ក្របខ័ណ្ឌទស្សនាទានស្តីពីយុទ្ធសាស្រ្តជំរុញវិនិយោគនឹងជួយទាក់ទាញការវិនិយោគដល់កម្ពុជា
ប្រធានសមាគមក្នុងស្រុក៖ ការធ្វើពាណិជ្ជកម្មកម្ពុជា-អាមេរិក នឹង​មាន​សន្ទុះ​កាន់​តែ​ខ្លាំង​បន្ទាប់​ពី​ចុះ​កិច្ច​ព្រមព្រៀងថ្មីនេះ
ធុរកិច្ចកម្ពុជា-ម៉ាឡេស៊ី បង្កើតកិច្ចសហការផលិតទឹកដោះគោស្រស់ ដើម្បីបំពេញតម្រូវការទីផ្សារ
ផលិតផលខ្មែរជាច្រើនមុខ ដែលផលិតនៅក្នុងស្រុក បាននិងកំពុងដាក់លក់ នៅក្នុងស្តង់ ផ្សារផលិតផលខ្មែរ ខេត្តកំពង់ស្ពឺ

សេដ្ឋកិច្ច និង កសិកម្ម

ប្រធាន AmCham៖ ទំនិញអាម៉េរិកនឹងហូរចូល​កម្ពុជាកាន់តែ​ច្រើនជំរុញ​កំណើន​ពាណិជ្ជកម្ម​ប្រទេស​ទាំងពីរ

2025/10/17 02:29:10 pm        1854
ប្រធានសភាពាណិជ្ជកម្មអាម៉េរិកប្រចាំនៅកម្ពុជា (AmCham) មានក្តីរំពឹងខ្ពស់ នៃការ​ធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគីរវាងកម្ពុជា-អាម៉េរិក នឹងមានកំណើនកាន់តែខ្លាំងក្លា ជាពិសេសទំនិញអាម៉េរិក នឹងហូរចូលមកទីផ្សារកម្ពុជាកាន់តែច្រើន បន្ទាប់ពីការទម្លាក់អត្រាពន្ធនាំចូល សូន្យ (០%) គាំទ្រដល់ការធ្វើពាណិជ្ជកម្មនៃប្រទេសទាំងពីរ។លោក ខេស៊ី បាណេត ប្រធានសភាពាណិជ្ជកម្មអាម៉េរិកប្រចាំនៅកម្ពុជា (AmCham) លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ សារព័ត៌មាន ស្តីពីការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អាម៉េរិក នេះថា ជុំវិញការធ្វើពាណិជ្ជកម្មទ្វេនៃប្រទេសទាំងពីរ បាននិងកំពុង បន្តកំណើនកើនឡើងជារៀងរាល់ឆ្នាំ ជាពិសេសការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារអាម៉េរិក។ ចំណែកការនាំចូលវិញ មកដល់ បច្ចុប្បន្ន ក៏មានការកើនឡើងជាបន្តបន្ទាប់ តែស្ថិតនៅក្នុងកម្រិតទាបមិនទាន់សមតុល្យនិងគ្នានៅឡើយ។ជុំវិញការនាំចូលនេះ លោកមានសុទិដ្ឋិនិយមខ្ពស់ នឹងរំពឹងថា នៅក្នុងរយៈពេលខាងមុខ ការនាំចូលទំនិញពីអាម៉េរិក នឹងបន្ត កើនឡើងកាន់តែខ្លាំងក្លា ខណៈដែលកម្ពុជាបានទម្លាក់អត្រាពន្ធនាំចូល ០% (សូន្យភាគរយ) នៅលើប្រភេទមុខទំនិញជាច្រើន ដែល ប្រការទាំងនេះនឹងគាំទ្រដល់ការធ្វើពាណិជ្ជកម្មនៃប្រទេសទាំងពីរ គាំទ្រដល់ការហូរចូលទំនិញពីអាម៉េរិក ស្របពេលប្រជាជនកម្ពុជាមាន ជីវភាពកាន់តែធូរធារ។សូមបញ្ជាក់ថា នៅក្នុងរយៈពេល ៩ ខែ ឆ្នាំ២០២៥នេះ ការដោះដូរពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា មានទំហំទឹកប្រាក់សរុបជិត ៤៨ ពាន់លានដុល្លារអាម៉េរិក ដោយកម្ពុជាបាននាំចេញទំនិញសំខាន់ៗ មានទឹកប្រាក់ជាង ២៣ ពាន់លានដុល្លារ ខណៈតម្លៃនៃការនាំចូល មានទឹកប្រាក់សរុបជិត ២៤ ពាន់លានដុល្លារ, ក្នុងនោះចំពោះការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អាម៉េរិកវិញ ឃើញថា នៅក្នុងរយៈ ពេល ៩ ខែនេះដែរ ការធ្វើពាណិជ្ជកម្មនៃប្រទេសទាំងពីរ មានទំហំទឹកប្រាក់ជាង ៩ ៥៦០ លានដុល្លារអាម៉េរិក កើនឡើងជាង ២២ ភាគរយ ធៀបរយៈពេលដូចគ្នាឆ្នាំមុន ពោលគឺទីផ្សារមួយនេះបានគាំទ្រដល់កំណើនខ្ពស់នៃការនាំចេញទំនិញរបស់កម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី

កិច្ចប្រជុំប្រចាំសប្ដាហ៍របស់ក្រសួងពាណិជ្ជកម្ម ផ្ដោតលើរបៀបវារៈសំខាន់ចំនួន៦

2025/10/16 03:05:01 pm        183
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍របស់ក្រសួងពាណិជ្ជកម្ម ផ្ដោតលើរបៀបវារៈចំនួន៦។កិច្ចប្រជុំប្រចាំសប្ដាហ៍នេះ ត្រូវបានរៀបចំឡើងដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ក្រោមរបៀបវារៈរួមមាន៖១. របាយការណ៍ ស្តីពី លទ្ធផលនៃការចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន លើកទី៥៧ និងកិច្ចប្រជុំពាក់ព័ន្ធ នៅរដ្ឋធានី គូឡាឡាំពួ ប្រទេសម៉ាឡេស៊ី២. របាយការណ៍ ស្ដីពី វឌ្ឍនភាពការងាររបស់នាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម  ៣. របាយការណ៍ ស្ដីពី វឌ្ឍនភាពការងាររបស់នាយកដ្ឋានកម្មសិទ្ធិបញ្ញា  ៤. របាយការណ៍ ស្ដីពី វឌ្ឍនភាពការងាររបស់នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ  ៥. របាយការណ៍ ស្ដីពី វឌ្ឍនភាពការងាររបស់មន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ  ៦. បញ្ហាផ្សេងៗ។  គួរបញ្ជាក់ថា កិច្ចប្រជុំនេះ មានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក លោកជំទាវអគ្គាធិការ លោក-លោកស្រីអគ្គនាយករង លោក-លោកស្រីអគ្គាធិការរង លោកប្រធាននាយកដ្ឋាន-វិទ្យាស្ថានលោក-លោកស្រីអនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន លោក-លោកស្រីប្រធាន និងអនុប្រធានមន្ទីរ និងសាខា ក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ៕

