សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
សម្ដេ​ចតេជោ ហ៊ុន សែន៖«២០ មិថុនា ១៩៧៧ ជីវិតរបស់ខ្ញុំ និងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់ និងលំបាកវេទនាខ្លាំងណាស់»
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាវក្រោះ និងសម្ភារយោធាម៉ាក DSS សុទ្ធតែមានគុណភាពហើយអាវការពារនេះនាយករដ្ឋមន្រ្តីបានសាករួចហើយ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលរោងចក្រ ផលិតសម្ភារៈយោធា DSS និងសំណេះសំណាលជាមួយកម្មករ កម្មការិនី

នយោបាយ​ និង ការអភិវឌ្ឍន៍

អាមេរិកប្រាប់អ៊ីស្រាអែលថា ខ្លួនមិនគាំទ្រប្រតិបត្តិការនៅក្រុង Rafah ដូចការគ្រោងទុកបច្ចុប្បន្នឡើយ

2024/05/07 03:00:10 pm        122
ក្រសួងការបរទេស បាននិយាយកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិក មិនអាចគាំទ្រការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុង Rafah បានទេ ព្រោះវានឹងនាំទៅរកការបាត់បង់អាយុជីវិតមនុស្សបន្ថែមទៀត និងបង្អាក់ដល់ការដឹកជញ្ជូនជំនួយមនុស្សធម៌។ ការអត្ថាធិប្បាយរបស់អ្នកនាំពាក្យក្រសួងការបរទេសលោក Matthew Miller បានធ្វើឡើងខណៈយន្តហោះអ៊ីស្រាអែល បានចាប់ផ្តើមទម្លាក់គ្រាប់បែកលើទីក្រុងRafah នៅព្រំដែនជាមួយប្រទេសអេហ្ស៊ីប ដែលបច្ចុប្បន្នជាទីជម្រករបស់ពលរដ្ឋប៉ាឡេស្ទីនប្រហែល ១,៤ លាននាក់ ដែលបានភៀសខ្លួនពីតំបន់ហ្កាហ្សាភាគខាងជើង និងភាគកណ្តាល។លោក Miller បាននិយាយទៅកាន់អ្នកសារព័ត៌មានក្នុងទីក្រុងវ៉ាស៊ីនតោនថា យើងមិនគាំទ្រអ៊ីស្រាអែល ក្នុងការបើកប្រតិបត្តិការយោធាទ្រង់ទ្រាយពេញលេញនៅទីក្រុង Rafah នោះទេ។ រដ្ឋមន្ត្រីការបរទេសលោក Antony Blinken បានប្រាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និងមន្ត្រីផ្សេងទៀត នៅក្រុងហ្សេរុយសាឡឹមខាងលិចកាលពីសប្តាហ៍មុនថា សហរដ្ឋអាមេរិក មិនអាចគាំទ្រការវាយលុកលើទីក្រុង Rafah ដូចអ្វីដែលអ៊ីស្រាអែលរំពឹងទុកនាពេលបច្ចុប្បន្ននេះទេ។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បាននិយាយថា អ៊ីស្រាអែល ពុំបានបង្ហាញផែនការមនុស្សធម៌ដល់សហរដ្ឋអាមេរិក សម្រាប់តំបន់ហ៊ុមព័ទ្ធមួយនេះ ដែលអាចជឿទុកចិត្តបាន ហើយខ្លួនអាចអនុវត្តបាន។ យើងជឿថា ប្រតិបត្តិការយោធានៅទីក្រុង Rafah នាពេលនេះ នឹងបង្កើនការឈឺចាប់របស់ប្រជាជនប៉ាឡេស្ទីនយ៉ាងខ្លាំង។ លោក Miller បានបញ្ជាក់ថា ជំនួយមនុស្សធម៌ភាគច្រើន ពេលនេះកំពុងត្រូវបានដឹកជញ្ជូនទៅកាន់តំបន់ហ្កាហ្សា ឆ្លងកាត់ទីក្រុង Rafah តាមរយៈប្រទេសអេហ្ស៊ីប ហើយការវាយលុកចូលទៅក្នុងទីក្រុងនេះ នឹងធ្វើឱ្យមានការលំបាកក្នុងការជួយទ្រទ្រង់ការកើនឡើងជំនួយមនុស្សធម៌ ដែលយើងអាចដឹកជញ្ជូនបាន។ កងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) បានប្រាប់ពលរដ្ឋទីក្រុង Rafah ឱ្យជម្លៀសចេញ ព្រោះខ្លួនកំពុងរៀបចំវាយលុកទីក្រុងនេះដោយកម្លាំងខ្លាំង។ លោក Netanyahu បានគម្រាមបញ្ជូនកងទ័ពចូលទៅក្នុងទីក្រុងនេះ រយៈពេលជាច្រើនខែមកហើយ ដោយលើកហេតុផលថា វាចាំបាច់ដើម្បីធានាបានថា អ៊ីស្រាអែលទទួលជ័យជម្នះទាំងស្រុងលើក្រុមហាម៉ាស។ កាលពីសប្តាហ៍មុន នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បាននិយាយថា លោកមានបំណងធ្វើដូច្នេះដោយមិនគិតពីកិច្ចព្រមព្រៀងបទឈប់បាញ់ ជាមួយក្រុមប៉ាឡេស្ទីន ឬសម្ពាធពីអន្តរជាតិនោះទេ។

