ឯកឧត្តម ឌិត ទីណា ចុះត្រួតពិនិត្យស្ថានភាពដីសម្រាប់ផលិតកម្មដំណាំបន្លែដេីម្បីផ្គត់ផ្គង់ដល់កងទ័ព
សហព័ន្ធស្រូវអង្ករកម្ពុជា៖ កញ្ចប់អង្ករដែលមានរូបភាពស្រដៀងទៅនឹងទង់ជាតិប្រទេសថៃ មិនត្រូវបានបោះពុម្ពក្នុងប្រទេសកម្ពុជាឡើយ
ឯកឧត្តម ឌិត ទីណា បង្ហាញសក្តានុពលវិស័យកសិកម្មដល់អ្នកវិនិយោគមកពីកូរ៉េ ដើម្បីជំរុញទីផ្សារនាំចេញ
កម្ពុជាកំពុងត្រៀមលក្ខណៈនៃវិស័យ MSMEs សម្រាប់ការចាកចេញពីប្រទេស LDC

សេដ្ឋកិច្ច និង កសិកម្ម

កម្ពុជាសម្រេចបាននូវសមិទ្ធផលជាច្រើន លើការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ

2023/05/25 12:20:59 pm        135
ភ្នំពេញ៖ រាជរដ្ឋាភិបាល សម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើន លើការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ នៅតាមដំណាក់កាលនីមួយៗ លើភាពជឿទុកចិត្តនៃថវិកា, គណនេយ្យភាពហិរញ្ញវត្ថុ, ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ និងគណនេយ្យភាពសមិទ្ធកម្ម ដែលគ្រោង នឹងសម្រេច បាននៅឆ្នាំ២០២៥។ឯកឧត្តមបណ្ឌិត ជូ គឹមឡេង រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងនៅក្នុងការបើកវគ្គសិក្ខាសាលា ប្រព័ន្ធគ្រប់ គ្រងហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាត នៅថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ២០២៣ នេះថា ការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រង​ហិរញ្ញវត្ថុ​នៅកម្ពុជា រាជរដ្ឋាភិបាលសម្រេច​បាននូវ​សមិទ្ធផលសំខាន់ៗជាច្រើន ជាពិសេសសម្រេច​ជោគជ័យ​ជាសារវ័ន្តនូវដំណាក់កាលទី១ គឺ "ភាពជឿទុកចិត្តនៃ ថវិកា", ដំណាក់កាលទី២ "គណនេយ្យភាពហិរញ្ញវត្ថុ" និងដំណាក់កាលទី៣ "ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ" ព្រមទាំងឈានចូល ដល់ការអនុវត្តដំណាក់កាលទី៤ "គណនេយ្យភាពសមិទ្ធកម្ម" ដែលគ្រោងនឹងសម្រេចបាននៅឆ្នាំ២០២៥។ឯកឧត្តមបណ្ឌិត ជូ គឹមឡេង បញ្ជាក់ថា ទន្ទឹមនឹងការសម្រេចបាននូវសមិទ្ធផលនៅដំណាក់ទី១នេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានដាក់ចេញនូវទិសដៅសំខាន់ៗ នៃការអនុវត្តផែនការសកម្មភាព​យុទ្ធសាស្ត្រ ការកែទម្រង់ប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ ២០១៩-២០២៥ ដំណាក់កាលទី២ (២០២២-២០២៥) រួមមាន៖ បន្តពង្រឹងការរៀបចំថវិកាកម្មវិធីនៅរដ្ឋបាលរាជធានី-ខេត្ត និងការពង្រីក​ការអនុវត្ត ថវិកាកម្មវិធីទៅដល់រដ្ឋបាលខណ្ឌទាំង ១៤ ដើម្បីធានាបាននូវការផ្សារភ្ជាប់ថវិកា​ទៅនឹងគោលនយោបាយ។ បន្តពង្រឹងការរៀបចំផែនការយុទ្ធ សាស្ត្រថវិការាជធានី-ខេត្ត តាមរយៈការជម្រុញការ​តម្រឹម​ផែនការរដ្ឋបាលថ្នាក់ក្រោមជាតិ ជាមួយមន្ទីររាជធានី-ខេត្ត និងធ្វើសមាហរណកម្ម ផែនការរដ្ឋបាលក្រុង-ស្រុក និងរដ្ឋបាលឃុំសង្កាត់ជាជំហាន ៗ ។ ពង្រឹងប្រព័ន្ធរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងក្របខណ្ឌត្រួតពិនិត្យការអនុវត្ត ថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ បន្តជំរុញនិងពង្រីកការធ្វើស្វ័យប្រវត្តិកម្ម នៃការអនុវត្តថវិកាតាមបច្ចេកវិទ្យាព័ត៌មាន សម្រាប់រដ្ឋបាលថ្នាក់ ក្រោមជាតិ។ រៀបចំច្បាប់ស្តីពីរបបហិរញ្ញវត្ថុ និងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ២០១១ (ថ្មី) និងលិខិតបទដ្ឋាន គតិយុត្តិពាក់ព័ន្ធ, និងរៀបចំក្របខណ្ឌទស្សនាទានយុទ្ធសាស្ត្រកែទម្រង់ប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិ (២០២៦-២០៣០) ដើម្បី ដាក់ចេញនូវទិសដៅ និងយន្តការ សម្រាប់ត្រៀមអនុវត្តថវិកាសមិទ្ធកម្មជាដើម៕អត្ថបទ៖ សុន រ៉ាឌី

ចំនួនគណនីជួញដូរកើនឡើង ​ឆ្លុះបញ្ចាំង​ពីចំណាប់អារម្មណ៍សាធារណជន លើផ្សារមូលបត្រកម្ពុជា