ក្រុមឧស្សាហករជាតិ-អន្តរជាតិ បង្ហាញមោទនភាពលើខ្សែច្រវាក់ផលិតកម្ម និងការធ្វើពាណិជ្ជកម្មនៅកម្ពុជា

2025/10/15 11:59:51 am        382
ក្រុមឧស្សាហករជាតិ-អន្តរជាតិ បង្ហាញនូវមោទនភាពរបស់ខ្លួន លើកិច្ចដំណើរការខ្សែច្រវាក់ផលិតកម្ម និងការធ្វើពាណិជ្ជកម្ម សម្រាប់ការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ស្របពេលសកម្មភាពអាជីវកម្មបានកំពុងកើតឡើងយ៉ាងផុលផុស និងក៏ដូចជាការនាំចេញ ខណៈ កម្ពុជាមានដៃគូសហការជាច្រើន។ឧស្សាហករដែលចូលរួមក្នុងពិព័រណ៍អន្តរជាតិវិស័យសំណង់ និងឧស្សាហកម្មយានយន្ត នៅសាលពិព័រណ៍និងសន្និបាតកោះ ពេជ្រ ដែលចាប់ផ្តើមពីថ្ងៃទី ១៤-១៦ ខែតុលា ឆ្នាំ២០២៥នេះ បានលើកឡើងថា នៅក្នុងឆ្នាំ២០២៥ ឃើញថា សម្ទុះនៃការអភិវឌ្ឍ នៅកម្ពុជា មានសកម្មភាពងើបឡើងវិញ គាំទ្រដល់ទីផ្សារក្នុងស្រុក ជាពិសេសទីផ្សារសម្រាប់នាំចេញ ដោយកំពុងកំណើននាំចេញ យ៉ាងល្អប្រសើរ។ ចំណែកទាក់ទិនការវិនិយោគវិញ ឃើញថា កម្ពុជាបានកំពុងស្រូបយកឱកាសវិនិយោគជាហូហែរផងដែរ ដែលបាន ជំរុញដល់ការប្រកួតប្រជែងកាន់តែខ្លាំងក្លា។ឧស្សាហករ លើកឡើងស្រដៀងគ្នាទៀតថា ចំណែការធ្វើពាណិជ្ជកម្មក្នុងស្រុក បន្ទាប់ពីការផ្ទុះឡើងបញ្ហាជម្លោះព្រំដែនជាមួយ ប្រទេសជិតខាង ឃើញថា ចលនារួបរួមជាតិមានសម្ទុះយ៉ាងខ្លាំងក្លា ក្នុងនោះសម្រាប់ផលិតកម្មក្នុងស្រុក ជាពិសេសសហគ្រាស និងសិប្បកម្ម មិនថាការផលិតរបស់របរប្រើប្រាស់ ការផលិតនំចំណី និងអាហារហូបចុកប្រចាំថ្ងៃនោះឡើយ ចំពោះប្រភេទទំនិញ មួយចំនួន ក៏ទទួលបានការគាំទ្រពីប្រជាពលរដ្ឋកម្ពុជាផងដែរ ដែលទាំងនេះបានធ្វើឱ្យចលនាខ្សែច្រវាក់ផលិតកម្មក្នុងស្រុក កំពុងមាន សម្ទុះងើបឡើង គាំទ្រដល់ការអភិវឌ្ឍជាតិដូចជា ការផ្តល់នូវការងារ និងប្រាក់ចំណូលក្នុងសេដ្ឋកិច្ចជាដើម។នៅក្នុងពិព័រណ៍អន្តរជាតិនេះដែរ, ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏បានលើកឡើងក្នុងសន្និសីទ និងពិព័រណ៍វិស័យទឹកស្អាតអន្តរជាតិនៅកម្ពុជា នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍អន្តរជាតិ វិស័យសំណង់ និងឧស្សាហកម្មយានយន្តផងដែរ អំពីសាៈសំខាន់សម្រាប់ក្រុមហ៊ុនជាតិ និងអន្តរជាតិ នៃការដាក់តាំងបង្ហាញផលិតផលរបស់ខ្លួន ជាពិសេសផលិតផលបម្រើដល់វិស័យទឹកស្អាតជាដើម ខណៈកម្ពុជាកំពុងមានតម្រូវការច្រើន និងត្រូវដើរឱ្យទាន់នវានុវត្តន៍ និង បច្ចេកវិទ្យាថ្មីៗ, ហើយព្រឹត្តិការណ៍នេះដែរ ក៏បានបង្ហាញពីការប្តេជ្ញាចិត្តរួមរបស់កម្ពុជា ក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយ ចីរភាព ៦.១ ដែលកំណត់ថា ទាំងអស់គ្នាត្រូវទទួលបានទឹកស្អាតប្រើប្រាស់ត្រឹមឆ្នាំ២០៣០។សូមបញ្ជាក់ថា ជុំវិញការពិព័រណ៍អន្តរជាតិវិស័យសំណង់ និងឧស្សាហកម្មយានយន្តនេះ បានទាក់ទាញក្រុមហ៊ុនជាង ១០០ នៅជុំវិញ តំបន់ មកចូលរួមតាំងបង្ហាញនូវផលិតផលររបសខ្លួនរួមមាន៖ វិស័យទឹកស្អាត វិស័យសំណង់, ការរចនាប្រព័ន្ធថាមពលដោយ ប្រសិទ្ធិភាព, បច្ចេកវិទ្យាសំណង់ឌីជីថល, ផែនទីនគរូបនីយកម្ម និងយានយន្តជាដើម៕ អត្ថបទ៖ សុន រ៉ាឌី