ក្រុមហ៊ុន Apple កំពុងបង្កើតបន្ទះឈីប AI សម្រាប់មជ្ឈមណ្ឌលទិន្នន័យរបស់ខ្លួន

2024/05/07 02:56:21 pm        75
សារព័ត៌មាន Wall Street Journal (WSJ) បានរាយការណ៍កាលពីថ្ងៃចន្ទ ដោយដកស្រង់សម្តីមនុស្សដឹងពីបញ្ហានេះថា ក្រុមហ៊ុន Apple កំពុងបង្កើតបន្ទះឈីបផ្ទាល់ខ្លួន ដើម្បីដំណើរការកម្មវិធីបញ្ញាសិប្បនិម្មិត (AI) នៅក្នុងមជ្ឈមណ្ឌលទិន្នន័យ។ក្រុមហ៊ុន Apple ដែលបានធ្លាក់នៅពីក្រោយគូប្រជែងរបស់ខ្លួនលើកម្មវិធី AI បាននិងកំពុងគេចចេញពីសំណួរនានាអំពីផែនការរបស់ខ្លួនសម្រាប់បច្ចេកវិទ្យានេះ។នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook បានប្រាប់សារព័ត៌មានរ៉យទ័រក្នុងបទសម្ភាសន៍មួយ ថា៖«យើងបន្តមានសុទិដ្ឋិនិយមចំពោះឱកាសរបស់យើងនៅក្នុង AI ជំនាន់ថ្មី ហើយយើងកំពុងធ្វើការបណ្តាក់ទុនក្នុងទឹកប្រាក់ដ៏ច្រើន»។របាយការណ៍នេះ បានបញ្ជាក់ថា គម្រោងដែលមានឈ្មោះថា Project ACDC (Apple Chips in Data Center) មានគោលបំណងបង្កើនជំនាញរចនាបន្ទះឈីបរបស់ក្រុមហ៊ុន Apple សម្រាប់ហេដ្ឋារចនាសម្ព័ន្ធម៉ាស៊ីនមេរបស់ខ្លួន។គម្រោង ACDC បានដំណើរការអស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែគេមិនដឹងថា តើគម្រោងនេះ នឹងត្រូវបានបង្ហាញនៅពេលណានោះទេ នេះបើយោងតាមសារព័ត៌មានរ៉យទ័រ។របាយការណ៍នោះ បាននិយាយថា សម្រាប់បន្ទះឈីបម៉ាស៊ីនមេរបស់ក្រុមហ៊ុន Apple សមាសធាតុនេះទំនងជាផ្តោតលើការដំណើរការម៉ូដែលAI ដែលត្រូវបានគេស្គាល់ថា ជាការសន្និដ្ឋានជាជាង ក្នុងការបណ្តុះបណ្តាលម៉ូដែល AI។ក្រុមហ៊ុន Apple មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់សារព័ត៌មានរ៉យទ័រទេ។សារព័ត៌មាន WSJ បាននិយាយថា ក្រុមហ៊ុននេះ បាននឹងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនផលិតបន្ទះអេឡិចត្រូនិកតៃវ៉ា ( Taiwan Semiconductor Manufacturing Co) ដើម្បីរចនា និងផ្តួចផ្តើម ផលិតបន្ទះឈីបបែបនេះ ដោយបន្ថែមថា វានៅតែមិនប្រាកដប្រជាថាតើក្រុមហ៊ុនទាំងពីរនេះ បានផ្តល់លទ្ធផលច្បាស់លាស់ ឬយ៉ាងណា?

លោក ពូទីន គ្រោងនឹងបន្តកាន់អំណាចពីរទសវត្សរ៍ទៀត

2024/05/07 02:53:37 pm        53
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងស្បថចូលកាន់តំណែងក្នុងពិធីដ៏អធិមអធមមួយ ក្នុងវិមានក្រឹមឡាំង នៅថ្ងៃអង្គារ (ទី៧ ខែឧសភា)នេះ ដោយចាប់ផ្តើមអាណត្តិទី៥ ដ៏បំបែកកំណត់ត្រា ជាមួយនឹងអំណាចច្រើនជាងពេលមុនៗ។ប្រមុខវិមានក្រឹមឡាំងមានវ័យ ៧១ ឆ្នាំរូបនេះ បានគ្រប់គ្រងប្រទេសរុស្ស៊ី ចាប់តាំងពីការផ្លាស់ប្តូរនៃសតវត្សរ៍នេះ ដោយទទួលបានអាណត្តិថ្មីរយៈពេល ៦ឆ្នាំក្នុងខែមីនា បន្ទាប់ពីបានឈ្នះការបោះឆ្នោតប្រធានាធិបតី ដោយគ្មានក្រុមប្រឆាំងទាំងអស់។ពិធីស្បថចូលកាន់តំណែងនេះ នឹងត្រូវផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ធំៗរបស់រុស្ស៊ី ចាប់ពីពាក់កណ្តាលអធ្រាត្រ នៅពេលដែលរថយន្តទំនើបមួយគ្រឿង នឹងបើកដឹកលោក ពូទីន ទៅកាន់វិមាន Grand Kremlin របស់ទីក្រុងមូស្គូ។បន្ទាប់ពីមកដល់ លោកនឹងដើរកាត់តាមច្រករបៀងនៃវិមាននេះ ទៅកាន់សាលមហោស្រប Saint Andrew Hall ដ៏ប្រណិត ជាកន្លែងដែលលោក នឹងធ្វើសច្ចាប្រណិធានជាប្រធានាធិបតី និងថ្លែងសុន្ទរកថាខ្លីទៅកាន់ប្រជាជនរុស្ស៊ី។មន្ត្រីរដ្ឋាភិបាល និងអ្នកការទូតបរទេស នៅទីក្រុងមូស្គូ ត្រូវបានអញ្ជើញឲ្យចូលរួមក្នុងពិធីនេះ រួមទាំងឯកអគ្គរដ្ឋទូតបារាំង លោក Pierre Levy ដែលត្រូវបានគេរំពឹងថា នឹងចូលរួមផងដែរ។បណ្តាប្រទេសនៅអឺរ៉ុបផ្សេងទៀត រួមទាំងប៉ូឡូញ អាល្លឺម៉ង់ និងសាធារណរដ្ឋឆេក បានផ្តល់សញ្ញាថា ពួកគេនឹងមិនបញ្ជូនអ្នកតំណាងរបស់ខ្លួនទេ ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងជុំវិញជម្លោះនៅអ៊ុយក្រែន។

