សម្ដេចធិបតី បញ្ជាក់ជាថ្មីជំហររបស់កម្ពុជាបន្តដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រជាមួយថៃ ដោយសន្ដិវិធី និងច្បាប់អន្តរជាតិ និងបដិសេធជជែករឿងបើកច្រកព្រំដែនគោក
សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
សម្ដេ​ចតេជោ ហ៊ុន សែន៖«២០ មិថុនា ១៩៧៧ ជីវិតរបស់ខ្ញុំ និងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់ និងលំបាកវេទនាខ្លាំងណាស់»
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាវក្រោះ និងសម្ភារយោធាម៉ាក DSS សុទ្ធតែមានគុណភាពហើយអាវការពារនេះនាយករដ្ឋមន្រ្តីបានសាករួចហើយ

នយោបាយ​ និង ការអភិវឌ្ឍន៍

ឯកឧត្តម ស៊ុន ចាន់ថុល ជួបពិភាក្សាជាមួយប្រធានក្រុមហ៊ុន MinebeaMitsumi ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន

2024/05/10 09:02:19 am        81
ជប៉ុន៖ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី៩ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក.អ.ក. អមដោយ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលជួបពិភាក្សាការងារជាមួយលោក Yoshihisa Kainuma ប្រធានក្រុមហ៊ុន ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងវិស័យឯកជនឱ្យកាន់តែយល់ចិត្តគ្នាទៅវិញទៅមកបន្ថែមមួយកម្រិតទៀត។ក្នុងកម្មវិធីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណជូនចំពោះ Minebea ដែលបានផ្តល់នូវសេចក្តីទុកចិត្តខ្ពស់មកលើរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា តាមរយៈការបណ្តាក់ទុនវិនិយោគក្នុងទំហំដ៏ច្រើនគួរឱ្យកត់សម្គាល់។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានចូលរួមសម្តែងនូវសេចក្តីសាទរ​យ៉ាង​ក្លៀវក្លា​ជូនភាគីក្រុមហ៊ុនសម្រាប់ភាពជោគជ័យនៃប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅកម្ពុជា ហើយ​សមិទ្ធកម្មនៃភាពជោគជ័យខាងលើស្តែងចេញតាមរយៈការបន្តពង្រីកគម្រោងវិនិយោគរបស់ខ្លួនឱ្យមានកំណើនជាលំដាប់។ ជាកិច្ចបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបង្ហាញនូវជំនឿចិត្តថា MinebeaMitsumi នឹង​បន្តចូលរួមចំណែក​យ៉ាងសកម្មក្នុងការបង្កើតការងារជូនប្រជាពលរដ្ឋក្នុងស្រុក និងជំរុញកំណើន​សេដ្ឋកិច្ចមូលដ្ឋានឱ្យកាន់តែរីកលូតលាស់ស្រស់បំព្រង។ គួរជម្រាបជូនផងដែរថា ស្របពេលនៃជំនួបពិភាក្សាខាងលើ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ក៏បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងជួលដីឧស្សាហកម្មរយៈពេលវែងរបស់ក្រុមហ៊ុន MinebeaMitsumi ផងដែរ។

ការចាប់ខ្លួនមេបក្សកម្លាំងជាតិដោយសារបុគ្គលនេះនិយាយបំភ្លើសការពិតទាក់ទងនឹងការចែកបណ្ណ​ក្រីក្រជូនពលរដ្ឋ

