ក្របខ័ណ្ឌទស្សនាទានស្តីពីយុទ្ធសាស្រ្តជំរុញវិនិយោគនឹងជួយទាក់ទាញការវិនិយោគដល់កម្ពុជា
ប្រធានសមាគមក្នុងស្រុក៖ ការធ្វើពាណិជ្ជកម្មកម្ពុជា-អាមេរិក នឹង​មាន​សន្ទុះ​កាន់​តែ​ខ្លាំង​បន្ទាប់​ពី​ចុះ​កិច្ច​ព្រមព្រៀងថ្មីនេះ
ធុរកិច្ចកម្ពុជា-ម៉ាឡេស៊ី បង្កើតកិច្ចសហការផលិតទឹកដោះគោស្រស់ ដើម្បីបំពេញតម្រូវការទីផ្សារ
ផលិតផលខ្មែរជាច្រើនមុខ ដែលផលិតនៅក្នុងស្រុក បាននិងកំពុងដាក់លក់ នៅក្នុងស្តង់ ផ្សារផលិតផលខ្មែរ ខេត្តកំពង់ស្ពឺ

សេដ្ឋកិច្ច និង កសិកម្ម

អ្នកនាំចេញរំពឹងថាការនាំចេញផលិតផលធ្វើដំណើរ និងស្បែកជើងនឹងមានកំណើន ខណៈ​ការ​បញ្ជា​ទិញ​កើន

2025/09/15 11:17:40 am        272
សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា បានឱ្យដឹងថា គិតក្នុងរយៈពេល៧ខែ ឆ្នាំ២០២៥កន្លងទៅ ការ​​នាំចេញផលិតផលធ្វើដំណើរនិងស្បែករបស់កម្ពុជា គិតជាទឹកប្រាក់ចំនួនប្រមាណជាង ១៧​ពាន់​លាន​ដុល្លារអាម៉េរិក ដោយក្នុងនោះផលិតផលស្បែកជាងមានជាង ១,២ពាន់លានដុល្លារ។អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និង​ជា​ប្រធាន​សមាគម​ស្បែក​ជើង​ បានមានប្រសាសន៍ប្រាប់ព័ត៍មាន ប៊ីធីវី ឱ្យដឹងថា បើគិតក្នុងរយៈពេលដូចគ្នានេះដែរ ការ​បញ្ជា​ទិញមានការកើនឡើង ដោយសារ​នៅ​តាម​បណ្តារោ​ង​ចក្រ​មាន​ការ​បង្កើន​ចង្វាក់​ផលិត​កម្ម​របស់​រោងចក្ររបស់ខ្លួន និងកំពុងតែធ្វើការពង្រីកនូវចង្វាក់ផលិតកម្មរបស់ខ្លួនថែមទៀត រួម​ទាំង​ស្រូប​យកកម្លាំងកម្មករ កម្មការិនីបន្ថែមផងដែរ ជាពិសេសពលករខ្មែរមកពីប្រទេសថៃ។នៅសល់តែប្រមាណជា ៤ខែទៀតប៉ុណ្ណោះ នឹងដាច់ឆ្នាំ២០២៥ ប្រធាន​សមាគម​សហព័ន្ធ​អ្នក​វិនិយោគ​កម្ពុជា​រូបនេះ បានបង្ហាញការរំពឹងថា ការនាំចេញផលិតផលធ្វើដំណើរ និងស្បែកជើង​នឹង​មាន​ការ​កើនឡើង ខណៈលោកអះអាងថា នៅឆ្នាំ២០២៦ ការនាំចេញ​ផលិត​ផល​ទាំង​នេះ​នៅ​តែ​បន្ត​ការ​កើនឡើងជាបន្តបន្ទាប់ផងដែរ។យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា គិតចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ​២០២៥ ការនាំទំនិញចេញ-ចូល របស់ប្រទេសកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ សម្រេច​បាន​នូវ​ទំហំ​ទឹក​ប្រាក់​ជាង ៣៦,៣ ពាន់លានដុល្លារ កើនឡើង ១៦,៥% បើធៀបទៅ​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០២៤។ ក្នុងនោះកម្ពុជានាំចេញ ១៧,១៦ ពាន់លានដុល្លារ កើនឡើង ១៦,២% ចំណែក​ទំនិញ​នាំទំនិញចូលមកវិញមានទំហំទឹកប្រាក់ ១៩,១៥ ពាន់លានដុល្លារ កើនឡើង ១៦,៧%​។ សូមជំរាបជូនទៀតថា ទំនិញដែលកម្ពុជានាំចេញទៅទីផ្សារអន្តរជាតិ រួមមាន៖ សម្លៀក​បំពាក់ ស្បែកជើង ម៉ាស៊ីន និងឧបករណ៍អគ្គិសនី វត្ថុធាតុធ្វើអំពីស្បែក បរិក្ខារ​ធ្វើ​ពី​រោម​សត្វ​ធញ្ញជាតិ កៅស៊ូ និងផលិតផលធ្វើអំពីកៅស៊ូ និងគ្រឿងសង្ហារឹមជាដើម៕ អត្ថបទ៖ ឈិត បូរ៉ាវី 

កម្ពុជាទទួលបានការវិនិយោគពីបារាំងសរុប ៤៤ គម្រោង មានទុនវិនិយោគ ៣៨០ លានដុល្លារ ខណៈពាណិជ្ជកម្មទ្វេភាគីត្រឹម៨ខែឆ្នាំនេះមានទឹកប្រាក់ជាង ៣៨៤ លានដុល្លារកើន១១%