ប្រមុខ UN ជំរុញអ៊ីស្រាអែល និងក្រុមហាម៉ាស កុំធ្វើឱ្យបាត់បង់ឱកាសសម្រាប់កិច្ចព្រមព្រៀង

2024/05/07 02:47:50 pm        56
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានជំរុញយ៉ាងខ្លាំងដល់អ៊ីស្រាអែល និងក្រុមហាម៉ាស កុំធ្វើឱ្យបាត់បង់ឱកាស ក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់ និងកិច្ចព្រមព្រៀងដោះដូរចំណាប់ថ្នូរ។ ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក Guterres បានិយាយថា លោកបានអំពាវនាវយ៉ាងខ្លាំងដល់រដ្ឋាភិបាលប្រទេសអ៊ីស្រាអែល និងមេដឹកនាំក្រុមហាម៉ាស ខិតខំបន្ថែមទៀត ដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងមួយ ដែលមានសារៈសំខាន់យ៉ាងពិតប្រាកដ។ លោកបានចាត់ទុកឱកាសនេះថាជា «ឱកាសដែលមិនអាចធ្វើឲ្យបាត់បង់បាន»។ប្រមុខអង្គការសហប្រជាជាតិ បាននិយាយថា ការឈ្លានពានតាមជើងគោកនៅក្នុងទីក្រុង Rafah ភាគខាងត្បូងតំបន់ហ្កាហ្សា នឹងមិនអាចអត់ឱនឲ្យបានឡើយ ដោយសារតែផលវិបាកមនុស្សធម៌ដ៏មហន្តរាយ និងដោយសារតែផលប៉ះពាល់អស្ថិរភាពនៅក្នុងតំបន់។ស្នងការជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធមនុស្ស លោក Volker Turk បានចេញសេចក្តីថ្លែងការមួយកាលពីថ្ងៃចន្ទ ទាក់ទងទៅនឹងការអំពាវនាវរបស់អ៊ីស្រាអែល ឱ្យប្រជាជននៅតំបន់មួយចំនួននៃទីក្រុង Rafah ជម្លៀសខ្លួនចេញ។លោក Turk និយាយថា ប្រជាជននៅតំបន់ហ្កាហ្សា នៅតែបន្តរងការវាយប្រហារដោយគ្រាប់បែក ដោយជំងឺ និងគ្រោះទុរ្ភិក្ស ហើយពួកគេត្រូវបានប្រាប់ថា ពួកគេត្រូវតែភៀសខ្លួនចេញពីទីតាំងនេះម្តងទៀត ខណៈប្រតិបត្តិការសឹករបស់អ៊ីស្រាអែល ចូលទៅក្នុងទីក្រុង Rafah កើនឡើង។លោកបានហៅស្ថានភាពនេះថា «អមនុស្សធម៌» និង «ផ្ទុយទៅនឹងគោលការណ៍ជាមូលដ្ឋាននៃច្បាប់មនុស្សធម៌ និងសិទ្ធិមនុស្សអន្តរជាតិ ដែលមានការការពារប្រកបដោយប្រសិទ្ធភាពចំពោះជនស៊ីវិល។

សម្ដេចតេជោ ហ៊ុន សែន៖ «ការផ្ទេរអំណាចពីជំនាន់ចាស់ទៅជំនាន់ថ្មីគឺជារឿងដ៏ត្រឹមត្រូវ»