2023/05/23 11:35:31 am        135
ភ្នំពេញ៖ ទំហំជួយដូរនៅផ្សារមូលបត្រកម្ពុជា ក្នុងរង្វង់ជាមធ្យម៣០ម៉ឺនដុល្លារក្នុងមួយថ្ងៃ ក្នុងរយៈពេលបួនខែដើមឆ្នាំ២០២៣នេះ ចំនួនទាបជាងការទំហំជួយដូរកាលពីរយៈពេលដូចគ្នាកាលពីឆ្នាំមុន ប៉ុន្តែចំនួនគណនីជួយដូរ ដែលភាគច្រើនជាការជួយដូរក្នុងទំហំតូច មានការកើនឡើងគួរឱ្យកត់សម្គាល់ ឆ្លុះបញ្ចាំង​ពីចំណាប់អារម្មណ៍របស់សាធារណជន ក៏ដូចជាវិនិយោគិនថ្មីលើផ្សារមូលបត្រកម្ពុជា។ឯកឧត្តម ហុង សុខហួរ នាយកប្រតិបត្តិផ្សារមូលបត្រកម្ពុជា បានឲ្យដឹងនៅថ្ងៃទី២៣ ខែឧសភាថា ទោះបីជាស្ថានភាពសេដ្ឋកិច្ចប្រឈមនឹងភាពស្រពិចស្រពិលច្រើន ផ្សារមូលបត្រកម្ពុជា នៅតែដំណើរការរលូនទៅមុខ ដោយចំនួនគណនីជួញដូរបានកើនឡើងគួរឱ្យកត់សម្គាល់ដល់ ៤ម៉ឺនគណនី នៅដើមឆ្នាំ២០២៣។ឯកឧត្តម ហុង សុខហួរ បានដាក់ទិសដៅថា នៅដំណាច់ឆ្នាំ២០២៣នេះ ចំនួនជួញដូរជាមធ្យមនឹង កើនដល់ ៥ម៉ឺនគណនីក្នុងមួយថ្ងៃ។ នាយកប្រតិបត្តិផ្សារមូលបត្រកម្ពុជា មានប្រសាសន៍ថា៖ “ការកើនឡើងនូវចំនួនជួញដូរតួចៗ គឺ​ឆ្លុះបញ្ចាំង​ឱ្យឃើញនូវការចាប់អារម្មណ៍ច្រើនជាងមុនក្នុងចំណោមសាធារណជន។ពួកគាត់បានចាប់ផ្តើមវិនិយោគក្នុងទំហំទឹកប្រាក់ ដំបូងៗ នៅតិចតួច ខ្ទង់រយ ខ្ទង់ពាន់ ខ្ទង់ម៉ឺនដុល្លារ។ ប៉ុន្តែទៅថ្ងៃមុខ យើងរំពឹងថា ទំហំជួញដូរនឹងកើនឡើង”។ បើតាមផ្សារមូលបត្រកម្ពុជា ក្នុងរយៈពេលបួនខែឆ្នាំ២០២៣ ចំនួនបើកគណនីថ្មី ក្នុងរង្វង់ ១ ពាន់ នាក់ក្នុងមួយថ្ងៃ កើនឡើង ពីប្រមាណ ២០០នាក់ ក្នុងមួយថ្ងៃ កាលពីរយៈពេលដូចគ្នា​កាលពីឆ្នាំមុន។បច្ចុប្បន្ន មានក្រុមហ៊ុនសរុបចំនួន ១៨ លើទីផ្សារមូលបត្រកម្ពុជា ដែលក្រុមហ៊ុនចំនួនប្រាំបួនបាន​ចុះបញ្ជីភាគហ៊ុន ខណៈដែលក្រុមហ៊ុន៩ផ្សេងទៀត បានចេញមូលបត្រសញ្ញាបណ្ណ។ ក្រុមហ៊ុនបានប្រមូលប្រាក់សរុបចំនួន ជាង៣០០ លានដុល្លារតាមរយៈការផ្តល់ជួញដូររបស់ពួកគេ។ផ្សារមូលបត្រកម្ពុជា ជាសហគ្រាសសាធារណៈដែលមានភាគហ៊ុនរបស់រដ្ឋាភិបាលចំនួន ៥៥ភាគរយ ហើយភាគហ៊ុនដែលនៅសល់កាន់កាប់ដោយ Korea Exchange ត្រូវបានបង្កើតឡើង​ក្នុងឆ្នាំ២០១១។ ផ្សារមូលបត្រកម្ពុជាបង្កើត និងដំណើរការទីផ្សារមូលបត្រ មជ្ឈមណ្ឌលទូទាត់ និងបង់ប្រាក់ និងកន្លែងដាក់ប្រាក់បញ្ញើ ស្របតាមច្បាប់ស្តីពីការចេញ និងការជួញដូរមូលបត្រមិនមែនរដ្ឋាភិបាល និងបទប្បញ្ញត្តិជាបន្តបន្ទាប់របស់ខ្លួន៕អត្ថបទ៖ វណ្ណៈ

កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ១,២លាននាក់ ក្នុងត្រីមាស១ កើនឡើង៧០០ភាគរយ