ពិព័រណ៍ខ្នាតអន្តរជាតិវិស័យសំណង់និងឧស្សាហកម្មយានយន្ត បើក​ស្វាគមន៍​អ្នក​ជំនួញ​ដើម្បី​រួម​គ្នា​អ​ភិវឌ្ឍន៍ជាតិនៅកម្ពុជា

2025/10/14 01:44:27 pm        520
នៅព្រឹកថ្ងៃទី១៤ ខែតុលានេះ ពិព័រណ៍អន្តរជាតិដ៏សំខាន់ៗចំនួនពីរ គឺវិស័យសំណង់ និង​ឧស្សាហ​កម្ម​យាន​យន្ត (CAMBUILD & CAMAUTO 2025) បានបើកសម្ពោធ​ជា​ផ្លូវ​ការ​នៅ​អគារ​មជ្ឈ​មណ្ឌល​សន្និបាតកោះពេជ្រ ដែលបង្ហាញស្ដែងឲ្យ​ឃើញពី​ជំហាន​ដ៏​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​សំណង់ និងបច្ចេកវិទ្យាថ្មីៗរបស់ព្រះរាជាណាចក្រកម្ពុជា។ពិធីបើកសម្ពោធពិព័រណ៍អន្តរជាតិនេះ បាន​ប្រព្រឹត្ត​ទៅ​ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​គណៈ​អធិបតី ឯកឧត្ដម ឡៅ ទិព្វសីហា រដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំវិស័យឧស្សាហកម្មផ្សេងទៀតដូចជា លោក Edmund Lee, នាយកអភិវឌ្ឍន៍អាជីវកម្មនៅកម្ពុជា និង ឯកឧត្ដម បណ្ឌិត តាន់ មុនីវណ្ណ ប្រធាន​សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា។ ពិព័រណ៍នេះ មាន​អ្នក​ចូល​រួម​តាំង​បង្ហាញ​ផលិតផល​ប្រមា​ណ​ជាង​ ១០០ក្រុមហ៊ុន មកពីជាង ១៥ប្រទេស ដែលនាំមកនូវសម្ភារៈសំណង់សម័យថ្មី បច្ចេក​វិទ្យា​សំណង់​ទំនើប និងប្រព័ន្ធមេកានិច-អគ្គីសនី ដែលមានសុវត្តិភាពខ្ពស់។លោក Edmund Lee បានលើកឡើងថា ការរៀបចំពិព័រណ៍ទាំងពីរនៅទីតាំងតែមួយនេះ ជាការបង្ហាញនូវសក្តានុពល និងការរួមបញ្ចូលគ្នាដែលមានភាពស៊ីសង្វាក់គ្នា រវាងឧស្សាហកម្មសំណង់ស្តង់ដារពិភពលោក និងឧស្សាហកម្មយានយន្ត ដែលជាគ្រឿងផ្សំមួយដ៏សំខាន់ក្នុងការបង្កើតសហគមន៍ ដែលអាចរស់នៅបាន និងមាននិរន្តរភាព។ លោករំពឹងថា ពិព័រណ៍នេះ នឹងទាក់ទាញអ្នកជំនាញឧស្សាហកម្មច្រើនជាង ៦,០០០នាក់ រួមមានអ្នកសាងសង់ អភិវឌ្ឍន៍អាគារ វិស្វករ ជំនាញយានយន្ត និងអ្នកវិនិយោគជាដើម។-ល-។ ឯកឧត្ដមរដ្ឋលេខាធិការ ឡៅ ទិព្វសីហា បានមានប្រសាសន៍ថា ពិព័រណ៍ទាំងពីរនេះ នឹងក្លាយជាស្ពានភ្ជាប់ទំនាក់ទំនងដ៏សំខាន់ រវាងព្រះរាជាណាចក្រកម្ពុជា និងសហគមន៍អន្តរជាតិ ដែលនាំមកនូវបច្ចេកវិទ្យា ឯកទេស និងដំណោះស្រាយទំនើបៗ ដែលនឹងស្ថាបនាអនាគតរបស់វិស័យសំណង់ ឧស្សាហកម្ម និងយានយន្តនៅកម្ពុជា។ ឯកឧត្តម បានបន្ថែមថា នេះមិនត្រឹមតែជាឱកាសអាជីវកម្មប៉ុណ្ណោះទេ តែជា​វិថី​នៃ​ការ​អភិវឌ្ឍន៍​ដែល​មាន​និរន្តរ​ភាព និងឯករាជនៃបច្ចេកវិទ្យារបស់ប្រទេសជាតិផងដែរ។ក្រៅពីការ​តាំង​ពិព័រណ៍ នៅក្នុងកម្មវិធីនេះ ក៏នឹងមានរៀបចំជាវេទិកា ដើម្បីបង្ហាញ​ពី​ជំនាញ​បច្ចេក​ទេស​ ដែលផ្តល់ចំណេះដឹងសំខាន់ៗដូចជា៖ និរន្តភាពនៃសំណង់អគារ, ការរចនា​ប្រព័ន្ធ​ថាមពល​ដោយ​ប្រសិទ្ធភាព, បច្ចេកវិទ្យាសំណង់ឌីជីថល, ផែនទីនគរូបនីយកម្មនិរន្តរភាព និងអនាគត​របស់​ «Smart Mobility»។ ព្រឹត្តិការណ៍ដ៏ធំមួយនេះ នឹងរៀបចំឡើងរយៈពេល ៣ថ្ងៃ ចាប់ពី ថ្ងៃទី​១៤ ដល់១៦ ខែតុលា ឆ្នាំ២០២៥៕ អត្ថបទ៖ឈិត បូរ៉ាវី 

ឯកឧត្តម ឌិត ទីណា លើកទឹកចិត្តផលិតករបង្កើនភាពច្នៃប្រឌិតថ្មី និងពង្រឹងគុណភាព ដើម្បីឆ្លើ​យ​តបការកើនឡើងអតិថិជន