2024/05/07 02:35:00 pm        184
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ប្រតិភូនិស្សិតជ័យលាភីអាហារូបករណ៍ ចំនួន១៨រូប ដឹកនាំ លោក ផេង គីមហេង មន្ត្រីពីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ដែលនឹងត្រូវបន្តសិក្សាថ្នាក់អនុបណ្ឌិតនៅសាកលវិទ្យាល័យនានា ក្នុងប្រទេសអូស្រ្តាលី ចូល​ជួបសម្តែងការគួរសម នៅវិមាន៧មករា រាជធានីភ្នំពេញ។និស្សិតជ័យលាភីទាំង១៨រូបនេះ គឺមកពីក្រសួង ស្ថាប័នចម្រុះនានា រួមមានពីក្រសួងសុខាភិបាល ក្រសួង​ឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងអប់រំ ទីស្ដីការគណៈរដ្ឋមន្ត្រី អង្គការ​ជាតិ អង្គការអន្តរជាតិ ហើយក្នុងនោះក៏មានធនាគារជាតិកម្ពុជា និងធនាគារ មេប៊ែង​ផង​ដែរ​។ នៅក្នុងជំនួបនេះ សម្ដេចតេជោ បានរៀបរាប់ពីដំណើរតស៊ូ របស់សម្ដេច ក៏ដូចជា​ថ្នាក់​ដឹក​នាំ​ចាស់​ៗ ដែលបាននាំមកនូវសុខសន្តិភាព និងការក៏សាងប្រទេសពីបាតដៃទទេរ និង​បានរៀប​រាប់​ពី​ការ​លំបាក​នានា មិនដូចជាក្មួយៗ ចៅៗជំនាន់ក្រោយដែលអាចទៅសិក្សាអាហារូបករណ៍ងាយស្រួល ដែល​ជីដូនជីតា ឬឪពុកម្ដាយបានឆ្លងកាត់កន្លងមកក្រោយពីកម្ពុជាឆ្លងកាត់ខ្មែរក្រហមនោះ។ ក្នុង​ជំនួបរវាង ឪពុកនិងកូន ឬក៏ដូចជាជីតានិងចៅៗ សម្ដេច បានចោទជាសំនួរចំពោះ និស្សិត​ជ័យ​លាភី អាហារូបករណ៍ទាំងអស់ថា មានចំណាប់​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ដំណើរ​ការ​ប្រព្រឹត្តិ​ទៅ​របស់​រាជរដ្ឋាភិបាលថ្មីអណត្តិទី៧។ ក្រុមនិស្សិត បានសម្ដែង​នូវ​ការ​ពេញ​ចិត្ត​ចំពោះ​ការ​ដឹកនាំ​ដ៏​ឈ្លាស​វៃរបស់ សម្ដេចធិបតី នាយករដ្ឋមន្ត្រី និងគណរដ្ឋមន្ត្រីវ័យក្មេង ជំនាន់ថ្មី ដែលបាន​ដំណើរ​ការ​រយៈពេល៨ខែកន្លងទៅនេះ និងបានវាយតម្លៃខ្ពស់ចំពោះគណៈរដ្ឋមន្ត្រីថ្មី ដែលរក្សា​បាន​កំណើន​សេដ្ឋកិច្ច ស្ថិរភាពនយោបាយ អតិផរណាស្ថិតនៅក្នុងការគ្រប់គ្រង អត្រាប្ដូរ​ប្រាក់​មាន​ស្ថិរភាព អ្វីៗមានដំណើរការល្អប្រសើរ។ ក្រុមនិស្សិតមានជំនឿយ៉ាងមុតមាំ និងសុទិដ្ឋិ​និយម​យ៉ាង​ខ្លាំង​ចំពោះ​រាជរដ្ឋាភិបាលថ្មីអណត្តិទី៧។ ជ័យលាភីទាំងអស់ បានប្ដេជ្ញាចិត្តថា បន្ទាប់ពី​បញ្ចប់​ការ​សិក្សា នឹងត្រឡប់មកវិញចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរីកចម្រើន។ សម្ដេច​តេជោ ប្រធានព្រឹទ្ធសភា ក៏បានចែករំលែកផងដែរថា ការផ្ទេរ​អំណាច​ពី​ជំនាន់​ចាស់​ទៅ​ជំនាន់​ថ្មី​គឺ​ជារឿងដ៏ត្រឹមត្រូវ ហើយការផ្ទេរនៅពេលនេះគឺដើម្បីស្ថិរភាពយូរអង្វែងរបស់កម្ពុជា ដោយ​រយៈពេល៨ខែកន្លងទៅនេះ អ្វីៗបានដំណើរការរលូន មិនមាន​អ្វី​ដែល​គួរ​អោយ​ព្រួយ​បារម្ម​ណ៍​នោះទេ។ សម្ដេចតេជោ បានផ្ដាំផ្ញើចំពោះក្មួយៗ និងចៅៗដែលជាជ័យលាភីអាហារូបករណ៍ ដោយ​សង្ឃឹម​ថានឹងជាធនធានមនុស្សដ៏ពូកែ បំពេញការសិក្សាដោយមិនភ្លេចទឹកដីកំណើត ជាមួយ​នឹង​ការលះបង់របស់ឪពុកម្ដាយ ជីដូនជីតា ដែលបានខិត​ខំត​ស៊ូ​ក្រោយ​ថ្ងៃ​រំដោះ​មក​ដល់​ពេល​នេះ ធ្វើអោយមានសុខសន្តិភាព និងការអភិវឌ្ឍ និងពេលកំពុង​បំពេញ​ការ​សិក្សា​ត្រូវ​ចាត់​ទុក​ថា​ជា​​ឱកាស​ដែលទទួលបាន និងក្រៅពីមុខវិជ្ជាដែលបានកំណត់ ក៏ត្រូវខិតខំសិក្សា​លើ​មុខ​វិជ្ជា​ផ្សេង​ៗទៀតអោយបានច្រើន រៀនច្រើនកាលណាកាន់តែល្អកាលហ្នឹង។ ជាចុងក្រោយ សម្ដេចតេជោ ប្រធាព្រឹទ្ធសភា បានជូនពរ កូនក្មួយ និងចៅៗ ជ័យលាភី​អាហារូបករណ៍​ទាំងអស់ សូមទទួលបានជោគជ័យក្នុងសិក្សានៅប្រទេសអូស្ត្រាលី ដើម្បី​បាន​ត្រឡប់​មក​បម្រើប្រទេសជាតិយើងនៅពេលខាងមុខនេះ៕

សម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់ពីសារសំខាន់​នៃការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ​៥ចំណុច​ទៅកាន់ឯកឧត្តម មីន អោងឡាំង ដើម្បីរួមចំណែកដល់ដំណើរការស្វែង​រកសន្តិភាព​នៅម៉ីយ៉ាន់ម៉ា

