សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
សម្ដេ​ចតេជោ ហ៊ុន សែន៖«២០ មិថុនា ១៩៧៧ ជីវិតរបស់ខ្ញុំ និងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់ និងលំបាកវេទនាខ្លាំងណាស់»
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាវក្រោះ និងសម្ភារយោធាម៉ាក DSS សុទ្ធតែមានគុណភាពហើយអាវការពារនេះនាយករដ្ឋមន្រ្តីបានសាករួចហើយ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលរោងចក្រ ផលិតសម្ភារៈយោធា DSS និងសំណេះសំណាលជាមួយកម្មករ កម្មការិនី

នយោបាយ​ និង ការអភិវឌ្ឍន៍

ចៅក្រមព្រមានលោក Trump ថា អាចជាប់ពន្ធនាគារ បើនៅបំពានដីកាមិនឲ្យនិយាយស្ដី

2024/05/07 12:32:41 pm        137
ចៅក្រមនៅក្នុងការកាត់ក្តីព្រហ្មទណ្ឌរបស់លោក Donald Trump កាលពីថ្ងៃចន្ទ (ទី៦ ខែឧសភា) បានពិន័យរូបលោកចំនួន ១.០០០ដុល្លារ និងឃុំខ្លួនលោក ក្នុងករណីមិនគោរពតុលាការ ដែលនេះជាលើកទី១០ ជុំវិញការរំលោភបំពានដីកាមិនឲ្យនិយាយស្ដីសារធាណៈ និងបានព្រមានថា បើនៅតែប្រព្រឹត្តបែបនេះទៀត អតីតប្រធានាធិបតីរូបនេះ អាចជាប់ពន្ធនាគារ។ចៅក្រមលោក Juan Merchan បាននិយាយថា ការផាកពិន័យ ១.០០០ដុល្លារ ចំនួន ៩ដង នៅមុននេះ ហាក់ដូចជាមិនបានរារាំងអ្នកជំនួញទ្រព្យហូរហៀររូបនេះមិនឲ្យបំពានលើដីកាហាមនិយាយស្ដី ពោលគឺជាដីកាដែលដាក់បម្រាមមិនឲ្យរូបលោកនិយាយជាសាធារណៈអំពីចៅក្រម និងសាក្សី នៅក្នុងការកាត់ក្តីព្រហ្មទណ្ឌលើកដំបូង ចំពោះអតីតប្រធានាធិបតីអាមេរិក។ដូច្នេះ ការជាប់ពន្ធនាគារនឹងជាជំហានដែលមិនធ្លាប់មានពីមុនមក នៅក្នុងការកាត់ក្តីជាប្រវត្តិសាស្ត្រ ដែលផ្តើមចេញពីការទូទាត់ប្រាក់បំបិទមាត់ ដែលបានផ្ដល់ឲ្យដល់តារាអាភាស Stormy Daniels ក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនៃការបោះឆ្នោតឆ្នាំ២០១៦។បន្ទាប់ពីសេចក្តីសម្រេចរបស់លោក Merchan ក្រុមប្រឹក្សាតុលាការបានស្តាប់សក្ខីកម្មពីអតីតបុគ្គលិករបស់លោក Trump ដែលអាចជួយជំរុញដល់សំណុំរឿងរបស់រដ្ឋអាជ្ញា ដែលថា លោក Trump បានក្លែងបន្លំកំណត់ត្រាអាជីវកម្ម ដើម្បីបិទបាំងការទូទាត់ប្រាក់បំបិទមាត់នេះ។ លោក Trump បានផ្ដល់ចម្លើយពីភាពមិនមានទោសពៃរ៍ ហើយបដិសេធការធ្វើខុសណាមួយ។ក្នុងពេលដែលរូបលោក បានដាក់ចេញការផាកពិន័យ លោក Merchan បាននិយាយថា លោកបានចាត់ទុកការដាក់ពន្ធនាគារថា «ពិតជាជម្រើសចុងក្រោយ» ដោយសារការធ្វើបែបនេះនឹងរំខានដល់ការកាត់ក្តី បង្កបញ្ហាប្រឈមផ្នែកសន្តិសុខ និងធ្វើឲ្យមានភាពស្មុគស្មាញដល់ការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤ ដែលលោក Trump មកពីគណបក្សសាធារណរដ្ឋចង់ដណ្ដើមកៅអីសេតវិមានមកវិញពីប្រធានាធិបតីលោក Joe Biden ខាងគណបក្សប្រជាធិបតេយ្យ៕