2023/05/23 11:07:06 am        260
ភ្នំពេញ៖ កម្ពុជាទទួលបានចំនួនភ្ញៀវទេសចរអន្តរជាតិចំនួន ១,២លាននាក់ ក្នុងត្រីមាសទី១ ឆ្នាំ២០២៣ កើនឡើង ៧០០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយទេសចរថៃ វៀតណាម និងចិន ជាទីផ្សារទេសចរណ៍ធំបំផុតរបស់កម្ពុជា។របាយការណ៍ពីក្រសួងទេសចរណ៍ចេញផ្សាយនៅថ្ងៃទី២៣ ខែឧសភា បង្ហាញថា កម្ពុជាទទួលបានភ្ញៀវទេសចរថៃ ចំនួនជាង៤២ម៉ឺននាក់ ភ្ញៀវទេសចរវៀតណាម ជាង២០ម៉ឺននាក់ និងភ្ញៀវទេសចរមកពីប្រទេសចិនជាង ១៣ម៉ឺននាក់ ដែលរួមចំណែក ៣២ភាគរយ ១៦ ភាគរយ និង១០ភាគរយនៃចំនួនភ្ញៀវទេសចរបរទេសសរុប។ ទីផ្សារទេសចរបរទេសដទៃទៀត មានប្រទេសឡាវ សហរដ្ឋអាមេរិក កូរ៉េ បារាំង រុស្ស៊ី អង់គ្លេស និងឥណ្ឌូនេស៊ី។ទេសចរបរទេស ចូលទស្សនាកម្ពុជា ប្រមាណជាង ៤៨ម៉ឺននាក់ ឬ៣៧ ភាគរយ ធ្វើដំណើរតាមផ្លូវអាកាស នៃអាកាសយានដ្ឋានអន្តរជាតិទាំងបីរបស់កម្ពុជា ខណៈដែល​ទេសចរបរទេសចូលតាមច្រកព្រំដែន និងផ្លូវទឹក ប្រមាណ៨០ម៉ឺននាក់ ឬ៦៣ភាគរយ។ទន្ទឹមនឹងនេះ ទេសចរខ្មែរ ដើរកម្សាន្តទៅក្រៅប្រទេស ក្នុងរយៈពេលបីខែដើមឆ្នាំ២០២៣នេះ មានចំនួន ជាង៤០ម៉ឺននាក់ កើនឡើងជាង១ពាន់ភាគរយ។ក្នុងខែមីនាតែមួយ ទេសចរបរទេសទស្សនាកម្ពុជា មានចំនួន ជាង៤៥ម៉ឺននាក់ ។កំណើនទេសចរអន្តរជាតិ គឺបន្ទាប់ពីរាជរដ្ឋាភិបាល បានបើកប្រទេសឡើងវិញ កាលពីខែវិច្ឆិកា ឆ្នាំ២០២១ នៅពេលដែលរាជរដ្ឋាភិបាល គ្រប់គ្រងការរីករាលដាលជំងឺកូវីដ-19 បានយ៉ាងមានប្រសិទ្ធភាព។កាលពីឆ្នាំ២០១៩ មុនការរាតត្បាតនៃជំងឺកូវិដ១៩ ទេសចរអន្តរជាតិមកទស្សនាកម្ពុជាមានចំនួនជាង ៦.៦លាននាក់ ដោយបង្កើតមុខរបរ និងការងារទេសចរណ៍ប្រមាណ ៦៣ម៉ឺននាក់ ចំណូលទេសចរណ៍អន្តរជាតិប្រមាណ ៤,៩១៩លានដុល្លារ និងរួមចំណែកប្រមាណ ១២%នៃផលិតផលក្នុងស្រុកសរុប៕ អត្ថបទ៖ វណ្ណៈ

គណៈរដ្ឋមន្រ្តី អនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញ

2023/05/19 11:20:42 am        293
ភ្នំពេញ៖ សេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញ ត្រូវបានអនុម័តទាំងស្រុងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី ដែលសេចក្តីព្រាងច្បាប់នេះ នឹងចូលរួមជំរុញ និងសម្រួលពាណិជ្ជកម្មដែលទទួលបានប្រយោជន៍ពីការអនុគ្រោះពាណិជ្ជកម្ម និងការអនុវត្តក្រៅប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និង ចូលរួមទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ។កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានពិភាក្សាលើ សេចក្ដីព្រាងច្បាប់ស្ដីពីវិធានដើមកំណើតទំនិញ។គោលបំណងនៃសេចក្ដីព្រាងច្បាប់នេះ គឺដើម្បី កំណត់អំពីគោលការណ៍ និងវិធានស្ដីពីដើមកំណើតនៃទំនិញនាំចេញ និងទំនិញនាំចូល ។ខ្លឹមសារសង្ខេបនៃសេចក្ដីព្រាងច្បាប់ មានចំនួន ៩ជំពូក ដែលរួមមាន ៣៥មាត្រា។ អត្ថប្រយោជន៍ សេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញនេះ ​មានអត្ថប្រយោជន៍ដូចខាងក្រោម កំណត់អំពី​គោលការណ៍ និងវិធានដើមកំណើតទំនិញ ទាំងវិធានដើមកំណើតទំនិញក្រោមប្រព័ន្ធអនុគ្រោះ​ពាណិជ្ជកម្ម និងក្រៅប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម ដែលបច្ចុប្បន្នកម្ពុជាពុំទាន់មានច្បាប់​ចែង​ដោយឡែក អំពីវិធានដើមកំណើតទំនិញក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និងក្រៅប្រព័ន្ធ​អនុគ្រោះពាណិជ្ជកម្ម​នៅឡើយទេ ក្រៅពីការអនុវត្តផ្នែកនេះតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរីនានាដែលកម្ពុជាជាសមាជិក។សេចក្តីព្រាងច្បាប់នេះ ក៏នឹងផ្ដល់ជាមូលដ្ឋានច្បាប់ច្បាស់លាស់ ដល់អាជ្ញាធរមានសមត្ថកិច្ច​ជាពិសេស ក្រសួងពាណិជ្ជកម្ម ដែលទទួលបន្ទុកចេញវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជាសេនាធិការ​ទទួល​បន្ទុកលើការទទួលសំអាងដើមកំណើតទំនិញ ក្នុងការអនុវត្តការងារទាក់ទង​នឹងវិធានដើមកំណើតទំនិញ។បន្ថែមពីលើនេះ នឹងជួយឱ្យកម្ពុជាអាចបំពេញបាននូវការសន្យារបស់ខ្លួន ក្រោមក្របខ័ណ្ឌ​អង្គការពាណិជ្ជកម្មពិភពលោក និងជួយជំរុញ និងសម្រួលពាណិជ្ជកម្មដល់វិស័យឯកជន ជាពិសេសការនាំចេញទំនិញរបស់កម្ពុជា ដែលទទួលបានការអនុគ្រោះពន្ធពីប្រទេសនាំចូល ដែលផ្ដល់ភាពអនុគ្រោះពាណិជ្ជកម្មដល់កម្ពុជា និងក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា​ដែលកម្ពុជាជាសមាជិក។សេចក្តីព្រាងច្បាប់នេះ នឹង ចូលរួមបង្ការ និងទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ ដែលអាច​ជួយធានាថា ទំនិញនាំចេញពីកម្ពុជាគឺមានដើមកំណើតនៅកម្ពុជា ហើយអនុលោមតាម​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរីនានាដែលកម្ពុជាជាសមាជិក ​និងប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម៕ អត្ថបទ៖ វណ្ណៈ