2025/10/14 01:13:47 pm        143
ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកទឹក​ចិត្ត​ឱ្យ​អ្នក​កែច្នៃ​ទាំង​អស់ពិចារណាធ្វើពិពិធកម្មមករកបរិបទថ្មី ដែលមានសក្តានុពល មានទីផ្សារល្អ ហើយ​សាក​ល្បងកែច្នៃនូវផលិតផលថ្មីៗបន្ថែមទៀត ដែលមានរសជាតិឆ្ងាញ់ ភាពច្នៃប្រឌិត វេចខ្ចប់ ដែល​គិតគូរពីសុខភាពអ្នកប្រើប្រាស់ ពិសេសការធានាអនាម័យ និងសុវត្ថិភាពជូនអតិថិជន។ក្នុងឱកាសអញ្ជើញចូលរួមពិធីបិទបញ្ចប់គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-CAPTURE) កាលពីរសៀលថ្ងៃទី១៣ តុលា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា ក៏បានសំណូមពរដល់សាធារណជន ព្រមទាំងអ្នកប្រើប្រាស់ និងអ្នកបរិភោគទាំងអស់ បង្កើន​ការចូលរួមគាំទ្រផលិតផលក្នុងស្រុក ដែលជា​កត្តា​សំខាន់​ចាំ​បាច់​ជួយលើ​ក​ទឹក​ចិត្ត​អ្នក​ផលិត​ក្នុង​វិស័យម្ហូបអាហារ ក៏ដូចជាវិស័យជលផលឱ្យកាន់តែមានភាពច្នៃប្រឌិត លើក​កម្ពស់​ផលិត​ផល​ខ្មែរ រក្សាបាននូវការផលិតបែបគុណភាពខ្ពស់ សុវត្ថិភាព អនាម័យ និងមាន​ប្រសិទ្ធ​ភាព​សេដ្ឋកិច្ច​។ស្ថិតក្រោមមូលបទ «បរិវត្តកម្មជលផលកម្ពុជាដើម្បីកំណើនប្រកបដោយចីរភាព និងបរិយាប័ន្ន» ឯកឧត្តមរដ្ឋមន្រ្តី បានអបអរសាទរនូវការអនុវត្តការងារគម្រោងពីមន្រ្តីជំនាញ និង​ដៃ​គូ​អភិវឌ្ឍន៍​សហភាព​អឺរ៉ុប ព្រមទាំងអង្គការយូនីដូ ដែលបានជំរុញតួអង្គ​ពាក់​ព័ន្ធ​ទាំង​អស់​ក្នុង​វិស័យ​ជល​ផល​កម្ពុជា​ ទទួលបាននូវចំណេះដឹង ចំណេះធ្វើ ក្នុងការកែច្នៃផលិតផលជលផលរួមមាន៖ ត្រីងៀត ប្រហុក ផ្អកជាដើម ប្រកបដោយគុណភាព សុវត្ថិភាព អនាម័យខ្ពស់ និងអាច​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ។ ឯកឧត្តម បានវាយតម្លៃខ្ពស់តាមរយៈការអនុវត្តគម្រោងនេះ ដែលនាំឱ្យ​វិស័យ​ឯក​ជន​ទទួលបានទីផ្សារផ្សារភ្ជាប់នឹងការផលិត ការកសាងទំនុកចិត្តជាមួយអ្នកប្រើប្រាស់ រក្សា​បាន​ការ​កែច្នៃតាមស្តង់ដាអន្តរជាតិ មានវិញ្ញាបនបត្រទទួលស្គាល់ច្បាស់លាស់ ជាពិសេស​តម្លៃ​នៃ​ភាព​ជា​ម្ចាស់ ការគិតគូរកែច្នៃម្ហូបដែលជាវប្បធម៌ខ្មែរ រក្សាបាននូវរសជាតិដើមប្រពៃណីខ្មែរ។សូមជម្រាបជូនថា ពិធីបិទបញ្ចប់គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-CAPTURE) ក៏មានការអញ្ជើញចូលរួមរបស់ ឯកឧត្តម អ៊ីហ្គ័រ ឌ្រីសម៉ាន់(Igor DRIESMANS) ឯក​អគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា និង លោក ដេហ្សេណេ តេហ្សេរ៉ា (Dejene TEZERA) ប្រធាននាយកដ្ឋាននៃអង្គការយូនីដូ (UNIDO) និ​ង​ភ្ញៀវ​កិត្តិយស​ជា​ច្រើន​រូប​ផ្សេង​ទៀត​ផង​ដែរ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាម៉េរិក ក្នុងរយៈពេល៩ខែឆ្នាំនេះ មានទំហំទឹកប្រាក់ជាង ៩ ៥៦០ លានដុល្លារ

2025/10/14 11:05:58 am        195
ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អាម៉េរិក នៅក្នុងរយៈពេល ៩ ខែ ឆ្នាំ២០២៥នេះ, មាន​ទំហំ​ទឹក​ប្រាក់ប្រមាណជាង ៩ ៥៦០ លាន ដុល្លារអាម៉េរិក កើនឡើងជាង ២២ ភាគរយ ធៀបរយៈ​ពេល​ដូចគ្នាឆ្នាំមុន ពោលគឺទីផ្សារមួយនេះ បានគាំទ្រដល់កំណើនខ្ពស់នៃការនាំចេញទំនិញ របស់​កម្ពុជា។អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញស្ថិតិ​ពាណិជ្ជ​កម្ម នៃការធ្វើពាណិជ្ជកម្មអន្តរជាតិ ជាក់ស្តែងនៅក្នុងរយៈពេល ៩ ខែ ឆ្នាំ២០២៥នេះ ការដោះ​ដូរ​ពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា មានទំហំទឹកប្រាក់សរុបជិត ៤៨ ពាន់ លានដុល្លារអាម៉េរិក កើន​ឡើង​ជិត ១៥ ភាគរយ ក្នុងនោះកម្ពុជាបាននាំចេញទំនិញសំខាន់ៗមានទឹកប្រាក់ជាង ២៣ ពាន់​លាន​ដុល្លារ កើនឡើងជិត ១៣ ភាគរយ ខណៈការនាំចូល មានទឹកប្រាក់សរុបជិត ២៤ ពាន់​លាន​ដុល្លារ កើនជាង ១៦ ភាគរយ បើប្រៀបធៀប នឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ ។ចំណែកការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អាម៉េរិកវិញ ឃើញថា នៅក្នុងរយៈពេល ៩ ខែ ឆ្នាំ​២០២៥នេះ, ការធ្វើពាណិជ្ជកម្ម ប្រទេសទាំងពីរ មានទំហំទឹកប្រាក់សរុបជាង ៩ ៥៦០ លាន​ដុល្លារដុល្លារអាម៉េរិក កើនឡើងជាង ២២ ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នា និង​ឆ្នាំ​២០២៤ ក្នុងនោះកម្ពុជាបាននាំចេញទៅអាម៉េរិក មានទឹកប្រាក់ជិត ៩ ៣០០ លាន​ដុល្លារ​អាម៉េរិក កើនឡើង ២២ ភាគរយ ខណៈការចូលពីអាម៉េរិកមកកម្ពុជាវិញ មានទឹកប្រាក់ជាង ២៧៣ លានដុល្លារដុល្លារអាម៉េរិក កើនឡើងជិត ៤៧ ភាគរយ។ សូមបញ្ជាក់ថា ចំពោះប្រភេទទំនិញសំខាន់ៗដែលសហរដ្ឋអាម៉េរិក​បានកំពុង​គាំទ្រ​ដល់​កំណើន​ខ្ពស់ នៃការនាំចេញរបស់កម្ពុជារួមមាន៖ ការនាំ ចេញសម្លៀកបំពាក់ ស្បែកជើង សម្ភារៈ​សម្រាប់​ការធ្វើដំណើរ ការនាំចេញផលិតផលពីកសិកម្ម និងផ្សេងៗទៀត។ ដោយឡែកការនាំចូលពី សហ​រដ្ឋ​អាម៉េរិកវិញមានដូចជា៖ យានយន្ត គ្រឿងបង្គុំ គ្រឿងអេឡិចត្រូនិច និងមាន​ប្រភេទ​ទំនិញា​ច្រើន​ផ្សេងៗទៀត៕ អត្ថបទ៖ សុន រ៉ាឌី

