ឯកឧត្តម ឌិត ទីណា ចុះត្រួតពិនិត្យស្ថានភាពដីសម្រាប់ផលិតកម្មដំណាំបន្លែដេីម្បីផ្គត់ផ្គង់ដល់កងទ័ព
សហព័ន្ធស្រូវអង្ករកម្ពុជា៖ កញ្ចប់អង្ករដែលមានរូបភាពស្រដៀងទៅនឹងទង់ជាតិប្រទេសថៃ មិនត្រូវបានបោះពុម្ពក្នុងប្រទេសកម្ពុជាឡើយ
ឯកឧត្តម ឌិត ទីណា បង្ហាញសក្តានុពលវិស័យកសិកម្មដល់អ្នកវិនិយោគមកពីកូរ៉េ ដើម្បីជំរុញទីផ្សារនាំចេញ
កម្ពុជាកំពុងត្រៀមលក្ខណៈនៃវិស័យ MSMEs សម្រាប់ការចាកចេញពីប្រទេស LDC

សេដ្ឋកិច្ច និង កសិកម្ម

សម្តេចតេជោ ស្នើឱ្យសិក្សារៀបចំបង្កើត ផ្សារបោះដុំ និងលក់រាយកសិផល

2023/05/15 11:36:45 am        457
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានស្នើឱ្យសិក្សារៀបចំបង្កើត ផ្សារបោះដុំ និងលក់រាយកសិផល តាមបណ្តារាជធានី-ខេត្ត ដើម្បីបង្កើតទីផ្សារសម្រាប់កសិកផលរបស់កសិករ និងជំរុញឱ្យការផលិត និងការចិញ្ចឹមសត្វ មានតម្លៃដើមទាប ដើម្បីប្រកួតប្រជែងក្នុងក្របខណ្ឌទីផ្សារ អនុញ្ញាតឱ្យកសិករប្រកួតប្រជែងជាមួយមុខទំនិញនាំចូល។ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សាផ្នែកកសិកម្មជាង ៣ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅថ្ងៃទី១៥ ខែឧសភា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ណែនាំ ការបង្កើតយន្តការទីផ្សារកសិផលនេះ ដើម្បីរូមចំណែកលើកកម្ពស់យន្តការទីផ្សារ សម្រាប់កសិផលរបស់កសិករពេលផលិតបាន ។សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ “ ត្រូវរៀបចំជំរុញលើកទឹកចិត្តឱ្យមានទីផ្សារ កន្លែងបោះដុំ និងលក់រាយកសិផល។យើងនៅភ្នំពេញក៏មានកន្លែងសម្រាប់កសិករយក​បន្លែទៅដាក់លក់ ហើយក៏មានអ្នកដែលចង់វិនិយោគផ្សារសម្រាប់ទទួលទិញ​ផលិតផល​របស់កសិករ”។សម្តេចតេជោ មានប្រសាសន៍ថា កម្ពុជា នៅមានបញ្ហាច្រើន ទាក់ទងនឹងបច្ចេកទេស ដោយ​សម្តេចតេជោ លើកទឹកចិត្តឱ្យមានការស្រាវជ្រាវ ជាមួយនឹងការរៀបចំយន្តការដើម្បីឆ្លើយតប ដើម្បី​អភិវឌ្ឍន៍វិស័យកសិកម្ម ជាពិសេស ការរៀបចំសមាគមកសិករ ដើម្បីធានាដល់ការផលិត និងបង្កើតកម្លាំងចរចាឬតថ្លៃរបស់កសិករ លើទីផ្សារ។ទាក់ទឹងតម្លៃប្រកួតប្រជែងកសិផលលើទីផ្សារ ប្រមុខរាជរដ្ឋាភិបាល ជំរុញឱ្យការផលិត និងការ​ចិញ្ចឹមសត្វ មានតម្លៃដើមទាប ដើម្បីប្រកួតប្រជែងក្នុងក្របខណ្ឌទីផ្សារ អនុញ្ញាតឱ្យកសិករ​ប្រកួតប្រជែង​ជាមួយមុខទំនិញនាំចូល ៕ អត្ថបទ៖ វណ្ណៈ

ម្រេចកម្ពុជាត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ប្រទេសចិន

2023/05/12 12:46:45 pm        295
ភ្នំពេញ៖ នាថ្ងៃទី១១ខែឧសភា រដ្ឋបាលគយនៃប្រទេសចិនបានបង្ហាញពីបញ្ជីឈ្មោះក្រុមហ៊ុនសហគ្រាសដែលបានចុះបញ្ជីនាំចេញគ្រឿងទេសកម្ពុជាទៅកាន់ប្រទេសចិន។ ទីតាំងដាំម្រេចចំនួន២៨កន្លែង និងរោងចក្រវេចខ្ចប់ចំនួន៧កន្លែង ត្រូវបានចុះបញ្ជីនិងទទួលបានការអនុញ្ញាតពីភាគីចិនក្នុងការនាំចេញ។ ដើម្បីពន្លឿនការអនុវត្តពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញម្រេចពីកម្ពុជាទៅប្រទេសចិន ដែលបានចុះហត្ថលេខារួមគ្នារវាងភាគីទាំងពីរចិន និងកម្ពុជាកាលពីខែវិច្ឆិកា ឆ្នាំ២០២២ រដ្ឋបាលគយ ស្ថានទូតចិនប្រចាំកម្ពុជា និងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទកម្ពុជា កាលពីថ្ងៃទី១០-១១ខែមេសាថ្មីៗនេះ បានធ្វើការពិនិត្យទីតាំងដាំម្រេច និងរោងចក្រវេចខ្ចប់ម្រេច ដោយតាមរយៈVideo Conference។ ដំណាំម្រេចគឺជាកសិផលដំបូងគេរបស់កម្ពុជា ដែលត្រូវបានអនុញ្ញាតឱ្យនាំចេញទៅ​ប្រទេសចិន​ក្នុងឆ្នាំ២០២៣នេះ ហើយក៏ជាដំណាំគ្រឿងទេសដំបូង​គេដែលត្រូវបាន​អនុញ្ញាតឱ្យនាំចេញ​ទៅកាន់ទីផ្សារចិនផងដែរ៕

