ឯកឧត្តម ឌិត ទីណា ចុះត្រួតពិនិត្យស្ថានភាពដីសម្រាប់ផលិតកម្មដំណាំបន្លែដេីម្បីផ្គត់ផ្គង់ដល់កងទ័ព
សហព័ន្ធស្រូវអង្ករកម្ពុជា៖ កញ្ចប់អង្ករដែលមានរូបភាពស្រដៀងទៅនឹងទង់ជាតិប្រទេសថៃ មិនត្រូវបានបោះពុម្ពក្នុងប្រទេសកម្ពុជាឡើយ
ឯកឧត្តម ឌិត ទីណា បង្ហាញសក្តានុពលវិស័យកសិកម្មដល់អ្នកវិនិយោគមកពីកូរ៉េ ដើម្បីជំរុញទីផ្សារនាំចេញ
កម្ពុជាកំពុងត្រៀមលក្ខណៈនៃវិស័យ MSMEs សម្រាប់ការចាកចេញពីប្រទេស LDC

សេដ្ឋកិច្ច និង កសិកម្ម

ក្រសួងពាណិជ្ជកម្មបើកកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យសេចក្តីព្រាងច្បាប់ ស្តីពីវិធានដើមកំណើតទំនិញ

2023/05/03 03:24:47 pm        211
ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យ​ពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពី វិធានដើមកំណើតទំនិញ ដើម្បីស្តាប់នូវសេចក្តី​រាយការណ៍​អំពីវឌ្ឍន៍ភាពនៃការរៀបចំ ក៏ដូចជាផ្តល់អនុសាសន៍នានា ​ដើម្បីឱ្យសេចក្តីព្រាងច្បាប់នេះ កាន់តែ​មាន​ភាពគ្រប់ជ្រុងជ្រោយ​ ដើម្បីត្រៀម​សម្រាប់កិច្ចប្រជុំពិនិត្យចុងក្រោយ។នៅក្នុងកិច្ចប្រជុំ កាលពីរសៀលថ្ងៃទី២ ខែឧសភានេះ ​ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងវាយ​តម្លៃខ្ពង់ចំពោះកិច្ចខិតខំប្រឹងប្រែង​របស់ក្រុមការងារក្រសួងពាណិជ្ជកម្ម ក្នុងការរៀបចំសេចក្តី​ព្រាងច្បាប់​ស្តីពីវិធានដើមកំណើតទំនិញ​ និងការពារបានជោគជ័យក្នុងកិច្ចប្រជុំជាបន្តបន្ទាប់ តាមនីតិវិធី ​និងបែបបទរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ​និងកិច្ចប្រជុំជាមួយក្រសួងយុត្តិធម៌ពាក់ព័ន្ធ​លើទោសប្បញ្ញត្តិមួយចំនួន។បន្ទាប់ពីបានពិនិត្យ និងពិភាក្សាតាមមាត្រានីមួយៗរួចមក ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍​ណែនាំដល់ក្រុមការងារឱ្យកែសម្រួល និងបន្ថែមខ្លឹមសារសំខាន់ៗមួយចំនួនឱ្យស្រប​ទៅ​តាមស្មារតី​នៃអង្គប្រជុំ ​ព្រមទាំងផ្តល់គោលការណ៍មួយចំនួនទៀតជូនក្រុមការងារ ដើម្បី​មាន​មូលដ្ឋាន​ក្នុងការចូលរួមកិច្ចប្រជុំពិនិត្យចុងក្រោយលើសេចក្តីព្រាងច្បាប់នេះនៅទីស្តីការគណៈរដ្ឋមន្ត្រី ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី៣ ខែឧសភានា ឆ្នាំ២០២៣នេះ៕

ព្រឹត្តិការណ៍ស៊ីហ្គេម ចូលរួមចំណែកជំរុញសេដ្ឋកិច្ចកម្ពុជាប្រសើរឡើងរ បង្ហាញសក្តានុពលវិនិយោគ