គម្រោងសាងសង់ស្ថានីយបូមទឹកឆៅថ្មីកោះនរា គ្រោងនឹងបញ្ចប់ និងដាក់ឲ្យដំណើរការនៅឆ្នាំក្រោយ

2023/05/19 10:56:31 am        331
ភ្នំពេញ៖ គម្រោងសាងសង់ស្ថានីយបូមទឹកឆៅថ្មីកោះនរា គ្រោងនឹងបញ្ចប់ការសាងសង់ និងដាក់ឲ្យដំណើរនៅឆ្នាំក្រោយ ដោយស្ថានីយថ្មីនេះ និងបូមទឹកឆៅផ្គត់ផ្គង់រោងចក្រនិរោធជំហាន១, និរោធជំហាន២ និងគ្រោងបន្តទៅជំហាន ៣ ក្នុងពេលជំហានបន្ទាប់។ឯកឧត្តម ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លើកឡើងក្នុងការអញ្ជើញពិនិត្យ​វឌ្ឍនភាព​គម្រោងសាងសង់ ស្ថានីយបូមទឹកឆៅថ្មី កោះនរា របស់ឯកឧត្តមកត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេក វិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី ១៨ ខែ មករា ឆ្នាំ២០២៣នេះថា ​ការសាងសង់ស្ថានីយបូមទឹកឆៅ ​មកដល់ពេល នេះ អនុវត្តបាន​ប្រមាណជាង ៧៨ ភាគរយ, ការសិក្សានូវប្រព័ន្ធបរិក្ខា ប្រព័ន្ធអគ្គិសនី និងប្រព័ន្ធទ្វារទឹក ក្នុងនោះ​ក្រុមហ៊ុនដែលទទួលសិទ្ធិក្នុងការរៀបចំ កំពុងធ្វើការបញ្ជាទិញពីក្រៅប្រទេស ដើម្បីយកមកតម្លើង ។ឯកឧត្តម បន្តថា គម្រោងសាងសង់ស្ថានីយនេះ ចំណាយថវិកាក្នុងរង្វង់ប្រមាណ ២៨ លាន​ដុល្លារអាម៉េរិក ក្នុងនោះបើតាមការវាយតម្លៃ គម្រោងនេះគ្រោងនឹងបញ្ចប់ការសាងសង់ និងដាក់ឲ្យ ដំណើរការនៅពាក់កណ្តាល ឆ្នាំក្រោយ ។ជុំវិញគម្រោងសាងសង់ស្ថានីយបូមទឹកឆៅថ្មីកោះនរានេះ ឯកឧត្តមកត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានបញ្ជាក់ថា ការបង្កើត ស្ថានីយបូមទឹកឆៅ និងរោងចក្រនៅក្នុងតំបន់នេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការជំរុញផ្គត់ផ្គង់ទឹកស្អាតទៅកាន់ភាគខាងត្បូង នៃរាជធានីភ្នំពេញ ក្នុងនោះប្រសិនក្រសួងមិនបានអនុវត្តតាមគម្រោងផែនការ នៃការសាងសង់​រោងចក្របានត្រឹមត្រូវនោះទេ វានឹងអាចប៉ះពាល់ដល់ប្រជាជនប្រមាណជា ​៤៥ ភាគរយ នៃប្រជាជនសរុបក្នុងរាជធានីភ្នំពេញ ​ខណៈដែលរោងចក្របាក់ខែង គឺជំរុញផ្គត់ផ្គង់ទឹកស្អាត នៅតំបន់​ ប៉ែកខាងជើង និងខាងលិចក្រុងភ្នំពេញ ​និងនៅក្នុងតំបន់ជ្រោយចង្វារផងដែរ។សូមបញ្ជាក់ថា ​ចំពោះការសាងសង់ស្ថានីយបូមទឹកឆៅថ្មីកោះនរានេះ គឺជាការដោះដូរស្ថានីយ​បូមទឹកចាស់នៅក្តីតាកុយ ជាមួយក្រុមហ៊ុន OCIC ដោយក្នុងនោះចំពោះការ​សាង់សង់​គម្រោង​ស្ថានីយបូមទឹកឆៅថ្មីនេះ ក្រុមហ៊ុន OCIC ទទួលបាន​ការ​ឧបត្ថម្ភ​ និង​គាំទ្រទាំងស្រុង ដូចជា ការផ្តល់​ទីប្រឹក្សាបច្ចេកទេស, សំណង់ស៊ីវិល, អេឡិចត្រូមេកានិច​ និងការដាក់បំពងមេ នាំទឹកឆៅតភ្ជាប់​ទៅរោងចក្រនិរោធ ដោយស្ថានីយថ្មីនេះ មានសមត្ថភាពបូមទឹកឆៅដូចគ្នា​ ក្នុងរង្វង់ប្រមាណពី ៣០ ទៅ ៤០ ម៉ឺនម៉ែត្រគីប ក្នុងមួយថ្ងៃ៕អត្ថបទ៖ សុន រ៉ាឌី