ប្រទេសអេហ្ស៊ីប បានសម្រេចមិនយកពន្ធនាំចូលមាសរយៈពេល៦ខែ

2023/05/12 11:24:46 am        156
អេហ្ស៊ីប៖ប្រទេសអេហ្ស៊ីប កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសលើកលែងការនាំចូលមាសមិនបង់ពន្ធគយ និងការចំណាយផ្សេងទៀតសម្រាប់ពន្ធបន្ថែម ដែលនឹងរក្សាធ្វើឲ្យមានស្ថិរភាពលើទីផ្សារមាសខណៈមើលឃើញតម្លៃកើនឡើងខ្ពស់។ គណៈរដ្ឋមន្ត្រី និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថានាយករដ្ឋមន្ត្រីអេហ្ស៊ីបលោក Mostafa Madbouly បានធ្វើការសម្រេចដូច្នេះ ដែលនឹងអនុវត្តក្នុងរយៈពេល៦ខែចំពោះអ្នកដំណើរដែលនាំយកផលិតផលមាសមកពីបរទេស ប៉ុន្តែគជ់ខ្យង និងត្បូង ពុំរាប់បញ្ចូលនោះទេនៅក្នុងចំណាត់ការថ្មីនេះ។សេចក្តីថ្លែងការណ៍ ពុំបានបញ្ជាក់ច្បាស់ពីចំនួនមាសដែលត្រូវបានលើកលែងពន្ធនោះទេ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ បានរាយការណ៍ថា ប្រជាជនអេហ្ស៊ីប អាចចូលមកអាកាសយានដ្ឋាន ឬកំពង់ផែ ជាមួយមាសមិនយកពន្ធចំនួនរហូតដល់១៥០ក្រាម។ លោក Nady Naguid អគ្គលេខាធិការ វិស័យមាស នៅក្នុងសភាពាណិជ្ជកម្មទីក្រុងគែរ បាននិយាយថា សេចក្តីសម្រេចថ្មីនេះ គឺជាការល្អ ដើម្បីទាញយកបរិមាណមាសបន្ថែមទៀតនៅក្នុងទីផ្សារដើម្បីកាត់បន្ថយតម្លៃ ក្នុងពេលមានការរំខានចំពោះការលក់មាសនៅក្នុងប្រទេសអេហ្ស៊ីប ក្នុងពេលលើកមកពិចារណាពីកង្វះខាតប្រាក់ដុល្លារអាមេរិក។លោកនិយាយថា ការសាកល្បង នឹងចាប់ផ្តើម ដើម្បីនាំយកលទ្ធផលជាផ្លែផ្កាក្នុងរយៈពេល២ខែខាង    មុខ។ អ្នកជំនាញនិយាយថា បច្ចុប្បន្ននេះ មានការកើនឡើងតម្លៃមាសដែលពុំធ្លាប់មានពីមុនមក ដោយសារតែតម្រូវការខ្ពស់របស់ប្រជាជនអេហ្ស៊ីប ដែលគិតថាវាជាការវិនិយោគមានសុវត្ថិភាព ខណៈរូបីយប័ណ្ណក្នុងស្រុករបស់អេហ្ស៊ីប កំពុងមើលឃើញការធ្លាក់ចុះខ្លាំងទល់នឹងប្រាក់ដុល្លារ។

លោក Elon Musk និយាយថាលោករកបាននាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុន Twitter ហើយ