2023/05/02 12:42:02 pm        415
ភ្នំពេញ៖ អ្នកជំនាញសេដ្ឋកិច្ច មើលឃើញថា ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ នឹងជួយធ្វើឱ្យ​សកម្មភាពសេដ្ឋកិច្ចជាតិកាន់តែរស់រវើក​ អំពីតម្រូវការ​ និងការ​ផ្គត់ផ្គង់ ​ខណៈរដ្ឋាភិបាល​ត្រៀមកញ្ចប់​ចំណាយលើព្រឹត្តិការណ៍ ​ស៊ីហ្គេម ប្រមាណ​២០០លានដុល្លារម៉េរិក។ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា​ លើកឡើងថា ព្រឹត្តការណ៍ការប្រកួតកីឡា​អាស៊ីអាគ្នេយ៍ ​និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ ​ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាំមកនូវកិត្តិយស ការរឹតចំណង​មិត្តភាព និងសេដ្ឋកិច្ច ធ្វើឱ្យកម្ពុជាគឺជាប្រទេសមួយមានភាពអំណោយផល​គ្រប់​បែបយ៉ាង និងកំពុងផ្តល់នូវភាពទាក់ទាញយ៉ាងខ្លាំង ​នៅលើឆាកអន្តរជាតិ​។ឧកញ៉ា បានបន្តថា ​រាជរដ្ឋាភិបាលបានចំណាយថវិកាជាច្រើន បានបង្ហាញឲ្យឲ្យពិភពលោកស្គាល់​កម្ពុជា​កាន់ខ្លាំង, ចំណែកទាក់ទងវិស័យវិនិយោគវិញ រំពឹងថា កម្ពុជានឹងស្រូបយកការវិនិយោគ​កាន់តែច្រើន មកបណ្តាក់ទុនរកស៊ី នៅកម្ពុជាបន្ថែមទៀត។ជុំវិញព្រឹត្តិការណ៍នេះដែរ, ឯកឧត្តមបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច នៃរាជបណ្ឌិត្យ​សភាកម្ពុជា បានថ្លែងថា ចំពោះការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមនេះ កម្ពុជានឹងទទួលបាននូវផល​ចំណេញ​ជាច្រើន តាមរយៈការផ្សាយពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា ខណៈការប្រកួតកីឡានេះ​មាន​ការចូលរួមពីប្រទេសអាស៊ាន និងមានភ្ញៀវទេសចរណ៍អន្តរជាតិមកពីបណ្តាប្រទេសជាច្រើន​ទៀត បានស្គាល់ពីកម្ពុជា ។ នាពេលអនាគត កម្ពុជានឹងទទួលបានផលប្រយោជន៍យ៉ាងច្រើនលើសលុប តាមរយៈការ​ទាក់ទាញ​អ្នកវិនិយោគ រួមទាំងការទាក់ទាញភ្ញៀវទេសចរណ៍បន្ថែមទៀត ខណៈដែលប្រទេសដ៏ទៃៗទៀត​មិនអាចធ្វើដូចកម្ពុជាបាន។សូមរំលឹកថា នាពេលកន្លងមកនេះ ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមថវិកាប្រមាណជា ២០០ លានដុល្លារ សម្រាប់​ចំណាយលើការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣នេះ ក្នុងនោះថវិកាទាំងអស់ គឺកម្ពុជាមិនគិតដល់ការចំណាយ លើការសាងសង់ ពហុកីឡដ្ឋានជាតិមរតកតេជោប្រហែល ៣០ លានដុល្លារអាមេរិកបន្ថែមទៀតនោះឡើយ៕ អត្ថបទ៖ សុន រ៉ាឌី,

កសិករខេត្តតាកែវ នឹងរួមគ្នាពង្រីកការចិញ្ចឹមបង្កង ដើម្បីផ្គត់ផ្គង់ក្នុងស្រុក និងឈានទៅរកការនាំចេញ