នាយករដ្ឋមន្ត្រីអូស្ត្រាលី៖ ឧប្បត្តិហេតុផ្លូវអាកាសរបស់យោធាចិន មិនអាចទទួលយកបានទេ

2024/05/07 12:30:00 pm        158
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese នៅថ្ងៃអង្គារ (ទី៧ ខែឧសភា) នេះ បាននិយាយថា វាមិនអាចទទួលយកបាននោះទេ ដែលបុគ្គលិកការពារជាតិអូស្ត្រាលី ត្រូវបានធ្វើឲ្យស្ថិតក្នុងហានិភ័យ នៅក្នុងដែនអាកាសអន្តរជាតិ ដោយយោធាចិន ខណៈដែលពួកគេបានចូលរួមក្នុងប្រតិបត្តិការមួយ ដើម្បីអនុវត្តទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ (UN) លើកូរ៉េខាងជើង។អូស្ត្រាលីបាននិយាយកាលពីថ្ងៃចន្ទ (ទី៦ ខែឧសភា) ថា យន្តហោះចម្បាំងរបស់ចិនមួយគ្រឿង បានបង្កគ្រោះថ្នាក់ដល់ឧទ្ធម្ភាគចក្រយោធាអូស្ត្រាលី អំឡុងពេលការប្រឈមមុខដាក់គ្នា ដែលមិនមានសុវត្ថិភាព និងមិនអាចទទួលយកបាន នៅលើសមុទ្រលឿង។រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Richard Marles កាលពីល្ងាចថ្ងៃចន្ទ បាននិយាយថា យន្តហោះចម្បាំង J-10 របស់កងទ័ពអាកាសចិន បានបញ្ចេញអណ្តាតភ្លើងពីលើ និងជាច្រើនរយម៉ែត្រ នៅពីមុខឧទ្ធម្ភាគចក្រ MH60R Seahawk របស់អូស្ត្រាលី អំឡុងពេលធ្វើការហោះហើរធម្មតា កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមក ក្នុងសមុទ្រលឿង ដែលជាផ្នែកមួយនៃប្រតិបត្តិការ ដើម្បីអនុវត្តទណ្ឌកម្មប្រឆាំងនឹងកូរ៉េខាងជើង។ក្នុងបទសម្ភាសន៍តាមកញ្ចក់ទូរទស្សន៍ លោក Albanese បាននិយាយថា ចិនមិនទាន់បានឆ្លើយតបជាសាធារណៈ ចំពោះតំណាងរបស់អូស្ត្រាលី ជុំវិញឧប្បត្តិហេតុនេះទេ។លោកបានប្រាប់កម្មវិធីទូរទស្សន៍ Nine's Today Show ថា៖ «បញ្ហានេះយើងបានផ្សព្វផ្សាយជាសាធារណៈ ដើម្បីអាចនិយាយបានយ៉ាងច្បាស់លាស់ និងគ្មានលក្ខខណ្ឌថា អាកប្បកិរិយានេះ មិនអាចទទួលយកបានឡើយ»៕

ប៉ាឡេស្ទីនស្វែងរកការគាំទ្រពីមហាសន្និបាតះអង្គការសហប្រជាជាតិ សម្រាប់សមាជិកភាពពេញសិទ្ធិ