អគ្គនាយកដ្ឋានពន្ធដារ ពន្យារពេលបង់ពន្ធអចលនទ្រព្យឆ្នាំ២០២៥ ដើម្បីទុកពេលឱ្យម្ចាស់ អចលនទ្រព្យមកបំពេញកាតព្វកិច្ច

2025/10/13 03:21:58 pm        105
អគ្គនាយកដ្ឋានពន្ធដារ ពន្យារពេលបង់ពន្ធលើអចលនទ្រព្យសម្រាប់ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីផ្ដល់ លទ្ធភាពជូនម្ចាស់អចលនទ្រព្យ មានឆន្ទៈក្នុងការបំពេញកាតព្វកិច្ច ហើយការលើកលែងនេះ ពុំមានអានុភាពប្រតិសកម្មចំពោះ ទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ដែលបានបង់រួចហើយនោះឡើយ។អគ្គនាយកដ្ឋានពន្ធដារ ចេញសេចក្តីជូនដំណឹង ស្តីពីការពន្យារពេលបង់ពន្ធលើអចលនទ្រព្យសម្រាប់ឆ្នាំ២០២៥ រហូតដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥, ដែលបញ្ហានេះអគ្គនាយកដ្ឋានពន្ធដារបានពិនិត្យឃើញថា រហូតមកទល់ពេលនេះ មានម្ចាស់អចលនទ្រព្យ ជាច្រើន បានមកប្រកាសបង់ប្រាក់ពន្ធលើអចលនទ្រព្យសម្រាប់ឆ្នាំ២០២៥ ហើយក៏នៅមានម្ចាស់អចលនទ្រព្យមួយចំនួនទៀត នៅមិន ទាន់បានបំពេញកាតព្វកិច្ចប្រកាសបង់ប្រាក់ពន្ធនេះនៅឡើយ។ អនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ម្ចាស់អចលនទ្រព្យត្រូវមាន កាតព្វកិច្ចប្រកាសបង់ពន្ធលើអចលនទ្រព្យយ៉ាងយឺតបំផុត ត្រឹមថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំជាប់ពន្ធនីមួយៗ។ ផុតរយៈពេលនេះ ម្ចាស់ អចលនទ្រព្ នឹងត្រូវទទួលរងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ស្របតាមច្បាប់ស្តីពីសារពើពន្ធជាធរមាន។ដើម្បីផ្ដល់លទ្ធភាពជូនម្ចាស់អចលនទ្រព្យ ដែលមានឆន្ទៈក្នុងការបំពេញកាតព្វកិច្ចប្រកាសបង់ពន្ធលើអចលនទ្រព្យ រាជរដ្ឋាភិ- បាលបានសម្រេចបន្តការលើកលែងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ចំពោះពន្ធលើអចលនទ្រព្យដូចតទៅ "ចំពោះ អចលនទ្រព្យ (មានបណ្ណកម្មសិទ្ធិ ឬគ្មានបណ្ណកម្មសិទ្ធិ) ដែលពុំធ្លាប់បានចុះបញ្ជី និងប្រកាសបង់ពន្ធលើអចលនទ្រព្យកន្លងមក បន្ត អនុញ្ញាតឱ្យចុះបញ្ជី និងប្រកាសបង់ពន្ធ ចាប់ពីឆ្នាំកាន់កាប់ ឬទទួលប្រយោជន៍ចុងក្រោយ និងចំពោះអចលនទ្រព្យដែលបានចុះបញ្ជី និងប្រកាសបង់ពន្ធកន្លងមក ប៉ុន្តែខកខានពុំបានប្រកាសបង់ពន្ធក្នុងឆ្នាំខ្លះ អនុញ្ញាតបន្តការលើកលែងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) រហូតដល់ដំណាច់ឆ្នាំ២០២៥។ ការលើកលែងនេះ ពុំមានអានុភាពប្រតិសកម្មចំពោះទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និង ការប្រាក់) ដែលបានបង់រួចហើយនោះទេ។”អគ្គនាយកដ្ឋានពន្ធដារ បានជម្រាបជូនដល់ម្ចាស់អចលនទ្រព្យទាំងអស់ ដែលមិនទាន់បានបំពេញកាតព្វកិច្ចចុះបញ្ជីអចលន- ទ្រព្យ ឬធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យ និងប្រកាសបង់ប្រាក់ពន្ធនៅឡើយ សូមអញ្ជើញទៅចុះបញ្ជីអចលនទ្រព្យ ឬធ្វើបច្ចុប្បន្ន- ភាពព័ត៌មានអចលនទ្រព្យរបស់ខ្លួន នៅសាខាពន្ធដារខេត្ត-ខណ្ឌដែលអចលនទ្រព្យស្ថិតនៅ។ចំពោះម្ចាស់អចលនទ្រព្យ ដែលបានចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យរួចរាល់ ក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យ អចលនទ្រព្យរបស់អគ្គនាយកដ្ឋានពន្ធដារ និងមានបណ្ណសម្គាល់ការបង់ពន្ធអចលនទ្រព្យ សូមទៅប្រកាសបង់ប្រាក់ពន្ធឱ្យបានទាន់ ពេលវេលា ត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ នៅអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត-ខណ្ឌដែលអចលនទ្រព្យស្ថិតនៅ ឬនៅ គ្រប់សាខាធនាគារពាណិជ្ជដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឬបង់ពន្ធតាមរយៈ កម្មវិធីទូរសព្ទដៃអ្នកជាប់ពន្ធ (GDT Taxpayer App) ជាដើម៕ អត្ថបទ៖ សុន រ៉ាឌី