2023/05/01 02:50:06 pm        167
តាកែវ៖ ប្រធានសមាគមអាជីវករបង្កងទឹកសាបខេត្តតាកែវ នឹងចងក្រងកសិករដែលចិញ្ចឹមបង្កទាំង​អស់នៅ​ខេត្តតាកែវ ដើម្បីរួមសហការពង្រឹកការចិញ្ចឹមបង្កងតាមបែបធម្មជាតិ ខណៈមុខរបរនេះអាចជួយ​ដល់កសិកររកចំណូលបានសមរម្យ ​និងរួមគ្នា ពង្រីកការចិញ្ចឹមបង្កងខេត្តតាកែវឲ្យកាន់បានកាន់​តែខ្លាំងក្លា ​សម្រាប់ការផ្គត់ផ្គង់ចូលទីផ្សារក្នុងស្រុក ​និងឈានទៅរកការនាំចេញ។លោក សាប់ សារុន ប្រធានសមាគមអជីវករបង្កងទឹកសាបខេត្តតាកែវ លើកឡើងនៅថ្ងៃទី ៣០ខែមេសា ឆ្នាំ២០២៣នេះថា បច្ចុប្បន្នខេត្តតាកែវ មានកសិករចិញ្ចឹមបង្កងប្រហែលជាង១០​គ្រួសារ នៅក្នុងតំបន់ផ្សេងៗគ្នា។ ដើម្បីជំរុញការចិញ្ចឹមបង្កងឲ្យបានកាន់តែខ្លាំងក្លាថែមទៀត លោកមានផែនការ​គៀងគរ​ដល់​កសិករចិញ្ចឹម នៅក្នុងខេត្តតាកែវទាំងអស់ ​ឲ្យចូលជាសមាគម​ ដើម្បីរួមគ្នាពង្រីកចិញ្ចឹម​បង្កង​ឲ្យបានកាន់តែច្រើន​សម្រាប់​ផ្គត់ផ្គង់​បង្កងចូលទីផ្សារ​ ឬការនាំចេញ ​នៅពេលអនាគត ខណៈបង្កង​ខេត្តតាកែវ មានឈ្មោះបោះសំឡេង​ល្បីល្បាញតាំងពីរយូរយាណាស់មកហើយ។លោក សាប់ សារុន បានបញ្ជាក់ឲ្យដឹងថា ​នាពេលកន្លងមកនេះ ​មានមន្រ្តីក្រសួង-ស្ថាប័នពាក់ព័ន្ធ​ជាច្រើនជាពិសេសឯកឧត្តម ​ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និងនេសាទ បាន​ចុះដល់មូលដ្ឋានចិញ្ចឹម​បង្កងរបស់លោក ​បានណែនាំ និងផ្តល់នូវបទពិសោធន៍ទាក់ទង​និង​ការចិញ្ចឹម និងបញ្ហាទីផ្សារមួយចំនួន ​ក្នុងគោលដៅជំរុញការចិញ្ចឹមបង្កងឲ្យមានការរីកចម្រើន។ លោក បានបន្តឲ្យដឹងទៀតថា ​នាពេលថ្មីៗនេះ​ ក្រសួងពាណិជ្ជកម្ម ​ក៏បានចុះបញ្ជីម៉ាកសម្គាល់​ភូមិសាស្ត្របង្កងខេត្តតាកែវ ​ដែលប្រការទាំងនេះបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ របស់​រាជរដ្ឋាភិបាល ក្នុងគោលដៅលើកកម្ពស់ដល់សហគមន៍មូលដ្ឋាន ក្នុងការពង្រឹកនូវមុខរបរការចិញ្ចឹម​បង្កងឲ្យកាន់តែខ្លាំងក្លា សម្រាប់ ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ​និងឈានទៅរកការនាំចេញ៕អត្ថបទ៖ សុន រ៉ាឌី

សម្តេចតេជោ៖ ការពង្រីកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីឆ្លើយតបទៅនឹងកំណើនទំនិញឆ្លងកាត់កើនឡើង