2024/05/07 12:26:41 pm        150
មហាសន្និបាតអង្គការសហប្រជាជាតិ អាចបោះឆ្នោត នៅថ្ងៃសុក្រ (ទី១០ ខែឧសភា) លើសេចក្តីសម្រេចដែលនឹងទទួលស្គាល់ប៉ាឡេស្ទីនថា មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការក្លាយជាសមាជិកពេញសិទ្ធិរបស់អង្គការសហប្រជាជាតិ (UN) ហើយផ្តល់អនុសាសន៍ថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ត្រូវ «ពិចារណាឡើងវិញលើបញ្ហានេះដោយអនុគ្រោះ»។នេះនឹងដើរតួយ៉ាងមានប្រសិទ្ធភាពជាការស្ទង់មតិសកល អំពីថា តើប៉ាឡេស្ទីនទទួលបានគាំទ្រកម្រិតណា សម្រាប់ការស្នើរបស់ពួកគេ ដែលត្រូវបានសហរដ្ឋអាមេរិកវេតូនៅ UNSC កាលពីខែមុន។ ពាក្យស្នើសុំក្លាយជាសមាជិកពេញសិទ្ធិរបស់ UN ចាំបាច់ត្រូវទទួលបានការអនុម័តដោយ UNSC ដែលមានសមាជិក ១៥ប្រទេស ហើយបន្ទាប់មកមហាសន្និបាត។បណ្ដាអ្នកការទូត និយាយថា មហាសន្និបាតដែលមានសមាជិក ១៩៣រូប ទំនងជាគាំទ្រការស្នើសុំរបស់ប៉ាឡេស្ទីន។ ប៉ុន្តែការផ្លាស់ប្តូរនៅតែអាចមាន ចំពោះសេចក្តីព្រាងច្បាប់នេះ បន្ទាប់ពីអ្នកការទូតមួយចំនួនបានលើកឡើងពីក្តីបារម្ភជាមួយនឹងអត្ថបទបច្ចុប្បន្ន ដែលត្រូវបានឃើញដោយសារព័ត៌មាន Reuters ដែលត្រូវផ្តល់សិទ្ធិបន្ថែម និងបុព្វសិទ្ធិផងដែរ ពោលគឺខ្វះភាពជាសមាជិកភាពពេញសិទ្ធិ ដល់ប៉ាឡេស្ទីន។ឯកអគ្គរដ្ឋទូតប្រចាំនៅ UN របស់អ៊ីស្រាអែល លោក Gilad Erdan កាលពីថ្ងៃចន្ទ បានបរិហារសេចក្តីព្រាងសេចក្តីសម្រេចរបស់មហាសន្និបាតបច្ចុប្បន្ន ដោយនិយាយថា វានឹងផ្តល់ឲ្យប៉ាឡេស្ទីននូវឋានៈ និងសិទ្ធិនៃរដ្ឋមួយជាក់ស្តែង ហើយផ្ទុយធម្មនុញ្ញរបស់ UN ដែលបង្កើតឡើង។ សម្រាប់សហរដ្ឋអាមេរិក នៅក្រោមច្បាប់របស់ខ្លួន ទីក្រុងវ៉ាស៊ីនតោនមិនអាចផ្តល់មូលនិធិដល់អង្គការណាមួយរបស់ UN ដែលផ្តល់សមាជិកភាពសិទ្ធិដល់ក្រុមណាមួយដែលមិនមាន «លក្ខណៈសម្បត្តិជារដ្ឋដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ» ទេ។ អាមេរិកបានបញ្ឈប់ការផ្តល់មូលនិធិ ក្នុងឆ្នាំ២០១១ សម្រាប់ទីភ្នាក់ងារវប្បធម៌របស់ UN (UNESCO) បន្ទាប់ពីប៉ាឡេស្ទីនបានក្លាយជាសមាជិកសិទ្ធិ។គួរបញ្ជាក់ថា ការជំរុញរបស់ប៉ាឡេស្ទីន ដើម្បីទទួលបានសមាជិកភាពពេញសិទ្ធិរបស់ UN កើតមានឡើងក្នុងរយៈពេល ៧ខែនៃសង្រ្គាម រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធមាមាសប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សាស្ទ្រីប ហើយខណៈដែលអ៊ីស្រាអែលកំពុងពង្រីកការតាំងទីលំនៅ នៅតំបន់កាន់កាប់ West Bank ដែល UN ចាត់ទុកថា ខុសច្បាប់៕

លោក ហ្សេឡិនស្គី ជំរុញឲ្យលោកខាងលិចពន្លឿនការបញ្ជូនអាវុធតាមការសន្យា

2024/05/07 12:22:28 pm        84
ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូមៀ ហ្សេឡិនស្គី (Volodymyr Zelensky) បានជំរុញឲ្យបង្កើន ល្បឿននៃការបញ្ជូនអាវុធតាមការសន្យាពីលោកខាងលិច។លោក ហ្សេឡិនស្គី បាននិយាយនៅក្នុងសុន្ទរកថាវីដេអូប្រចាំថ្ងៃរបស់ខ្លួនកាលពីថ្ងៃចន្ទថា៖«ការសម្រេចចិត្តផ្នែកនយោបាយ ត្រូវតែធ្វើតាមដោយការដឹកជញ្ជូនពិតប្រាកដ ការទទួលអាវុធពិតប្រាកដដោយទាហានរបស់យើង»។លោកបានបញ្ជាក់ថា ដើម្បីបញ្ចប់កិច្ចការនេះ កិច្ចសហប្រតិបត្តិការជាមួយដៃគូ ជាពិសេសសហរដ្ឋអាមេ រិក ត្រូវតែមានការសម្របសម្រួលឲ្យកាន់តែប្រសើរឡើង។ ការងារ ត្រូវតែធ្វើពេញ ២៤ម៉ោង ដើម្បីពន្លឿនកិច្ចការទាំងអស់។បន្ទាប់ពីការជាប់គាំងជាច្រើនខែ នៅក្នុងសភាតំណាងរបស់ខ្លួននោះ សហរដ្ឋអាមេរិក បានបញ្ចេញកញ្ចប់ជំនួយយោធាដល់អ៊ុយក្រែនដែលមានតម្លៃជិត ៦១ពាន់លានដុល្លារ ប្រហែលមួយសប្តាហ៍មុននេះ។ យោងតាមព័ត៌មានពីសេតវិមាន និងមន្ទីរបញ្ចកោណ ការប្រគល់អាវុធ គួរតែចាប់ផ្តើម ក្នុងរយៈពេលពីរបីថ្ងៃទៀតនេះ។ទោះបីជាយ៉ាងណាក៏ដោយ អ៊ុយក្រែន នៅតែបន្តការការពារ។ អគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន លោក អូឡេសាន ស៊ីស្គី (Oleksandr Syrskyi) ដែលលោក ហ្សេឡិនស្គី បានទទួលរបាយការណ៍ពីស្ថានភាពបច្ចុប្បន្ន បានសរសេរអំពីស្ថានភាពដ៏លំបាកនៅជួរមុខ។សត្រូវ នៅតែមានទាហាន សព្វាវុធ និងបរិក្ខារបច្ចេកទេសច្រើនទៀត នៅក្នុងដៃរបស់ខ្លួន ហើយដូច្នេះ កំពុងវាយលុកទៅលើទីតាំងឈរជើងនានារបស់អ៊ុយក្រែន ជារៀងរាល់ថ្ងៃ។