2024/05/07 02:21:35 pm        213
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានជួបសន្ទនាជាមួយ ឯកឧត្តម នាយ​ឧត្តមសេនីយ៍​ជាន់ខ្ពស់ មីន អោងឡាំង ប្រធានក្រុមប្រឹក្សា​រដ្ឋបាលរដ្ឋ​នៃ​សាធារណរដ្ឋ​សហភាព​មីយ៉ាន់ម៉ា តាមប្រព័ន្ធវីដេអូ។ ជាកិច្ចចាប់ផ្តើម សម្តេចតេជោ បានសម្ដែងក្តីរីករាយដែលបានជួប ឯកឧត្តម មីន អោងឡាំង សាជាថ្មី និង អរគុណចំពោះសារអបអរសាទររបស់ឯកឧត្តម នៅឱ​កាស​ដែលស​ម្តេច​បាន​ជាប់​ឆ្នោត​ធ្វើ​ជា​ប្រធានព្រឹទ្ធសភា។ សម្តេចបានលើកឡើងថា កិច្ចពិភាក្សា​នេះ​ធ្វើឡើង​ក្នុង​គោល​បំណង ដើម្បីសាកសួសុខទុក្ខគ្នា និងដើម្បី​ទទួល​បាន​ការចែក​រំលែក​ពី​បច្ចុប្បន្ន​ភាព​នៃ​ការ​វិវឌ្ឍ​នៅ​មីយ៉ាន់ម៉ា។ ជាកិច្ចឆ្លើយតប ឯកឧត្តម មីន អោងឡាំង ក៏បានសម្តែងការអបអរសាទរជាថ្មីម្តងទៀតចំពោះ សម្តេចតេជោ ដែលត្រូវបានជាប់ឆ្នោតជាប្រធានព្រឹទ្ធសភា និងអរគុណសម្តេចតេជោ និង​វាយ​តម្លៃ​ខ្ពស់​នៃ​ការចូលរួមរបស់សម្តេចតេជោ ដែលបានមកធ្វើទស្សនកិច្ចនៅមីយ៉ាន់ម៉ា ហើយព្យាយាម​ចូលរួម​ចំណែក​ដោះស្រាយបញ្ហាមីយ៉ាន់ម៉ា ក្នុងខណៈពេលដែលសម្តេចធ្វើជាប្រធានអាស៊ាន។ ឆ្លៀត​ក្នុងឱកាសនោះ សម្តេចតេជោ ក៏បានស្នើជាថ្មីម្តងទៀតឱ្យ ឯកឧត្តម មីន អោងឡាំង ពិចារណា​រៀបចំឱ្យមានជំនួបតាមប្រព័ន្ធវីដេអូរវាង សម្តេចតេជោ និងលោកជំទាវ អោង សានស៊ូជី ក្នុង​គោលបំណងសួរសុខទុក្ខ ដោយសារ សម្តេចតេជោ និងលោក​ស្រី​ធ្លាប់​ជា​សហការី​ជាមួយ​គ្នា​ជា​ច្រើន​ឆ្នាំនៅ​ក្នុងកិច្ចការអាស៊ាន។ ជាមួយគ្នានោះសម្តេចតេជោ ក៏បានគូសបញ្ជាក់​ពីសារៈសំខា​ន់​នៃ​ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​ជា​ឯកច្ឆ​ន្ទ​ប្រាំចំ​ណុច (5PC) ហើយរំពឹងថាការរីកចម្រើន​នេះ​នឹង​ចូលរួម​ចំណែកដល់​ដំណើរការ​ស្វែង​រក​សន្តិភាព​ដែល​មានមីយ៉ាន់ម៉ាខ្លួនឯងជាអ្នកដឹកនាំ និងជាម្ចាស់។សម្តេចតេជោ ក៏បានស្វាគមន៍ការសម្រេចចិត្តរបស់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ ដែលបានបញ្ជូន​តំណាង​មិន​នយោបាយឱ្យចូលរួមក្នុងកិច្ចប្រជុំចង្អៀតរបស់រដ្ឋមន្រ្តីការបរទេស កាលពីខែមករា និងលើក​ទឹក​ចិត្ត​ឱ្យមីយ៉ាន់ម៉ាបន្តចាត់តំណាងចូលរួមក្នុងកិច្ចប្រជុំសំខាន់ៗរបស់អាស៊ាន។ជាការ​ឆ្លើយតប ឯកឧត្តម មីន អោងឡាំង បានឯកភាព​ក្នុង​ការ​បន្ត​បញ្ជូន​តំណាង​មិន​នយោបាយ​របស់​ខ្លួន​ចូល​រួម​ក្នុងកិច្ចប្រជុំអាស៊ាន និងបានសន្យាថានឹង​យក​សំណើ​ដទៃ​ទៀត​ទៅ​ពិចារណា​ដោយ​យក​ចិត្តទុកដាក់ខ្ពស់បំផុត ហើយនឹងបញ្ជូន​ប្រេសិត​ពិសេស​របស់​ខ្លួន​មក​កាន់​កម្ពុជា​នា​ពេល​ដ៏​ឆាប់​ខាងមុខ ដើម្បីបន្តពិភាក្សាទៅលើសំណើទាំងនេះ និងដើម្បីទទួលយក​នូវ​ការ​ចែក​រំលែក​បទ​ពិសោធន៍ល្អៗពីគណៈកម្មជាតិរៀបចំការបោះឆ្នោតរបស់កម្ពុជា ពាក់ព័ន្ធ​ជាមួយ​នឹង​ការ​រៀប​ចំ​ការបោះឆ្នោតមួយដែលសេរី យុត្តិធម៍ និងមានតម្លាភាព ។ ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សា និងផ្លាស់ប្តូរ​យោបល់​គ្នា​ផង​ដែរ​ពាក់​ព័ន្ធ​នឹង​កិច្ច​សហ​ប្រតិបត្តិការ​វិប្បធម៌ និងកីឡា៕