ប្រធាន AmCham៖ វិនិយោគិនចិននឹងហូរចូលកម្ពុជាកាន់តែច្រើន ខណៈចិន​ប្រឈម​បញ្ហាពន្ធ​ជាមួយអាម៉េរិក

2025/10/13 02:48:52 pm        198
ប្រធានសភាពាណិជ្ជកម្មអាម៉េរិកប្រចាំនៅកម្ពុជា (AmCham) រំពឹងថា កម្ពុជា​នឹង​អាច​ស្រូប​យក​វិនិយោគិន​ពី​សហរដ្ឋអាម៉េរិក ជាពិសេសពីប្រទេសចិនបានកាន់តែច្រើន ផលិតសម្រាប់​ទីផ្សារ​នាំ​ចេញ​ទៅ​កាន់​សហរដ្ឋអាម៉េរិក ខណៈកម្ពុជាមានកំលាំងពលកម្មសមរម្យ និងមានអត្រា​ពន្ធបដិកា​ក្នុង​កម្រិត​អាចប្រកួតប្រជែង។លោក ខេស៊ី បាណេត ប្រធានសភាពាណិជ្ជកម្មអាម៉េរិកប្រចាំនៅកម្ពុជា (AmCham) លើក​ឡើង​ក្នុង​កិច្ច​សម្ភាសន៍ជាមួយ សារព័ត៌មាន ស្តីពីការវិនិយោគ និងការនាំចេញ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អាមេរិក នៅក្នុងវេទិកាពន្ធប្រចាំឆ្នាំ២០២៥ “AmCham Tax Forum 2025” នៅចុង​សប្តាហ៍​កន្លង​មកថា កម្ពុជាគឺជាប្រទេសមួយកំពុងទទួលបាននៃការហូរចូលវិនិយោគិនបរទេស ខណៈ​ដែលកម្ពុជាទទួលបានអត្រាពន្ធបដិកា ១៩% ពីសហរដ្ឋអាម៉េរិក ជាអត្រាពន្ធ​ស្ថិត​នៅ​ក្នុង​កម្រិត​អាច​ប្រកួតប្រជែង ហើយតាមរយៈនេះកម្ពុជា នឹងអាចស្រូបយក​វិនិយោគិន​ពី​សហរដ្ឋ​អាម៉េរិក​ ជាពិសេសវិនិយោគិនពីប្រទេសចិនមកបណ្តាក់ទុនកាន់តែច្រើនថែមទៀតផងដែរ។លោកបន្ថែមថា ជុំវិញការនាំចេញ, ប្រទេស​ចិន​មាន​ទីផ្សារ​នាំ​ចេញ​ទំនិញ​របស់​ខ្លួន​ទៅ​កាន់​អាម៉េរិក​ធំជាង​គេ ​បច្ចុប្បន្ន បន្ទាប់ពីលោកដូណាត្រាំ ប្រធានាធិបតីសហរដ្ឋអាមរិក បានតម្លើងពន្ធមា​ន​អត្រា​ជា​ង ៥០% នេះជាការបង្អាក់បន្ទុចដល់ការនាំចេញ របស់ចិន។ លោកបន្តថា បញ្ហានេះធ្វើ​ឱ្យ​វិនិយោគិន​ចិនបានកំពុងសម្លឹងមើលអំពីឱកាសគវិនិយោរបស់ខ្លួននៅកម្ពុជា ដើម្បីផលិតនាំចេញ ទៅ​កា​ន់ទីផ្សារសហរដ្ឋអាម៉េរិក ស្របពេលដែលកម្ពុជាមានកំលាំងពលកម្មកាន់តែច្រើន បន្ទា​ប់​ពី​មាន​ជម្លោះ​ព្រំដែនជាមួយប្រទេសជិត ខាង, ការផ្គត់ផ្គង់សម្ភារៈ​សំណង់​អាច​ឆ្លើយ​តប និង​ការ​បង្កើត​រោង​ចក្រ, និងក៏ដូចជាការទទួលបានអត្រាពន្ធគយពីសហរដ្ឋអាម៉េរិកជាដើម ខណៈ​ដែល​ប្រ​ទេ​ស​ថៃបានកំពុងធ្វើឱ្យបាត់ទំនុកចិត្តដល់វិនិយោគបរទេស និងស្រប​ពេល​ប្រទេស​វៀតណាម​មាន​កំលំាង​ពលកម្មថ្លៃជាង ប្រទេសកម្ពុជា និងការកង្វះគ្រឿងសំណង់ជាដើម។លោក ខេស៊ី បាណេត បន្ថែមថា ជុំវិញពន្ធបដិកាខាងលើនេះឃើញថា រាជ​រដ្ឋាភិបាល​កម្ពុជា​ដែល​ដឹក​នាំ​ការ​ចរចា​ដោយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាននិងកំពុងព្យាយាមលើការចរចារ ជាមួយសហរដ្ឋអាម៉េរិក នៅលើ​ប្រភេទ​ទំនិញ​ចំនួន ៧ មុខបន្ថែមទៀត ដើម្បីបញ្ចុះនូវអត្រាពន្ធគយបន្ថែម។ បញ្ហានេះ​ប្រសិន​បើ​ថៃ​មិន​គោរពតាមការសម្របសម្រួល នៃការចុះហត្ថ​លេខា​កិច្ច​ព្រម​ព្រៀង​សន្តិភាព​រវាង​ប្រទេស​ទាំង​ពីរ ក្រោមគំនិតផ្តួចផ្តើមផ្ទាល់ របស់ឯកឧត្តម ដូណាត្រាំ ប្រធានាធីបតីនៃសហរដ្ឋអាមេរិក កម្ពុជា​នឹងអាចទទួលបានជោគជ័យលើការបន្ថូបន្ថយពន្ធបដិកានេះបន្ថែមទៀត។សូម​បញ្ជាក់ថា នៅក្នុងរយៈពេល ៩ ខែ ឆ្នាំ២០២៥, ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អាម៉េរិក មានទំហំទឹកប្រាក់ជាង ៩ ៥០០ លានដុល្លារដុល្លារអាម៉េរិក កើនឡើងជាង ២២ ភាគ​រយ ក្នុងនោះកម្ពុជាបាននាំចេញទៅទីផ្សារអាម៉េរិក ជាង ៩ ២០០ លានដុល្លារដុល្លារ កើនឡើង ២២​ ភាគរយ ខណៈការនាំចូលមកកម្ពុជាជាង ២៨៣ លានដុល្លារដុល្លារ បើប្រៀប​ធៀប​រយៈ​ពេល​ដូច​គ្នានិងឆ្នាំ២០២៤៕ អត្ថបទ៖ សុន រ៉ាឌី

