសទៅលើអ៊ីស្រាអែល

2024/04/25 11:29:13 am        305
ប្រភពស្និទ្ធនឹងក្រុមសកម្មប្រយុទ្ធហេសបូឡា (Hezbollah) គាំទ្រដោយអ៊ីរ៉ង់ និងអ្នកឃ្លាំមើលសង្គ្រាមបាននិយាយកាលពីថ្ងៃពុធថា ប្រទេសអ៊ីរ៉ង់ បានកាត់បន្ថយវត្តមានយោធារបស់ខ្លួន នៅក្នុងប្រទេសស៊ីរី បន្ទាប់ពីការវាយប្រហារជាបន្តបន្ទាប់ ដែលត្រូវបានបន្ទោសទៅលើអ៊ីស្រាអែល។ប្រភពដដែល បានអះអាងថា ប្រទេសអ៊ីរ៉ង់ បានផ្តល់ការគាំទ្រផ្នែកយោធាដល់កងកម្លាំងរដ្ឋាភិបាលស៊ីរីឆ្លងកាត់សង្គ្រាមស៊ីវិលជាងមួយទសវត្សរ៍ ប៉ុន្តែការវាយប្រហារជាបន្តបន្ទាប់សំដៅទៅលើមេបញ្ជាការរបស់ខ្លួន ក្នុងប៉ុន្មានខែថ្មីៗនេះ បានជំរុញឲ្យមានការរៀបចំវត្តមានយោធារបស់ខ្លួនឡើងវិញ។ប្រភពដែលជិតស្និទ្ធនឹងក្រុមហេសបូឡា បាននិយាយថា អ៊ីរ៉ង់បានដកកងកម្លាំងរបស់ខ្លួនចេញពី ប្រទេសស៊ីរីភាគខាងត្បូង រួមទាំងខេត្ត Quneitra និង Daraa ដែលស្ថិតនៅលើខ្ពង់រាប Golan Heights ដែលត្រូវបានអ៊ីស្រាអែលដាក់បញ្ចូលជាឧបសម្ព័ន្ធរបស់ខ្លួន។ប្រភពនៅ បានបន្ថែមថា ប៉ុន្តែអ៊ីរ៉ង់ នៅតែរក្សាវត្តមាន នៅក្នុងតំបន់ផ្សេងទៀតនៃប្រទេសនេះ។រយៈពេលប៉ុន្មានខែថ្មីៗនេះ បានឃើញការវាយប្រហារជាបន្តបន្ទាប់ទៅលើគោលដៅរបស់អ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរី ដែលត្រូវបានស្តីបន្ទោសយ៉ាងទូលំទូលាយលើអ៊ីស្រាអែល ដោយឈានដល់ការវាយប្រហារកាលពីថ្ងៃទី១ ខែមេសា ដែលបានធ្វើឲ្យខូចខាតស្ថានកុងស៊ុលអ៊ីរ៉ង់ នៅទីក្រុងដាម៉ាស និងបានសម្លាប់ឆ្មាំបដិវត្តន៍ចំនួន ៧រូប ដែលក្នុងនោះមានឧត្តមសេនីយ៍ពីរនាក់។ការវាយប្រហារនោះដែរ បានជំរុញឲ្យអ៊ីរ៉ង់ចាប់ផ្តើមការវាយប្រហារដោយមីស៊ីលនិងយានដ្រូនផ្ទាល់ ជាលើកដំបូងប្រឆាំងនឹងអ៊ីស្រាអែល នៅថ្ងៃទី ១៣-១៤ ខែមេសា ដែលបានធ្វើឲ្យមានភាពតានតឹង ក្នុងតំបន់កើនឡើង។