2024/05/10 08:48:23 am        219
អ្នកនាំពាក្យរបស់ក្រសួងយុត្តិធម៌ បានបញ្ជាក់ថា ការចាប់ខ្លួនបុគ្គលឈ្មោះ ស៊ុន ចន្ធី ដែល​ជា​មេ​បក្ស​កម្លាំងជាតិ​នោះ គឺដោយសារបុគ្គលរូ​ប​នេះបាន​ផ្សព្វផ្សាយព័​ត៌មាន​តាមរយៈ​បណ្តាញ​សង្គម​ហ្វេស​បុក ដែលមានលក្ខណៈ«ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» និង​បាន​ទម្លាក់​កំហុស​ដល់រាជរដ្ឋាភិបាល​ដោយ​អសុទ្ធចិត្ត​ទាក់ទង​នឹង​ការ​ចែក​បណ្ណ​ក្រីក្រ​ជូន​ប្រជាពលរដ្ឋ​ជាដើម​។តាមរយៈសេចក្តីថ្លែងការណ៍របស់ក្រសួងយុត្តិធម៌ ដែលទូរទស្សន៍BTVទទួលបាន នាព្រឹកថ្ងៃទី១០ ខែ​ឧសភា ឆ្នាំ២០២៤នេះ បានញ្ជាក់ថា ការចាប់ខ្លួនបុគ្គលឈ្មោះ ស៊ុន ចន្ធី អំពី​ដំណើរ​រឿង​ពាក់ព័ន្ធ​នឹង «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ដោយបុគ្គលរូបនេះ​បាន​ផ្សព្វ​ផ្សាយ​ព័ត៌មានលើបណ្តាញសង្គម ដោយបានទម្លាក់​កំហុស​ដោយ​អសុទ្ធចិត្ត​ទៅ​លើ​រាជ​រដ្ឋាភិបាល លើការចែកប័ណ្ណក្រីក្រជូនប្រជាពលរដ្ឋថាមានការលម្អៀង និងរើសអើង​ព្រម​ទាំង​បាន​មួល​ប​ង្កាច់អំពីការអភិវឌ្ឍ ប្រទេសរបស់រាជរដ្ឋាភិបាល ក្នុងចេតនាញុះញង់បំភ្លើសព័ត៌មាន នាំឱ្យ​ប្រជា​ពលរដ្ឋមានការយល់ច្រឡំ ដែលបង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងសណ្ដាប់​ធ្នាប់​សាធារណៈ​ជាដើម​។សេចក្តីថ្លែងការណ៍របស់ក្រសួងបានបញ្ជាក់បន្ថែមថា«ការចាប់ខ្លួននេះ ជាការ​អនុវត្ត​ច្បាប់​ស្រប​តាម​ក្រមនីតិវិធីព្រហ្មទណ្ឌ ហើយការចាប់ខ្លួននេះផងដែរ គឺពាក់ព័ន្ធទៅនឹងអង្គហេតុនៃបទល្មើស ហើយ​ជាការអនុវត្តច្បាប់សុទ្ធសាធ ដោយផ្អែកតាមក្រមព្រហ្មទណ្ឌ និងក្រមនី​តិវិធី​ព្រហ្ម​ទណ្ឌ នៃ​ព្រះរាជា​ណា​ចក្រកម្ពុជា។ ជាមួយគ្នានោះដែរអ្នកនាំពាក្យរបស់ក្រសួងយុត្តិធម៌ ពិនិត្យឃើញថា ការចេញ​សេចក្ដី​ថ្លែងការណ៍​របស់​គណបក្ស​កម្លាំង​ជាតិ ដោយប្រើពាក្យ “ថ្កោលទោស” ចំពោះការអនុវត្តច្បាប់​ដោយ​ស្ថាប័ន​មាន​សមត្ថកិច្ច​បែបនេះ គឺជាការមិនត្រឹមត្រូវ និងមិនអាចទទួលយកបានឡើយ ហើយដែល​គណបក្ស​នេះ​គប្បីពិនិត្យពិចារណាឡើងវិញក្នុងការប្រើប្រាស់ពាក្យពេចន៍ឱ្យបានសមស្រប ដើម្បី​ធានាបាននូវធម្មានុរូបភាពជាតួអង្គនយោបាយមួយ ដែលគោរពច្បាប់ នៅក្នុងសង្គមនីតិរដ្ឋ។សូមបញ្ជាក់ថា លោក ស៊ុន ចន្ធី មេបក្សកម្លាំងជាតិត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការចាប់ខ្លួនកាលពី រសៀល​ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤នេះ ពេលចុះ​ពី​លើ​យន្ត​ហោះ​មក​ពី​ប្រទេសជប៉ុន។ ការចាប់​ខ្លួន​ដោយសារតែបុគ្គលរូបនេះ បង្ហោះតាមបណ្តាញសង្គមហ្វេសបុក នាំឲ្យពលរដ្ឋយល់ច្រឡំ និង​បង្ក​ឲ្យមានភាពវឹកវរក្នុងសង្គមទាក់ទងនឹងការនិយាយគ្មានការពិតបំភ្លើសចោទប្រកាន់ដល់រាជរដ្ឋាភិបាលថា មានភាពរើសអើង ក្នុងការចែកប័ណ្ណក្រីក្រជូនដល់បងប្អូនប្រជាពលរដ្ឋនោះ៕ អត្ថបទ៖ បាន ចក់