2023/05/12 11:20:53 am        95
អាមេរិក៖ លោក Elon Musk បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោករកបាននាយកប្រតិបត្តិថ្មីសម្រាប់ក្រុមហ៊ុនបណ្ដាញសង្គម Twitter ឬ X Corp ហើយ។ គេគឺមនុស្សស្រី ។ លោកពុំបានបញ្ជាក់ឈ្មោះរបស់ស្ត្រីរូបនេះទេ ប៉ុន្តែបាននិយាយថា ស្ត្រីរូបនោះ នឹងចាប់ផ្ដើមការងារក្នុងពេល៦សប្ដាហ៍ទៀត ។  លោក Musk ដែលបានទិញយកក្រុមហ៊ុន Twitter កាលពីរដូវស្លឹកឈើជ្រុះឆ្នាំមុននិងដឹកនាំរហូតមកដល់បច្ចុប្បន្ន បានទទូចជាយូរមកហើយថា លោកពុំមែនជានាយកប្រតិបត្តិអចិន្ត្រៃយ៍របស់ក្រុមហ៊ុននេះទេ។ មហាសេដ្ឋីម្ចាស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla រូបនេះ បាននិយាយនៅតាមបណ្ដាញសង្គម Twitter  កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា តួនាទីរបស់លោកនឹងប្រគល់ទៅឲ្យនាយប្រតិបត្តិរបស់ក្រុមហ៊ុន Twitter និង ប្រធានបច្ចេកវិទ្យា។  កាលពីពាក់កណ្ដាលខែវិច្ឆិកា ត្រឹមតែប៉ុន្មានសប្ដាហ៍បន្ទាប់ពីការទិញយកក្រុមហ៊ុនបណ្ដាញសង្គមមួយនេះ ក្នុងតម្លៃ៤៤ពាន់លានដុល្លារអាមេរិក លោកបានប្រាប់តុលាការរដ្ឋ Delaware សហរដ្ឋអាមេរិកថា លោកមិនចង់ធ្វើជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនណាមួយឡើយ។  លោក Muskបាននិយាយខណៈកំពុងផ្ដល់សក្ខីកម្មថា ខ្ញុំរំពឹងថានឹងកាត់បន្ថយពេលវេលារបស់ខ្ញុំនៅក្រុមហ៊ុន Twitter និង ស្វែងរកនរណាម្នាក់ដើម្បីគ្រប់គ្រងក្រុមហ៊ុននេះរហូតតទៅ។  ជាងមួយខែក្រោយមក លោកបានសរសេរនៅលើបណ្ដាញ Twitter ថា ខ្ញុំនឹងលាលែងពីតួនាទី ជានាយកប្រតិបត្តិក្រុមហ៊ុនភ្លាមៗ នៅពេលដែលខ្ញុំរកបានបុគ្គដែលមានសមត្ថភាពគ្រប់គ្រាន់គ្រប់គ្រងការងារនេះ។ ការសន្យារបស់លោកបានកើតឡើង បន្ទាប់ពីអ្នកប្រើប្រាស់បណ្ដាញសង្គមនេះ រាប់លាននាក់ បានស្នើឲ្យលោកចុះចេញពីតំណែង នៅក្នុងការស្ទង់មតិតាមTwitterដែលលោកបានបង្កើតដោយខ្លួនឯង និងបានសន្យាទទួលយកលទ្ធផលនេះ ៕

ពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាមានទំហំជាង ១៥ ពាន់លានដុល្លារអាម៉េរិក ក្នុងរយៈពេល៤ខែ

2023/05/11 10:11:56 am        180
ភ្នំពេញ៖ ពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា គិតត្រឹមរយៈពេល៤ខែដើមឆ្នាំ ២០២៣ នេះ មានទំហំទឹកប្រាក់សរុបប្រមាណជាង១៥ ពាន់លានដុល្លារអាម៉េរិក ក្នុងនោះកម្ពុជាបាននាំចេញ មានចំនួនជាង ៧ពាន់លានដុល្លារ ខណៈការនាំចូលមានទឹកប្រាក់ជាង ៨ពាន់លានដុល្លារ។អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញស្ថិតិការធ្វើ​ពាណិជ្ជកម្ម​ទំនិញសំខាន់ៗ ជាមួយប្រទេសសំខាន់ៗ ការធ្វើពាណិជ្ជកម្មទ្វេរភាគីរវាងកម្ពុជា-ចិន មានទំហំទឹកប្រាក់ជាង ៣ ៨៩៤ លានដុល្លារ ថមថយចុះប្រមាណជិត ១ ភាគរយ ទោះបីមានការ​ថមថយចុះបន្តិចបន្ទួចក៏ដោយ​ តែការនាំចេញរបស់កម្ពុជាទៅ ​កាន់ទីផ្សារចិន បានបន្តកើនឡើង​ប្រមាណជិត ៤ភាគរយ ។ ចំណែកការធ្វើពាណិជ្ជកម្មកម្ពុជា និងសហរដ្ឋអាមេរិកវិញ ​មានទំហំទឹក ប្រាក់ជាង ២ ៥២៤​លានដុល្លារ ​ថមថយជាង ១៦ភាគរយ ខណៈការធ្វើពាណិជ្ជកម្មជាមួយប្រទេសវៀតណាម មានទំហំទឹកជាង ២ ៤៣០ លានដុល្លារ កើនឡើងជាង ៥ ភាគរយ។ ចំណែកការធ្វើពាណិជ្ជកម្មទ្វេរភាគីរវាងកម្ពុជា-ថៃ វិញ នៅក្នុងរយៈពេល ៤ ខែ នេះដែរ មានទំហំទឹកប្រាក់ជាង ១ ៣៥២ លាន ដុល្លារ បានថមថយចុះជាង ៩ ភាគរយ ក្នុងនោះការនាំចេញរបស់កម្ពុជា បានកើនជាង ៣ ភាគរយ ។ ចំពោះពាណិជ្ជកម្មទ្វេរភាគី កម្ពុជា និងសិង្ហបុរី មានទឹកប្រាក់ជាង ៤៨០ លានដុល្លារ ក្នុងនោះកម្ពុជា​ក៏បាននំាចេញកើនឡើងជាង ៣៤៥ ភាគរយ, ខណៈការធ្វើពាណិជ្ជកម្មជាមួយឥណ្ឌូនេស៊ី មានទំហំ​ទឹក​ប្រាក់ជាង ៣៩២ លានដុល្លារ​ ដោយក្នុងនោះការនាំចេញរបស់កម្ពុជា ​ក៏មានការកើនឡើង ជាង ៦០ ភាគរយផងដែរ។សូមបញ្ជាក់ថា ក្រៅពីទីផ្សារសំខាន់ៗខាងលើ កម្ពុជាក៏មានការធ្វើពាណិជ្ជកម្មជាអន្តរជាតិ ទៅកាន់​ប្រទេសផ្សេងៗ​ជាច្រើនទៀតដូចជា ​ប្រទេសជប៉ុន, អាល្លឺម៉ង់, តៃវ៉ាន់, កាណាដា, កូរ៉េខាងត្បូង, ចក្រភពអង់គ្លេស, អេស្បាញ, ម៉ាឡេស៊ី, ប៊ែលហ្សិក, បារាំង, អូស្រ្តាលី, ឥណ្ឌា, ហូឡង់, ហុងកុង និង​ទៅកាន់ប្រទេសជាច្រើនផ្សេងទៀត​ ជាពិសេសជាមួយអេមីរ៉ាតអារ៉ាប់រួម ខណៈដែលកម្ពុជា-អេមីរ៉ាតអារ៉ាប់ រួម នឹងឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀង ​នាពេលឆាប់ៗខាងមុខនេះ ស្របពេលដែលក្រុមការងារចរចារបស់កម្ពុជា បានកំពុង ​ខិតខំយ៉ាងសកម្ម ក្នុងការរៀបចំ គាំទ្រ​ដល់ដំណើរការនៃការចរចាកិច្ចព្រមព្រៀងនេះ៕អត្ថបទ៖ សុន រ៉ាឌី

អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលអាករលើតម្លៃបន្ថែមបានជិត ២១ លានដុល្លារ

2023/05/05 02:17:52 pm        233
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលអាករលើតម្លៃបន្ថែម ពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក បានចំនួនជាង ៨៤ ប៊ីលានរៀល ត្រូវប្រមាណជិត ២១ លានដុល្លារ នៅក្នុងត្រីមាស ទី១ ដោយចំណូលប្រភេទនេះ បានរួមចំណែកយ៉ាងសំខាន់ ដល់ការប្រមូលចំណូលពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារ។អគ្គនាយកដ្ឋានពន្ធដារ, ក្នុងព្រឹត្តិបត្រព័ត៌មានប្រចាំសប្ដាហ៍ នៅថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២៣ បានបង្ហាញឲ្យដឹងថា ទាក់ទងប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូ ក្នុងនោះមាន​សហគ្រាស​ក្នុងវិស័យ e-Commerce ចំនួន ៧២ បានចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញ នៅ​អគ្គនាយកដ្ឋានពន្ធដារ និងមានសហគ្រាសចំនួន ២ផ្សេងទៀត ​ស្ថិតក្នុងដំណើរការស្នើសុំចុះបញ្ជី។និន្នាការកើនឡើង នៃការចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញ ដោយបុគ្គលអនិវាសនជន​ដែល​ធ្វើការ​ផ្គត់ផ្គង់ទំនិញ ឬសេវាឌីជីថលតាមប្រព័ន្ធអេឡិចត្រូនិកចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា។ នេះបានបង្ហាញពីភាពរីកចម្រើននៃវិស័យ e-Commerce ដែលទាមទារឱ្យអគ្គនាយកដ្ឋានពន្ធដារ ចាំបាច់ពង្រឹងការអនុវត្តអាករលើតម្លៃបន្ថែមចំពោះវិស័យនេះ ស្របតាមច្បាប់ និង​បទប្បញ្ញត្តិជាធរមាន ​ដើម្បីកៀរគរចំណូលពន្ធដារឱ្យកាន់តែកើនឡើងបន្ថែមទៀត។ដោយឡែកទាក់ទងការចុះបញ្ជីសហគ្រាសវិញ, ទោះបីជាស្ថានភាពសេដ្ឋកិច្ចសកលមានភាព​មិនប្រាក​ដប្រជាបញ្ហាសង្គ្រាមនៅប្រទេសមួយចំនួន ​ការកើនឡើងនៃអតិផរណា ដែលប៉ះពាល់​យ៉ាងខ្លាំងចំពោះសេដ្ឋកិច្ចសកល ​ក៏ដូចជាប្រទេសកម្ពុជាយ៉ាងណាក្តី ក្នុងនោះចំពោះចំនួន​សហគ្រាស​ដែលបានចុះបញ្ជី នៅតែមានកំណើនគួរឱ្យកត់សម្គាល់។ជាក់ស្តែងរយៈពេល ៣ ខែដើមឆ្នាំ២០២៣ សហគ្រាសថ្មីដែលបានចុះបញ្ជីពន្ធដារដោយជោគជ័យ មានចំនួន ៣ ៥៦៦ សហគ្រាស​ កើនឡើង ៣៣ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ ​ក្នុងនោះសហគ្រាសដែលស្នើសុំចុះបញ្ជីតាមរយៈថ្នាលបច្ចេកវិទ្យា ​CamDX មានចំនួន ៣ ១៧៩ សហគ្រាស និងសហគ្រាសដែលបានចុះបញ្ជីដោយផ្ទាល់នៅអគ្គនាយកដ្ឋាន​ពន្ធដារ​មានចំនួន ៣៨៧ សហគ្រាស។សូមបញ្ជាក់ថា នៅក្នុងរយៈពេល ៣ខែ ដើមឆ្នាំ ២០២៣ នេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូល​ចំណូលពន្ធ-អាករគ្រប់ប្រភេទបានចំនួន ៥ ៤៤២ ប៊ីលានរៀល ត្រូវជិត ១ ៣៤៤ លានដុល្លារ ស្មើជាង ៣៧ ភាគរយ ​នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ក្នុងនោះ​បើប្រៀបធៀបនឹងចំណូលពន្ធ-អាករ ក្នុងរយៈពេលដូចគ្នា ឆ្នាំ២០២២ ​ឃើញថា កើនឡើងចំនួនជិត ៣២៧ ប៊ីលានរៀល ត្រូវប្រមាណជា ៨០ លានដុល្លារ ៕អត្ថបទ៖ សុន រ៉ាឌី