សម្ដេចធិបតី៖ «ប្រព័ន្ធបញ្ជរតែមួយជាតិ»នឹងហុចផលច្រើនដល់វិស័យសាធារណៈ និងឯកជន

2024/05/07 01:21:50 pm        215
ក្នុងឱកាសអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ប្រព័ន្ធបញ្ជរតែមួយជាតិ» នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ដែរនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ការដាក់ឱ្យអនុវត្តនូវប្រព័ន្ធ «ប្រព័ន្ធបញ្ជរតែមួយជាតិ» ថ្ងៃនេះ ក៏បានហុចផលយ៉ាងច្រើនទៅដល់វិស័យសាធារណៈ និងឯកជន មានជាអាទិ៍ ចំណេញពេលវេលា កាត់បន្ថយចំណាយ ដោយមិនចាំបាច់រត់ការពីក្រសួង ស្ថាប័នមួយទៅក្រសួងស្ថាប័នមួយទៀតដូចពីមុនឡើយ។សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា ការដាក់ឱ្យអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិនេះនឹងនាំមកនូវផលប្រយោជន៍ជាច្រើនទាំងសម្រាប់វិស័យសាធារណៈ និងវិស័យឯកជន។ សម្រាប់វិស័យសាធារណៈប្រព័ន្ធបញ្ជរតែមួយជាតិ មានតួនាទីសំខាន់ក្នុងការសម្របសម្រួល និងការពង្រឹងកិច្ចសហការ រវាងក្រសួង ស្ថាប័នជំនាញពាក់ព័ន្ធ សំដៅបង្កើនប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពបន្ថែមទៀត នូវកិច្ចសម្រួលពាណិជ្ជកម្ម។ ជាពិសេសសម្រួលដល់ការបំពេញឱ្យបានឆាប់នូវបែបបបទនាំចេញ-នាំចូលទំនិញ ស្របតាមយុទ្ធសាស្រ្ត និងគោលនយោបាយ របស់រាជរដ្ឋា ភិបាល។សម្រាប់វិស័យឯកជន ក៏នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនផងដែរ ដូចជា ចំណេញពេល ព្រមទាំងការកាត់បន្ថយចំណាយ។ ជាពិសេសការកាត់បន្ថយការិយាធិបតេយ្យក្នុងការរត់ការឆ្លងកាត់ពីក្រសួង-ស្ថាប័នមាន​សមត្ថកិច្ចមួយ ទៅមួយទៀតពាក់ព័ន្ធនឹងការស្នើសុំអាជ្ញាបណ្ណ, លិខិតអនុញ្ញាត, វិញ្ញាបនបត្រ, និង ឯកសារតម្រូវផ្សេងៗ, សម្រាប់ការនាំចេញ-នាំចូលទំនិញ។ លើសពីនេះប្រតិបត្តិករនៃវិស័យឯកជន ក៏អាចប្រើប្រាស់ឡើងវិញនូវទិន្នន័យក្នុងប្រព័ន្ធសម្រាប់ជាប្រយោជន៍ក្នុងការគ្រប់គ្រងទិន្នន័យរបស់ខ្លួន ឱ្យបានទាន់ពេល, មានសង្គតិភាព និងមានភាពច្បាស់លាស់ផងដែរ។សូមជម្រាបថា ប្រព័ន្ធបញ្ជរតែមួយជាតិ គឺជាសមិទ្ធផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល ក្នុងកិច្ច ប្រឹង ប្រែង ធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច ជំរុញការធ្វើពាណិជ្ជកម្ម និងលើកកម្ពស់ កំណើន សេដ្ឋកិច្ចនៅកម្ពុជា។ ក្នុងន័យនេះប្រព័ន្ធបញ្ជរតែមួយជាតិ មានតួនាទីសំខាន់​ក្នុងការ​ចូលរួមចំណែកលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្មអន្តរជាតិ ស្របតាមយុទ្ធសាស្រ្ត និងគោលនយោបាយ​របស់រាជរដ្ឋាភិបាលតាមរយៈការផ្តល់ និងទទួលអាជ្ញាប័ណ្ណ វិញ្ញាបនបត្រ លិខិតអនុញ្ញាត និងឯកសារផ្សេងទៀតក្នុងទម្រង់អេឡិកត្រូនិក សម្រាប់ទំនិញនាំចេញ-នាំចូល។ បន្ថែមពីនោះប្រព័ន្ធបញ្ជរតែមួយជាតិ គឺជាការរួមចំណែកលើកកម្ពស់បរិយាកាសធុរកិច្ច និងការវិនិយោគប្រកបដោយសមធម៌ ប្រកួតប្រជែង តម្លាភាព គណនេយ្យភាព និងសុក្រឹតភាពទាំងផ្លូវច្បាប់ និងបច្ចេកទេសសម្រាប់វិនិយោគិនទាំងក្នុង និងក្រៅប្រទេសផងដែរ៕

សម្ដេចធិបតី៖ «ប្រព័ន្ធបញ្ជរតែមួយជាតិ» កម្ពុជាមានមុខងារដ៏សំខាន់តភ្ជាប់ទៅកាន់ប្រព័ន្ធបញ្ជរតែមួយអាស៊ាន