2025/09/15 10:52:05 am        318
គិតមកដល់បច្ចុប្បន្ននេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាន​អនុម័ត​គម្រោង​វិនិយោគ​មក​ពី​ប្រទេស​បារាំង​សរុប​ចំនួន ៤៤ មានទុន វិនិយោគប្រមាណ ៣៨០ លានដុល្លារអាម៉េរិក ដែលសកម្មភាព​វិនិយោគ​ទាំង​នោះបាននាំមកនូវបច្ចេកវិទ្យា, ការផ្ទេរនូវចំណេះដឹង ជំនាញ និងនវានុវត្តន៍ និង​ស្មារតី​សហគ្រិនភាពដល់កម្ពុជា។ ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៅថ្ងៃទី១២ ខែកញ្ញា នៃ​ចុងសប្តាហ៍កន្លងមក នេះ បានទទួលជួបពិភាក្សាការងារជាមួយ លោក François Corbin ប្រធាន​ក្រុម​ប្រឹក្សាធុរកិច្ចកម្ពុជា-បារាំង នៃសហព័ន្ធនិយោជក បារាំងអន្តរជាតិ និងជាប្រេសិត​ពិសេស​របស់​រដ្ឋមន្ត្រីអឺរ៉ុប និងការបរទេសបារាំង សម្រាប់ទំនាក់ទំនង​សេដ្ឋកិច្ច​ជា​មួយ​បណ្តា​ប្រទេសអាស៊ាន ក្នុងគោលបំណងពិភាក្សាអំពីលទ្ធភាពនៃការពង្រឹង និងពង្រីក​កិច្ច​សហ​ប្រតិបត្តិការវិនិយោគរវាងព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋបារាំង។ ឯកឧត្តម​អគ្គលេខាធិការរង បានសម្តែងនូវការស្វាគមន៍ចំពោះគណៈប្រតិភូ ដែលបាន​ធ្វើ​ដំណើរ​មក​កាន់​កម្ពុជា ដើម្បីស្វែង យល់អំពីបច្ចុប្បន្នភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងបានរំលឹក​ឡើង​វិញ អំពីផ្លែផ្កានៃវេទិកាធុរកិច្ចកម្ពុជា-បារាំង ដែលបានរៀបចំ ឡើង នាឱកាស​ដំណើរ​ទស្សន​កិច្ច​ផ្លូវ​ការ​ទៅ​កាន់ប្រទេសបារាំង របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាល​ពី​ខែមករា ឆ្នាំ២០២៤ និងលទ្ធផលនៃជំនួបទ្វេភាគីរវាងឯកឧត្តម ស៊ុន ចាន់ថុល ជាមួយលោក François Corbin ប្រធានក្រុមប្រឹក្សា ធុរកិច្ចកម្ពុជា-បារាំង។ ឯកឧត្តមបានសម្តែងនូវការពេញចិត្តចំពោះវឌ្ឍនភាពឥតឈប់ឈរនៃទំនាក់ទំនង និងកិច្ច​សហ​ប្រតិ​បត្តិការរវាងបារាំងនិងកម្ពុជាលើគ្រប់វិស័យ ជាពិសេសការផ្សារភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជននៃប្រទេសទាំងពីរ និងបានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាល និងវិស័យឯកជនបារាំង ដែលជានិច្ចកាល​តែង​តែ​ផ្តល់ការ​គាំទ្រ​ក្នុង​ដំណើរ​បើក​ទំព័រ​ថ្មី​នៃ​សហសម័យកម្ពុជា។ទាក់ទងការ​វិនិយោគវិញ, បើគិតពីឆ្នាំ១៩៩៤ មកដល់បច្ចុប្បន្ន ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​បាន​អនុម័ត​គម្រោងវិនិយោគមាន លក្ខណៈសម្បត្តិគ្រប់គ្រាន់ មកពីប្រទេសបារាំងសរុបចំនួន ៤៤ គម្រោង​រួចហើយមានទុនវិនិយោគប្រមាណ ៣៨០ លានដុល្លារអាម៉េរិក។ ឯកឧត្តមបាន បង្ហាញ​សុទិដ្ឋិនិយមថា សមភាគីនឹងបន្តរួមចំណែកជាមួយកម្ពុជា ក្នុងការលើកកម្ពស់ ការឈ្វេង​យល់​អំពី​បរិយាកាស​យោគ និងឧត្តម- ភាពប្រកួតប្រជែង ព្រមទាំងបន្តជំរុញសហគមន៍ធុរកិច្ចបារាំង ឱ្យ​មក​សិក្សា​សមិទ្ធិលទ្ធភាពបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត។ជាការឆ្លើយតប, លោក François Corbin បានវាយតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍ​យ៉ាង​ឆាប់​រហ័ស​របស់​កម្ពុជា និងបានកោត សរសើរ ចំពោះការ​ដឹកនាំ​ប្រក​ប​ដោយ​ចក្ខុ​វិស័យ​វែង​ឆ្ងាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី។ លោកបន្ថែមថា នៅឆ្នាំ​២០២៦ កម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែល​តាម​រយៈ​នេះ ​ជាការបង្ហាញពីកិត្តិនាម និងការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះកិច្ច​សហប្រតិបត្តិការ​នយោបាយ​, សេដ្ឋកិច្ច និងសង្គម វប្បធម៌ក្នុងក្របខ័ណ្ឌ ពហុភាគីផងដែរ។ សូម​បញ្ជាក់ថា នៅក្នុងរយៈពេល៨ ខែ ឆ្នាំ២០២៥នេះ, បើយោងតាមរបាយការណ៍គយ និង​រដ្ឋាករ​កម្ពុជា, ការធ្វើពាណិជ្ជកម្មទ្វេភាគី កម្ពុជា-បារាំង មានទំហំទឹកប្រាក់ជាង ៣៨៤ លានដុល្លារ កើន​ជាង ១១% ក្នុងនោះកម្ពុជាមាននាំចេញ មានទឹកប្រាក់ជាង ៣០៥ លានដុល្លារ កើន ១២%, ខណៈ​កា​រនំាចូល មានទឹកប្រាក់ជិត ៨០ លានដុល្លារ កើន ៩% បើធៀ​ប​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ​២០២៤​៕ អត្ថបទ៖ សុន រ៉ាឌី

ADB ប្តេជ្ញាចិត្តខ្ពស់ ដោយបន្តជួយលើវិស័យអាទិភាពរបស់កម្ពុជា ដើម្បីសម្រេច​ចក្ខុវិស័យ​ឆ្នាំ​២០៥០