គម្រោងសាងសង់កំពង់ផែពហុបំណងក្នុងខេត្តកំពត មានតម្លៃ ១៥០០លានដុល្លារ ឈានដល់ដំណាក់កាលចុះកិច្ចសន្យាឱ្យក្រុមហ៊ុនធ្វើការសាងសង់ហើយ

2023/05/05 10:52:37 am        478
ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាសាងសង់មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងកំពត រវាងក្រមហ៊ុន កំពត ឡូជីស្ទីក អេន ផត ឯ.ក និងក្រុមហ៊ុន ឆាយណា ហាបើរ អេនជីនារីង ខមភេនី អិលធីឌី( China Harbour Cambodia) ដើម្បីអនុញ្ញាតឱ្យក្រុមឆាយណា ហាបើរ ចាប់ផ្តើមធ្វើការសាងសង់នូវកំពង់ផែដ៏ថ្មីសន្លាងមួយនេះ។ពីធីនេះដែរបានធ្វើនៅសណ្ឋាគារ Hyatt Regency Phnom Penh ដែលបានធ្វើការចុះហត្ថលេខាដោយអ្នក​ឧកញ៉ា​ មាស ធំ អគ្គនាយកក្រុមហ៊ុនកំពត ឡូជីស្ទីក អេន ផត ឯ.ក និងលោកស្រី LAN QIULI នាយកគ្រប់គ្រងនៃការិយាល័យ China Harbour Cambodia រួមទាំងមានអ្នកចូលរួមជាច្រើនទៀតផងដែរ។គួរជម្រាបថា កំពង់ផែពហុបំណងកំពត បានបើកការដ្ឋានក្រោមអធិបតីភាពឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងដែនី នគរូបនីយកម្ម និងសំណង់តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២។ កំពង់ទឹកជ្រៅកម្រិតអន្តរជាតិដ៏ថ្មីសន្លាងនៅក្នុងខេត្តកំពតនេះ ត្រូវបានបើកការដ្ឋានជាផ្លូវការ​ជាមួយ​ទុនវិនិយោគដ៏សន្ធឹកសន្ធាប់ ១,៥០០លានដុល្លារអាមេរិក ដែលបានវិនិយោគដោយក្រុមហ៊ុន «កំពត ឡូជីស្ទីក អេន ផត» នៅលើមានផ្ទៃដីរហូតដល់ទៅ ៦០០ហិកតា មានទីតាំងនៅភូមិចង្ហោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត។កំពង់ផែនេះជាកំពង់ផែសមុទ្រទឹកជ្រៅតែមួយគត់របស់ក្រុមហ៊ុន កំពត ឡូជីស្ទីក អន ផត ឯ.ក ដែលមានលទ្ធភាពឱ្យនាវាផ្ទុកទំនិញទម្ងន់ចាប់ពី ៦០,០០០តោន ដល់ ១០០,០០០តោនអាចចូលសំចតបាន។ក្នុងការប្រតិបត្តិការអាជីវកម្មងាយស្រួលដល់អ្នកវិនិយោគទុនដូចជា ការនាំទំនិញចេញចូលក្នុង​ប្រទេស និងក្រៅប្រទេស ឬនាំទំនិញឆ្លងកាត់ទៅប្រទេសទីបីផងដែរ ដែលអាចឲ្យធ្វើចំណេញ​ទាំងពេលវេលា និងថវិកាដល់អ្នកវិនិយោគទុនទូទៅគ្រប់ប្រភេទ។បើតាមលោក Eddie k. Abbas ទីប្រឹក្សាអន្តរជាតិរបស់ក្រុមហ៊ុន កំពត ឡូជីស្ទីក អេន ផត ឯ.ក បានឱ្យដឹងថា ការសម្រេចចិត្តក្នុងការធ្វើការវិយោគនៅកម្ពុជា ដោយសារតែក្រុមហ៊ុន បានមើលឃើញពីការរីកចំរើនយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ទោះបីជា​ប្រទេសកម្ពុជា​បានរងនូវសំពាធនៃជំងឺកូវីដ តែស្ថេរភាពនៃសេដ្ឋកិច្ចនៅតែអាចដំណើរការបាន ដែលនេះជាកត្តាយ៉ាងសំខាន់ក្នុងទាក់ទាញអ្នកវិនិយោគ។លោក Eddie k. Abbas បានឱ្យដឹងទៀតថា ការដែលក្រុមហ៊ុនសម្រេចចិត្តក្នុងការធ្វើការ​វិនិយោគលើវិស័យដឹកជញ្ជូន និងទីតាំងស្តុកទំនិញនៅកម្ពុជានោះ ដោយសារក្រុមហ៊ុនមើលឃើញថា វិស័យដឹកជញ្ជូន និងទីតាំងស្តុកទំនិញនៅកម្ពុជា នៅមិនទាន់មានភាពល្អប្រសើរនៅឡើយ ហើយក្រុមហ៊ុនក៏ចង់ឃើញវិស័យដឹកជញ្ជូននៅកម្ពុជា មានលក្ខណៈល្អប្រសើរដូចក្នុងប្រទេសដ៏ទៃទៀត ជាពិសេសអាចធ្វើការប្រកួតប្រជែង​ជាមួយប្រទេសនៅក្នុងរតំបន់អាស៊ានបានផងដែរ។សូមបញ្ជាក់ដែរថា ក្រុមហ៊ុន កំពត ឡូជីស្ទីក អេន ផត ឯ.ក មានកំពង់ផែសមុទ្រទឹកជ្រៅតែមួយគត់ដែលជួយ សម្រួលដល់ការដឹកជញ្ជូនតាមសមុទ្រ ដែលទទួលបានភាពអនុគ្រោះពីធម្មជាតិ ដូចជា៖ កំពង់ផែមានជម្រៅទឹកជជាងគេ មានកោះជារបាំងខ្យល់ និងទឹករលកធំៗ ហើយមានទីតាំងស្ថិតនៅជិតក្នុងការដឹកជញ្ជូន​ចេញចូលក្នុងប្រទេស និងក្រៅប្រទេស ឬទំនិញឆ្លងកាត់ជាដើម។ក្រុមហ៊ុន បានសាងសង់ឡើងចាប់តាំងពីដើមឆ្នាំ២០២១ ហើយបាននឹងកំពុងពង្រីកជាបន្តបន្ទាប់។ បច្ចុប្បន្ននេះកំពង់ផែបានត្រៀមចំណតនាវាមួយចំនួនដែលនឹងបំពាក់ទៅដោយឧបករណ៍លើកដាក់ទំនើបៗ និងទាន់សម័យក្នុងការប្រតិបត្តិការការងារ។ ក្រុមហ៊ុនក៏បាននឹងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការលើកកម្ពស់​គុណភាពសេវាកម្មតាម​រយៈការបំពាក់ដោយគ្រឿងម៉ាស៊ីនទំនើបៗ និងបច្ចេកវិទ្យាថ្មីៗដើម្បីបង្កើន​សម្ថភាពនិងបន្តពង្រឹង​សមត្ថភាពដល់កម្មករនិងបុគ្គលិកជំនាញៗក៏ដូចជាការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មដើម្បីពន្លឿនប្រតិបត្តិការការងារដើម្បីកាត់បន្ថយពេលវេលាប្រើប្រាស់សម្រាប់អតិថិជន និងអ្នកប្រើប្រាស់កំពង់ផែផងដែរ៕