ក្រសួងបរិស្ថានគាំទ្រសកម្មភាពរួមចំណែកឆ្លើយតបនឹងភាពស្អាតនៅក្នុងសង្គមកម្ពុជា

2024/05/10 08:02:41 am        300
ក្រសួងបរិស្ថានគាំទ្រយ៉ាងទូលំទូលាយ ចំពោះដៃគូទាំងអស់ដែលធ្វើការក្នុងវិស័យបរិស្ថាន ឆ្លើយតបជាពិសេសនឹងភាពស្អាតក្នុងសង្គមកម្ពុជា ដែលផ្តើមពីភាពស្អាតផ្នត់គំនិត ភាពស្អាតបុគ្គល ភាពស្អាតនៅក្នុងសង្គម និងភាពស្អាតរបស់កម្ពុជា នៅក្នុងតំបន់ និងអន្តរជាតិ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងលើកឡើងបែបនេះ នៅក្នុងឱកាសទទួលជួបពិភាក្សាជាមួយ ក្រុមការងារយុវជនបណ្តុំអង្គការសង្គមស៊ីវិល សិស្ស និស្សិត ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធនិងអ្នកសារព័ត៌មាន នាទីស្តីការក្រសួងបរិស្ថាន នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៩ ខែឧសភា ឆ្នាំ២០២៤។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបន្ថែមថា យុទ្ធសាស្ត្រភាពស្អាត មានចែងក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន។ កន្លងមកក្រសួងបរិស្ថាន បានដាក់ចេញ យុទ្ធនាការភាពស្អាតផ្ទៃដី ភាពស្អាតផ្ទៃមេឃ និងភាពស្អាតផ្ទៃទឹក។ ចំពោះភាពស្អាតលើផ្ទៃដី គឺភាពស្អាតដែលកើតចេញពីសណ្តានចិត្ត របស់ប្រជាពលរដ្ឋកម្ពុជា និងសិស្សានុសិស្សចំនួន ៨លាននាក់ ចូលរួមយ៉ាងក្លៀវក្លា ក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ៖ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា យុទ្ធនាការបានបណ្តុះគំនិតឱ្យកុមារស្រឡាញ់បរិស្ថាន និងបានបង្កើតភាពស្អាតនេះ ដែលមិនត្រឹមតែធ្វើឱ្យខ្លួនយើងស្អាត ឬការស្អាតចេញពីក្នុងខ្លួននោះទេ ប៉ុន្តែធ្វើខាងក្រៅខ្លួនមានភាពស្អាតបន្ថែមទៀត គឺធ្វើឱ្យសង្គមយើងស្អាត និងប្រទេសជាតិមានបរិស្ថានស្អាត ទៅថ្ងៃអនាគត។ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា នៅពេលនេះយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅកម្ពុជា បានទទួលជោគជ័យ គឺជាមោទនភាពរបស់កម្ពុជាយើង។ យុទ្ធនាការបានឈានដល់ ជំហានទី២ ដែលជំរុញឲ្យមានការចូលរួមរបស់ប្រជាពលរដ្ឋ សម្រេចចិត្តចេញមកសម្អាតផ្ទះ ភូមិឋាន ការរៀបចំបែងចែកសំរាម និងទុកដាក់សំរាម ទៅតាមប្រភេទសំរាម។ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានជំរុញឱ្យមានការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធ ជាពិសេសយុវជនកម្ពុជា បង្កើនតួនាទីចូលរួមអប់រំ និងផ្សព្វផ្សាយ ពីភាពស្អាត ឱ្យបានច្រើនឡើងថែមទៀត ជាពិសេសជំរុញការចូលរួមចំណែកលុបបំបាត់សំណល់ប្លាស្ទិក ការសំអាត់អនាម័យបរិស្ថាន រួមទាំងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ នៅតាមសហគមន៍ ផ្ទះសម្បែង សាលារៀន និងវត្តអារាម ជាដើម។ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រួមជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ថ្នាក់ នៃក្រសួងបរិស្ថាន បេ្តជ្ញាចិត្តខ្ពស់ និងមានផែនការយុទ្ធសាស្ត្រច្បាស់លាស់ ក្រោមការចង្អុលបង្ហាញដោយផ្ទាល់សម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង ដោយជំរុញសម្រេចគោលដៅកម្ពុជា «ជាប្រទេសអព្យាក្រិតកាបូន និងមានគម្របព្រៃឈើ៦០% នៅឆ្នាំ២០៥០» ដែលនោះហើយ គឺធ្វើឱ្យកម្ពុជាបង្ហាញភាពស្អាតលើឆាកអន្តរជាតិ រួមមាន ៖ ភាពស្អាតរបស់កម្ពុជាជាមួយដៃគូ ភាពស្អាតរបស់កម្ពុជាក្នុងតំបន់ និងភាពស្អាតរបស់កម្ពុជាលើសកលលោក។សូមបញ្ជាក់ថា យោងតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដឹកនាំបង្កើតនិងបានដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលផ្តោលើមុំយុទ្ធសាស្រ្តអាទិភាពចំនួន៣ គឺ ស្អាត បៃតង និងចីរភាព ក្នុងគោលបំណងប្រែក្លាយសក្តានុពលវិស័យបរិស្ថាន ឱ្យទៅជាឧត្តមប្រយោជន៍ពិតជាក់ស្តែង សម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជាគ្រប់ជំនាន់៕