2024/05/07 01:15:32 pm        120
ក្នុងឱកាសអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ប្រព័ន្ធបញ្ជរតែមួយជាតិ» នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា «ប្រព័ន្ធបញ្ជរតែមួយជាតិ» ក៏មានមុខងារដ៏សំខាន់ក្នុងការតភ្ជាប់ទៅកាន់ប្រព័ន្ធបញ្ជរតែមួយអាស៊ាន ដើម្បីផ្លាស់ប្តូរទិន្នន័យវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ, ទិន្នន័យឯកសារប្រតិវេទន៍គយ និងទិន្នន័យឯកសារពាណិជ្ជកម្មផ្សេងទៀត តាមទម្រង់អេឡិចត្រូនិក ជាមួយបណ្តាប្រទេសជាសមាជិកអាស៊ានផងដែរ។សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ថាការបន្តយកចិត្តទុកដាក់ ពង្រឹង និងពង្រីកប្រព័ន្ធអេកូឡូស៊ីឌីជីថល ពិតជាមានសារសំខាន់ជាយុទ្ធសាស្រ្ដដែលអាចចាត់ទុកថាជាក្របខណ្ឌរួមមួយនៃការកែទម្រង់របស់រាជរដ្ឋាភិបាលសំដៅលើកកម្ពស់ការប្រកួតប្រជែងរបស់កម្ពុជា។ សម្ដេចនាយករដ្ឋមន្រ្ដីបញ្ជាក់ថា ស្ថិតក្នុងបរិយាកាសបច្ចុប្បន្ន និងទៅអនាគត សេដ្ឋកិច្ចតំបន់ និងសាកល​លោកទាំងមូលនឹងបន្ត​ហ៊ុមព័ទ្ធ​ដោយភាពមិនប្រាកដប្រជាខ្ពស់ក្នុងន័យនេះកម្ពុជា បានត្រៀមខ្លួនសម្រាប់ភាពចាំបាច់ក្នុងការឆ្លើយតបទៅនឹងវិបត្តិណាមួយដែល​អាចកើតឡើងជាយថាហេតុ តារមយៈការជំរុញការកែទម្រង់ឱ្យកាន់តែស៊ីជម្រៅ និងកាន់តែខ្លាំងក្លាឡើង​សំដៅលើកកម្ពស់ភាពប្រកួតប្រជែង បង្កើនពិពិធកម្ម និងពង្រឹងភាពធន់នៃសេដ្ឋកិច្ច និងសង្គមជាតិ។ សូមជម្រាបថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភានេះបានប្រកាសដាក់ឱ្យអនុវត្តយុទ្ធសាស្រ្ត​បញ្ចកោណ-ដំណាក់កាលទី១ ដោយបានកំណត់អាទិភាពចំនួន ៥ គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា។ ក្នុងនោះបច្ចេកវិទ្យា ​គឺជាអាទិភាពថ្មីមួយដែលបានកំណត់នៅក្នុងបញ្ចកោណទី៥ គឺការ​កសាងសេដ្ឋកិច្ច និង សង្គមឌីជីថល ​ហើយការដាក់ឱ្យអនុវត្តជាផ្លូវការ «ប្រព័ន្ធបញ្ជរតែមួយជាតិ» តាមអនឡាញនឹងលើកកម្ពស់បរិយាកាសធុរកិច្ច និងការវិនិយោគប្រកបដោយសមធម៌៕អត្ថបទ៖វ៉ន ដារ៉ា

សម្តេចធិបតី៖ រាជរដ្ឋាភិបាលត្រូវធានានូវភាពប្រកួតប្រជែង ផ្តល់បទដ្ឋានគតិយុត្តឱ្យបានឆាប់រហ័ស

2024/05/07 01:02:57 pm        179
ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការប្រព័ន្ធបញ្ជរតែមួយជាតិ នៅសណ្ឋាគារសុខាភ្នំពេញ ព្រឹកថ្ងៃទី៧ឧសភានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញលើកទឹកចិត្តដល់បណ្តាស្ថាប័នរដ្ឋ ត្រូវធានានូវភាពប្រកួតប្រជែងដោយផ្តល់នូវបទដ្ឋានគតិយុត្តឱ្យបានឆាប់រហ័ស។សម្តេចបានលើកឡើងថា ដូចរបាយការណ៍ដែលឯកឧត្ដមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញ អំពី ការតភ្ជាប់គ្នាជាខ្សែចង្វាក់នៃប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានពីប្រព័ន្ធមួយទៅប្រព័ន្ធមួយទៀតរបស់ក្រសួងស្ថាប័នចំនួន២១ តាមរយៈថ្នាលផ្លាស់ប្ដូរទិន្នន័យកម្ពុជា ដែលអនុញ្ញាតឱ្យកម្ពុជាបង្កើតនូវសេវាអេឡិចត្រូនិចជាច្រើនផ្សេងគ្នាដោយកាត់បន្ថយនូវនិតិវិធីស្មុគ្រស្មាញ ដ៏ច្រើនគួរឱ្យកត់សម្គាល់។ គួរបញ្ជាក់ថា គម្រោងបញ្ជរតែមួយជាតិ ត្រូវបានចែកចេញជា ៣ ដំណាក់កាល ដោយប្រើប្រាស់ថវិកា សរុបក្នុងរយៈពេល ៧ ឆ្នាំ, ពោលគឺ ពី ២០១៨ ដល់ ២០២៤ ប្រមាណ ៣,៤ លានដុល្លារ អាម៉េរិក។ ក្នុងនោះការអភិវឌ្ឍដំណាក់កាលទី១ បានផ្តោតជាសំខាន់ទៅលើការរៀបចំថ្នាលបច្ចេកវិទ្យា ព័ត៌មាន សម្រាប់តភ្ជាប់រវាងប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយ (អាស៊ីគូដា) ជាមួយនឹងប្រព័ន្ធ ស្វ័យប្រវត្តិកម្មវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញរបស់ក្រសួងពាណិជ្ជកម្ម និងសម្រាប់តភ្ជាប់ទៅប្រព័ន្ធបញ្ជរតែមួយអាស៊ាន។ដំណាក់កាលទី ២ បានពង្រីកបន្ថែមមុខងារថ្នាលបច្ចេកវិទ្យាព័ត៌មាន ឱ្យមានវិសាលភាព បន្ថែមទៅលើក្រសួង-ស្ថាប័ន ដែលមានប្រតិបត្តិការច្រើនក្នុងការចេញ អាជ្ញាបណ្ណ, លិខិតអនុញ្ញាត, ព្រមទាំងវិញ្ញាបនបត្រ និង ឯកសារផ្សេងៗ, ក្នុងនោះមាន អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, ក្រសួងពាណិជ្ជកម្ម, ក្រសួងសុខាភិបាល, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ។ ដំណាក់កាលទី៣ បានពង្រីកវិសាលភាពបន្ថែម ឱ្យគ្របដណ្តប់គ្រប់ក្រសួង-ស្ថាប័ន មានសមត្ថកិច្ចពាក់ព័ន្ធនឹងការចេញ អាជ្ញាបណ្ណ, លិខិតអនុញ្ញាត, វិញ្ញាបនបត្រ, និង ឯកសារ ផ្សេងៗ សម្រាប់ទំនិញនាំចេញ-នាំចូល ស្របតាមខ្លឹមសារនៃអនុក្រឹត្យស្តីពីការដាក់ឱ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់ និង ទំនិញជាប់កម្រិតកំណត់; និង សម្រាប់ទំនិញដែលទទួល បាននូវការលើកទឹកចិត្តពន្ធ និង អាករ តាមច្បាប់ និង បទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន ។ ក្រសួង- ស្ថាប័នទាំងនេះ រួមមាន ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ក្រសួងមហាផ្ទៃ, ក្រសួងការពារជាតិ, ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ, ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ, ក្រសួង បរិស្ថានក្រសួងរ៉ែ និង ថាមពល, ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍និង ធនាគារជាតិ នៃកម្ពុជា៕