ក្រសួងកសិកម្មដាក់ឱ្យប្រើប្រាស់ជាផ្លូវការកម្មវិធី FARMBOOK APP ដើម្បី​បង្កើន​ប្រសិទ្ធ​ភាព​ការងារ​មន្រ្តី​កសិកម្មឃុំ

2025/10/13 01:06:30 pm        305
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥នេះ បាន​រៀប​ចំ​វ​គ្គ​បណ្តុះ​បណ្តាលស្តីពីការតម្រង់ទិសដំបូង និងជំនាញឌីជីថល និងដាក់ឱ្យប្រើ​ប្រាស់​ជាផ្លូ​វ​ការ​នូវ​កម្ម​វិធី FARMBOOK APP និងពិធីប្រគល់កុំព្យូទ័របន្ទះ (TABLET) ដល់មន្រ្តីកសិកម្មឃុំ-សង្កាត់ ដើម្បី​ងាយស្រួលក្នុងការចងក្រងជារបាយការណ៍ផ្ញើទៅកាន់ថ្នាក់ជាតិ ដើម្បី​រៀបចំ​ផែន​ការ​យុទ្ធ​សាស្ត្រ និងអន្តរាគមន៍បានទាន់ពេលវេលាក្នុងករណីមានបញ្ហាប្រឈម។ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងកម្មវិធីនេះ បាន​សម្តែង​ការ​អបអរសាទរដល់មន្រ្តីកសិកម្មឃុំ-សង្កាត់ទាំងអស់ ដែលបានប្រលងជាប់ ហើយ​ការ​ចែក​ជូន​កុំព្យូទ័របន្ទះនេះ ជាការគិតគូរច្បាស់លាស់របស់រាជរដ្ឋាភិបាល ក្នុងការជួយ​សម្រួល​ដល់​ការ​អនុវត្ត​ការងារឱ្យកាន់តែមានប្រសិទ្ធភាព ប្រើប្រាស់ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និង​ផ្សព្វ​ផ្សាយ​អ្វី​ដែរ​ត្រឹមត្រូវជាប្រយោជន៍ដល់ប្រជាកសិករ។ទាក់ទិនការដាក់ឱ្យប្រើប្រាស់កម្មវិធី FARMBOOK APP នេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា ដើម្បី​បណ្ដុះបណ្ដាលមន្ដ្រីកសិកម្មឃុំ អំពីការប្រមូលព័ត៌មានពីកសិករនិងតួអង្គពាក់ព័ន្ធ សិក្សា​ប៉ាន់​ស្មាន​ផែនការតាមតំបន់ និងទំហំផលិតកម្ម សិក្សាពីតម្រូវការ និង​ព័ត៌មាន​របស់​ឣ្នក​ប្រមូល​ទិញ​​ធៀបនឹងទិន្នផល រៀបចំផែនការផលិតសមស្របទៅនឹងតម្រូវការទីផ្សារ ប៉ាន់​ប្រមាណ​តម្រូវ​ការ​ធាតុ​ចូលកសិកម្ម និងដឹងពីស្ថានភាពភូមិសាស្ត្រតាមតំបន់។ ហើយ​ព័ត៌មាន​ដែល​ទទួល​បាន​ទាំង​នេះ នឹងត្រូវចងក្រងជារបាយការណ៍ផ្ញើទៅកាន់ថ្នាក់ជាតិ។ជាមួយ​នេះ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានគូសបញ្ជាក់បន្ថែមអំពីសារៈសំខាន់នៃវិស័យកសិកម្ម ធ្វើ​យ៉ាងណាឱ្យប្រជាពលរដ្ឋ «មានហូប មានបាន មានប្រើ និងមានរហូត»។ លើសពីនេះទៀត ឯកឧត្តម បានណែនាំ​ក្នុង​ការ​បម្រើ​ផ្តល់​សេវា​ប្រឹក្សា​យោបល់​ជូន​ប្រជា​កសិករ​ទាំង​បច្ចេក​ទេស​កសិកម្ម កត្តាទីផ្សារ ពាណិជ្ជកម្ម សេដ្ឋកិច្ច និងមាន​វិធីសាស្រ្ត​ក្នុង​ការ​ពន្យល់​ឱ្យ​មាន​ការ​ចូលរួម​ពី​ប្រជា​កសិករ ជាពិសេសការប្រមូលផ្តុំកសិករចងក្រងជាសហគមន៍កសិកម្មទំនើប ដែល​អាច​ទទួល​បាន​អត្ថប្រយោជន៍ជាច្រើន បានកម្ចីការប្រាក់ទាប លើកកម្ពស់ជីវភាព និង​មាន​សេដ្ឋកិច្ច​មាត្រ​ដ្ឋាន​។សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលស្តីពី ការតម្រង់ទិសដំបូង និងជំនាញឌីជីថល និងដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ FARMBOOK APP និងពិធីប្រគល់កុំព្យូទ័របន្ទះ (TABLET) ដល់​មន្រ្តី​កសិកម្ម​ឃុំ-សង្កាត់ មានការអញ្ជើញចូលរួមជាអធិបតីភាពរបស់ ឯកឧត្តម Igor Driesmans ឯកអគ្គ​រដ្ឋ​ទូត​សហភាព​អឺរ៉ុបប្រចាំកម្ពុជា និង ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា​ ឯកឧត្តម គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងដៃគូអភិវឌ្ឍន៍នានា ព្រម​ទាំងលោកគ្រូ អ្នកគ្រូ និងមន្រ្តីជំនាញ ដែលជួយ​សហការ​រៀបចំ​កម្ម​វិ​ធី​នេះ​ដើ​ម្បី​ជួយ​ដល់​មន្រ្តី​កសិកម្ម​ឃុំឱ្យ​កាន់តែមានគុណភាព និងសមត្ថភាពមួយកម្រិត​ទៀត​ដើម្បី​ជួយ​ដល់​ប្រជា​កសិករ​ទាំង​អស់​នៅ​កម្ពុជាទាំងមូល៕ អត្ថបទ៖ ឈិត បូរ៉ាវី