មានការប៉ះទង្គិច ខណៈពលរដ្ឋអ៊ីស្រាអែល ទាមទារឱ្យដោះលែងចំណាប់ថ្នូរនៅហ្កាហ្សា

2024/04/25 11:03:10 am        296
ការប៉ះទង្គិចគ្នាបានផ្ទុះឡើងក្នុងការតវ៉ានៅក្រុងហ្សេរុយសាឡឹម កាលពីថ្ងៃពុធ ខណៈពលរដ្ឋអ៊ីស្រាអែលមានកំហឹង បានចេញធ្វើបាតុកម្មដើម្បីទាមទារឱ្យមានការដោះលែងចំណាប់ថ្នូរដែលត្រូវបានឃុំខ្លួនដោយក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា បន្ទាប់ពីក្រុមអ៊ីស្លាមនិយម បានចេញផ្សាយវីដេអូ បង្ហាញពីចំណាប់ខ្មាំងលោក Hersh Goldberg-Polin នៅក្នុងការជាប់ឃុំឃាំង។ អ្នកតវ៉ា បានដុតភ្នក់ភ្លើង ហើយបានលើកដៃរបស់ពួកគេឡើងដែលមានលាបពណ៌ក្រហម ខណៈកំពុងស្រែកថា «នាំពួកគេទាំងអស់ត្រឡប់មកផ្ទះវិញ»។ នគរបាល បានប៉ះទង្គិចជាមួយបាតុករ ហើយបានចាប់ខ្លួនពួកគេមួយចំនួន។ នគរបាលក៏បានអមដំណើររដ្ឋមន្ត្រីសន្តិសុខជាតិអ៊ីស្រាអែល លោក Itamar Ben-Gvir ទៅកាន់រថយន្តរបស់លោកកាត់តាមហ្វូងបាតុករដែលកំពុងស្រែកតវ៉ា។ កាលពីព្រឹកថ្ងៃពុធ ក្រុមហាម៉ាស បានផ្សព្វផ្សាយវីដេអូ លោក Goldberg-Polin ជាជនជាតិអ៊ីស្រាអែល-អាមេរិក ដែលត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលការវាយប្រហាររបស់ហាម៉ាសកាលពីថ្ងៃទី ៧ ខែតុលា ទៅលើអ៊ីស្រាអែល ហើយបាននាំចូលទៅក្នុងតំបន់ហ្កាហ្សា ដែលនៅរស់នៅឡើយ។ វីដេអូខ្លី ដែលពុំបានបញ្ជាក់ពីកាលបរិច្ឆេទ បានបង្ហាញឱ្យឃើញ បរុសវ័យ២៣ឆ្នាំរូបនេះ មើលទៅហាក់ដូចជាមានសុខភាពល្អ។ លោកត្រូវបានគេបង្ហាញថា បានរងរបួសធ្ងន់ធ្ងរក្នុងអំឡុងពេលការវាយប្រហារថ្ងៃទី ៧ ខែតុលា បន្ទាប់ពីលោក ព្យាយាមប្រើរាងកាយជាខែលដើម្បីការពារខ្លួន និងជនស៊ីវិលដទៃទៀត។ ម្តាយរបស់លោក Rachel Goldberg-Polin កំពុងធ្វើយុទ្ធនាការឲ្យមានការដោះលែងកូនប្រុសរបស់គាត់ ដែលត្រូវបានចាប់ពង្រត់នៅមហោស្រពតន្ត្រី Nova និងជាចំណាប់ថ្នូរអ៊ីស្រាអែលម្នាក់ក្នុងចំណោមចំណាប់ថ្នូរជនជាតិអ៊ីស្រាអែលចំនួន១៣៣នាក់ដែលនៅតែជាប់ឃុំឃាំងនៅឡើយបន្ទាប់ពីចំណាប់ថ្នូរជាង១០០នាក់ ត្រូវបានដោះលែងកាលពីឆ្នាំមុន។ ឆ្លើយតបទៅនឹងវីដេអូកាលពីថ្ងៃពុធ ឪពុកម្តាយរបស់លោក បានទទូចឱ្យមេដឹកនាំដែលជាប់ពាក់ព័ន្ធទៅនឹងការចរចាបទឈប់បាញ់ឲ្យឈានដល់កិច្ចព្រមព្រៀងមួយ។ ពលរដ្ឋអ៊ីស្រាអែល និងជនបរទេសប្រហែល ២៥០ នាក់ ត្រូវបានខ្មាន់កាំភ្លើងចាប់ធ្វើជាចំណាប់ថ្នូរ ដែលបានសម្លាប់មនុស្សប្រហែល ១.២០០នាក់ នេះបើយោងតាមចំនួនសរុបរបស់ខាងអ៊ីស្រាអែល នៅក្នុងការវាយប្រហារដ៏ឃើឃៅបំផុតនៅក្នុងប្រទេសអ៊ីស្រាអែល។ ជាការឆ្លើយតប អ៊ីស្រាអែល បានបើកការវាយប្រហារលើតំបន់ហ្កាហ្សា ដោយប្តេជ្ញាថានឹងកម្ទេចក្រុមហាម៉ាស និងនាំយកចំណាប់ថ្នូរត្រឡប់មកផ្ទះវិញ។ រហូតមកដល់ពេលនេះ ការវាយប្រហារនេះបានសម្លាប់ពលរដ្ឋប៉ាឡេស្ទីនជាង ៣៤.០០០ នាក់ នេះបើយោងតាមអាជ្ញាធរសុខាភិបាលតំបន់ហ្កាហ្សា។