ធនាគារពិភពលោកព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងរង្វង់ ៥,៥ភាគរយ ក្នុងឆ្នាំ២០២៣

2023/05/18 12:30:32 pm        288
ភ្នំពេញ៖ ធនាគារពិភពលោក បានព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២៣ ក្នុងរង្វង់ ៥,៥ភាគរយ ​ជំរុញដោយវិស័យជំរុញកំណើន ដែលដំបូងឡើយនាំមុខដោយវិស័យ​កម្មន្តសាល​ផ្តោតលើការនាំចេញ ឥឡូវនេះបានប្តូរទៅជាវិស័យសេវាកម្ម និងកសិកម្មវិញ។ក្នុងរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា ចេញផ្សាយនៅថ្ងៃទី១៨ ខែឧសភា ធនាគារពិភព​លោក បានលើកឡើងថា ការស្តារសេដ្ឋកិច្ចកម្ពុជា​ មានភាពរឹងមាំ បើទោះជាតម្រូវការសកល​មាន​ការថមថយក៏ដោយ។ធនាគារពិភពលោកការថមថយនៃតម្រូវការខាងក្រៅ ​អាចបន្តអូសន្លាយពេល ការរឹតបន្តឹងវិស័យ​ហិរញ្ញវត្ថុ​នៅទូទាំងសកលលោក ​ការកើនឡើងថ្មីនៃវិបត្តិតម្លៃប្រេង​ គឺជាកត្តាហានិភ័យខាងក្រៅ​សម្រាប់សេដ្ឋកិច្ចកម្ពុជា។​ ដោយឡែកកត្តាហានិភ័យខាងក្នុងប្រទេសវិញ គឺការប្រមូលឥណទាន​ក្នុងស្រុកក្នុងវិស័យសំណង់។ការប្រើប្រាស់ក្នុងស្រុកមានសន្ទុះកើនឡើង​ ដោយសារកំណើននៃតម្រូវការ ការវិលមកវិញជាថ្មី​នៃទេសចរណ៍អន្តរជាតិ​ និងការថយចុះនៃសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់។ ដោយឡែកការនាំចេញទំនិញមានការថយចុះ ​ដែលមូលហេតុចម្បង គឺដោយសារការថយ​ចុះនៃការ​នាំចេញទំនិញសំលៀកបំពាក់ កាបូបធ្វើដំណើរ និងស្បែកជើងទៅកាន់ទីផ្សារអាមេរិក​ និងសហគមន៍អឺរ៉ុប។លោកស្រី Maryam Salim ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា បានលើក​ឡើងថា ការធ្លាក់ចុះនៃតម្រូវការខាងក្រៅអាចធ្វើឲ្យការផលិតតម្រង់ទិសនាំចេញរបស់កម្ពុជាធ្លាក់ចុះ ដែលបង្កើតបានប្រហែល ​៤០ ភាគរយនៃការងារសរុបក្នុងវិស័យឧស្សាហកម្ម។ចំណែកការធ្លាក់ចុះតម្លៃប្រេងជាថ្មីអាចបង្កអតិផរណា​ និងបន្ថយការប្រើប្រាស់ក្នុងស្រុក។ ទាក់ទងនឹងអនុសាសន៍ ​លោកស្រីលើកឡើងថា​ គោលនយោបាយម៉ាក្រូសេដ្ឋកិច្ចរបស់កម្ពុជា ត្រូវតែ​បន្តធ្វើដើម្បីគាំទ្រកំណើន និងការងារ និងការការពារស្ថិរភាពហិរញ្ញវត្ថុនៅតែជាអាទិភាព។ ដើម្បីបង្កើនភាពធន់ ​និងការប្រកួតប្រជែងរយៈពេលវែងនៃសេដ្ឋកិច្ច ​កិច្ចខិតខំប្រឹងប្រែង គឺត្រូវការ​ជា​ចាំបាច់ក្នុងការលើកកម្ពស់បន្ថែមទៀត​នូវការធ្វើ​ពិពិធកម្មផលិតផលនាំចេញ៕ អត្ថបទ៖ វណ្ណៈ

សាជីវកម្មធានាឥណទានកម្ពុជា ផ្តល់ការធានាឥណទានជូនដល់ក្រុមហ៊ុន-អាជីវកម្ម ជាង១ ៣០០ មានទឹកប្រាក់ ១២០ លានដុល្លារ