2023/05/01 02:28:03 pm        207
ព្រះសីហនុ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាក់ថា ការពង្រីកកំពង់ផែ​ស្វយ័តក្រុងព្រះសីហនុ ទៅជាកំពង់ផែទឹកជ្រៅ នឹងធ្វើឱ្យចំនួននាវាធំៗ​ចូលចតមានការ​កើនឡើង​ច្រើនជាងមុន ហើយធ្វើឱ្យតម្លៃនៃការចូលចតរបស់នាវា នឹងមានតម្លៃថោកជាងមុនផងដែរ។សម្តេចតេជោ ហ៊ុន សែន លើកឡើងបែបនេះ ក្នុងពិធីបើកការដ្ឋានសាងសង់ចំណតផែ​កុងតឺន័រថ្មី​ នៅ​កំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី ១ខែឧសភា នៅក្រុងព្រះសីហនុ។ប្រមុខរាជរដ្ឋាភិបាល បានមានប្រសាសន៍ថា ​ការកសាងផែទឹកជ្រៅ នឹងធ្វើឱ្យកាត់បន្ថយថ្លៃ​ប្រតិបត្តិការ​លើការធ្វើពាណិជ្ជកម្ម ​ហើយនឹងធ្វើឱ្យកាត់បន្ថយថ្លៃប្រតិបត្តិការលើការធ្វើពាណិជ្ជកម្ម និងធ្វើឱ្យកម្ពុជា ​មានលទ្ធភាពទទួលនាវាពី ១៨ភាគរយ ​ទៅដល់ជាង ៩០ភាគរយ។កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានផែនការអភិវឌ្ឍចំណតកំពង់ផែ​ ជាបីដំណាក់កាល ដោយ​នៅឆ្នាំ២០២៦ ចំណតផែកុងទីន័រថ្មី ជំហានទី១ ប្រវែង ៣៥០ ម៉ែត្រ ជម្រៅទឹក ១៤,៥ម៉ែត្រ មាន​សមត្ថភាពផ្ទុកកុងទីន័រឡើងដល់ ១,៤៥ លាន TEU ក្នុងមួយឆ្នាំ ។ចំណតផែកុងទីន័រថ្មី ជំហានទី២ នឹងដាក់អនុវត្តនៅឆ្នាំ២០២៨ និងចំណតផែកុងទីន័រថ្មី ជំហានទី៣ នៅឆ្នាំ២០២៩ ​ធ្វើឱ្យសមត្ថភាពផ្ទុកកុងទីន័រ ឡើងដល់ជាង ​២,៦៧លាន TEU​ក្នុងមួយឆ្នាំ។តាមរយៈផែនការអភិវឌ្ឍចំណតកំពង់ផែថ្មីនេះ ​នឹងអនុញ្ញាត​ឱ្យនាវាដឹកទំនិញទូទាំងពិភពលោក​ចូលចត​បាន ដោយពុំចាំបាច់ Transit នៅកំពង់ផែផ្សេងៗ​ ដោយលែងមានឧបសគ្គជម្រៅទឹក ជា​ពិសេសកាត់បន្ថយចំណាយថវិកា​ និងពេលវេលា​ដឹកជញ្ជូន​តាមសមុទ្រ និងបង្កើនភាពប្រកួត​ប្រជែង៕ អត្ថបទ៖ វណ្ណៈ 

កម្ពុជា-ជប៉ុន គិតរួមគ្នាកសាងអភិវឌ្ឍន៍កំពង់ផែស្វយ័តព្រះសីហនុ ​ទៅជាកំពង់ផែសេរី

2023/05/01 01:28:28 pm        241
ព្រះសីហនុ៖ ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានថ្លែងថា រដ្ឋាភិបាលប្រទេសកម្ពុជា និងប្រទេសជប៉ុន បានគិតរួមគ្នាកសាងកំពង់ផែស្វយ័តព្រះសីហនុ ទៅជាកំពង់ផែសេរី ​ដែលមានទំនាក់ទំនងគ្នារវាងកំពង់ផែ ​និងតំបន់សេដ្ឋកិច្ចពិសេស ។ក្នុងពិធីអបអរសាទរខួបលើកទី១៣៧ នៃទិវាពលកម្មអន្តរជាតិ០១ឧសភា, បើកការដ្ឋានសាងសង់​ចំណតផែកុងតឺន័រខេត្តព្រះសីហនុ ​និងខួបលើកទី៧០ ​នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឯកឧត្តម UENO Atsushi មានប្រសាសន៍ថា ទោះបីប្រតិបត្តិការនៅកំពង់ផែព្រះសីហនុ មានប្រសិទ្ធភាព ប៉ុន្តែការរីកចម្រើននៃទំនិញ កុងតឺន័រចេញចូលកំពង់ផែបានកើនឡើងទ្វេដង ក្នុងរយៈពេល៥ឆ្នាំ​កន្លងមកនេះ ធ្វើឲ្យចំណតផែមិនអាចផ្ទុកទំនិញអស់ ទើបសាងសង់ទីលានកុងតឺន័រថ្មី នៅលើកែមផែមានស្រាប់ និងចំណតផែកុងតឺន័រថ្មី ​តាមរយៈកម្រងកម្ចីប្រាក់យេន ។ឯកឧត្តមបន្តថា នៅពេលសាងសង់រួចរាល់ នាវាដឹកកុងតឺន័រធំៗ ដែលប្រតិបត្តិការរវាងអាមេរិក​ខាងជើង អឺរ៉ុប និងអាស៊ី ដែលរហូតមកដល់ពេលនេះ​ ពិបាកចូលកំពង់ផែ នឹងអាចធ្វើការចូល​ចតបាន ហើយនឹងចូលរួមចំណែកយ៉ាងធំធេង ​ក្នុងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា និងពង្រឹងការ​តភ្ជាប់​ក្នុងតំបន់ ខណៈរដ្ឋាភិបាលកម្ពុជា និងជប៉ុន កំពុងពិភាក្សាគ្នា ក្នុងការអភិវឌ្ឍកំពង់ផែនេះ ឲ្យក្លាយទៅជាកំពង់ផែសេរី ។ឯកឧត្តមអគ្គរដ្ឋទូតជប៉ុន បានបន្ថែមថា បច្ចុប្បន្ននេះផ្សារទំនើបអ៊ីអន កំពុងសាងសង់មជ្ឈមណ្ឌល​ពិពិធកម្ម​ពហុបំណង ​សម្រាប់កម្រងសាកល្បង ​នៅតំបន់សេដ្ឋកិច្ចពិសេស​ ដែលជាប់នឹងកំពង់ផែ ជាមួយ​នឹងការរំពឹងប្រើប្រាស់កំពង់ផែព្រះសីហនុ ​ជាមជ្ឈមណ្ឌលកណ្ដាលសម្រាប់តំបន់អាស៊ី នាពេលអនាគត ។ឯកឧត្តម UENO Atsushi បានបញ្ជាក់ថា ក្រុមហ៊ុនកំពុងធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បី​ពិចារណាលើប្រព័ន្ធដឹកជញ្ជូនស្ដង់ដារពិភពលោក ​ការសម្រេចនូវគោលគំនិតរបស់ក្រុមហ៊ុននេះ មិនត្រឹមតែរួមចំណែកអភិវឌ្ឍន៍​កំពង់ផែព្រះសីហនុបន្ថែមទៀត ប៉ុណ្ណោះទេ ប៉ុន្តែក៏អាចពង្រីក​ការវិនិយោគ ​ពីប្រទេសជប៉ុនមកកម្ពុជាផងដែរ និងសូមស្នើឲ្យមានការជួយជ្រោមជ្រែងពីភាគី​ពាក់ព័ន្ធរបស់កម្ពុជាទាំងអស់ ៕ អត្ថបទ បាន សុខរិទ្ធិ