កម្ពុជានាំចេញកង់មានតម្លៃ ២៧៨លានដុល្លារ ក្នុងត្រីមាសទី១ឆ្នាំ២០២៣

2023/05/04 12:29:37 pm        346
ភ្នំពេញ៖ កម្ពុជាបាននាំចេញកង់តម្លៃ ២៧៨លានដុល្លារទៅកាន់ទីផ្សារបរទេសក្នុងត្រីមាសទី១ ឆ្នាំ ២០២៣ពោលគឺកើនឡើងជិត ២០ ភាគរយ ​ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។របាយការណ៍របស់ក្រសួងពាណិជ្ជកម្មបានបង្ហាញថា កង់ផលិតនៅប្រទេសកម្ពុជា ត្រូវបាននាំចេញ​ទៅកាន់សហភាពអឺរ៉ុប ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក ​កាណាដា ជប៉ុន និងចិន ។បច្ចុប្បន្ននេះ រោងចក្រកង់ចំនួនប្រាំកំពុងដំណើរការនៅក្នុងប្រទេសកម្ពុជា ដែលមានទីតាំងនៅ​តំបន់​សេដ្ឋកិច្ចពិសេសក្នុងក្រុងបាវិតភាគអាគ្នេយ៍នៃខេត្តស្វាយរៀង។កម្ពុជា បានក្លាយជាអ្នកផ្គត់ផ្គង់កង់ដ៏ធំបំផុតសម្រាប់ទីផ្សារសហភាពអឺរ៉ុប​ចាប់តាំងពីឆ្នាំ ​២០១៧ ដោយនាំមុខកោះតៃវ៉ាន់របស់ប្រទេសចិន ដែលបានកាន់កាប់តំណែងលេខមួយ​អស់រយៈពេល​ពីរទសវត្សរ៍។កង់​ក្លាយ​ជា​ផលិតផល​មិនមែន​សំលៀកបំពាក់​ដ៏​សំខាន់​មួយ​ដែល​ការ​នាំ​ចេញ​ ​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់។ នេះបើតាម ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ឯកឧត្តម លើកឡើង​ថា ការ​កើន​ឡើង​នៃ​ការ​នាំ​ចេញ​កង់ ​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ពី​ការ​ធ្វើ​ពិពិធ​កម្ម​ក្នុង​វិស័យ​ឧស្សាហ​កម្ម ពី​ការ​ប្រើ​កម្លាំង​ពលកម្ម​ដល់​ការ​ផលិត​កម្លាំង​ជំនាញ៕ អត្ថបទ៖ វណ្ណៈ 