2023/05/18 09:47:30 am        270
ភ្នំពេញ៖ សាជីវកម្មធានាឥណទានកម្ពុជា បានផ្តល់ការធានាឥណទានទំហំទឹកប្រាក់កម្ចីប្រហាក់ប្រហែល ១២០,២ លានដុល្លារ ជូនដល់ជាង ១ ៣០០ ក្រុមហ៊ុន-អាជីវកម្ម ដែលគ្មានលទ្ធភាពដាក់ទ្រព្យបញ្ចាំ ដើម្បីទទួលបាននូវកម្ចី សម្រាប់ស្តារ និងពង្រីកអាជីវកម្មក្នុង និងក្រោយដំណាក់កាលរីករាលដាលជំងឺកូវីដ១៩។តួលេខនេះ ត្រូវបានបង្ហាញក្នុងព្រឹត្តិបត្រ​វឌ្ឍនភាព​នៃការធានាឥណទានប្រចាំខែរបស់ សាជីវកម្មធានាឥណទានកម្ពុជា គិតចាប់តាំងពីខែមេសា ឆ្នាំ២០២១ ដែលត្រូវបានដាក់ឱ្យដំណើរការគម្រោងធានាឥណទានដំបូង រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣។តាមព្រឹត្តិបត្រវឌ្ឍនភាពនៃការធានាឥទានរបស់សាជីវកម្មធានាឥណទានកម្ពុជាបង្ហាញថា មានអាជីវកម្ម សរុបចំនួន ក្រុមហ៊ុន ១ ៣៦៧ ទទួលបានការធានាឥណទានពីសារជីវកម្មធានា​ឥណទាន​កម្ពុជា ដែលស្មើនឹងទឹកប្រាក់ធានាសរុបចំនួនជិត ១២០លានដុល្លារ ក្នុងនោះប្រភេទ​អាជីវកម្មខ្នាតតូច និងមធ្យម មានចំនួន ១ ២៤៩ ក្រុមហ៊ុន និងអាជីវកម្មខ្នាតធំចំនួន ១១៨ ក្រុមហ៊ុន។ ទន្ទឹមនេះ ក្នុងចំណោម ក្រុមហ៊ុនអាជីវកម្មទាំងអស់ មានក្រុមហ៊ុនគ្រប់គ្រងដោយស្ត្រីចំនួន ៥៥០ ក្រុមហ៊ុន និង ក្រុមហ៊ុនប្រភេទកម្ចីមានទ្រព្យបញ្ចាំចំនួន ៥១៣ ក្រុមហ៊ុន និង ក្រុមហ៊ុនប្រភេទកម្ចីគ្មានទ្រព្យបញ្ចាំចំនួន ៨៥៤ ក្រុមហ៊ុន។សូមជម្រាបថា សាជីវកម្មធានាឥណទានកម្ពុជា គឺជាស្ថាប័នធានាឥណទានដំបូងបង្អស់នៅកម្ពុជា ដែលត្រូវបានបង្កើតឡើង នៅខែសីហា ឆ្នាំ២០២០ នៅក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ១៩ កំពុងវាយ​លុក​យ៉ាងខ្លាំងលើកម្ពុជា ក្រោមការប្តេជ្ញាខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការដាក់ឱ្យដំណើរ​ការគម្រោង​ធានាឥណទានឱ្យបានទាន់ពេលវេលា ដើម្បីគាំទ្រដល់ការស្តារ និងការធានានិរន្តភាព​របស់ក្រុមហ៊ុនអាជីវកម្មក្នុងស្រុក។សាជីវកម្មធានាឥណទានកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងបម្រើបាននូវសេចក្តីត្រូវ​របស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដែលកំពុងតែជួបបញ្ហាលំបាក នៅក្នុងដំណាក់​កាលនៃការរីករាលដាលជំងឺកូវីដ១៩ និងវិបត្តិអតិផរណា ហើយត្រូវការឥណទានពីធនាគារ ដើម្បីអាជីវកម្មរបស់ខ្លួន៕ អត្ថបទ៖ វណ្ណៈ

កម្ពុជា រំពឹងទាក់ទាញភ្ញៀវទេសចរបរទេស ក្រោយព្រឹត្តិការណ៍ស៊ីហ្គេមបានបញ្ចប់

2023/05/17 01:51:29 pm        505
ភ្នំពេញ៖ ភ្ញៀវទេសចរអន្តរជាតិ និងការវិនិយោគ នឹងហូរចូលមកកាន់កម្ពុជាកាន់តែច្រើនបន្ថែមទៀត ក្រោយព្រឹត្តិការណ៍ស៊ីហ្គេមត្រូវបានបញ្ចប់ប្រកបដោយភាពជោគជ័យ ដែលធ្វើឱ្យគេស្គាល់កម្ពុជា ពេញសាកលលោក ។ឧកញ៉ា លឹម ហេង អនុប្រធានសភាពពាណិជ្ជកម្មកម្ពុជា លើកឡើងនៅថ្ងៃទី ១៦ខែឧសភា ឆ្នាំ ២០២៣នេះថា ព្រឹត្តិការណ៍ស៊ីហ្គេម ជាមហាប្រវត្តិសាស្ត្រដែលកម្ពុជាមិនធ្លាប់មាន, ជាកិត្តិយសរបស់ជាតិទំាងមូល ដែលមិនអាចកាត់ថ្លៃបាន ព្រោះកីឡា ក្រៅពីនំាមកសុខភាព មិត្តភាព វានិងក្លាយជាពាណិជ្ជកម្ម និងសេដ្ឋកិច្ចនៅគ្រាបន្ទាប់។ឧកញ៉ា បន្តថា ជុំវិញកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតប្រជែងកីឡាស៊ីហ្គេមនេះ គឺជាឱកាសមួយដ៏ល្អសម្រាប់កម្ពុជា ដើម្បីបង្ហាញទៅដល់ថ្នាក់ដឹកនាំ ក៏ដូចជាប្រជាជននៅក្នុងតំបន់ និងអន្តរជាតិ មើលឃើញកម្ពុជាកាន់តែច្បាស់ ។ អ្នកចូលរួមមកពីបរទេសផ្សេងៗទៀត ពួកគាត់នឹងជួយផ្សព្វផ្សាយពីកម្ពុជាបន្ថែម ដោយយើងរំពឹងថា ក្រោយព្រឹត្តិ ការណ៍ស៊ីហ្គេមត្រូវបានបញ្ចប់ ប្រកបដោយភាពជោគជ័យ ភ្ញៀវទេសចរអន្តរជាតិ និងការវិនិយោគ នឹងហូរចូលមកកាន់កម្ពុជាកាន់តែច្រើនបន្ថែមទៀត ។ទាក់ទងភ្ញៀវទេសចរវិញលោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លើកឡើងថា ជុំវិញភ្ញៀវទេសចរនេះ តាមរយៈនៃព្រឹត្តិការណ៍សង្គ្រាន្តឆ្នាំថ្មី នាពេលកន្លងមកនេះ បានបង្ហាញឲ្យឃើញថា សន្ទុះភ្ញៀវទេសចរបានកើនឡើង គួរជាទីកត់សម្គាល់ ដែលមិនធ្លាប់មាន តាំងពីការផ្ទុះឡើងនៃវិបត្តិកូវីដ១៩ កន្លងមក។ចំណែកតាមរយៈនៃព្រឹត្តិការណ៍ស៊ីហ្គេមនេះទៀតសោត ដែលកម្ពុជាបានរៀបចំប្រកប​ដោយ​ជោគជ័យ និងកំពុងល្បីរន្ធឺ សុះសាយពាសពេញសាកលលោក នឹងធ្វើឲ្យកម្ពុជាអាច​ទទួលបានភ្ញៀវ​ទេសរណ៍ជាតិ និងអន្តរជាតិ កាន់តែច្រើនលើសពីការគ្រោងទុករបស់រាជរដ្ឋាភិបាល៕ អត្ថបទ៖ សុន រ៉ាឌី