ភាពតានតឹងកើនឡើងនៅសកលវិទ្យាល័យអាមេរិក ជុំវិញសង្គ្រាមក្រុមហាម៉ាស-អ៊ីស្រាអែល

2024/04/25 10:58:22 am        304
ភាពតានតឹងបានកើនឡើងខ្ពស់នៅសាកលវិទ្យាល័យរដ្ឋតិចសាស់ នៅទីក្រុង Austin កាលពីថ្ងៃពុធ ខណៈវត្តមាននគរបាលយ៉ាងច្រើន បានប្រឈមមុខជាមួយក្រុមបាតុករគាំទ្រប៉ាឡេស្ទីន។ ក្រុមអ្នកតវ៉ា បានស្រែកដាក់នគរបាលដែលមកដល់កន្លែងតវ៉ាដោយថ្មើរជើង ម៉ូតូ និងដោយជិះលើខ្នងសេះ។ មនុស្សមួយចំនួន ត្រូវបានគេឃើញ នគរបាលចាប់ខ្លួន។ការតវ៉ានេះ ត្រូវបានរៀបចំឡើងដោយគណៈកម្មាធិការសាមគ្គីប៉ាឡេស្ទីន ដែលបាននិយាយថា ដើមឡើយខ្លួនមានផែនការដើរចេញពីថ្នាក់រៀន ហើយចូលកាន់កាប់សាកលវិទ្យាល័យ South Mall ។ ទោះយ៉ាងណា សាកលវិទ្យាល័យរដ្ឋតិចសាស់ បាននិយាយថាការតវ៉ាមិនត្រូវបានអនុញ្ញាតឡើយ។ លិខិតមួយច្បាប់ ផ្ញើទៅកាន់គណៈកម្មាធិការសាមគ្គីភាពប៉ាឡេស្ទីនកាលពីថ្ងៃអង្គារដោយការិយាល័យព្រឹទ្ធបុរសនិស្សិត បាននិយាយថាព្រឹត្តិការណ៍នេះនឹងមិនត្រូវបានអនុញ្ញាតឱ្យដំណើរការដូចដែលបានគ្រោងទុកឡើយ។នៅសប្តាហ៍នេះ ការតវ៉ាគាំទ្រប៉ាឡេស្ទីន បានធ្វើឡើងនៅបរិវេណមហាវិទ្យាល័យជាច្រើនរបស់សហរដ្ឋអាមេរិក រួមទាំងសាកលវិទ្យាល័យ Columbia នៅទីក្រុងញូវយ៉ក ជាកន្លែងដែលនិស្សិតរាប់សិបនាក់ត្រូវបានចាប់ខ្លួន។ទន្ទឹមនឹងនេះ នគរបាល បានចាប់ខ្លួនក្រុមអ្នកតវ៉ាគាំទ្រប៉ាឡេស្ទីន នៅសាកលវិទ្យាល័យកាលីហ្វរនីញ៉ាខាងត្បូង កាលពីល្ងាចថ្ងៃពុធ ខណៈធ្វើបាតុកម្មនៅបរវេណសាកវិទ្យាក្នុងការគាំទ្រពលរដ្ឋតំបន់ហ្កាហ្សា ដែលបានបន្តរាលដាលជុំវិញសហរដ្ឋអាមេរិច។ក្រុមអ្នកតវ៉ា ដែលប្រគល់ខ្លួនឲ្យនគរបាលចាប់ខ្លួនដោយសន្តិវិធី បានចូលរួមជាមួយនិស្សិតជាច្រើន នៅសាកលវិទ្យានានា រួមមានទាំងសាកលវិទ្យាល័យ Columbia សាកលវិទ្យាល័យ Yale និងសាកលវិទ្យាល័យ New York។

ដោយត្រូវបានរំខានដោយអំពើហិង្សា ការបោះឆ្នោតនៅឥណ្ឌានឹងចាប់ផ្តើមដំណាក់កាលទីពីរនៅថ្ងៃសុក្រ