រដ្ឋមន្រ្តីកសិកម្ម បង្ហាញបំណងជូនភាគីចិន អំពីពង្រឹងគុណភាពផលិតផលខ្មែរ ដើម្បីពង្រីកការនាំចេញ

2023/04/28 01:16:42 pm        244
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ នៅថ្ងៃទី២៧ មេសា ឆ្នាំ២០២៣កន្លងទៅ បានទទួលជួបសម្តែងការគួរសមជាមួយក្រុមជំនាញការនៃ មជ្ឈមណ្ឌលសហប្រតិបត្តិការសេដ្ឋកិច្ចក្រៅប្រទេស (FECC) នៃក្រសួងកសិកម្ម និងកិច្ចការអភិវឌ្ឍចិន ដើម្បីពិភាក្សាការងារមួយចំនួន។នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណសម្រាប់កិច្ចសហប្រតិបត្តិការ​ក្នុងការចូលរួម​អភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា។ ជាមួយគ្នានេះដែរ ឯកឧត្តម បាន​លើកបញ្ជាក់អំពីទិសដៅរបស់ក្រសួងគឺធ្វើយ៉ាងណាសម្រេចបាននូវសន្តិសុខស្បៀង សុវត្ថិភាព​ស្បៀង និងមាននិរន្តរភាពសេដ្ឋកិច្ច។ ទាក់ទងនឹងការងារនេះ គឺកម្ពុជា នឹងមិនប្រកួតប្រជែងលើបរិមាណទេ ​តែនឹងប្រកួតលើគុណភាព ដើម្បីទទួលបានផលចំណេញដោយគិតគូរដល់បរិស្ថាន (Eco-Friendly) គឺមិនប៉ះពាល់​ដល់ព្រៃឈើឡើយ។បើតាម ឯកឧត្តមរដ្ឋមន្ត្រី គឺក្រសួងនឹងជំរុញការផលិតផលិតផលកសិកម្មប្រកបគុណភាព សុវត្ថិភាព​អនាម័យ SPS សម្រាប់នាំចេញទៅប្រទេសចិន ហើយដែលការងារនេះទាមទារ​ឱ្យមាន​នូវ​បច្ចេកទេស ផែនការអាជីវកម្ម ​និងយុទ្ធសាស្ត្រច្បាស់លាស់ ព្រមទាំងអនុវត្តស្របតាម​គោល​នយោបាយដែលក្រសួងបានដាក់ចេញ៕អត្ថបទ ឈិត បូរ៉ាវី

អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលក្នុងខែមីនា បានហក់ឡើងខ្ពស់

2023/04/27 05:29:41 pm        315
ភ្នំពេញ៖ នៅក្នុងខែ មីនា ឆ្នាំ ២០២៣ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទ បានហក់ឡើងខ្ពស់គួរជាទីគត់សម្គាល់ ក្នុងចំនួនប្រមាណជាង ៣ ២៥៨ ប៊ីលានរៀល ត្រូវជាង ៨០៤ លានដុល្លារ ស្មើនឹង ២២,៥២% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៣ ។ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក​ជាអគ្គនាយក លើកឡើងក្នុងកិច្ច ប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែ មីនា និងត្រីមាសទី១ ឆ្នាំ ២០២៣ នៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២៣នេះថា ចំណូលពន្ធប្រចាំខែ មីនា ឆ្នាំ ២០២៣ និងនៅក្នុងរយៈពេល ៣ខែដើមឆ្នាំ ២០២៣ បានហក់ឡើងខ្ពស់ ​ដោយសារជារៀងរាល់ឆ្នាំ ខែ មករាដល់ ខែមីនា គឺជារដូវកាលនៃការប្រកាស​ និងបង់ប្រាក់ពន្ធលើប្រាក់ចំណូល ឬខាតរបស់​សហគ្រាសនាឆ្នាំកន្លងមកប្រចាំឆ្នាំ ដែលឆ្លុះបញ្ចាំងអំពីសកម្មភាពអាជីវកម្មថារកបានចំណេញ ការប្រកាស និងបង់ប្រាក់ពន្ធលើប្រាក់ចំណូលសម្រាប់ឆ្នាំ២០២២ ​បានទទួលនូវលទ្ធផលល្អប្រសើរ ដោយសារប្រព័ន្ធពន្ធដារ E-Filing និង ToI E-Filing មានភាពរឹងមាំនិងមានតម្លាភាព ដែលជាយន្តការយ៉ាងសំខាន់ ក្នុងការពង្រឹងការផ្ទៀងផ្ទាត់ការដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធ (Cross check)។ជាក់ស្តែងការប្រមូលចំណូល នៅក្នុងខែ មីនា ឆ្នាំ ២០២៣ ចំណូលពន្ធ-អាករគ្រប់ប្រភេទ ដែល​អគ្គនាយកដ្ឋានពន្ធដារប្រមូលបានតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ របស់អគ្គនាយកដ្ឋានពន្ធដារមានចំនួនជាង ៣ ២៥៨ ប៊ីលានរៀល ត្រូវប្រមាណជា ៨០៤ លានដុល្លារ ស្មើនឹង ២២,៥២% ក្នុងនោះបើប្រៀបធៀបនឹងចំណូលពន្ធ-អាករប្រចាំខែ មីនា ឆ្នាំ២០២២ ឃើញថាកើនឡើងចំនួនជាង ២១៧ ប៊ីលានរៀល ត្រូវជិត ៥៤លានដុល្លារ ស្មើនឹង ៧,១៦%។ ចំណែកចូលសរុបរយៈពេល ៣ខែ ឆ្នាំ២០២៣ ចំណូលពន្ធ-អាករ អគ្គនាយកដ្ឋានពន្ធដារ មានចំនួន ៥ ៤៤២ប៊ីលានរៀល ត្រូវជិត ១ ៣៤៤លានដុល្លារ ស្មើនឹង ៣៧,៦៣% នៃផែនការច្បាប់ស្តីពី​ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ក្នុងនោះបើប្រៀបធៀបនឹងចំណូលពន្ធ-អាករ​ក្នុងរយៈពេលដូចគ្នា ឆ្នាំ២០២២ ឃើញថា កើនឡើងចំនួនជិត ៣២៧ ប៊ីលានរៀល ត្រូវប្រមាណជា ៨០ លានដុល្លារ ស្មើនឹង ៦,៣៩%។ឯកឧត្តម គង់ វិបុល បានបញ្ជាក់ថា នៅក្នុងរយៈពេល ៣ ខែនេះដែរ ទោះបីចំណូលមាន​ការកើនឡើង តែការប្រមូលបំណុលពន្ធមានការថមថយ ធៀបជាមួយនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ និងជួបប្រទះបញ្ហាប្រឈម ដោយសារមានសហគ្រាសខ្លះបាន បន្តយកលេសពីស្ថានភាព​នៃភាពមិនប្រាកដប្រជា និងការប្រែប្រួលនូវបរិបទសេដ្ឋកិច្ចសកល ហើយព្យាយាមពន្យារពេល​ឬគេចវះ ពីការបង់បំណុលពន្ធ។ ទន្ទឹមនឹងនេះ សហគ្រាសដែលធ្លាប់ទទួលបានការអនុញ្ញាតឱ្យបង់ជាដំណាក់កាល ក៏មានការ​យឺតយ៉ាវ​ក្នុងការបង់បំណុលពន្ធ ​និងបន្តស្នើសុំពន្យារពេលបង់ពន្ធតាម​កាលកំណត់ផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