លោក Xi ៖ ចិន ត្រៀមខ្លួនធ្វើការជាមួយប្រទេសផ្សេងៗ ដើម្បីបង្កើតអនាគតដ៏គាប់ប្រសើរ

2024/05/07 12:18:54 pm        123
លោកប្រធានាធិបតី Xi Jinping បាននិយាយនៅទីក្រុងប៉ារីសកាលពីថ្ងៃចន្ទថា ប្រទេសចិន បានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការជាមួយប្រទេសបារាំង និងប្រទេសផ្សេងៗទៀតក្នុងពិភពលោក ដើម្បីឆ្ពោះទៅមុខទាំងអស់គ្នា ទោះបីជាមានខ្យល់ និងភ្លៀងក៏ដោយ ហើយរួមគ្នាបង្កើតអនាគតដ៏ល្អប្រសើរ។ លោក Xi បានធ្វើអត្ថាធិប្បាយបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយសមភាគីបារាំងលោក Emmanuel Macron បន្ទាប់ពីកិច្ចពិភាក្សារវាងមេដឹកនាំទាំងពីរ។លោក Xi បាននិយាយថា ឆ្នាំនេះជាខួបលើកទី ៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។ បន្ទាប់ពីការខិតខំប្រឹងប្រែងអស់រយៈពេល៧៥ឆ្នាំ ការផ្លាស់ប្តូរយ៉ាងធំធេងបានកើតឡើងនៅក្នុងប្រទេសនេះ និងជីវិតរបស់ប្រជាជន។ ប៉ុន្តែរឿងមួយដែលមិនធ្លាប់មានការផ្លាស់ប្តូរនោះគឺធម្មជាតិ សន្តិភាព និងសេចក្តីសប្បុរស ទំនាក់ទំនងទូលំទូលាយ ការស្វែងរកសុច្ចរិតភាព និងយុត្តិធម៌ ។ទាំងនោះ ត្រូវបានចាក់ឫសនៅក្នុងអរិយធម៌ចិនជាង ៥.០០០ ឆ្នាំ ហើយបានរីកលូតលាស់នៅក្នុងដួងព្រលឹងនៃប្រជាជនចិន ។ប្រទេសចិនត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយប្រទេសបារាំង និងប្រទេសផ្សេងទៀតក្នុងពិភពលោក ដើម្បីអភិវឌ្ឍទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក បោះជំហានទៅមុខរួមគ្នា ទោះមានខ្យល់ និងភ្លៀងក៏ដោយ ហើយរួមគ្នាបង្កើតអនាគតដ៏ល្អប្រសើរមួយជាមួយគ្នា។ចំណែកមេដឹកនាំបារាំង លោក Macron បាននិយាយថា ទំនាក់ទំនងបារាំង-ចិន មានភាពរឹងមាំក្នុងប្រវត្តិសាស្ត្រ និងមានលក្ខណៈពិសេស គឺការគោរពគ្នាទៅវិញទៅមក និងការជឿទុកចិត្តគ្នាទៅវិញទៅមក។ លោក ជឿថាចំណុចនេះ អាចដើរតួនាទីដ៏មានប្រយោជន៍លើសពីទំនាក់ទំនងទ្វេភាគី ហើយក្នុងកម្រិតធំមួយ ជំរុញទំនាក់ទំនងសហភាពអឺរ៉ុប និងចិន និងស្ថិរភាពពិភពលោក។ ឯកឧត្តមប្រធានាធិបតី ខ្ញុំសូមថ្លែងអំណរគុណជាថ្មីម្តងទៀតចំពោះដំណើរទស្សនកិច្ចផ្លូវរដ្ឋជាលើកទីបីរបស់អ្នកមកកាន់ប្រទេសបារាំង ដែលមានសារៈសំខាន់បំផុត ក្នុងពេលវេលាដ៏រសើប ដែលពិភពលោកកំពុងជួបស្ថានការណ៍ដ៏តានតឹង៕