អូស្ត្រាលី ជួយកម្ពុជា បង្កើតសួនកសិ-ឧស្សាហកម្ម ដើម្បីរួមចំណែកការកែច្នៃកសិផល

2023/05/04 12:20:46 pm        479
ភ្នំពេញ៖ រដ្ឋាភិបាលអូស្រ្តាលី កំពុងជួយកម្ពុជា ក្នុងការបង្កើតសួនកសិ-ឧស្សាហកម្ម ដើម្បីចូលរួមចំណែក លើកកម្ពស់ការកែច្នៃកសិផលផ្ទាល់ខ្លួន បង្កើនការប្រកួតប្រជែង សម្រាប់ទីផ្សារទាំងក្នុងស្រុក និងនាំចេញ។ស្ថានទូតអូស្រ្តាលី ប្រចាំនៅកម្ពុជា លើកឡើងថា ដើម្បីបង្កើនការប្រកួតប្រជែងកែច្នៃ និងបន្ថែមតម្លៃដល់ដំណាំសំខាន់ៗរបស់ខ្លួន ដូចជា ស្វាយចន្ទី ដំឡូងមី អង្ករ ស្វាយ ចេក និងបន្លែ សម្រាប់ទីផ្សារទាំងក្នុងស្រុក និងនាំចេញ កម្ពុជាចាំបាច់ត្រូវមានកន្លែងកែច្នៃកសិផលផ្ទាល់ខ្លួន។អូស្ត្រាលីកំពុងធ្វើការជាមួយកម្ពុជា ដើម្បីបង្កើតសួនកសិ-ឧស្សាហកម្ម (AIP) ដំបូងគេ ។ សួនកសិ-ឧស្សាហកម្មនេះ នឹងផ្តល់នូវ កន្លែងកែច្នៃកសិ-អាហារ ការស្រាវជ្រាវនិងអភិវឌ្ឍន៍ ការកសាងសមត្ថភាព ព្រមទាំងកន្លែងធ្វើការនិងបរិស្ថានប្រកបដោយសុវត្ថិភាពនិងបរិយាបន្ន ជាពិសេសសម្រាប់បុគ្គលិកជាស្ត្រី និងបុគ្គលិកដែលខ្វះខាត។យោងតាមការសិក្សាលទ្ធភាពឆ្នាំ ២០២២ របស់រដ្ឋាភិបាលកម្ពុជា សួនកសិ-ឧស្សាហកម្ម ត្រូវបានគេរំពឹងថា នឹងរួមចំណែកចំនួន ៥,១ពាន់លានដុល្លាអាមេរិច ដល់សេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០៤៥ និងបង្កើតការងារថ្មីរហូតដល់ ១០០ ០០០កន្លែង ដែលជាងពាក់កណ្តាលការងារនេះនឹងជារបស់ស្ត្រី។ថ្មីៗនេះ កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចឈានមុខរបស់ប្រទេសអូស្ត្រាលី ហៅថា CAPRED បានរៀបចំដំណើរ​ទស្សនកិច្ចសិក្សានៅប្រទេសអូស្ត្រាលី សម្រាប់គណៈកម្មាធិការ និងសមាជិកលេខាធិការដ្ឋាន សួនកសិ-ឧស្សាហកម្ម។ ពួកគេបានសិក្សាអំពីការគាំទ្ររបស់រដ្ឋាភិបាល ទំនាក់ទំនងសាធារណៈ ឧស្សាហកម្ម និងការស្រាវជ្រាវ សម្រាប់ការកសាងប្រព័ន្ធអេកូឡូស៊ី​ និងបញ្ហាប្រឈមនានាក្នុងការបង្កើត សួនកសិ-ឧស្សាហកម្ម។យោងតាមការសិក្សាដដែល កសិផលកម្ពុជា ៩៥% ត្រូវបានលក់ទៅតាមបណ្តាប្រទេសជិតខាងក្នុងអាស៊ាន ជាកសិផលដើមមិនទាន់កែច្នៃ? ប្រទេសទាំងនោះ បន្ទាប់ពីទិញកសិផលយកទៅ បានកែច្នៃវាទៅ​ជា​ផលិតផលមានតម្លៃជាងកសិផលដើម ដូចជាធ្វើទៅជា តំណាប់និងទឹកផ្លែឈើ នំស្រួយ អាហារទារក ម្សៅ និងជីវឥន្ធនៈជាដើម។អត្ថបទ៖ វណ្ណៈ

ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងជប៉ុន សម្រេចបានក្នុងទឹកប្រាក់ជាង ២ ៤០០លានដុល្លារ