ធនាគារកាណាឌីយ៉ាបើកសាខាធនាគារវៃឆ្លាតថ្មី នៅសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ

2023/04/26 01:19:17 pm        307
ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែមេសានេះ ធនាគារកាណាឌីយ៉ា បានដាក់សម្ពោធអោយប្រើប្រាស់​ជាផ្លូវការនូវសាខាឆ្លាតវៃទី៣ ក្នុងសង្កាត់ស្ទឹងមានជ័យ ផ្លូវលេខ២១៧ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ នាយកប្រតិបត្តិធនាគារ កាណាឌីយ៉ា ថ្លែងថា សាខាធនាគារវៃឆ្លាតនេះ គឺមានបំពាក់សម្ភារៈប្រព័ន្ធ​ឌីជីថល ដាក់-ដក ទូទាត់ ផ្ទេរសាច់ប្រាក់ស្វ័យប្រវត្តិ ដែលផ្តល់ភាពងាយស្រួលជាងគេ នៅ​ប្រទេសកម្ពុជា។ក្នុងឱកាសបើកសាខាធនាគារកាណាឌីយ៉ាវៃឆ្លាតថ្មីស្ទឹងមានជ័យនេះ លោក Raymond Sia នាយកប្រតិបត្តិ និងក្រុមប្រឹក្សាភិបាល នៃធនាគារ កាណាឌីយ៉ា បានថ្លែងថា អស់រយៈពេលជាង ៣២ឆ្នាំមកហើយ ដែលធនាគារកាណាឌីយ៉ា​បានបើកដំណើរផ្តល់សេវាហិរញ្ញវត្ថុ​នៅក្នុង​ប្រទេសកម្ពុជា មានស្ថេរភាពហិរញ្ញវត្ថុរឹងមាំ ​និងរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ។លោកបន្តថា ធនាគារកាណាឌីយ៉ា សាខាស្ទឹងមានជ័យ គឺជាសាខាទី៦៨ ដែលសាខានេះមានផ្តល់​សេវាធនាគារពេញលេញ បំពាក់ដោយម៉ាស៊ីនស្វ័យសេវាធនាគារ ដូចជា ម៉ាស៊ីនឌីជីថលបង្កើត​គណនីដោយខ្លួនឯងបំពាក់ម៉ាស៊ីន CRM ដាក់ប្រាក់ ដកប្រាក់ និងដាក់មូលប្បទានប័ត្រ បំពាក់ម៉ាស៊ីនបោះពុម្ភកាតSEM ដែលអាចទទួលបានកាតឥណពន្ធពីធនាគារ កាណាឌីយ៉ា ក្នុងរយៈពេលខ្លី ព្រមទាំងមានបំពាក់ម៉ាស៊ីន ATM សម្រាប់ដាក់-ដកប្រាក់ជាច្រើនគ្រឿង​ជាដើមផងដែរ។ លោក Raymond Sia បន្តថា សេវាកម្មក្នុងសាខាឆ្លាតវៃថ្មីនេះ ក៏បានរៀបចំឱ្យស្របនឹងតម្រូវការ​ហិរញ្ញវត្ថុរបស់អតិថិជន ដែលមានដូចជា ការបើកគណនីប្រើប្រាស់ម៉ាស៊ីនស្វ័យសេវាធនាគារ ការស្នើសុំកម្ចីឥណទានសម្រាប់សហគ្រាសធនតូច ​និងមធ្យម សេវាកម្មផ្ទេរប្រាក់ក្នុង ឬក្រៅស្រុក ឬសេវា​បើកប្រាក់បៀវត្សសម្រាប់អាជីវកម្ម ​និងសាជីវកម្មផងដែរ ហើយកាន់តែងាយស្រួល អតិថិជន​អាចប្រើប្រាស់ប្រតិបត្តិការហិរញ្ញវត្ថុប្រចាំថ្ងៃ ​តាមតម្រូវការរបស់ខ្លួន តាមរយៈប្រើប្រាស់កម្មវិធី Canadia Bank App ជំនាន់ថ្មី ទូទាត់សាច់ប្រាក់មានភាពរហ័សផងដែរ។ក្នុងឱកាសនេះលោក ក៏បានថ្លែងអំណរគុណអតិថិជន​ទាំងអស់ ដែលតែងតែបន្តផ្តល់ទំនុកចិត្ត និង​ជ្រើសរើសធនាគារកាណាឌីយ៉ា ជា “ធនាគារជម្រើសដំបូង និងជាដៃគូហិរញ្ញវត្ថុ” ដែលធ្វើធនាគារ​បន្តការប្តេជ្ញាក្នុងការនាំយកនូវផលិតផល និងសេវាកម្ម ដើម្បីធានានូវលទ្ធភាពទទួលបានសេវា​កម្មហិរញ្ញវត្ថុល្អបំផុតសម្រាប់ប្រជាជនកម្ពុជា ទូទាំងប្រទេស៕ អត្ថបទ ស៊ុម សុខជា