2025/09/13 04:08:20 pm        433
តំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់ ក្នុង​ការ​បន្ត​កិច្ច​សហ​ប្រតិបត្តិ​ការ​ជាមួយ​កម្ពុជា លើ ការអភិវឌ្ឍវិស័យអាទិភាពសំខាន់ៗរបស់រាជរដ្ឋាភិបាល ដើម្បី​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​កម្ពុជា សំដៅឈានឆ្ពោះទៅសម្រេចនូវចក្ខុ វិស័យឆ្នាំ២០៥០។លោក បាហ្គាវ ដាសគ្គូបតា (Bhargav Dasgupta) អនុប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) លើក​ឡើង​ក្នុងជំនួប សម្តែងការគួរសមជាមួយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧប​នាយក​រដ្ឋ​មន្រ្តីរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ថា ដើម្បី​ចូល​រួម​នៃការឆ្ពោះទៅសម្រេចនូវចក្ខុវិស័យឆ្នាំ២០៥០របស់កម្ពុជា, ADB បានផ្តល់ ការ​គាំទ្រ​​វិ​ស័យ​​ឯកជនកម្ពុជាដោយផ្ទាល់ ទាំងជំនួយបច្ចេកទេស ការកសាងសមត្ថភាព និងការ​ផ្តល់​ហិរញ្ញប្បទាន​សម្រាប់ SMEs កម្ពុជាដោយផ្ទាល់ ក្រោមកញ្ចប់កម្មវិធី ADB Frontier ដែល​ជា​កម្ម​វិធី​ផ្តល់​ហិរញ្ញប្បទានជាដើមទុនដំបូងសម្រាប់គាំទ្រ SMEs ហើយកម្ពុជាជាប្រទេសដែល ADB ជ្រើស​រើសក្នុងការផ្តល់ទុនសាកល្បងដំបូងគេក្នុងចំណោមប្រទេសក្នុងតំបន់។ក្នុងនោះការជំរុញប្រសិទ្ធភាពពាណិជ្ជកម្ម និងការប្រកួតប្រជែងនៅកម្ពុជា បាន​ផ្ដោត​លើ​កំណែ​ទម្រង់​៣​គឺ៖ (១) ការ បង្កើនបរិយាកាសអំណោយផលសម្រាប់វិនិយោគទុន និងអាជីវកម្ម, (២) ការ​លើកកម្ពស់ពាណិជ្ជកម្មមីក្រូ ខា្នតតូច និងខ្នាត មធ្យម, និង(៣) ការ​កែ​លម្អ​គោល​នយោបាយ​ពាណិជ្ជ​កម្ម និងការបង្កើនប្រសិទ្ធភាពនៃកិច្ចសម្របសម្រួលពាណិជ្ជកម្ម។ ការ ផ្តល់​ហិរញ្ញ​ប្បទាន​សម្រាប់​ការ​គាំទ្រដល់ការវិនិយោគរបស់វិស័យឯកជន តាមរយៈការផ្តល់​ប្រាក់​កម្ចី​ដែល​មាន​ការ​ប្រាក់ទាប និងក្នុងលក្ខខណ្ឌអំណោយផលសម្រាប់សកម្មភាពការងារផ្សេងៗរបស់ SMEs សំដៅ​ចូល​រួម​ចំណែកដល់ការគ្រប់គ្រងការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាពខ្ពស់។ ការ​ជំរុញ​ការ​អភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍភាពជាដៃគូរវាងរដ្ឋ និង ឯកជនផងដែរ។ក្នុងជំនួបនេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានស្នើឲ្យ ADB បន្ត​ផ្តល់​ការ​គាំទ្រ​ទាំង​ផ្នែក​បច្ចេក​ទេស និងហិរញ្ញវត្ថុក្នុងការពង្រឹងយន្តការ PPP ឱ្យកាន់តែមានភាពទាក់ទាញថែមទៀត។ ជាក់​ស្តែង​, ​ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានស្នើ ADB បន្តគាំទ្រការពង្រឹងវិស័យឯកជនកម្ពុជា តាម​រយៈ​ការ​ផ្តល់ហិរញ្ញប្បទានក្រោមក្របខ័ណ្ឌហិរញ្ញប្បទានសម្រាប់វិស័យឯកជន (Non-Sovereign Loan) និងគិតគូរបន្ថែមរួមមាន៖ គោលនយោបាយ និងយុទ្ធសាស្រ្ត​សម្រាប់​ការ​ពង្រឹង​នគរូប​នីយ​កម្ម​, ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដែលជាវិស័យ​គន្លឹះ​លើ​ការ​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ឯកជន ការកាត់បន្ថយភាពក្រីក្រ និងការ អភិវឌ្ឍសង្គមជារួម, កំណែទ​ម្រង់​គោល​នយោបាយ​គាំទ្រ​ការ​អភិវឌ្ឍ និងបង្កើនបរិយាកាសអំណោយ ផលដល់វិស័យឯកជននិងពាណិជ្ជកម្ម, និង​ការ​គាំទ្រ​ផ្នែក​ជំនាញ បច្ចេកវិទ្យា និងការកៀរគរធនធានបន្ថែម សម្រាប់ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង SMEs កម្ពុជា ដើម្បីអាចរួមចំណែកក្នុង​ការ​ជំរុ​ញ​កំណើន​សេដ្ឋកិច្ច​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាពខ្ពស់៕ អត្ថបទ៖ សុន រ៉ាឌី

ឯកឧត្តម ឌិត ទីណា ជំរុញរៀបចំផែនការសកម្មភាព វិស័យកសិកម្ម ដេីម្បីជួយឱ្យការងារបង្រ្កាបផលិតផលក្លែងក្លាយមានប្រសិទ្ធភាពខ្ពស់

2025/09/13 12:04:32 pm        220
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាល​ពី​រសៀល​ថ្ងៃ​ទី១២ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញទទួលជួបជាមួយ ឯកឧត្តមរដ្ឋលេខាធិការ នៅ លក្ខណា ប្រធានគណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​ផលិត​ផល​ក្លែង​ក្លាយ​ដែល​បង្ក​គ្រោះ​ថ្នាក់​មាន​ហានិភ័យ​ខ្ពស់​ដល់សុខភាពនិងសុវត្ថិភាពសង្គម (គ.ប.ផ.ក) និងសហការី ក្នុងជំនួបសម្តែង​ការ​គួរ​សម និងពិភាក្សាការងារ ។ យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម រដ្ឋមន្រ្តី បាន​ផ្តល់​អនុសាសន៍ក្នុងការរៀបចំផែនការសកម្មភាព និងកិច្ចសហការក្នុងវិស័យកសិកម្ម ដើម្បី​ជួយ​ឱ្យ​ការងា​រ​បង្រ្កាបមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។ជាទីបញ្ចប់​ ឯកឧត្តម រដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ក្នុងកិច្ចសហការកន្លងមក និង​លើក​ទឹក​ចិត្តបន្តកិច្ចសហការនេះឱ្យកាន់តែប្រសើរឡើងថែមទៀត និង​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​ងារ​នេះ ជូនរាជរដ្ឋាភិបាល សំដៅការពារសុខភាពសាធារណៈ និងសង្គមជាតិ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