ផ្សារភាគហ៊ុននិងប័ណ្ណធានាជំនួសប្រាក់ដុល្លាររបស់ទួរគី ដាំក្បាលចុះ ខណៈលោក Erdoganប្រឈមនឹងការបោះឆ្នោតជុំទី២

2023/05/16 09:30:49 am        184
ទួរគី៖ រូបិយ៍ប័ណ្ណលីរ៉ា(lira)របស់ប្រទេសទួរគីបានធ្លាក់ដល់កម្រិតទាបជិត២ខែមនេះ ប័ណ្ណធានាសម្រាប់ដុល្លាររបស់ខ្លួន និងការចំណាយលើការធានាស្ថានភាពចំពោះបំណុលរបស់ប្រទេសនេះ បានហក់ឡើង ខណៈការបោះឆ្នោតជ្រើសរើសប្រធានាធិបតីទំនងជានឹងបន្តទៅជុំទី២ ដោយក្នុងនោះ លោកប្រធានាធិបតី Tayyip Erdogan កំពុងកាន់អំណាច បាននាំមុខ។  ផ្សារភាគហ៊ុនរបស់ប្រទេសទួរគី ក៏បានធ្លាក់ចុះផងដែរ  ក្នុងនោះសន្ទស្សន៍ធនាគារដ៏សំខាន់បានធ្លាក់ចុះជាង៩%។ ប្រាក់លីរ៉ា បានធ្លាក់ចុះ១៩,៦៦ ធៀបទៅនឹងប្រាក់ដុល្លារអាមេរិក នៅម៉ោង១០និង៣៤នាទីម៉ោងសកល បន្ទាប់ពីបានកើនឡើង១៩,៧០ ក្នុងការជួញដូរដំបូង ដែលជាការធ្លាក់ចុះទាបបំផុតរបស់ខ្លួន ចាប់តាំងពីបានធ្លាក់ចុះទាបបំផុតចំនួន១៩,៨០ កាលពីខែមីនាឆ្នាំនេះ ក្រោយគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរបំផុត។ ការដាំក្បាលចុះនេះស្ថិតនៅដំណើរការសម្រាប់វគ្គជួញដូរដែលពុំមានលំនឹងរបស់ខ្លួនចាប់តាំងពីដើមខែវិច្ឆិកា។ ផ្សារហ៊ុនអ៊ីស្តង់ប៊ុលកំពុងជួញដូរទាបជាង២% បន្ទាប់ពីការធ្លាក់ចុះ ៦,៣៨% មុននេះបណ្តាលឱ្យមានការរង្គោះរង្គើទីផ្សារដ៏ធំ។យោងតាមប្រធានគណកម្មាការរៀបចំការបោះឆ្នោតជាន់ខ្ពស់ លោក Erdogan បាននាំមុខគូប្រជែងបក្សប្រឆាំងរបស់ខ្លួន គឺលោក Kemal Kilicdaroglu ក្នុងសំឡេងគាំទ្រ៤៩,៤% ទល់នឹងលោក Kilicdaroglu ដែលទទួលបានសំឡេងគាំទ្រ៤៤,៩៦% ស្របពេលដែលសន្លឹកឆ្នោតទើបតែរាប់បាន៩៩% ក្នុងការបោះឆ្នោតជុំទីមួយកាលពីថ្ងៃអាទិត្យ។ ការទទួលបានសំឡេងគាំទ្រនេះ បានតម្រូវឲ្យគណបក្សទាំង២ឈានចូលជុំទី២នៅថ្ងៃទី២៨ខែឧសភា ដោយលោក Erdoganជាបេក្ខភាពនាំមុខ៕