2024/04/25 10:51:48 am        326
ប្រទេសឥណ្ឌា នឹងចាប់ផ្តើមការបោះឆ្នោតដំណាក់កាលទី២ នៅថ្ងៃសុក្រ ទី២៦ ខែមេសា បន្ទាប់ពីបានបញ្ចប់ដំណាក់កាលទី១ នៅក្នុងការអនុវត្តន៍ដែលត្រូវបានរំខានដោយអំពើហិង្សា។ មនុស្សជិត ៩៧០ លាននាក់ មានសិទ្ធិបោះឆ្នោតនៅក្នុងការបោះឆ្នោតរយៈពេល៦សប្តាហ៍ ជាការបោះឆ្នោតធំបំផុតរបស់ពិភពលោក ដែលដំណើរការពេញរដូវក្តៅរហូតដល់ថ្ងៃទី ១ ខែមិថុនា ដោយលទ្ធផលនឹងត្រូវប្រកាសនៅថ្ងៃទី ៤ ខែមិថុនា។ ដំណាក់កាលដំបូង បានចាប់ផ្តើមកាលពីថ្ងៃទី ១៩ ខែមេសា និងមានអ្នកបោះឆ្នោតចំនួន ១៦៦ លាននាក់ នៅក្នុងមណ្ឌលបោះឆ្នោតចំនួន១០២កន្លែង នៅទូទាំងរដ្ឋ និងដែនដីចំនួន២១ ចាប់ពីរដ្ឋ Tamil Nadu នៅភាគខាងត្បូង រហូតដល់រដ្ឋ អារុនណាចាល់ ប្រាដេស(Arunachal Pradesh) នៅព្រំដែនតំបន់ភ្នំហិម៉ាឡៃ ជាមួយប្រទេសចិន។ ដំណាក់កាលទី២ នៃការបោះឆ្នោតចាប់ផ្តើមនៅថ្ងៃសុក្រទី២៦ ដែលគ្របដណ្តប់នៅមណ្ឌលបោះឆ្នោតចំនួន៨៩កន្លែង ក្នុងរដ្ឋ និងដែនដីចំនួន១៣ រួមមានទាំងរដ្ឋ Assam និងរដ្ឋ Kerala ។ដំណាក់កាលទី៣ នឹងធ្វើឡើងនៅថ្ងៃទី៧ ឧសភា ដំណាក់កាលទី៤ នៅថ្ងៃទី១៣ ឧសភា ដំណាក់កាលទី៥ នៅថ្ងៃទី២០ ឧសភា ដំណាក់កាលទី៦ នៅថ្ងៃទី២៥ ឧសភា ដំណាក់កាលទី៧ និងដំណាក់កាលចុងក្រោយនឹងប្រព្រឹត្តទៅនៅថ្ងៃទី១ ខែមិថុនា។ការបោះឆ្នោតជាតិនៅឆ្នាំនេះ ដាក់ឱ្យគណបក្ស Bharatiya Janata Party (BJP) របស់នាយករដ្ឋមន្ត្រី លោក Narendra Modi ប្រជែងជាមួយសម្ព័ន្ធនៃគណបក្សប្រឆាំងជាង២០គណបក្ស ដែលសន្យាថានឹងមានសកម្មភាពកាន់តែខ្លាំង ខណៈដែលបញ្ជាក់លើអ្វីដែលពួកគេចាត់ទុកថាជាតម្រូវការដើម្បីជួយសង្គ្រោះស្ថាប័នលទ្ធិប្រជាធិបតេយ្យ។

សហរដ្ឋអាមេរិក បានបញ្ជូនមីស៊ីល ATACMS រយៈចម្ងាយឆ្ងាយដោយស្ងាត់ៗឱ្យអ៊ុយក្រែន

2024/04/25 10:46:23 am        407
មន្ត្រីអាមេរិក មួយរូបបាននិយាយកាលពីថ្ងៃពុធ (២៤ មេសា) ថាសហរដ្ឋអាមេរិក ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះបានបញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយទៅកាន់ប្រទេសអ៊ុយក្រែន ដោយស្ងាត់ៗ សម្រាប់ប្រើប្រាស់ក្នុងសមរភូមិរបស់ខ្លួនប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី ហើយមកទល់ពេលនេះអ៊ុយក្រែន បានប្រើប្រាស់វាពីរដងរួចមកហើយ។មន្ត្រីអាមេរិករូបនោះបន្ថែមថា ប្រព័ន្ធមីស៊ីលតាកទិចកងទ័ព (ATACMS) ត្រូវបានផ្ទុកនៅក្នុងកញ្ចប់ជំនួយយោធាចំនួន ៣០០ លានដុល្លារសម្រាប់អ៊ុយក្រែន ដែលលោកប្រធានាធិបតីអាមេរិក ចូ បៃដិន (Joe Biden) បានអនុម័តកាលពីថ្ងៃទី១២ ខែមីនា ប៉ុន្តែមិនបានបញ្ជាក់ថា តើមីស៊ីលប៉ុន្មានគ្រាប់ត្រូវបានបញ្ជូនទៅនោះទេ។ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន លោក ជេក ស៊ូលីវ៉ាន់ (Jake Sullivan) បានបញ្ជាក់ថា «ចំនួនដ៏ច្រើន» នៃមីស៊ីលបែបនោះត្រូវបានបញ្ជូនទៅអ៊ុយក្រែន ហើយថា «អាមេរិកនឹងបញ្ជូនបន្ថែមទៀត»។ លោកបន្ថែមថា អ៊ុយក្រែនបានប្តេជ្ញាថានឹងប្រើអាវុធនេះតែនៅក្នុងអ៊ុយក្រែនប៉ុណ្ណោះ មិនប្រើនៅក្នុងប្រទេសរុស្ស៊ីទេ។ គោលគំនិតដែលថា តើត្រូវបញ្ជូនប្រព័ន្ធមីស៊ីលតាកទិច ATACMS ដែលមានរយៈចម្ងាយរហូតដល់ ៣០០ គីឡូម៉ែត្រនេះឱ្យអ៊ុយក្រែន ឬអត់នោះ គឺជាប្រធានបទនៃការជជែកដេញដោលនៅក្នុងរដ្ឋបាលលោក បៃដិន អស់រយៈពេលជាច្រើនខែ។ ដំបូងឡើយ មន្ទីរបញ្ចកោណបានជំទាស់នឹងការដាក់ពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយនេះ ដោយបារម្ភថាការបាត់បង់មីស៊ីលពីឃ្លាំងស្តុករបស់អាមេរិក នឹងប៉ះពាល់ដល់ការត្រៀមលក្ខណៈយោធារបស់ខ្លួន ហើយក៏មានការព្រួយបារម្ភផងដែរថា អ៊ុយក្រែននឹងប្រើប្រាស់មីស៊ីលទាំងនោះដើម្បីវាយប្រហារគោលដៅជ្រៅចូលក្នុងប្រទេសរុស្ស៊ី៕