ក្រុមតារាវិទូ រកឃើញភពនៅក្រៅប្រព័ន្ធព្រះអាទិត្យ ដែលមានបរិយាកាស

2024/05/09 01:21:14 pm        159
ក្រុមតារាវិទូបានស្វែងរកអស់រយៈពេលជាច្រើនឆ្នាំសម្រាប់ភព ដែលស្ថិតនៅហួសពីប្រព័ន្ធព្រះអាទិត្យជាមួយនឹងបរិយាកាស ដែលជាលក្ខណៈមួយត្រូវបានគេចាត់ទុកថាមានសារៈសំខាន់សម្រាប់លទ្ធភាពនៃការផ្ទុកជីវិតនៅលើនោះ។ នៅទីបំផុត ក្រុមតារាវិទូហាក់ដូចជាបានរកឃើញទីតាំងសមស្របមួយ ប៉ុន្តែភពនេះ ដែលជាក់ស្តែងមានផ្ទៃថ្មរលាយ ហាក់មិនផ្តល់ក្តីសង្ឃឹមសម្រាប់ការរស់នៅឡើយ។ក្រុមអ្នកស្រាវជ្រាវបាននិយាយកាលពីថ្ងៃពុធ (០៨ ឧសភា) ថា ភពនេះមានលក្ខណៈជាជា «ភពផែនដីដ៏ធំ» (super-Earth) ព្រោះវាជាពិភពថ្មធំជាងភពផែនដីយើង ប៉ុន្តែតូចជាងភពណិបទូន ហើយវាវិលជុំវិញយ៉ាងគ្រោះថ្នាក់ជិតផ្កាយដែលមានពន្លឺស្រអាប់ និងមានទំហំធំជាងព្រះអាទិត្យរបស់យើងបន្តិច ដោយធ្វើដំណើរក្នុងគន្លងយ៉ាងលឿនរៀងរាល់ ១៨ ម៉ោង ឬលើសពីនេះ។ការសង្កេត ដោយប្រើឧបករណ៍ពីរនៅលើកែវយឺតអវកាស ជេមស៍ វេប (James Webb) នេះបង្ហាញពីវត្តមានរបស់បរិយាកាសដ៏សមស្របមួយចំនួន ប៉ុន្តែមិនអាចទទួលយកបានភាគច្រើន ហើយប្រហែលជាបន្តបំពេញបន្ថែមដោយឧស្ម័នពុល ដែលទំនងជាសម្បូរទៅដោយឧស្ម័នកាបូនឌីអុកស៊ីត ឬឧស្ម័នកាបូនម៉ូណូអុកស៊ីត ដែលបញ្ចេញចេញពីមហាសមុទ្រដ៏ធំនៃម៉ាក់ម៉ា។ទិន្នន័យពីឧបករណ៍ វេប នេះមិនបានបញ្ជាក់ច្បាស់ពីកម្រាស់នៃបរិយាកាសនោះទេ។ អ្នកវិទ្យាសាស្ត្រភព លោក រ៉េនយូ ហ៊ូ (Renyu Hu) បាននិយាយថា បរិយាកាសនៅភពនោះអាចក្រាស់ដូចផែនដី ឬក្រាស់ជាងភពសុក្រ ដែលមានបរិយាកាសពុលក្រាស់បំផុតនៅក្នុងប្រព័ន្ធព្រះអាទិត្យ៕