ការផលិតទំនិញបម្រើតម្រូវការក្នុងស្រុក ចាប់ផ្តើមមាននិន្នាការកើនឡើង

2025/09/12 12:41:36 pm        257
ការផលិតទំនិញបម្រើតម្រូវការក្នុងស្រុកបច្ចុប្បន្ន ចាប់​ផ្តើម​មាន​និន្នាការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​ ខណៈក្រុមហ៊ុន ឬ សហគ្រាសក្នុងស្រុក កាន់តែមានមូលដ្ឋានរឹងមាំ ស្របពេល​ដែល​ប្រជា​ជន​កម្ពុជា ចាប់ផ្តើមផ្តល់តម្លៃដល់ផលិតផលក្នុងស្រុក ខ្ពស់ជាងផលិតផលនាំចូលពីបរទេស ។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ​ថ្លែងក្នុងពិធីបើក "ការតាំងពិព័រណ៌ផលិតផលខ្មែរ ឆ្នាំ២០២៥ ក្រោមប្រធានបទ៖ ពង្រឹង និង​ពង្រីក​សមត្ថភាពផលិតក្នុងស្រុក” នៅថ្ងៃ ទី១១ ខែកញ្ញា ម្សិលមិញថា ក្នុងឆ្នាំ២០២៥នេះថា កម្ពុជា​មាន​ទីផ្សារ​បើក​ចំហរដែលមានលក្ខណៈប្រកួតប្រជែង រវាងផលិត ផលក្នុងស្រុក និង​ផលិត​ផល​​​នាំ​ចូលពីបរទេស។ ក្នុងន័យនេះប្រជាជនកម្ពុជា មានសិទ្ធិជ្រើសរើសទំនិញគ្រប់ប្រភេទ ទៅ​តាម​តម្រូវការរបស់ខ្លួន ដោយផ្អែកលើតម្លៃ អនាម័យ គុណភាព និងបរិមាណ ជា​កត្តា​ចម្បង​ក្នុង​ការ​សម្រេច​ចិត្ត​ទិញ ឬការប្រើប្រាស់ ផលិតផលណាមួយ ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បន្តថា បច្ចុប្បន្នការផលិតទំនិញ ដើម្បីបម្រើតម្រូវការក្នុងស្រុក ចាប់​ផ្តើម​មាននិន្នាការកើន ឡើងគួរឲ្យកត់សម្គាល់ ខណៈក្រុមហ៊ុន ឬសហគ្រាសក្នុងស្រុក ​ក៏​កាន់​តែ​មាន​មូល​ដ្ឋានរឹងមាំជាងមុនជាបណ្តើរៗ ស្របពេល ដែលប្រជាជនកម្ពុជា ចាប់ផ្តើម​ផ្តល់​តម្លៃ​ដល់​ផលិត​ផល​ក្នុងស្រុក ខ្ពស់ជាងផលិតផលនាំចូលពីបរទេស។ ជាការពិតផលិតផល ក្នុងស្រុកមាន​ច្រើន​ប្រភេទ​រួមមាន៖ ផលិតផល និងម្ហូបអាហារកែច្នៃ, ចំណីអាហារ, គ្រឿងទេស, គ្រឿង​ឧប​ភោគ​-បរិភោគ, គ្រឿងសម្អាង, កសិផល, វត្ថុប្រើប្រាស់ក្នុងឧស្សាហកម្ម, និងផលិត​ផល​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​ជា​ច្រើន​ទៀត ដែលអាចផ្គត់ផ្គង់តម្រូវ ការក្នុងស្រុក និងអាចជំនួសផលិតផល​នាំ​ចូល​បាន​ច្រើន​។ ​ជាក់ស្តែងស្ថិតក្នុងស្ថានភាពនៃការបង្កអរិភាព ពីសំណាក់ប្រទេស ជិតខាង បច្ចុប្បន្ន​ផលិតករ ឧស្សាហករ និងសិប្បករក្នុងស្រុក បាននិងកំពុងបន្តខិតខំបង្កើត ពង្រឹង និង​ពង្រីក​ផលិត​កម្ម​។សូមបញ្ជាក់ថា ក្នុងបរិការណ៍នេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ មើល​ឃើញ​នូវ​ឱកាស​ដ៏​វិសេស​ចំនួន​៣​សម្រាប់ក្រុមហ៊ុន និង សហគ្រាសក្នុងស្រុក ក្នុងនោះរួមមាន៖ ទី១. ឱកាសផ្សព្វផ្សាយ​ពី​ផលិត​ផល​ក្នុង​ស្រុកឲ្យកាន់តែទូលំទូលាយ និងមានការទទួល ស្គាល់ពីសំណាក់អ្នកប្រើប្រាស់, ទី២. ​ឱកាសពង្រឹង និងពង្រីកមូលដ្ឋានផលិតកម្មឲ្យបានសមស្រប ដើម្បីឆ្លើយតបទៅនឹងតម្រូវ ការ​រ​បស់ប្រជាជន, និងទី៣. ឱកាសស្វែងរក និងចាប់យកទីផ្សារបន្ថែម ។ យ៉ាងណាមិញ, ដើម្បី​អាច​ចាប់​យកឱកាសទាំងនេះ បានពេញលេញ, ក្រុមហ៊ុន និងសហគ្រាសក្នុងស្រុក ត្រូវខិត​ខំប​ង្កើត​ និងបង្កើនជំនឿទុកចិត្តខ្ពស់ ដល់អ្នកប្រើប្រាស់ក្នុងស្រុក តាមរយៈការផ្គត់ផ្គង់ទំនិញ ឬ​ការ​ផ្តល់​សេវា ដែលមានគុណភាព មានអនាម័យ និងមានថ្លៃសមរម្យ៕ អត្ថបទ៖ សុន រ៉ាឌី

វិញ្ញាបនបត្រ CQS ធ្វើឲ្យសិប្បកម្មអ៊ីពៅអាចនាំផលនេសាទកែច្នៃរាប់តោនទៅទីផ្សារ៤ប្រទេស ក្នុងមួយ​ឆ្នាំៗ