កសិករអ្នកចិញ្ចឹមជ្រូក៣៨គ្រួសារនៅសហគមន៍កសិកម្មចំណារលើរីកចម្រើនស្រុកស្ទោងទទួលបានជំនួយឥតសំណង ៣២៥០០ដុល្លារ ពីគម្រោង CASDP

2025/10/12 04:12:33 pm        188
ជំនួយឥតសំណងចំនួន ៣២៥០០ដុល្លារ ត្រូវបានផ្តល់ជូនដល់បងប្អូនកសិករអ្នកចិញ្ចឹមជ្រូក៣៨គ្រួសារ មកពីសហគមន៍កសិកម្មចំណារលើរីកចម្រើន ស្រុកស្ទោង ខេត្តកំពង់ធំ តាមរយៈគម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP)នៃក្រសួងកសិកម្ម សម្រាប់គាំទ្រជាទុនបដិភាគដល់ការទិញឧបករណ៍សម្ភារៈផលិតកម្មកូនជ្រូក និងជ្រូកសាច់ ដូចជា៖ សម្ភារៈសាងសង់ទ្រុងជ្រូក ម៉ាស៊ីនវ៉ៃកន្ទក់ ម៉ូទ័រហាន់ដើមចេក ម៉ូទ័របូមទឹក សម្ភារៈដាក់ចំណីជ្រូក និងមេ-បាជ្រូក។ នេះបើតាមឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម។ ឯកឧត្តម ឃឹម ហ្វីណង់ បានឱ្យដឹងថា មរយៈផែនការពង្រឹងសមត្ថភាពផលិតកម្មនិងបង្កើនប្រសិទ្ធភាពសេដ្ឋកិច្ច ដែលគាំទ្រដោយគម្រោង CASDP សហគមន៍ដែលមានសមាជិកភាគច្រើនជាស្ត្រីនេះ គ្រោងនឹងផលិតកូនជ្រូកយ៉ាងតិច២០០០ក្បាល និងជ្រូកសាច់ជិត៧០០០ក្បាល ក្នុងរយៈពេល៣ឆ្នាំខាងមុខ។ សហគមន៍ក៏គ្រោងនឹងប្រែក្លាយខ្លួនទៅជាសហគមន៍កសិកម្មទំនើបក្នុងពេលអនាគត ដោយសិក្សាពិនិត្យលទ្ធភាពទិញធាតុចូលរួមគ្នា ផលិតពូជកូនជ្រូករួមគ្នាដើម្បីផ្គត់ផ្គង់ដល់សមាជិកយកទៅចិញ្ចឹម និងចុះកិច្ចសន្យាតភ្ជាប់ទីផ្សារទុកជាមុនផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump និយាយថា ច្បាប់អាមេរិក រារាំងការឈរឈ្មោះជាប្រធានាធិបតីអាណត្តិទីបី
10/29/2025 02:10 PM
ធ្លាក់ព្រិលខ្លាំងខុសរដូវកាល ប៉ះពាល់ដល់ទេសចរណ៍ភ្នំអេវឺរ៉េស នៅនេប៉ាល់ និងតំបន់ទីបេ របស់ចិន
10/29/2025 02:10 PM
ក្រុមហ៊ុនទូទាំងពិភពលោក បានកាត់បន្ថយបុគ្គលិក ស្របពេលទំនុកចិត្តអតិថិជនចុះខ្សោយ និងការជំរុញ AI
10/29/2025 02:10 PM
សហរដ្ឋអាមេរិក ព្រមានពលរដ្ឋខ្លួននៅម៉ាលី ឱ្យចាកចេញពីប្រទេសនេះជាបន្ទាន់
10/29/2025 02:10 PM
អឌ្ឍចន្ទក្រហម៖ សាកសពជនអន្តោប្រវេសន៍ជិត ២០នាក់ ត្រូវស្រង់បានពីសមុទ្រប្រទេសលីប៊ី
10/29/2025 02:10 PM
លោក Trump និយាយថាកិច្ចពិភាក្សាជាមួយលោក Xi នឹងក្លាយជាលទ្ធផលដ៏ល្អបំផុតសម្រាប់ពិភពលោក
10/29/2025 12:10 PM
ប្រមុខការពារជាតិជប៉ុន-អាមេរិក បើកកិច្ចប្រជុំលើកដំបូងនៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន
10/29/2025 12:10 PM
រដ្ឋាភិបាលអាមេរិក ចូលរួមជាមួយដៃគូដើម្បីជំរុញថាមពលនុយក្លេអ៊ែរមានតម្លៃ៨០ពាន់លានដុល្លារ
10/29/2025 12:10 PM
កូរ៉េខាងត្បូង នឹងជូនគ្រឿងឥស្សរិយយសកម្រិតខ្ពស់បំផុត និងមកុដស្រោបមាស ឱ្យទៅលោក Trump
10/29/2025 12:10 PM
ចៅក្រមបង្គាប់ឲ្យអ្នកដឹកនាំក្នុងការបង្ក្រាបអន្តោប្រវេសន៍នៅChicago របស់លោក Trump បង្ហាញខ្លួនក្នុងតុលាការ
10/29/2025 12:10 PM