ប្រធានាធិបតីចិន ជួបមេដឹកនាំហុងគ្រី ដើម្បីអបអរសាទរយុគសម័យថ្មី

2024/05/09 01:06:46 pm        138
លោកនាយករដ្ឋមន្ត្រីហុងគ្រី វីកទ័រ អូបាន (Viktor Orban) កំពុងទទួលស្វាគមន៍លោកប្រធានាធិបតីចិន Xi Jinping ក្នុងទីក្រុងប៊ូដាប៉េស( Budapest) នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីលោកបានទៅដល់កាលពីល្ងាចថ្ងៃពុធ ដើម្បីពង្រឹងទំនាក់ទំនងដ៏ល្អដែលមានស្រាប់ រវាងក្រុងប៉េកាំង និងសម្ព័ន្ធជិតស្និទ្ធបំផុតរបស់ខ្លួននៅសហភាពអឺរ៉ុបមួយនេះ។ដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសហុងគ្រី ពេលនេះគឺជាដំណើរចុងរបស់លោក Xi នៅក្នុងតំបន់អឺរ៉ុប ជាលើកដំបូង ចាប់តាំងពីឆ្នាំ២០១៩មក ។ នៅដើមសប្ដាហ៍នេះ មេដឹកនាំចិន រូបនេះ បានចាប់ផ្ដើមដំណើរទស្សនកិច្ចរបស់លោកនៅក្នុងប្រទេសបារាំង ជាដំណើរមួយដែលទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅ តែក៏បានបង្ហាញភាពតានតឹងផងដែររវាងក្រុងប៉េកាំង និង សហភាពអឺរ៉ុបជុំវិញសង្គ្រាមនៅអ៊ុយក្រែន និងពាណិជ្ជកម្មពិភពលោក។ ក្នុងការចេញផ្សាយនៅលើសារព័ត៌មានប្រចាំថ្ងៃគាំទ្ររដ្ឋាភិបាលហុងគ្រី ម៉ាកយ៉ា ណេមហ្សេត ( Magyar Nemzet) មុនការទៅដល់របស់លោក ក្នុងទីក្រុងន៊ូដាប៉េស លោក Xi បានកោតសរសើរមិត្តភាពយូរអង្វែងជាមួយហុងគ្រី ដែលលោកបានហៅថាជាភាពទន់ភ្លន់និងមានទ្រព្យសម្បត្តិ ដូចជាស្រា តូកាជី (Tokaji wine) សំដៅដល់តំបន់ផលិតស្រាទំពាំងបាយជូរដ៏ល្បីល្បាញរបស់ហុងគ្រី។ លោកថា យើងបានហែលឆ្លងការលំបាកជាមួយគ្នា និង បានប្រឆាំងឥទ្ធិពលនយោបាយរួមគ្នា ស្របពេលមានភាពផុយស្រួយចំពោះស្ថានភាពអន្ធរជាតិ៕

ការវាយប្រហារលើអ្នកនយោបាយអាល្លឺម៉ង់ កើនឡើង នៅមុនការបោះឆ្នោត

2024/05/09 01:03:50 pm        88
ព្រឹទ្ធសមាជិកទីក្រុងប៊ែរឡាំង លោកស្រី ហ្វ្រេនហ្សីសកា ហ្គីហ្វេ(Franziska Giffey) គឺជាអ្នកនយោបាយចុងក្រោយបង្អស់ដែលត្រូវបានវាយប្រហារនៅប្រទេសអាល្លឺម៉ង់ ខណៈប្រទេសនេះត្រៀមខ្លួនសម្រាប់ការបោះឆ្នោត។ លោកស្រី Giffey ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីបុរសម្នាក់បានវាយលោកស្រីចំក្បាល នៅក្នុងបណ្ណាល័យមួយកន្លែងកាលពីថ្ងៃអង្គារ។ មន្ត្រីម្នាក់និយាយថា វាពិតជាគួឲ្យភ្ញាក់ផ្អើល និងហួសចិត្ត ដែលថ្មីៗនេះ យើងបានឃើញការវាយប្រហារបែបនេះកាន់តែច្រើនឡើង ដែលមនុស្សត្រូវបានវាយប្រហារដោយសារតែការងារនយោបាយរបស់ពួកគេ ដោយសារតែជំហរនិងអាកប្បកិរិយារបស់ពួកគេ ហើយវាបានធ្វើឲ្យប៉ះពាល់ដល់មនុស្សជាច្រើន។នគរបាល និយាយថា ជនសង្ស័យអាយុ៧៤ឆ្នាំម្នាក់ត្រូវបានឃុំខ្លួន ហើយកាលពីពេលមុន ត្រូវបានគេដឹងថាបានប្រព្រឹត្តបទឧក្រិដ្ឋកម្មស្អប់ខ្ពើម ក្នុងចំណោមឧបទ្ទវហេតុផ្សេងទៀត។ ជនសង្ស័យត្រូវបានគេជឿថាមានបញ្ហាសុខភាពផ្លូវចិត្ត។ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានថ្កោលទោសសកម្មភាពនេះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថាជារឿងដ៏ «កំសាក»។ការវាយប្រហារលើ លោកស្រី Giffey បានកើតឡើងស្របពេលជាមួយកិច្ចប្រជុំបន្ទាន់មួយរបស់រដ្ឋមន្ត្រីរដ្ឋ ដែលកំពុងអំពាវនាវឱ្យមានការការពារពីនគរបាលឲ្យកាន់តែប្រសើរឡើង ចំពោះអ្នកនយោបាយ ខណៈចំនួននៃការវាយប្រហារដោយពាក្យសំដី និងមកលើរាងកាយ កើនឡើងនៅមុនការបោះឆ្នោតនៅអឺរ៉ុប និងក្នុងតំបន់។ទិន្នន័យរបស់រដ្ឋាភិបាល បង្ហាញថាចំនួននៃការវាយប្រហារលើអ្នកនយោបាយនៅក្នុងប្រទេសអាល្លឺម៉ង់ បានកើនឡើងទ្វេដង ចាប់តាំងពីការបោះឆ្នោតសភាអឺរ៉ុប ឆ្នាំ២០១៩។ ដោយឡែក នៅថ្ងៃតែមួយនៃការវាយប្រហារលើលោកស្រី Giffey មនុស្សពីរនាក់ត្រូវបានចាប់ខ្លួននៅទីក្រុង Dresden ពីបទរុញច្រាន និងស្តោះទឹកមាត់ ដាក់សមាជិកគណបក្ស Greens Party ដែលកំពុងដាក់ផ្ទាំងរូបភាពយុទ្ធនាការ។