លោក ពូទីន បញ្ជាឱ្យធ្វើសមយុទ្ធ អាវុធនុយក្លេអ៊ែរតាកទិក

2024/05/07 12:15:09 pm        108
មន្ត្រីក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃចន្ទថា ប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យត្រៀមលក្ខណៈសម្រាប់សមយុទ្ធមួយ ដែលក្លែងប្រដូចការប្រើប្រាស់អាវុធនុយក្លេអ៊ែរតាកទិក។ មន្ត្រីនិយាយថា ពួកគេមានបំណងរក្សាការត្រៀមខ្លួនរបស់អង្គភាពប្រយុទ្ធ និងអាវុធនុយក្លេអ៊ែរពុំមែនយុទ្ធសាស្ត្រ។មន្ត្រីក្រសួង បាននិយាយថា កងកម្លាំងមកពីតំបន់យោធាភាគខាងត្បូង នឹងចូលរួមក្នុងសមយុទ្ធនេះ។ ពួកគេនិយាយថា សមយុទ្ធនេះ គឺដើម្បីឆ្លើយតបទៅនឹង «សេចក្តីថ្លែងការណ៍បង្កហេតុ និងការគំរាមកំហែងធ្វើឡើងដោយមន្ត្រីប្រទេសលោកខាងលិចមួយចំនួន»។ មន្ត្រីនិយាយថា ពួកគេមានបំណងធានាបាននូវបូរណភាពទឹកដី និងដែនអធិបតេយ្យភាពរបស់រុស្ស៊ី។អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា មេដឹកនាំប្រទេសលោកខាងលិចមួយចំនួន បាននិយាយអំពី «បំណងក្នុងការបញ្ជូនកងកម្លាំងប្រដាប់អាវុធ» ទៅកាន់ប្រទេសអ៊ុយក្រែន។ លោកនិយាយថា នេះគឺជាជុំថ្មីទាំងស្រុង ក្នុងការបង្កើនភាពតានតឹង។លោក ពូទីន កំពុងចាប់ផ្តើមអាណត្តិទីប្រាំរបស់លោកជាប្រធានាធិបតីនៅថ្ងៃអង្គារនេះ។ នៅថ្ងៃព្រហស្បតិ៍ខាងមុខនេះ កងទ័ពរបស់លោក នឹងប្រារព្ធខួបនៃការបញ្ចប់សង្រ្គាមលោកលើកទីពីរ ដោយមានការប្រារព្ធទិវាជ័យជំនះ។អ្នកនាំពាក្យអង្គភាពស៊ើបការណ៍យោធាអ៊ុយក្រែន លោក Andriy Yusov បានថ្កោលទោសផែនការរបស់រុស្ស៊ី។ លោក បាននិយាយថា ការគំរាមកំហែងដោយនុយក្លេអ៊ែរ គឺជាការអនុវត្តឥតឈប់ឈរនៃរបប របស់ លោក ពូទីន។

លោក ស៊ី ស្នើឲ្យលោក ម៉ាក្រុង ជួយប្រទេសចិនជៀសឲ្យផុតពី«សង្គ្រាមត្រជាក់ថ្មី»

2024/05/07 12:11:52 pm        159
ប្រធានាធិបតីចិនលោក ស៊ី ជីនពីង (Xi Jinping) បានអំពាវនាវឲ្យប្រទេសបារាំងជួយការពារប្រឆាំង «សង្គ្រាមត្រជាក់ថ្មី» ខណៈដែលសហភាពអឺរ៉ុបកាន់តែគាំទ្រសហរដ្ឋអាមេរិកជុំវិញការព្រួយបារម្ភអំពីការនាំចូលថោក និងហានិភ័យសន្តិសុខជាតិ។លោកបានប្រាប់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron)ថា ប្រទេសទាំងពីរ គួរតែប្រកាន់យកផលប្រយោជន៍ទៅវិញទៅមក ហើយរួមគ្នាប្រឆាំងនឹងការផ្តាច់ចំណងទំនាក់ទំនង និងការរំខាននៃខ្សែសង្វាក់ផ្គត់ផ្គង់ នេះបើយោងតាមការលើកឡើងរបស់ទីភ្នាក់ងារសារព័ត៌មាន Xinhua ដោយដកស្រង់ការអត្ថាធិប្បាយដែលបានធ្វើឡើងក្នុងអំឡុងកិច្ចពិភាក្សារវាងមេដឹកនាំទាំងពីរ។លោក ស៊ី កំពុងស្ថិតនៅក្នុងទីក្រុងប៉ារីស ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ មុនពេលធ្វើដំណើរទៅកាន់ប្រទេសស៊ែរប៊ី និងហុងគ្រី ក្នុងការធ្វើដំណើរលើកដំបូងរបស់លោកទៅកាន់ប្លុកនេះ ក្នុងរយៈពេល ៥ឆ្នាំ។ លោក សង្ឃឹមថា នឹងបញ្ចុះបញ្ចូលប្រជាជនអឺរ៉ុបថា ទីក្រុងប៉េកាំងផ្តល់ឱកាសសេដ្ឋកិច្ច ចំពេលមានភាពតានតឹងពាណិជ្ជកម្ម កើនឡើង។ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen ដែលបានចូលរួមជាមួយប្រមុខរដ្ឋទាំងពីរសម្រាប់កិច្ចពិភាក្សា កាលពីថ្ងៃចន្ទ បាននិយាយបន្ទាប់ពីកិច្ចប្រជុំថា សហភាពអឺរ៉ុប ត្រៀមដាក់ពង្រាយឧបករណ៍ទាំងអស់ដែលមាន ដើម្បីការពារសេដ្ឋកិច្ចរបស់ខ្លួន ប្រសិនបើប្រទេសចិន បរាជ័យក្នុងការផ្តល់សិទ្ធិចូលដំណើរការដោយយុត្តិធម៌ ទៅកាន់ទីផ្សាររបស់ខ្លួន។លោកប្រធានាធិបតី ម៉ាក្រុង បានបញ្ជាក់ជាថ្មីថា មិនអាចមានសន្តិសុខនៅអឺរ៉ុបទេ ប្រសិនបើគ្មានសន្តិសុខនៅអ៊ុយក្រែននោះទេ។