2025/09/12 09:09:41 am        212
កំពង់ចាម៖ ការពង្រឹងខ្លួនរហូតទទួលបានវិញ្ញាបនបត្របញ្ជាក់ “ភាព​អនុ​លោម​តាម​លក្ខ​ខណ្ឌ​តម្រូវ​ការ​ នៃនិមិត្តសញ្ញាគុណភាពផល ផលិតផល ជនផលកម្ពុជា (CQS)” បាន​ធ្វើ​សិប្បកម្ម​កែច្នៃ​ត្រីងៀត ផ្អក អ៊ីពៅ មានទីតាំងស្ថិតនៅភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្ត​កំពង់ចាម អាចចាប់បានទីផ្សារនៅប្រទេសអាមេរិក អូស្ត្រាលី កាណាដា និងបារាំង ដោយ​នាំ​យក​ផលិត​ផល​នេសាទ​កែច្នៃ ទៅកាន់ប្រទេសទាំង៤នេះ ក្នុងមួយឆ្នាំៗរាប់សិបតោន។លោកស្រី ទូច ពៅ ម្ចាស់សិប្បកម្មកែច្នៃត្រីងៀត ផ្អក អ៊ីពៅ បានឲ្យដឹងថា សិប្បកម្ម​នេះ​បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ១៩៩២ ដោយដំបូងឡើយ ធ្វើអាជីវកម្មតាមលក្ខណៈគ្រួសារ ហើយបាន​ប្រាក់​ចំណូល​ទាប ប៉ុន្តែបច្ចុប្បន្ននេះ គឺបានបោះជំហានចូលទីផ្សារមានតម្លៃខ្ពស់ និងមានអនិកជន​ខ្មែរ​នៅ​​ក្រៅ​ប្រទេសបានគាំទ្រ ព្រោះផលិតផលជលផលកែច្នៃក្នុងសិប្បកម្ម ត្រូវបានផ​លិត​ប្រើ​ប្រាស់​បច្ចេក​ទេស​ទំនើប ដែលធានាទាំងគុណភាព សុវត្ថិភាព និងអនាម័យ ។ លោកស្រីបានបន្តថា សិប្បកម្មនេះ មានផលិតត្រីងៀត និងផលិតផលផ្អាប់ មានដូចជា ប្រហុក និង​ម៉ាំ កែច្នៃពីត្រីប្រា ត្រីរ៉ស ត្រីឆ្ដោ ត្រីកំភ្លាញ ត្រីឆ្លូញ និងត្រីកេសជាដើម ហើយក្នុង​មួយ​ឆ្នាំៗ​ផលិត​កែច្នៃត្រីប្រមាណ ៣០តោន ជាមួយនឹងអាចរកចំណូលបានជាង ៧ពាន់ដុល្លារក្នុងមួយខែៗ ។ជាមួយគ្នានេះ លោកស្រី ទូច ពៅ បានអគុណក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែល​បាន​ជួយ​គាំទ្រ និងថ្លែងអំណរគុណដល់គម្រោង CAPFISH-Capture របស់សហភាពអ៊ឺរ៉ុប ដែល​អនុវត្ត​ដោយ​អង្គការសហប្រជាជាតិ ដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម ហៅកាត់ថា UNIDO បានបណ្ដុះ​បណ្ដាល​បច្ចេក​ទេស រៀបចំម៉ាកយីហោ សម្ភារវេចខ្ចប់ និងឡូហ្គោ និងជំនួយមួយចំនួនទៀត រហូត​សិប្បកម្មទទួលបាន វិញ្ញាបនបត្រ CQS ហើយមានអតិថិជនគាំទ្រច្រើន ទាំងក្នុង និង​ក្រៅ​ប្រទេស​។លោក ឡាច ធា ប្រធានការិយាល័យស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យា នៃ​នាយកដ្ឋាន​បច្ចេក​វិទ្យា​កែច្នៃ និងគុណភាព នៃរដ្ឋបាលជលផល បានឲ្យដឹងថា ការទទួលបានវិញ្ញាបនបត្រ CQS គឺ​ផលិត​ផល​ជលផលទាំងអស់នោះ ផលិតប្រកបដោយគុណភាព សុវត្ថិភាព និងមានអនាម័យល្អ ហើយ​សិប្បកម្មណាមួយ ដែលបានផលិតផលិតផលជលផលរបស់ខ្លួន មានគុណភាព សុវត្ថិភាព និង​អនាម័យល្អនេះ អាចដាក់ពាក្យស្នើសុំ CQS ហើយមន្ត្រីជំនាញ នឹងចុះទៅពិនិត្យវាយតម្លៃ ។លោក ឡាច ធា បានបញ្ជាក់ថា រហូតមកដល់ពេលនេះ មានសិប្បកម្ម និង​សហ​គ្រាស​កែច្នៃ​ផល​នេសា​ទ​ចំនួន ១៩ហើយ បានទទួលបានវិញ្ញាបនបត្រ CQS ដែលមានទាំងការកៃច្នៃផលទឹកសាប និង​ទឹកប្រៃ៕ អត្ថបទ បាន សុខរិទ្ធិ 

ក្រុមហ៊ុនឥណ្ឌាជាច្រើនចាប់អារម្មណ៍វិនិយោគលើការកែច្នៃផលិតផលកសិកម្មនៅកម្ពុជា និងចង់នាំចេញគ្រាប់ស្វាយចន្ទីទៅឥណ្ឌាដែលកំពុងមានតម្រូវការខ្ពស់

2025/09/11 04:11:26 pm        311
ភ្នំពេញ៖​ ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​ឱ្យ​ដឹង​ថា ក្នុងកម្មវិធីផ្គូរផ្គងកសិពាណិជ្ជកម្ម រវាងក្រុមហ៊ុន​នៅ​ក្នុង​វិស័យ​កសិកម្ម​ជាង​២០​មក​ពី​ប្រទេស​ឥណ្ឌា ជាមួយក្រុមហ៊ុននៅក្នុងស្រុករបស់កម្ពុជា បណ្ដាក្រុមហ៊ុនឥណ្ឌាជា​ច្រើន​ចាប់​អារម្មណ៍​វិនិយោគលើ​ការកែច្នៃផលិតផលកសិកម្មនៅកម្ពុជា និងចង់នាំចេញគ្រាប់​ស្វាយ​ចន្ទី​ដែល​ឥណ្ឌា​កំពុង​មានតម្រូវការខ្ពស់។ ឯកឧត្តម ឃឹម ហ្វីណង់ បានថ្លែងបែបនេះ ក្នុងឱកាស តំណាងឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា​​ប្រមាញ់ និងនេសាទ ចូលរួមជាអធិបតីក្នុងកម្មវិធីផ្គូរផ្គងកសិពាណិជ្ជកម្ម រវាង​ក្រុម​ហ៊ុន​នៅ​ក្នុង​វិស័យ​កសិកម្មជាង២០មកពីប្រទេសឥណ្ឌាជាមួយក្រុមហ៊ុននៅក្នុងស្រុក កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ​២០២៥នេះ។ឯកឧត្តមបានថ្លែងថា ក្នុងឱកាសនោះ ក្រុម​ហ៊ុន​ឥណ្ឌាទាំង​នេះ​ចាប់​អារម្មណ៍​ចង់​សិក្សា​ឈ្វេង​យល់​ពី​សក្តានុពលសម្រាប់ការនាំចេញនាំចូលកសិផលពីប្រទេសទាំងសងខាង និងពិនិត្យ​លទ្ធភា​ព​ក្នុង​ការវិនិយោគលើការកែច្នៃនៅក្នុងស្រុក ជាពិសេសការ​នាំ​ចេញ​គ្រាប់​ស្វាយ​ចន្ទី​ពី​ប្រទេស​កម្ពុជា​ទៅកាន់​ប្រទេសឥណ្ឌា ស្របពេលដែលឥណ្ឌា​មាន​តម្រូ​វកា​រ​នាំ​ចូល​គ្រាប់​ស្វាយ​ចន្ទី​ក្នុង​បរិមាណ​ធំ និងភាគច្រើននាំចូលពីបណ្តាប្រទេសអាហ្វ្រិកក្នុងពេលកន្លងមក៕