រុស្ស៊ី៖ ជម្លោះអ៊ុយក្រែន នឹងចប់ក្នុងរយៈពេលពីរសប្តាហ៍ ប្រសិនបើលោកខាងលិច បញ្ឈប់ការគាំទ្ររបស់ខ្លួន

2024/05/09 12:41:38 pm        183
រុស្ស៊ីបាននិយាយកាលពីថ្ងៃពុធថា ជម្លោះនៅអ៊ុយក្រែន នឹងបញ្ចប់ក្នុងរយៈពេលតែពីរសប្តាហ៍ប៉ុណ្ណោះ ប្រសិនបើលោកខាងលិច បញ្ឈប់ការផ្គត់ផ្គង់យោធាដល់ទីក្រុងគីវ ដោយលើកឡើងពីការអត្ថាធិប្បាយរបស់ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក ចូសិប បូរ៉ែល (Josep Borrell)។លោក បូរ៉ែល បាននិយាយនៅដើមខែនេះថា ភាពឋិតថេររបស់អ៊ុយក្រែន ពឹងផ្អែកលើលោកខាងលិច ហើយថា សង្រ្គាមនឹងត្រូវបញ្ចប់ក្នុងរយៈពេលពីរបីសប្តាហ៍ ប្រសិនបើការផ្គត់ផ្គង់សព្វាវុធរបស់លោកខាងលិច បានបញ្ចប់។ លោកបានបញ្ជាក់ថា លោកមិនចង់ឲ្យសង្គ្រាម ចប់បែបនេះទេ។នៅពេលសួរអំពីរបៀបកាត់បន្ថយការប្រឈមមុខដាក់គ្នារវាងរុស្ស៊ី និងលោកខាងលិច អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី អ្នកស្រី Maria Zakharova បាននិយាយថា លោកខាងលិច បានលើកឡើងនូវវោហា ស័ព្ទអំពីប្រទេសរុស្ស៊ី។អ្នកស្រី Zakharova បានបញ្ជាក់ថា៖«ចំពោះអ្វីដែលត្រូវការសម្រាប់ការបន្ធូរបន្ថយភាពតានតឹង លោក បូរ៉ែល បាននិយាយថា ប្រសិនបើអ្នក ឈប់ផ្គត់ផ្គង់អាវុធដល់ទីក្រុងគីវ អ្វីៗគ្រប់យ៉ាងនឹងចប់ ក្នុងរយៈពេលពីរសប្តាហ៍។ នេះហើយ គឺជារូបមន្តកាត់បន្ថយភាពតានតឹង»។