2023/05/04 11:32:54 am        292
ភ្នំពេញ៖ គិតក្នុងឆ្នាំ២០២២ ការដោះដូរពាណិជ្ជកម្មទ្វេភាគី រវាងកម្ពុជា-ជប៉ុន សម្រេចបានក្នុង​ទំហំទឹកប្រាក់​សរុបប្រមាណជាង ២ ៤៥៤លានដុល្លារ ក្នុងនោះការនាំចេញពីកម្ពុជាទៅជប៉ុន មានទឹកប្រាក់ប្រមាណ​ ៥១៥លានដុល្លារ។​ ចំណែកការនាំចូលពីជប៉ុន មកកម្ពុជាវិញ មានទឹកប្រាក់​ប្រមាណជិត ២ ០០០លានដុល្លារ។ ផេកផ្លូវការរបស់ក្រសួងពាណិជ្ជកម្ម បានលើកឡើងថា តាមរយៈការចូលរួមរបស់កម្ពុជា ក្នុងព្រឹត្តិការណ៍ពិព័រណ៍កម្ពុជា​ និងពិព័រណ៍ពិភពលោក២០២៥ នៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីនៅថ្ងៃទី៣ ឧសភា ឆ្នាំ២០២៣នេះ បានរំពឹងទុកថា​ កិច្ចសហប្រតិបត្តិការវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍រវាងកម្ពុជា-ជប៉ុន ​នឹងកាន់តែមានវឌ្ឍភាពល្អឡើងថែមទៀត។តាមឯកឧត្តម ឈួន ដារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី​ និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានចាត់ទុកការចូលរួមពិព័រណ៍​កម្ពុជានៅពេលនេះ ជាការរួមចំណែកដ៏មានសារៈសំខាន់​បំផុត​ក្នុងការផ្សព្វផ្សាយ និងជំរុញផលិតផលខ្មែរ សេវាកម្ម ​គម្រោងវិនិយោគ និងវិស័យទេសចរណ៍កម្ពុជា ឱ្យកាន់តែមានការទទួលស្គាល់ក្នុងទីផ្សារជប៉ុន ​និងទីផ្សារអន្តរជាតិ។ ជាមួយគ្នានេះ ឯកឧត្តម បានជម្រាបជូនអង្គពិធី អំពីការត្រៀមលក្ខណៈរបស់កម្ពុជា ក្នុងការចូលរួម “ពិព័រណ៍ពិភពលោក ២០២៥” រយៈពេល ០៦ខែ នៅទីក្រុងអូសាកា ដែលតាមរយៈការចូលរួម​ពិព័រណ៍​ពិភពលោកនេះ ធ្វើឱ្យកម្ពុជាមានសិទ្ធិ ​ស្មើមុខស្មើមាត់ នៅលើឆាកអន្តរជាតិ ហើយ​ទំនាក់ទំនង​ការទូតរវាងកម្ពុជានិងប្រទេសម្ចាស់ផ្ទះ ​ក៏ដូចជារវាងបណ្តាប្រទេសអ្នកចូលរួម នឹងត្រូវ​បានពង្រឹង និងពង្រីកថែមទៀត។ លើសពីនេះទៀត ពិព័រណ៍ពិភពលោក ក៏នឹងផ្តល់ឱកាសឱ្យពាណិជ្ជករ ក្រុមហ៊ុន សហគ្រាសកម្ពុជា បានជួបចរចាផ្លាស់ប្តូរពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ទៅវិញទៅមក ជាអន្តរជាតិផងដែរ។ ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា នៅក្នុងពិព័រណ៍កម្ពុជាឆ្នាំ២០២៣នេះ មានរៀបចំកម្មវិធីសម្តែង​សិល្បៈបុរាណខ្មែរ និងតន្រ្តីសម័យ ហើយមានស្តង់ប្រមាណ ១០០ស្តង់ បានដាក់តាំងបង្ហាញ​ឯកសារផ្សព្វផ្សាយអំពីវិស័យពាណិជ្ជកម្ម វិនិយោគ វប្បធម៌ប្រពៃណីខ្មែរ និងទេសចរណ៍ ព្រមទាំងផលិតផលកសិកម្ម និងសិប្បកម្មខ្មែរ ដូចជា៖ អង្ករ ម្រេច ស្ករត្នោត កាហ្វេ នំស្រួយ សូត្រខ្មែរ ក្រម៉ាខ្មែរ ម្ហូបអាហារ និងវត្ថុអនុស្សាវរីយ៍ជាច្រើនទៀត ដើម្បីបង្ហាញដល់ភ្ញៀវជាតិ និងអន្តរជាតិ មកចូលរួមទស្សនា។ ក្នុងនោះ ទំនិញអង្ករ ម្រេច និងសូត្រខ្មែរ គឺជាផលិតផលដែលទទួលបានការចាប់អារម្មណ៍ខ្ពស់ និងការបញ្ជាទិញជាបន្តបន្ទាប់ ពីភ្ញៀវទេសចរ និងប្រជាជនជប៉ុន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋបាលរបស់លោក Trump គំរាមកាត់មូលនិធិទាំងអស់ពីសាកលវិទ្យាល័យ Harvard
07/01/2025 12:07 PM
ទីក្រុងហុងកុងប្រារព្ធខួបលើកទី២៨ នៃការប្រគល់ទីក្រុងទៅឲ្យប្រទេសចិន
07/01/2025 12:07 PM
ទូរទស្សន៍រដ្ឋកូរ៉េខាងជើង ចាក់ផ្សាយកម្មវិធីផ្តល់កិត្តិយសដល់ទាហានដែលបានស្លាប់នៅរុស្ស៊ី
07/01/2025 12:07 PM
លោក Putin ជំរុញការកសាងឡើងវិញនៅក្នុងតំបន់របស់អ៊ុយក្រែនដែលដណ្តើមយកបាន
07/01/2025 11:07 AM
មេបញ្ជាការ៖ ប្រទេសកូឡុំប៊ី បង្កើនវត្តមានកងទ័ពក្នុងការវាយលុកថ្មីប្រឆាំងក្រុមប្រដាប់អាវុធ
07/01/2025 11:07 AM
សហភាពអឺរ៉ុប៖ ការទិញសព្វាវុធរបស់សហរដ្ឋអាមេរិក នឹងជួយសម្រាលសង្រ្គាមពាណិជ្ជកម្ម
07/01/2025 11:07 AM
ប្រទេសចិន ថ្កោលទោសវោហាសាស្រ្តឯករាជ្យភាពបែបបង្ករឿងរបស់មេដឹកនាំកោះតៃវ៉ាន់
07/01/2025 11:07 AM
មនុស្សជិត ៥០នាក់ បានស្លាប់ដោយសារទឹកជំនន់ និងភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃនៅប៉ាគីស្ថាន
07/01/2025 11:07 AM
អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon ប្រឆាំងការកោះហៅសាកសួរក្នុងសំណុំរឿងច្បាប់អាជ្ញាសឹក
07/01/2025 11:07 AM
សេតវិមាន៖ លោក Trump ចុះហត្ថលេខាលើក្រឹត្យដើម្បីបញ្ចប់ទណ្ឌកម្មលើប្រទេសស៊ីរី
07/01/2025 11:07 AM