មនុស្ស ៦ នាក់ស្លាប់នៅហ្វីលីពីន ដោយសារអាកាសធាតុក្ដៅខ្លាំង

2024/04/25 10:43:42 am        302
ក្រសួងសុខាភិបាលហ្វីលីពីន (DOH) កាលពីថ្ងៃពុធ (២៣ មេសា) បាននិយាយថា ខ្លួនបានទទួលយ៉ាងហោចណាស់ ៣៤ ករណីនៃជំងឺទាក់ទងនឹងកម្ដៅ រួមទាំងការស្លាប់ចំនួន ៦ នាក់ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំនេះ។ ឧបការីរងក្រសួងសុខាភិបាល DOH លោក អាល់ប៊ឺត ដូមីនហ្គោ (Albert Domingo) បាននិយាយថា «មូលហេតុនៃការស្លាប់ទាំងនោះនៅតែស្ថិតក្នុងការផ្ទៀងផ្ទាត់នៅឡើយ»។ផ្នែកតូចៗចំនួន ១១ នៅក្នុងតំបន់ចំនួន ៥ រួមទាំងទីក្រុងរណប ម៉ានីល បានផ្អាកថ្នាក់រៀនផ្ទាល់កាលពីថ្ងៃពុធ បន្ទាប់ពីការព្រមានរបស់ការិយាល័យអាកាសធាតុរដ្ឋអំពីសន្ទស្សន៍កម្ដៅឈានដល់កម្រិត «គ្រោះថ្នាក់» លើសពី ៤២ អង្សាសេ។ការិយាល័យនោះព្រមានថា ការប៉ះពាល់នឹងអាកាសធាតុដ៏ក្តៅនេះអាចបង្កឱ្យមានការរមួលក្រពើ (រមួលសាច់ដុំ) អស់កម្លាំងខ្លាំង និងអាចថប់ដង្ហើមសន្លប់ដោយសារកម្ដៅ ឬហៅថាជំងឺសុរិយរោគ។ កាលពីដើមខែ ការិយាល័យបានព្រមានអំពីសន្ទស្សន៍កម្ដៅខ្លាំងរហូតដល់ ៥១ អង្សាសេ នៅក្នុងតំបន់មួយចំនួននៅទូទាំងប្រជុំកោះនេះ ហើយបាននិយាយថាកម្ដៅដ៏ខ្លាំងក្លានឹងនៅតែបន្តកើនឡើងដល់ខែក្រោយ។អាកាសធាតុដ៏ក្តៅគគុកបានបង្ខំឱ្យសាលារៀនទូទាំងប្រទេសរៀនតាមអនឡាញ ដើម្បីការពារសិស្សជាពិសេសកុមារពីសន្ទស្សន៍កម្ដៅដ៏ខ្ពស់ដែលកំពុងវាយលុកប្រទេស។ ដើម្បីជៀសវាងផលវិបាកដែលអាចកើតមានពីកម្ដៅខ្លាំង ការិយាល័យបានណែនាំសាធារណៈជនឱ្យកាត់បន្ថយសកម្មភាពក្រៅផ្ទះ និងផឹកទឹកឱ្យបានច្រើន៕

ពលរដ្ឋជប៉ុន រួមគ្នាដាក់ញត្តិប្រឆាំងនឹងការបង្ហូរទឹកសំណល់នុយក្លេអ៊ែរពីរោងចក្រ ហ៊្វូគូស៊ីម៉ា