អាល្លឺម៉ង់ គាំទ្រសហភាពអឺរ៉ុបក្នុងការប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលបានបង្កក ដើម្បីផ្តល់មូលនិធិដល់អ៊ុយក្រែន

2024/05/07 12:03:00 pm        105
អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូល ( Olaf Scholz) បាននិយាយកាលពីថ្ងៃចន្ទថា ប្រហែល ៩០ភាគរយនៃប្រាក់ចំណូលដែលទទួលបានពីទ្រព្យសម្បត្តិដែលបង្កករបស់រុស្ស៊ី គួរតែត្រូវបានចំណាយលើការទិញសព្វាវុធសម្រាប់អ៊ុយក្រែន ដោយគាំទ្រដល់សំណើមុនរបស់សហភាពអឺរ៉ុប ក្នុងការប្រើប្រាស់ការទូទាត់ការប្រាក់របស់ទ្រព្យសម្បត្តិរបស់រុស្ស៊ី ដើម្បីជំរុញការការពារអ៊ុយក្រែន។លោក សូល បានប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំជាមួយសមាជិកនៃរដ្ឋាភិបាលប្រទេសបាល់ទិកទាំងបីនៅទីក្រុងរីហ្គា ( Riga) ថា៖«វាមានសារៈសំខាន់ដែលយើងក៏យល់ព្រមថា លុយនេះ អាចត្រូវបានប្រើសម្រាប់ការទិញអាវុធមិនត្រឹមតែនៅក្នុងសហភាពអឺរ៉ុបប៉ុណ្ណោះទេ ថែមទាំងសម្រាប់ការទិញ នៅទូទាំងពិភពលោក»។កាលពីខែមីនា ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបលោក ចូសិប បូរ៉ែល (Josep Borrell) បានស្នើឲ្យយក ៩០ភាគរយនៃប្រាក់ចំណូលពីទ្រព្យសម្បត្តិដែលត្រូវបានបង្កករបស់រុស្ស៊ី នៅអឺរ៉ុប ហើយផ្ទេរពួកវាទៅមូលនិធិគ្រប់គ្រងដោយសហភាពអឺរ៉ុបដែលផ្តល់ហិរញ្ញប្បទានអាវុធសម្រាប់អ៊ុយក្រែន។ប្រហែល ៧០ភាគរយនៃទ្រព្យសម្បត្តិរុស្ស៊ីទាំងអស់ដែលជាប់គាំងនៅប្រទេសលោកខាងលិច ត្រូវបានរក្សាទុកនៅក្នុងឃ្លាំងមូលបត្រកណ្តាល Euroclear ក្នុងប្រទេសបែលហ្ស៊ិក ដែលមានតម្លៃស្មើនឹង ១៩០ ពាន់លានអឺរ៉ូ (២០៤,៦៧ ពាន់លានដុល្លារ)នៃមូលបត្រនិងសាច់ប្រាក់នៅធនាគារកណ្តាលរុស្ស៊ី។លោក សូល បាននិយាយថា ប្រទេសអាល្លឺម៉ង់ និងរដ្ឋបាល់ទិកទាំងបី កំពុងជំរុញឲ្យមានការពង្រីកផលិតកម្មអាវុធឲ្យឆាប់រហ័ស នៅក្នុងទ្វីបអឺរ៉ុប ដោយបន្ថែមថា ការផលិតគ្រាប់រំសេវ និងប្រព័ន្ធការពារដែនអាកាស ត្រូវបានបង្កើនរួចហើយ។នាយករដ្ឋមន្ត្រីលីទុយអានី លោកស្រី Ingrida Simonyte បាននិយាយថា ឧស្សាហកម្មការពារជាតិរបស់អឺរ៉ុប កំពុងជួបបញ្ហាហិរញ្ញវត្ថុ និងភាពមិនច្បាស់លាស់សម្រាប់សមត្ថភាពផលិតរយៈពេលវែង ប៉ុន្តែលោកស្រីមានសុទិដ្ឋិនិយមចំពោះរោងចក្រ Rheinmetall ដែលបានគ្រោងទុកនៅក្នុងប្រទេសលីទុយអានី។