៨ខែឆ្នាំនេះ កម្ពុជានាំចេញទំនិញទៅអាម៉េរិកមានទឹកប្រាក់ជាង ៨ ៣០០ លានដុល្លារឈរក្នុង​លំដាប់ទី១ នៃការនាំចេញសរុបរបស់កម្ពុជា

2025/09/11 11:01:59 am        152
នៅក្នុងរយៈពេល ៨ ខែ ឆ្នាំ២០២៥, ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិក មានទំហំទឹកប្រាក់ប្រមាណជាង ៨ ៣០០ លានដុល្លារអាម៉េរិក កើនឡើងជាង ២៣ ភាគរយ ពោលគឺទីផ្សារមួយនេះនៅតែឈរក្នុងលំដាប់ទី១ បានគាំទ្រកំណើនខ្ពស់ នៃការនាំចេញទំនិញ របស់កម្ពុជា។អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញស្ថិតិពាណិជ្ជកម្ម នៃការធ្វើពាណិជ្ជកម្មលើទីផ្សារ អន្តរជាតិរបស់កម្ពុជា ក្នុងនោះការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អាម៉េរិក នៅក្នុងរយៈពេល ៨ ខែ ឆ្នាំ២០២៥, មានទំហំទឹកប្រាក់ជាង ៨ ៥៥៥ លានដុល្លារដុល្លារអាម៉េរិក កើនឡើងជាង ២៣ ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នានិងឆ្នាំ២០២៤, មកដល់បច្ចុប្បន្នទីផ្សារមួយនេះ បានកំពុងគាំទ្រដល់កំណើននៃការនាំចេញទំនិញ ពោលគឺសហរដ្ឋអាមេរិកគឺជាទីផ្សារដ៏ធំរបស់កម្ពុជា និងឈរក្នុងលំដាប់ទី១ នៃការនាំចេញ ទំនិញសរុបរបស់កម្ពុជា។ចំណែកការនាំចេញ, នៅក្នុងរយៈពេល ៨ ខែ ឆ្នាំ២០២៥នេះ កម្ពុជាបាននាំចេញទំនិញសំខាន់ៗទៅកាន់ទីផ្សារអាម៉េរិក មានទឹក ប្រាក់សរុបប្រមាណ ៨ ៣០០ លានដុល្លារអាមេរិក បានកើនឡើងប្រមាណជាង ២៣ ភាគរយ ធៀបនិងឆ្នាំ២០២៤ (ដែលមានទឹកប្រាក់នាំ ចេញជាង ៦ ៧០០ លានដុល្លារអាម៉េរិកប៉ុណ្ណោះ) ក្នុងនោះចំពោះប្រភេទទំនិញសំខាន់ៗ ដែលបាននិងកំពុងជួយជ្រោមជ្រែងដល់ការនាំចេញ ទំនិញរបស់កម្ពុជារួមមាន៖ ការនាំចេញសម្លៀកបំពាក់ ស្បែកជើង សម្ភារៈសម្រាប់ការធ្វើដំណើរ និងការនាំចេញផលិតផលពីកសិកម្មជាដើម។ ដោយឡែកការនាំចូលពីអាម៉េរិកវិញ នៅក្នុងរយៈពេលនេះដែរ មានទឹកប្រាក់ជាង ២៤៣ លានដុល្លារអាម៉េរិក បានកើនឡើងជិត ៤០ ភាគរយ បើធៀប រយៈពេលដូចគ្នានិងឆ្នាំ២០២៤។សូមបញ្ជាក់ថា នៅក្នុងរយៈពេល ៨ ខែ ឆ្នាំ២០២៥នេះ, ប្រទេសដែលជាដៃគូរបស់កម្ពុជា គាំទ្រដល់កំណើននៃការនាំចេញទំនិញរួមមាន៖ ទីផ្សារសហរដ្ឋអាមេរិក ជាង ៨ ៣០០ លានដុល្លារ កើនឡើងជាង ២៣ ភាគរយ, វៀតណាម ជាង ២ ៧០០ លានដុល្លារ កើនឡើងជាង ១១ ភាគរយ, ចិនជាង ១ ០០០ លានដុល្លារ ថមថយ ៨ ភាគរយ, ជប៉ុន ជាង ១ ០០០ លានដុល្លារ កើនឡើងជាង ១២ ភាគរយ, កាណាដា ៨៧៨ លានដុល្លារ កើនឡើងជាង ១៩ ភាគរយ, អេស្បាញជាង ៧០៦ លានដុល្លារ កើនឡើងជាង ១១ ភាគរយ, អង់គ្លេស ៧០៧ លានដុល្លារ កើនឡើងជិត ១០ ភាគរយ, ហូឡង់ ៦៤៦ លានដុល្លារ កើនឡើង ២៥ ភាគរយ, អាល្លឺម៉ង់ ៦១៨ លានដុល្លារ កើនឡើងជិត ៤ ភាគរយ, បារាំង ជាង ៣០៦ លានដុល្លារ កើនឡើងជាង ១២ ភាគរយ, ក្រៅពីនេះកម្ពុជាមានទីផ្សារជាច្រើនទៀត ដែលបាន កំពុងគំាទ្រដល់កំណើន នាំចេញរបស់កម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី

ក្របខណ្ឌគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ចិន នាំឱ្យកម្ពុជាឱ្យមានការអភិវឌ្ឍរីកចម្រើន

2025/09/09 01:34:58 pm        148
ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងថា ក្របខណ្ឌនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ភាពជាដៃគូរវាងកម្ពុជានិងចិន បានកំពុង នាំមកនូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍជំនាញ ការផ្ទេរបច្ចេកវិទ្យា និងការធ្វើឱ្យប្រសើរឡើងនូវឧស្សាហកម្មជាដើម។  ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ នេះ បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើក “ពិព័រណ៍អន្តរជាតិចិនលើកទី២៥ សម្រាប់ការវិនិយោគ និងពាណិជ្ជកម្ម”(CIFIT) ដែលរៀបចំឡើងនៅទីក្រុងសៀមិន ខេត្តហ្វូជៀន សាធារណរដ្ឋប្រជាមានិតចិន, ក្នុងនោះឯកឧត្តមបានថ្លែងការចូលរួមអបអរសាទរ និងថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ដ៏សំខាន់នេះឡើង សម្រាប់លើក កម្ពស់កិច្ចសហប្រតិបត្តិការវិនិយោគ និងពាណិជ្ជកម្ម ព្រមទាំងជំរុញចក្ខុវិស័យនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីវឌ្ឍនភាពនៃកិច្ចការងារវិនិយោគរបស់កម្ពុជា ដែលសម្រេចបានកាលពីឆ្នាំ ២០២៤ អនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានចំនួន ៤១៤ គម្រោង ដែលមានទុនប្រមាណ ៦,៩ ពាន់លានដុល្លារ កើនឡើង ៤០% បើធៀបនឹងឆ្នាំ២០២៣។ ចំណែកក្នុងរយៈពេល ៨ ខែដំបូង ឆ្នាំ២០២៥នេះ កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន ៤៩១ គម្រោង មានទុន ៧,២ ពាន់លានដុល្លារ នឹងរំពឹងថា ចំនួនគម្រោងវិនិយោគនៅឆ្នាំ២០២៥នេះ នឹងកើនឡើងជាបន្តបន្ទាប់បន្ថែមទៀត ដែលអាចបង្កើតការងារបានជាង ៤០ ម៉ឺនកន្លែងជូនប្រជាពលរដ្ឋ។ ដោយឡែកការនាំចេញវិញ, កម្ពុជាបាននាំចេញទៅក្នុងទីផ្សារតំបន់ និងពិភពលោក បានបន្តកើនឡើង, ពោលនៅឆ្នាំ២០២៤ ការនាំចេញពីកម្ពុជាឈានដល់ ២៦,៦ ពាន់លានដុល្លារ កើនឡើង១៣,៦% បើធៀបនឹងឆ្នាំ២០២៣, តួលេខទាំងនេះបានបង្ហាញអំពីភាពធន់ និងបរិយាកាសស្វាគមន៍របស់កម្ពុជាទៅកាន់វិនិយោគិន។ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានជម្រាបជូនបន្ថែម អំពីវឌ្ឍនភាពគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗទាំងផ្លូវគោក កំពង់ផែ អាកាសយានដ្ឋាន និងប្រព័ន្ធឌីជីថលជាដើម ដែលចិនគឺជាដៃគូដ៏សំខាន់ បានចូលរួមវិនិយោគលើគម្រោងជាច្រើន។ គម្រោងទាំង នោះមានអាទិ៍ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ, អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ, និងតំបន់សេដ្ឋកិច្ចពិសេសក្រុង ព្រះសីហនុ ដែលជាគម្រោងបានចូលរួមបង្កើតការងារ និងធ្វើសមាហរណកម្មតំបន់កាន់តែស៊ីជម្រៅ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានយកឱកាសនេះ ដើម្បីជម្រាបជូនអំពីការបើកឱ្យដំណើរការជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិតេជោ នៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៥ផងដែរ ដែលនឹងចូលរួមពង្រឹងតួនាទីរបស់កម្ពុជាជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ទេសចរណ៍ និងការវិនិយោគក្នុងអាស៊ាន៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជា-ម៉ាឡេស៊ី បង្កើនកិច្ចសហប្រតិបត្តិការជំរុញ​បរិយាកាស​ធ្វើធុរកិច្ច​ឱ្យ​កាន់​តែ​ខ្លាំង​ក្លា​ជាមួយ​គ្នា