2024/04/25 09:59:41 am        314
អ្នកតំណាងមកពីក្រុមពលរដ្ឋជប៉ុន កាលពីថ្ងៃពុធ (២៤ មេសា) បានដាក់ញត្តិដែលមានជាង ១៨០.០០០ ហត្ថលេខាពីប្រជាពលរដ្ឋក្នុងតំបន់ទៅរដ្ឋាភិបាលជប៉ុន ដោយជំរុញឱ្យរដ្ឋាភិបាលនិងក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូ (TEPCO) បញ្ឈប់ជាបន្ទាន់នូវការបង្ហូរទឹកកខ្វក់ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា ដៃអ៊ីឈី (Fukushima Daiichi) ចូលទៅលក្នុងមហាសមុទ្រ។លោក ហៃជិមី ម៉ាត់ស៊ូគុបុ (Hajime Matsukubo) អគ្គលេខាធិការនៃមជ្ឈមណ្ឌលព័ត៌មាននុយក្លេអ៊ែររបស់ប្រជាពលរដ្ឋ ដែលជាអង្គការមិនរកប្រាក់ចំណេញរបស់ប្រទេសជប៉ុន បានបញ្ជូនហត្ថលេខាពលរដ្ឋចំនួន ១៨៤.៧១២ នាក់ជូនតំណាងមកពីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម នៅក្នុងទីក្រុង តូក្យូ។ដោយសង្កត់ធ្ងន់ថា វិធានការត្រឹមត្រូវគឺបញ្ឈប់ការបង្ហូរទឹកសំណល់នោះភ្លាមៗ លោក ម៉ាសាស៊ិ ថានិ (Masashi Tani) អគ្គលេខាធិការសភាជប៉ុនប្រឆាំងគ្រាប់បែកអាតូមិក និងគ្រាប់បែកអ៊ីដ្រូសែន បានគូសបញ្ជាក់អំពីភាពពាក់ព័ន្ធជាសកលនៃបញ្ហានេះ និងសង្កត់ធ្ងន់លើសារៈសំខាន់នៃការពិភាក្សាយ៉ាងហ្មត់ចត់ដើម្បីធានាបាននូវបរិយាកាសរស់នៅប្រកបដោយសុវត្ថិភាពសម្រាប់មនុស្សជំនាន់ក្រោយ។ទោះបីជាមានការប្រឆាំងខឹងសម្បារទាំងក្នុងប្រទេស និងក្រៅប្រទេសក៏ដោយ ការបង្ហូរទឹកកខ្វក់នុយក្លេអ៊ែរពីរោងចក្រ ហ្វ៊ូគូស៊ីម៉ា ចូលក្នុងមហាសមុទ្រ បានចាប់ផ្តើមនៅក្នុងខែសីហា ឆ្នាំ២០២៣ ហើយទឹកសរុបប្រហែល ៣១.២០០ តោនត្រូវបានបញ្ចេញរួចមកហើយជាបួនដំណាក់កាលក្នុងឆ្នាំសារពើពន្ធ ២០២៣ រហូតដល់ខែមីនា ឆ្នាំនេះ៕

របាយការណ៍៖ មេដឹកនាំក្រុមហាម៉ាសនៅហ្កាហ្សា បានជួបក្រុមយុទ្ធជនរបស់ខ្លួន និងត្រួតពិនិត្យទីតាំងប្រយុទ្ធ

2024/04/25 09:55:19 am        364
មន្ត្រីជាន់ខ្ពស់នៃចលនានេះ បានប្រាប់សារព័ត៌មាន Al-Araby Al-Jadeed របស់ប្រទេសកាតាថា មេដឹកនាំនៃចលនាឥស្លាមប៉ាឡេស្ទីនហាម៉ាស នៅតំបន់ហ្កាហ្សាស្ទ្រីប លោក យ៉េយ៉ា អាល់ស៊ីនវ៉ា (Yehya al-Sinwar) កាលពីពេលថ្មីៗនេះ បានត្រួតពិនិត្យតំបន់មួយចំនួន ដែលបានឃើញមានការប៉ះទង្គិចគ្នារវាងកងកម្លាំងហាម៉ាស និងកងកម្លាំងអ៊ីស្រាអែល។ មន្ត្រីរូបនេះ បានអះអាងថា លោក អាល់ស៊ីនវ៉ា បាននិងកំពុងដឹកនាំចលនានេះនៅក្នុងសមរភូមិ ហើយរបាយការណ៍អំពីខ្លួនគាត់ស្ថិតនៅក្នុងភាពឯកោ នៅក្នុងផ្លូវរូងក្រោមដី គឺគ្រាន់តែជាការអះអាងរបស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ( Benjamin Netanyahu) និងភ្នាក់ងាររបស់ខ្លួន ដើម្បីបិទបាំងការបរាជ័យរបស់ពួកគេ ក្នុងការសម្រេចបាននូវគោលដៅ ដែលបានប្រកាសទៅកាន់ក្រុមមេដឹកនាំអ៊ីស្រាអែល និងសម្ព័ន្ធមិត្តរបស់ខ្លួន។ ប្រភពនោះ បានបន្ថែមថា កាលពីពេលថ្មីៗនេះ លោក អាល់ស៊ីនវ៉ា បានជួបយុទ្ធជនមួយចំនួននៃចលនានេះ នៅលើដី គឺមិនមែននៅក្នុងផ្លូវរូងក្រោមដីនោះទេ ហើយថែមទាំង បានរាយការណ៍ប្រាប់មេដឹកនាំក្រុមហាម៉ាសនៅក្រៅប្រទេស និងផ្តល់ឲ្យពួកគេនូវ«ចំនួនត្រឹមត្រូវ និងរបាយការណ៍សមរភូមិស្តីពីកម្លាំង និងសមត្ថភាពរបស់កម្លាំងតស៊ូ ដើម្បីប្រឈមមុខនឹងកងកម្លាំងរបស់អ៊ីស្រាអែល។អ៊ីស្រាអែល និយាយថា ខ្លួនជឿជាក់ថា មេដឹកនាំក្រុមហាម៉ាស រួមទាំងលោក អាល់ស៊ីនវ៉ា កំពុងលាក់ខ្លួននៅក្នុងផ្លូវរូងក្រោមដី នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប។