សម្តេចតេជោ ទាក់ទាញវិនិយោគិនទីម័រខាងកើត មកវិនិយោគលើវិស័យស្រូវ-អង្ករ

2023/05/15 11:51:19 am        577
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានទាក់ទាញវិនិយោគិនមកពីប្រទេសទីម័រខាងកើត មកវិនិយោគលើកវិស័យស្រូវ អង្ករនៅកម្ពុជា ដើម្បីកិនកែច្នៃ នាំចេញអង្ករ ទៅកាន់ប្រទេសទីម័រខាងកើត។ ជាមួយគ្នារាជរដ្ឋាភិបាលកម្ពុជា ត្រៀមខ្លួនជាស្រេចក្នុងការជួយទីម័រខាងកើតលើវិស័យកសិកម្ម។ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សាផ្នែកកសិកម្មជាង ៣ពាន់នាក់ នៅមជ្ឈមណ្ឌល​សន្និបាត និងពិព័រណ៍កោះពេជ្រ នៅថ្ងៃទី១៥ ខែឧសភា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សម្តេចមានបំណងចង់ឲ្យអ្នកវិនិយោគរបស់ទីម័រខាងកើត មកវិនិយោគនៅក្នុងប្រទេសកម្ពុជា បង្កើតរោងចក្រកិនស្រូវនាំអង្ករចេញទៅកាន់ទីម័រ ដោយឡែកកន្ទក់សម្រាប់ផលិតជាចំណីសត្វ។សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ “កម្ពុជា ផ្តល់ឱកាសឱ្យគាត់វិនិយោគមកកាន់ទីនេះ ដើម្បីបង្កើតរោងម៉ាស៊ីនកិនស្រូវ ឃ្លាំងស្តុក និងរៀបចំបណ្តាញប្រមូលទិញ រួចហើយ ផ្គត់ផ្គង់​អង្ករចូលទីម័រខាងកើត ដោយមានស្ថិរភាព ហើយខ្ញុំបានប្រាប់ពួកគាត់ថា អត់មានប្រទេសមួយ​ណាផ្តល់​ឱកាសបែបនេះ សម្រាប់ការវិនិយោគ១០០ភាគរយ ដោយរៀបចំម៉ាស៊ីនកិនស្រូវ ឃ្លាំងស្តុក និងរៀបចំបណ្តាញប្រមូលទិញ ហើយនាំទៅទាំងអង្ករ ទាំងចុងអង្ករ ទាំងកន្ទក់ ទាំងអង្កាមទៅចិញ្ចឹមសត្វនៅទីម័រ”។សូមបញ្ជាក់ថា ក្នុងជំនួបពិភាក្សាការងា កាលពីថ្ងៃទី៩ ខែឧសភា នៅប្រទេសឥណ្ឌូនេស៊ី សម្តេចតេជោ និង ឯកឧត្តម ថូរ ម៉ាតាន់ រួក (Taur Matan Ruak) នាយករដ្ឋមន្រ្តីនៃប្រទេស​ទីម័រខាងកើត បានលើកឡើងពីកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងទីម័រខាងកើត ដោយសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្តេចចង់ឲ្យទីម័រមានសន្តិសុខស្បៀង។អត្ថបទ៖ វណ្ណៈ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មនុស្សម្នាក់ស្លាប់ ខណៈ ២នាក់បាត់ខ្លួន ក្រោយលិចនាវាដឹកជនអន្តោប្រវេន៍ នៅម្ដុំកោះ Lampedusa របស់អ៊ីតាលី
06/30/2025 08:06 PM
មេដឹកនាំកូរ៉េខាងជើង ត្រូវបានឃើញគ្របមឈូសដោយទង់ជាតិ នៅក្នុងរូបភាពវីដេអូ
06/30/2025 08:06 PM
មន្ត្រី៖ ជម្លោះជាមួយអ៊ីស្រាអែល ឆក់យកជីវិតមនុស្សយ៉ាងតិច ៩៣៥នាក់ នៅអ៊ីរ៉ង់
06/30/2025 08:06 PM
ភាពតានតឹងរវាងរុស្ស៊ី និងអាស៊ែបៃហ្សង់ កើនឡើង ក្រោយវិមានក្រឹមឡាំង ថ្កោលទោសប្រតិកម្មរបស់ទីក្រុងបាគូ ចំពោះការចាប់ខ្លួន
06/30/2025 08:06 PM
ក្រសួងអភិវឌ្ឍន៍ចាត់ទុកការថែទាំផ្លូវជនបទជាការចាំបាច់ ដើម្បីលើកកម្ពស់ការរស់នៅរបស់ប្រជាជន
06/30/2025 07:06 PM
មនុស្សយ៉ាងតិច ១២នាក់ ស្លាប់ ខណៈច្រើននាក់នៅតែជាប់ក្នុងនោះ ក្នុងហេតុការណ៍ផ្ទុះរោងចក្រគីមី នៅឥណ្ឌា
06/30/2025 07:06 PM
អបអរសាទរ បងប្អូនពលករខ្មែរដែលទើបមកពីប្រទេសថៃចំនួន ៨៣នាក់ បានទទួលការងារភ្លាមៗនៅក្នុងខេត្តកោះកុង
06/30/2025 07:06 PM
រុស្ស៊ី៖ ការចំណាយលើវិស័យការពារជាតិរបស់អង្គការណាតូ មានហានិភ័យនាំឲ្យសម្ព័ន្ធភាពដួលរលំ
06/30/2025 07:06 PM
អ៊ីរ៉ង់៖ ខ្លួនមិនអាចធានាសុវត្ថិភាពឲ្យមន្ត្រីត្រួតពិនិត្យពី IAEA បានទេ ហើយផ្អាកកិច្ចសហប្រតិបត្តិការ
06/30/2025 07:06 PM
រដ្ឋមន្ត្រីការបរទេស៖ អ៊ីស្រាអែល «ចង់» ធ្វើឲ្យមានប្រក្រតីភាពនូវទំនាក់ទំនងជាមួយស៊ីរី និងលីបង់
06/30/2025 06:06 PM