មេដឹកនាំកូរ៉េខាងជើង បង្ហាញការគាំទ្រចំពោះលោក Putin នៅក្នុងសារទិវាជ័យជំនះ

2024/05/09 11:49:57 am        136
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បាននិយាយនៅថ្ងៃព្រហស្បតិ៍ (០៩ ឧសភា) នេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បានសម្តែងនូវ «ការគាំទ្រយ៉ាងរឹងមាំ និងសាមគ្គីភាព» សម្រាប់ប្រទេសរុស្ស៊ី នៅក្នុងសារអបអរសាទររបស់លោកទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន (Vladimir Putin) ក្នុងទិវាជ័យជំនះ ដែលប្រារព្ធខួបលើកទី៧៩ នៃការបញ្ចប់សង្គ្រាមលោកលើកទី២។ប្រទេសរុស្ស៊ី នៅថ្ងៃព្រហស្បតិ៍នេះ ប្រារព្ធទិវាជ័យជម្នះរបស់សហភាពសូវៀត លើពួកណាហ្ស៊ី អាល្លឺម៉ង់ ក្នុងសង្គ្រាមលោកលើកទីពីរ ខណៈដែលទំនាក់ទំនងជាមួយលោកខាងលិច កាន់តែធ្លាក់ជ្រៅទៅក្នុងវិបត្តិ ជុំវិញការវាយរុលទៅមុខនៃកងទ័ពរុស្ស៊ី ប្រឆាំងនឹងកងកម្លាំងដែលគាំទ្រដោយលោកខាងលិច របស់អ៊ុយក្រែន។លោក គីម បាននិយាយនៅក្នុងលិខិតជូនដល់លោក ពូទីន ថា «ខ្ញុំបង្ហាញការគាំទ្រយ៉ាងម៉ឺងម៉ាត់ និងសាមគ្គីភាពជាមួយនឹងបុព្វហេតុដ៏ពិសិដ្ឋនៃប្រទេសរុស្ស៊ី ដោយសង្ឃឹមថាអ្នក រួមទាំងកងទ័ព និងប្រជាជនរុស្ស៊ីដ៏ក្លាហាន នឹងទទួលជ័យជម្នះថ្មីនៅក្នុងការតស៊ូដើម្បីកម្ចាត់គោលនយោបាយអនុត្តរភាពរបស់ពួកចក្រពត្តិនិយម»។សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តផ្សេងទៀតបានចោទប្រកាន់កូរ៉េខាងជើង ថាបានផ្ទេរសព្វាវុធទៅឱ្យរុស្ស៊ី សម្រាប់ប្រើប្រាស់ប្រឆាំងនឹងអ៊ុយក្រែន ដែលខ្លួនបានបើកការវាយលុកកាលពីខែកុម្ភៈ ឆ្នាំ២០២២។ ទាំងក្រុងម៉ូស្គូ និងក្រុងព្យុងយ៉ាង បានបដិសេធការចោទប្រកាន់នេះ ប៉ុន្តែបានប្តេជ្ញាកាលពីឆ្នាំមុនថានឹងធ្វើឱ្យទំនាក់ទំនងយោធាកាន់តែស៊ីជម្រៅ៕

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ព្រឹទ្ធសភាលើកទី១

2024/05/09 10:24:26 am        124
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ព្រឹទ្ធសភាលើកទី១ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ ដើម្បីពិនិត្យ និងសម្រេចទៅលើលើរបៀបវារៈចាំបាច់មួយចំនួន។ របៀបវារៈចាំបាច់ទាំងនោះរួមមាន៖១. សម្រេចអំពីការចាត់តាំងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ។២. សម្រេចអំពីការចាត់តាំងក្រុមសមាជិកព្រឹទ្ធសភា។៣. សម្រេចអំពីការចាត់តាំងក្រុមជនបង្គោលប្រឆាំងអំពើពុករលួយរបស់ព្រឹទ្ធសភា។៤. សម្រេចអំពីការចាត់តាំងគណៈកម្មការក្រមសីលធម៌សភារបស់សមាជិកព្រឹទ្ធសភា។

ចិន និងស៊ែរប៊ី ប្ដេជ្ញាចែករំលែកអនាគតរួមគ្នា ខណៈលោក Xi Jinping កំពុងបន្តទស្សនកិច្ចក្នុងទឹកដីអឺរ៉ុប