មន្ត្រី WFP៖ ស្ថានភាពតំបន់ហ្កាហ្សា អាចលើសពីកម្រិតទុរ្ភិក្សក្នុងពេលប្រាំមួយសប្តាហ៍

2024/04/25 08:27:14 am        415
មន្ត្រីម្នាក់មកពីកម្មវិធីស្បៀងអាហារពិភពលោក (WFP) បាននិយាយកាលពីថ្ងៃពុធ (២៤ មេសា) ថាតំបន់ហ្កាហ្សាស្ទ្រីប អាចឡើងហួសលើសពីកម្រិតទុរ្ភិក្សនៃអសន្តិសុខស្បៀង កង្វះអាហារូបត្ថម្ភ និងការស្លាប់ ក្នុងរយៈពេលប្រាំមួយសប្តាហ៍។លោក ហ្គាន ខារ៉ូ ខើរី (Gian Caro Cirri) នាយកកម្មវិធីស្បៀងអាហារពិភពលោក (WFP) នៅទីក្រុងហ្សឺណែវ បាននិយាយថា «ហ្កាហ្សាកាន់តែខិតទៅជិតស្ថានភាពទុរ្ភិក្សហើយ។ មានភ័ស្តុតាងសមហេតុផលដែលថាកម្រិតទុរ្ភិក្សទាំងបីគឺអសន្តិសុខស្បៀង កង្វះអាហារូបត្ថម្ភ និងការស្លាប់ នឹងត្រូវឡើងហួសបន្ទាត់កំណត់ក្នុងរយៈពេលប្រាំមួយសប្តាហ៍ខាងមុខ»។របាយការណ៍គាំទ្រដោយអង្គការសហប្រជាជាតិ ដែលបានចេញផ្សាយនៅក្នុងខែមីនា បាននិយាយថា ទុរ្ភិក្សនៅហ្កាហ្សាជិតមកដល់ ហើយទំនងជានឹងកើតឡើងនៅខែឧសភា នៅភាគខាងជើង ហើយអាចរីករាលដាលពាសពេញតំបន់នៅខែកក្កដា។ កាលពីថ្ងៃអង្គារ មន្ត្រីអាមេរិកម្នាក់បាននិយាយថា ហានិភ័យនៃគ្រោះទុរ្ភិក្សនៅតំបន់ហ្កាហ្សា ជាពិសេសនៅភាគខាងជើងគឺខ្ពស់ខ្លាំងណាស់។អង្គការសហប្រជាជាតិ បានត្អូញត្អែរពីឧបសគ្គជាច្រើនក្នុងបញ្ជូនជំនួយចូលក្នុង និងចែកចាយនៅទូទាំងតំបន់ហ្កាហ្សា ក្នុងរយៈពេលប្រាំមួយខែ ចាប់តាំងពីអ៊ីស្រាអែលចាប់ផ្តើមការវាយប្រហារនៅតំបន់ហ្កាហ្សា ប៉ុន្តែអ៊ីស្រាអែល បានបដិសេធថាមិនបានរារាំងការផ្គត់ផ្គង់ជំនួយមនុស្សធម៌ទេ ហើយបានស្ដីបន្ទោសទីភ្នាក់ងារជំនួយចំពោះភាពគ្មានប្រសិទ្ធភាពរបស់ខ្លួនក្នុងការចែកចាយ៕