សម្ដេចធិបតី៖ ការដាក់ឱ្យអនុវត្តប្រព័ន្ធ«ប្រព័ន្ធបញ្ជរតែមួយជាតិ» បានកែលម្អបរិយាកាសធុរកិច្ចនៅកម្ពុជា

2024/05/07 12:53:48 pm        142
ក្នុងឱកាស អញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ប្រព័ន្ធបញ្ជរតែមួយជាតិ» នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា ការដាក់ឱ្យអនុវត្តនូវប្រព័ន្ធ «ប្រព័ន្ធបញ្ជរតែមួយជាតិ» នៅថ្ងៃនេះ គឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់នៅក្នុងការកែលម្អបរិយាកាសធុរកិច្ច ការជំរុញសកម្មភាពពាណិជ្ជកម្មនៅកម្ពុជា សំដៅលើកកម្ពស់ គុណភាព ប្រសិទ្ធភាព តម្លាភាព និងភាពជឿជាក់ពីសំណាក់វិនិយោគិន និងធុរជន។សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានមានប្រសាសន៍បញ្ជាក់ថា ការដាក់ឱ្យអនុវត្តនូវប្រព័ន្ធ «ប្រព័ន្ធបញ្ជរតែមួយជាតិ» នៅថ្ងៃនេះ ក៏ជាការបង្ខិតសេវាសាធារណៈទៅជិតអ្នកប្រើប្រាស់តាមរយៈការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តកម្ម និងថ្នាក់បច្ចេកវិទ្យា ការផ្ដល់សេវាសាធារណៈដើម្បីសម្រួលនីតិវិធី កាត់បន្ថយពេលវេលា និងចំណាយពាក់ព័ន្ធផ្សេងៗ។សម្ដេចធិបតីបញ្ជាក់ថា សមិទ្ធផលនេះក៏ជាការជំរុញការកែទម្រង់ស៊ីជម្រៅ និងការធ្វើទំនើបកម្មរដ្ឋបាលសារពើពន្ធ ដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងចំណូល និងបង្កើតការប្រកួតប្រជែងដោយស្នើភាព ក្នុងការធ្វើធុរកិច្ច និងការវិនិយោគ និងដើម្បីកាត់បន្ថយបន្ទុកចំណាយ លើការបំពេញតាមកាតព្វកិច្ច និងនីតិវិធីសារពើពន្ធនៅក្នុងប្រទេសកម្ពុជាផងដែរ។ សូមជម្រាបថា «ប្រព័ន្ធបញ្ជរតែមួយជាតិ» គឺជាសមិទ្ធិផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល ក្នុងកិច្ច ប្រឹង ប្រែង ធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច ជំរុញការធ្វើពាណិជ្ជកម្ម និងលើកកម្ពស់ កំណើន សេដ្ឋកិច្ចនៅកម្ពុជា។ «ប្រព័ន្ធបញ្ជរតែមួយជាតិ»នេះ គឺជាប្រព័ន្ធថ្មីមួយទៀតរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ កម្ពុជា ដែលបំពេញបន្ថែម និងធ្វើការជាមួយប្រព័ន្ធដែលមានស្រាប់ ដូចជា E-customs, ASYCUDA, Pre-Arrival Manifest System ជាដើម៕អត្ថបទ៖ វ៉ន ដារ៉ា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធាន​ផ្នែក​ជំនួយ​របស់ UN ទាមទារ​ឲ្យផ្ដល់​​ «ភាពថ្លៃថ្នូរ» ដល់​​អ្នក​ស្រុកតំបន់​​ហ្កាហ្សា
06/19/2026 05:06 PM
ឯកឧត្តមទេសរដ្ឋមន្រ្តី​ លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុក​ចិត្ត​បាន
06/19/2026 05:06 PM
អាជ្ញាធរច្រកសមុទ្រអ៊ីរ៉ង់ សម្របសម្រួលផ្លូវដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Hormuz
06/19/2026 05:06 PM
រដ្ឋសមាជិក UN បរិហារការបំពានបទឈប់បាញ់របស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា
06/19/2026 05:06 PM
អាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
06/19/2026 05:06 PM
មនុស្ស ៣នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អាមេរិកលើទូកគ្រឿងញៀនសង្ស័យនៅភាគខាងកើតមហាសមុទ្រប៉ាស៊ីហ្វិក
06/19/2026 05:06 PM
ក្មេងៗរង់ចាំការសង្រ្គោះនៅក្នុងថ្នាក់រៀន ក្រោយអគ្គិភ័យឆាបឆេះសាលាបឋមសិក្សានៅទីក្រុងតូក្យូ
06/19/2026 05:06 PM
រលក​រញ្ជួយជាង ៨.៣០០ដង​ ត្រូវបានកត់ត្រា ក្រោយ​​រញ្ជួយដីកម្រិត ៧,៨រ៉ិចទ័រ នៅកោះ​ Mindanao
06/19/2026 05:06 PM
លោក Macron៖ យុទ្ធសាស្ត្រយោធារបស់អ៊ីស្រាអែល នៅមជ្ឈិមបូព៌ា ប្រឈម​ធ្វើ​ឲ្យ​អំពើហិង្សារាលដាល
06/19/2026 05:06 PM
ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង
06/19/2026 05:06 PM