2025/09/08 10:57:35 am        304
សមាគមសហគ្រិនវីម៉ូកម្ពុជា និងសមាគមពាណិជ្ជករម៉ាឡេស៊ី-កម្ពុជា បង្កើន​កិច្ច​សហប្រ​តិបត្តិ​ការ​ផ្គូរ​ផ្គង​ពាណិជ្ជកម្ម រវាងធុរកិច្ច ប្រទេសទាំងពីរ ដើម្បីស្វែងរកដៃគូចែកចាយផលិតផល និងឱកាស​វិនិយោគ ដើម្បីជំរុញបរិយាកាសការធ្វើធុរកិច្ចកម្ពុជា-ម៉ាឡេស៊ី ឱ្យកាន់ តែខ្លាំងក្លា។ឯកឧត្តម​បណ្ឌិត សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា លើកឡើងក្នុងជំនួបអាជីវកម្ម ការ​ផ្គូរ​ផ្គង​សហគ្រិនកម្ពុជា-ម៉ាឡេស៊ី ២០២៥ នេះថា ជុំវិញការធ្វើពាណិជ្ជ និងវិនិយោគ, សមាគម​បាន​យក​ចិត្តទុកដាក់យ៉ាងខ្លាំងដល់ធុរកិច្ចដែលជាសមាជិក តាមរយៈការបណ្តុះបណ្តាលជំនាញ ការ​ស្វែងរកទីផ្សារ និងការចាប់ដៃគូរអាជីវកម្ម គឺមានគោលដៅសំខាន់ ជំរុញដល់កិច្ចដំណើរការ អាជីវកម្មរបស់ពួកគាត់ ក្នុងនោះប្រសិនអាជីវកម្មដំណើរការប្រកបដោយជោគជ័យ គឺមិន​ត្រឹម​ជួយ​បង្កើត​ប្រាក់​ចំណូលដល់ពួកគាត់ ប៉ុណ្ណោះទេ ថែមទាំងបង្កើតការងារជូនប្រជាពលរដ្ឋ ជាពិសេស​ការ​ចូល​រួម​ក្នុងសេដ្ឋកិច្ចជាតិផងដែរ។ឯកឧត្តមបណ្ឌិត បន្តថា ជុំវិញបញ្ហានេះ សមាគមបានបង្កើតនូវកិច្ចសហប្រតិបត្តិការ ជាមួយដៃគូ​ពាក់​ព័ន្ធ​ជា​ច្រើន ទាំងជាតិ និងអន្តរជាតិ ក្នុងគោលដៅបង្ហាញពីសក្តានុពលគ្នាទៅវិញទៅមក ទាំង​ផ្នែក​ពាណិជ្ជកម្ម និងការវិនិយោគ ជាក់ស្តែងការរៀបចំជំនួប សហគ្រិនរវាងកម្ពុជា-ម៉ាឡេស៊ី នៅ​ពេលនេះ បានធ្វើឱ្យធុរកិច្ចនៃប្រទេសទាំងពីរ ចែករំលែកនូវបទពិសោធន៍ និង​បង្ហាញ​គន្លឹះ​អំពី​ភាព​ជោគជ័យលើវិស័យការងារ អាជីវកម្ម និងពាណិជ្ជកម្ម ជាពិសេសការស្វែងដៃគូពាណិជ្ជកម្ម និង​វិឱកាសនិយោគផងដែរ, ជាពិសេសការ បង្កើតនូវកិច្ចសហប្រតិបត្តិការ ជំរុញនាំ​ចេញ​ទំនិញ​របស់​កម្ពុជា ទៅកាន់ប្រទេសម៉ាឡេស៊ីឱ្យបានកាន់តែច្រើន។លោក Dato’ Sri Ricky Yaw ប្រធានស្ថាបនិកសមាគមពាណិជ្ជករម៉ាឡេស៊ី-កម្ពុជា បានលើក​ឡើង​ពី​សក្តា​នុពលប្រទេស កម្ពុជា បានធ្វើឱ្យវិនិយោគិន​ម៉ាឡេស៊ីម​ក​បណ្តាក់​ទុន​នៅ​កម្ពុជា​ជា​បន្ត​បន្ទា​ប់ និងបានបង្ហាញពីក្រុមហ៊ុនម៉ាឡេស៊ីមួយចំនួន ដែលកំពុង ទទួល​បាន​ជោគ​ជ័យ​លើ​ការ​ធ្វើ​អាជីវកម្ម​នៅក​ម្ពុជា បង្កើតការងារ និងប្រាក់ចំណូលជូនប្រជាជនកម្ពុជាផងដែរ។ ចំណែកជំនួប អាជីវកម្ម ការផ្គូរផ្គងសហគ្រិនកម្ពុជា-ម៉ាឡេស៊ីនៅពេលនេះ លោករំពឹងថា ធុរកិច្ច​នៃប្រ​ទេស​ទាំង​ពីរ បានពិភាក្សា និងផ្លាស់ប្តូរនូវ បទពិសោធន៍ ការរស្វែងរកដៃគូចែកចាយផលិតផល និង​វិនិយោគ​រវាងគ្នាទៅវិញទៅមក ដើម្បីជំរុញបរិយាកាសដល់ការធ្វើពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរឱ្យបានកាន់តែខ្លាំងក្លា។សូមបញ្ជាក់ថា ជុំវិញការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ម៉ាឡេស៊ី, បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅក្នុងរយៈពេល៧ខែ ឆ្នាំ២០២៥នេះ ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានទំហំទឹកប្រាក់ប្រមាណជិត ៦០០ លានដុល្លារ កើនឡើងជាង ១១% ក្នុងនោះកម្ពុជាបាននាំចេញមានចំនួនទឹកប្រាក់ជាង ៧៨ លានដុល្លារ កើនជាង ២% ខណៈការនំាចូលពី ម៉ាឡេស៊ី មានទឹកប្រាក់ជាង ៥១៩ លានដុល្លារ កើនជាង ១២% បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤៕ អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

វិមានក្រឹមឡាំងប្រតិកម្មយ៉ាងប្រុងប្រយ័ត្ន ចំពោះសុន្ទរកថាសាកល្បងនុយក្លេអ៊ែររបស់លោក Trump
10/30/2025 07:10 PM
ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង៖ លោក Lee និងនាយករដ្ឋមន្ត្រីជប៉ុន នឹងធ្វើឲ្យទំនាក់ទំនងកាន់តែរឹងមាំ
10/30/2025 07:10 PM
នាយកអង្គការកម្មវិធីស្បៀងអាហារពិភពលោកថ្មីប្រចាំកម្ពុជា សន្យាបន្តកិច្ចសហប្រតិបត្តិការរៀបចំផែនការកាត់បន្ថយគ្រោះមហន្តរាយនៅកម្ពុជា
10/30/2025 07:10 PM
មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចាត់ទុកផ្លូវជាសរសៃឈាមដែលតភ្ជាប់ជំរុញគ្រប់អន្តរវិស័យ
10/30/2025 07:10 PM
អ៊ីស្រាអែលធ្វើការលុកលុយផ្នែកយោធាបណ្ដាលឲ្យមានអ្នកស្លាប់ នៅភាគខាងត្បូងលីបង់
10/30/2025 07:10 PM
ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន ចាប់ផ្តើមកិច្ចប្រជុំឡើងវិញ ស្របពេលភាពតានតឹងចំពោះការប៉ះទង្គិចគ្នាតាមព្រំដែន
10/30/2025 07:10 PM
ក្រុមស្តាំនិយមជ្រុលហូឡង់ បាត់ការគាំទ្រនៅក្នុងការបោះឆ្នោត ដោយបើកផ្លូវឲ្យមានរដ្ឋាភិបាលចម្រុះកណ្តាលនិយម
10/30/2025 06:10 PM
ក្រុមជួយសង្រ្គោះ ទាញសាកសពមនុស្ស ២នាក់ ចេះពីអគារបាក់បែក ក្រោយការវាយប្រហាររបស់រុស្ស៊ី
10/30/2025 06:10 PM
ក្រសួងអប់រំ ជ្រើសរើសនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសវិជ្ជាជីវៈនាយកសាលារៀន ជំនាន់ទី៨
10/30/2025 06:10 PM
ចិននឹងធ្វើការជាមួយអាមេរិក ដើម្បីអនុវត្តកិច្ចព្រមព្រៀងឲ្យមានប្រសិទ្ធិភាព ក្រោយជំនួបលោក Xi-Trump
10/30/2025 06:10 PM