អ៊ីស្រាអែល និយាយថា ការវាយលុកក្រុង រ៉ាហ្វា ជិតមកដល់ ខណៈអ្នកស្រុករត់ភៀសខ្លួនជាថ្មី

2024/04/25 08:23:48 am        384
យន្តហោះចម្បាំងអ៊ីស្រាអែល បានវាយប្រហារលើតំបន់ហ្កាហ្សា ភាគខាងជើងអស់រយៈពេលពីរថ្ងៃកាលពីថ្ងៃពុធ (២៤ មេសា) នៅក្នុងការវាយលុកដ៏ខ្លាំងក្លាមួយ ដែលបានធ្វើឱ្យមានភាពស្ងប់ស្ងាត់ជាច្រើនសប្តាហ៍ត្រូវបាត់បង់ ហើយអ៊ីស្រាអែលបាននិយាយថា ខ្លួនកំពុងឆ្ពោះទៅមុខជាមួយនឹងផែនការសម្រាប់ការវាយលុកជើងគោកយ៉ាងខ្លាំងក្លាលើក្រុង រ៉ាហ្វា (Rafah) នៅភាគខាងត្បូង។បន្ទាប់ពីការដកទ័ពរបស់អ៊ីស្រាអែល ភ្លាមៗនៅដើមខែនេះ ប្រជាជនប៉ាឡេស្ទីន នៅចុងទាំងពីរនៃតំបន់ហ្កាហ្សាស្ទ្រីប ត្រូវរត់ភៀសខ្លួនជាថ្មីម្តងទៀតដើម្បីរួចរស់ជីវិតពីការទម្លាក់គ្រាប់បែក ដែលពួកគេបានពិពណ៌នាថាជាផ្នែកដ៏អាក្រក់បំផុតមួយចំនួននៃសង្គ្រាម។ អ្នកនាំពាក្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយថា អ៊ីស្រាអែលកំពុង «ឆ្ពោះទៅមុខ» ជាមួយនឹងផែនការរបស់ខ្លួនសម្រាប់ប្រតិបត្តិការជើងគោកលើក្រុង រ៉ាហ្វា ប៉ុន្តែមិនបានផ្តល់ពេលវេលាកំណត់ទេ។បណ្តាប្រទេសលោកខាងលិច រួមទាំងសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់អ៊ីស្រាអែល គឺសហរដ្ឋអាមេរិក បានទទូចកុំឱ្យវាយប្រហារទីក្រុងនៅចុងភាគខាងត្បូងនៃតំបន់ហ្កាហ្សា ដែលជាជម្រកជាងពាក់កណ្តាលនៃប្រជាជនចំនួន ២,៣ លាននាក់មួយនេះ។មន្ត្រីការពារជាតិអ៊ីស្រាអែលជាន់ខ្ពស់ម្នាក់បាននិយាយថា អ៊ីស្រាអែលបានត្រៀមខ្លួនរួចជាស្រេចក្នុងការជម្លៀសជនស៊ីវិលមុនពេលការវាយប្រហាររបស់ខ្លួន ហើយបានទិញតង់ចំនួន ៤០.០០០ តង់ដែលអាចស្នាក់នៅបានពីមនុស្ស ១០ ទៅ ១២ នាក់ក្នុងមួយតង់។ គ្រប់យ៉ាងត្រៀមអស់ហើយ នៅចាំតែបញ្ជារបស់លោក ណេតាន់យ៉ាហ៊ូ ប៉ុណ្ណោះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ភ្លើងឆេះព្រៃទ្រង់ទ្រាយធំ បានឆាបឆេះតំបន់កាស្មៀ ប្រទេសឥណ្ឌា
06/09/2026 08:06 PM
ប្រធានគណៈកម្មការអឺរ៉ុប៖ EU មានគោលដៅលើថាមពល ធនាគារ និងការនេសាទរបស់រុស្ស៊ី នៅក្នុងទណ្ឌកម្មថ្មី
06/09/2026 08:06 PM
ខ្សែ​ដៃ​តាម​ដាន​អេឡិចត្រូនិចរបស់​លោក ថាក់ស៊ីន ត្រូវ​ដោះចេញ ក្រោយ​តុលាការថៃពិនិត្យបញ្ជីលើកលែងទោស
06/09/2026 08:06 PM
ចំនួនអ្នកស្លាប់ដោយសារជំងឺ Ebola នៅកុងហ្គោ មាន​លើសពី ១០០នាក់ហើយ
06/09/2026 07:06 PM
លោក Zelenskiy ៖ អឺរ៉ុបត្រូវការសំឡេងខ្លាំងនៅក្នុងកិច្ចប្រជុំស្វែងរកសន្តិភាព
06/09/2026 07:06 PM
EU អំពាវនាវឲ្យ​អនុវត្ត​សេចក្តីសម្រេចលេខ ១៧០១ របស់ UN និងគោរពអធិបតេយ្យភាពរបស់លីបង់
06/09/2026 07:06 PM
កងកម្លាំងណាតូធ្វើសមយុទ្ធយានដ្រូន និងបាញ់គ្រាប់ពិតនៅប្រទេសស្លូវ៉ាគី
06/09/2026 07:06 PM
ពលរដ្ឋរស់នៅក្នុងទីក្រុងតេអេរ៉ង់ មានមន្ទិលសង្ស័យចំពោះបទឈប់បាញ់យូរអង្វែងរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល
06/09/2026 07:06 PM
ចិនបញ្ចូន​ផ្កាយរណប ២គ្រឿងទៅ​កាន់​លំហអាកាស​​ តាម​រយៈ​យាន​ចម្លង​ Zhuque-2E
06/09/2026 07:06 PM
ទីក្រុងប៉េកាំងជំទាស់ការបន្ថែមរបស់មន្ទីរបច្ចកោណនូវក្រុមហ៊ុនបច្ចេកវិទ្យាចិនទៅក្នុងបញ្ជីក្រុមហ៊ុនពាក់ព័ន្ធនឹងយោធា
06/09/2026 07:06 PM