2024/05/09 10:11:18 am        137
ប្រទេសចិន និងស៊ែរប៊ី កាលពីថ្ងៃពុធបានព្រមព្រៀងអនុវត្តតាមការប្ដេជ្ញា "អនាគតរួមគ្នា" ខណៈលោកប្រធានាធិបតី Xi Jinping បានទៅទស្សនាប្រទេសនៅតំបន់បាល់កង់ ដែលជាផ្នែកមួយនៃបំណងរបស់លោកដើម្បីបង្កើតទំនាក់ទំនងកាន់តែរឹងមាំជាមួយសម្ព័ន្ធមិត្តនៅមាត់ទ្វារផ្ទះសហភាពអឺរ៉ុប។លោក Xi កំពុងស្ថិតក្នុងដំណើរទស្សនកិច្ចនៅក្នុងតំបន់អឺរ៉ុបលើកដំបូងក្នុងរយៈពេល ៥ ឆ្នាំ ហើយ ដំណើរនេះ ត្រូវគេមើលឃើញថាជាកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេសអឺរ៉ុបខាងកើតដែលគាំទ្ររុស្ស៊ី និងជាអ្នកទទួលការវិនិយោគដ៏ធំពីចិន។ មេដឹកនាំរូបនេះកំពុងមានវត្តមាននៅក្នុងប្រទេសហុងគ្រីនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។លោកប្រធានាធិបតីស៊ែរប៊ី អាឡេកសាន់ឌើ វូស៊ីក (Aleksandar Vucic) បានប្រាប់ពិធីជួបជុំដ៏ធំមួយដែលបានប្រមូលផ្តុំនៅមុខវិមានប្រធានាធិបតីស៊ែរប៊ី អំឡុងពិធីស្វាគមន៍លោក Xi ដោយអបអរសាទរ និងស្រែកថា "ប្រទេសចិនៗ" "យើងកំពុងកត់ត្រាប្រវត្តិសាស្រ្តនៅថ្ងៃនេះ" ។ប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ២៩ ដែលជំរុញកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ និយតកម្ម និងសេដ្ឋកិច្ច។ ស៊ែរប៊ី ក៏នឹងក្លាយជាប្រទេសអឺរ៉ុបដំបូងគេក្នុងរយៈពេលជាច្រើនឆ្នាំដែលបានចូលទៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន នៅពេលដែលកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាកាលពីឆ្នាំមុន នឹងចូលជាធរមាននៅថ្ងៃទី១ ខែកក្កដាខាងមុខ។ លោក Vucic បាននិយាយថា ចាប់តាំងពីឆ្នាំ ២០២០មក ប្រទេសចិនគឺជាអ្នកវិនិយោគដ៏ធំបំផុតតែមួយគត់នៅក្នុងប្រទេសស៊ែរប៊ី ហើយការវិនិយោគរបស់ខ្លួនបានកើនឡើង ៣០ ដងក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។ លោកបាននិយាយថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនឹងធានាការនាំចេញដោយមិនយកពន្ធ ៩៥% នៃផលិតផលស៊ែរប៊ីទៅកាន់ប្រទេសចិនក្នុងរយៈពេល ៥ទៅ ១០ ឆ្នាំខាងមុខ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មន្ត្រីអាមេរិក៖ អ៊ីស្រាអែល និងហេសបូឡា ព្រម​ព្រៀង​មាន​​បទ​ឈប់បាញ់ចាប់ពីថ្ងៃទី១៩ ខែមិថុនា
06/19/2026 08:06 PM
លោក Trump បញ្ជាក់​ថា សង្គ្រាមធ្វើឲ្យ​អ៊ីរ៉ង់ខ្សោយ និង​បដិសេធ​ការ​រិះគន់​របស់​ក្រុម​ប្រជាធិបតេយ្យ​
06/19/2026 08:06 PM
មនុស្ស ១៨នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ភាគខាងត្បូងលីបង់
06/19/2026 08:06 PM
ទីក្រុងតំបន់ភ្នំហេមពាន្តរបស់ឥណ្ឌា ប្រែក្លាយជាគំនរសំរាម ដោយសារភ្ញៀវទេសចរច្រើន
06/19/2026 08:06 PM
ទីភ្នាក់ងារទេសចរណ៍ចិនចាប់​ផ្ដើម​ដំណើរកម្សាន្តជាក្រុមទៅ​ជប៉ុនឡើងវិញ តែ​ខ្លះបញ្ឈប់ការលក់ក្រោយ​មក​
06/19/2026 08:06 PM
លីបង់ថ្កោលទោសការវាយប្រហារចុងក្រោយរបស់អ៊ីស្រាអែល និងជំរុញឲ្យ​មាន «បទឈប់បាញ់គ្រប់ជ្រុងជ្រោយ​»
06/19/2026 08:06 PM
ការបំផ្ទុះគ្រាប់បែក ២ផ្សេងគ្នា បណ្តាលឲ្យ​នគរបាល​រងរបួស ក្នុងខេត្ត Yala និង​ Pattani របស់​​ថៃ
06/19/2026 08:06 PM
ទីភ្នាក់ងារតាមដាន៖ ការឆ្លងកាត់របស់​នាវា នៅ​ចក្រសមុទ្រ​ Hormuz កើនឡើង ក្រោយ​មាន​កិច្ចព្រមព្រៀង
06/19/2026 07:06 PM
ពលរដ្ឋអ៊ីស្រាអែលរស់នៅតំបន់ព្រំដែន ព្រួយបារម្ភពីកិច្ចព្រមព្រៀងសន្តិភាពរវាងអាមេរិក និងអ៊ីរ៉ង់
06/19/2026 07:06 PM
រញ្ជួយដីកម្រិត ៦,៣រ៉ិចទ័រ កើត​មាន​នៅ​តំបន់ចុងបូព៌ារបស់រុស្ស៊ី ស្រប​ពេលមានការរញ្ជួយបន្តបន្ទាប់
06/19/2026 07:06 PM