រុស្ស៊ី ព្រមានអង់គ្លេសថា ខ្លួនអាចវាយបកវិញ បន្ទាប់ពីលោក កាមេរុន ធ្វើការអត្ថាធិប្បាយអំពីអ៊ុយក្រែន

2024/05/07 11:07:58 am        182
រុស្ស៊ីបានព្រមានអង់គ្លេសកាលពីថ្ងៃចន្ទថា ប្រសិនបើអាវុធអង់គ្លេស ត្រូវបានប្រើដោយអ៊ុយក្រែន ដើម្បីវាយប្រហារលើទឹកដីរុស្ស៊ីនោះ ទីក្រុងមូស្គូ អាចវាយបកវិញចំពោះការដំឡើងទីតាំង និងគ្រឿងយុទ្ធោបករណ៍ របស់អង់គ្លេសទាំងនៅក្នុងអ៊ុយក្រែន និងកន្លែងផ្សេងទៀត។ប្រទេសរុស្ស៊ី បាននិយាយថា ឯកអគ្គរដ្ឋទូតអង់គ្លេសលោក នីហ្គែល កាស៊ី (Nigel Casey) ត្រូវបានកោះហៅទៅកាន់ក្រសួងការបរទេសសម្រាប់ការតវ៉ាជាផ្លូវការមួយ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសលោក ដេវីត កាមេរុន (David Cameron) បាននិយាយកាលពីសប្តាហ៍មុនថា អ៊ុយក្រែនមានសិទ្ធិប្រើប្រាស់អាវុធរបស់អង់គ្លេស ដើម្បីវាយប្រហាររុស្ស៊ី។ចក្រភពអង់គ្លេស បានបដិសេធថា លោក កាស៊ី មិនត្រូវបានកោះហៅទេ ដោយនិយាយថា លោកបានជួបមន្ត្រីរុស្ស៊ី«សម្រាប់កិច្ចប្រជុំការទូត» ដែលក្នុងនោះ លោក «បានរំលឹកឡើងវិញនូវការគាំទ្ររបស់ចក្រភពអង់គ្លេសសម្រាប់អ៊ុយក្រែនចំពោះមុខការឈ្លានពានរបស់រុស្ស៊ីដែលមិនបង្កហេតុ»។ក្រសួងការបរទេសរុស្ស៊ី បាននិយាយថា សុន្ទរកថារបស់លោក កាមេរុន បានទទួលស្គាល់ថា ចក្រភពអង់គ្លេសបច្ចុប្បន្ន ជាផ្នែកមួយនៃជម្លោះ ហើយបានផ្ទុយនឹងការធានាពីមុនដែលថា អាវុធរយៈចម្ងាយឆ្ងាយដែលផ្តល់ឲ្យអ៊ុយក្រែន នឹងមិនត្រូវបានប្រើប្រឆាំងនឹងរុស្ស៊ីឡើយ។ក្រសួងការបរទេសរុស្ស៊ី បានបញ្ជាក់ថា លោក កាស៊ី ត្រូវបានព្រមានថា ជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ុយក្រែនលើទឹកដីរុស្ស៊ីដោយអាវុធរបស់អង់គ្លេស សម្ភារៈ និងបរិក្ខារយោធាអង់គ្លេសណាមួយនៅលើទឹកដីអ៊ុយក្រែន និងនៅបរទេស» អាចត្រូវបានកំណត់គោលដៅ។

ប្រជាជនប៉ាណាម៉ា មានសង្ឃឹមបន្ទាប់ពី លោក Mulino ទទួលតំណែងប្រធានាធិបតី

2024/05/07 10:20:40 am        105
ប្រជាជនប៉ាណាម៉ា បានចាប់ផ្តើមដំណាក់កាលនយោបាយថ្មី កាលពីថ្ងៃចន្ទ បន្ទាប់ពីអតីតរដ្ឋមន្ត្រីសន្តិសុខ លោក ចូសេ រ៉ាអ៊ុល មូលីណូ(Jose Raul Mulino) បានដណ្តើមជ័យជម្នះក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ក្នុងការបោះឆ្នោតប្រធានាធិបតី ដោយមានការគាំទ្រពីអតីតមេដឹកនាំ លោក រីកាដូ ម៉ាទីននេលី(Ricardo Martinelli) ដែលកំពុងជាប់ឃុំនៅក្នុងស្ថានទូតប្រទេសនីការ៉ាហ្គ័រ។លោក Mulino មានអាយុ៦៤ឆ្នាំ គឺជាអ្នកដែលមានការពេញចិត្តសម្រាប់តំណែងប្រធានាធិបតី បន្ទាប់ពីលោកបានចូលជំនួសតំណែង លោក Martinelli តាមរយៈការបោះឆ្នោត នៅពេលដែលអតីតប្រធានាធិបតីរូបនេះ ត្រូវបានហាមឃាត់មិនឱ្យឈរឈ្មោះដោយសារតែការកាត់ទោសពីបទលាងលុយ។នៅក្នុងរដ្ឋធានី ប្រជាជន ដែលសារព័ត៌មានReuters បានសាកសួរ ក្នុងពេលទទួលបានលទ្ធផលបោះឆ្នោត ពួកគេមានទាំងការរំពឹងទុកជាវិជ្ជមាន និងភាពស្ទាក់ស្ទើរ។ លោក Mulino បាននិយាយថា រដ្ឋាភិបាលរបស់លោក នឹងគាំទ្រការវិនិយោគ និងគាំទ្រពាណិជ្ជកម្ម និងបាននិយាយថាប្រទេសអាមេរិកកណ្តាលមួយនេះ នឹងទទួលស្គាល់បំណុលរបស់ខ្លួន ប៉ុន្តែក៏បានប្តេជ្ញាមិនភ្លេចអ្នកក្រនោះទេ។នៅក្នុងយុទ្ធនាការបោះឆ្នោតដ៏ប្លែកមួយ លោក Martinelli បានដើរតួយ៉ាងសំខាន់ក្នុងការជម្រុញការគាំទ្រសម្រាប់ លោក Mulino ពីស្ថានទូតប្រទេសនីការ៉ាហ្គ័រ ជាកន្លែងដែលលោកបានស្វែងរកសិទ្ធិជ្រកកោន។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានាធិបតីអ៊ីរ៉ង់ ស្វាគមន៍តួនាទីរបស់ប្រទេសកាតា ក្នុងការសម្របសម្រួលកិច្ចព្រមព្រៀងរវាងអាមេរិក និងអ៊ីរ៉ង់
06/19/2026 03:06 PM
លោកLavrov៖ ការប្រឈមមុខដាក់គ្នាដោយផ្ទាល់រវាងNATO និងរុស្ស៊ី អាចកើនឡើងដល់ការវាយប្រហារនុយក្លេអ៊ែរ
06/19/2026 03:06 PM
អ៊ុយក្រែនវាយប្រហារដោយដ្រូនជិត ២០០គ្រឿងទៅលើទីក្រុងមូស្គូ បណ្តាលឲ្យមនុស្សយ៉ាងតិច១៧នាក់រងរបួស
06/19/2026 03:06 PM
កម្ពុជា និងអង្គការ SCO វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាកីដ៏ល្អប្រសើរ នាពេលកន្លងមក
06/19/2026 03:06 PM
មន្ត្រីជំនាញខេត្តកំពង់ចាម ចុះត្រួតពិនិត្យទីតាំងស្តុកសាច់បង្កក​តែមិនឃើញមាន​ទំនិញនាំ​ចូលខុសច្បាប់ពីថៃទេ
06/19/2026 03:06 PM
កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណា​លើកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរី (FTA)
06/19/2026 03:06 PM
លោក TRUMP ពិពណ៌នាការចុះហត្ថលេខាលើ MoU របស់អ៊ីរ៉ង់ជាមួយអាមេរិកថា ជា «ការចុះចាញ់ដោយគ្មានលក្ខខណ្ឌ»
06/19/2026 02:06 PM
លោក Vance៖ អាមេរិកត្រៀមខ្លួនជាស្រេចដើម្បីកាត់បន្ថយវត្តមានយោធានៅជិតអ៊ីរ៉ង់ដល់កម្រិតមុនជម្លោះ
06/19/2026 02:06 PM
ស៊ីរីរាយការណ៍អំពីការលុកលុយថ្មីរបស់អ៊ីស្រាអែលចូលក្នុងទឹកដីរបស់ខ្លួន ខណៈភាពតានតឹងព្រំដែនកំពុងបន្ត
06/19/2026 02:06 PM
នាយឧត្តមសេនីយ៍ គន់ គីម បន្តអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ និងសមាជិកនៃសមាគមមិត្តភាពរណសិរ្សភូមិភាគនិរតីកម្ពុជា
06/19/2026 02:06 PM