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសម្ពោធរោងចក្រផលិតខ្សែបង្គុំគ្រឿងអេឡិចត្រូនិករថយន្ដ នៅក្រុងច្បារមន

2023/04/26 10:32:59 am        331
កំពង់ស្ពឺ៖ ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការរោងចក្រផលិតខ្សែបង្គុំគ្រឿង​អេឡិចត្រូនិករថយន្តរបស់ក្រុមហ៊ុនយ៉ូរ៉ា ហាណេស ខេមបូឌា (Yura Harness Cambodia) ស្ថិតក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ។សូមជម្រាបជូនថា រោងចក្រ Yura Harness Cambodia ត្រូវបានសាងសង់ឡើងមានផ្ទៃក្រឡាសរុប ១៧,៥០០ម៉ែត្រការ៉េ និងមានបុគ្គលិកចំនួនប្រមាណ ១,១០០ នាក់ ដើម្បីផលិតខ្សែភ្លើងចំនួន ១១៥,០០០ ក្នុងមួយឆ្នាំ ក្នុងទុនវិនិយោគសរុបប្រមាណ ១៥លានដុល្លារអាម៉េរិក ខ្សែភ្លើងទាំងអស់​ដែលផលិតនៅទីនេះ នឹងត្រូវនាំចេញទៅកាន់ប្រទេសកូរ៉េ ដើម្បីដំឡើងនៅក្នុងក្រុមហ៊ុរថយន្ដ Hyundai motor និង Kia motors ដែលនឹងជួយរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់​ពាណិជ្ជកម្ម​រវាង​ប្រទេសកូរ៉េ និងកម្ពុជា។ខ្សែភ្លើងគឺជាប្រព័ន្ធខ្សែដែលបញ្ជូន និងទទួលថាមពលអគ្គីសនី និងសញ្ញាអគ្គិសនីដល់ផ្នែក នីមួយៗនៃរថយន្ដ ហើយដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការនិងគុណភាពរបស់រថយន្ដ។ លើសពីនេះ វាក៏ជាផលិតផលដ៏ស្មុគស្មាញដែលទាមទារការកែច្នៃ ,ការផ្គុំវត្ថុធាតុដើមរាប់ពាន់មុខ និងកម្លាំងពលកម្មជំនាញ៕

កម្ពុជានាំចេញអង្ករទទួលបានចំណូលជាង ១២៦លានដុល្លារ ក្នុងត្រីមាសទី១

2023/04/26 09:46:59 am        390
ភ្នំពេញ៖ កម្ពុជាបាននាំចេញអង្ករសរុបចំនួនជាង ១៧ម៉ឺនតោន ក្នុងត្រីមាសទីមួយនៃឆ្នាំនេះ ដោយទទួលបានប្រាក់ចំណូលប្រមាណជាង ១២៦ លានដុល្លារអាមេរិក។របាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា បាននិយាយកាលពីថ្ងៃពុធថា ការនាំចេញអង្ករ​បាន​កើនឡើង ៣,៥ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។អង្ករដែលនាំចេញរួមមាន អង្ករក្រអូប អង្ករសគ្រាប់វែង អង្ករសម្រូប និងអង្ករសរីរាង្គ។អង្ករកម្ពុជា ត្រូវបាននាំចេញទៅកាន់ប្រទេស និងតំបន់ចំនួន ៤១។ ប្រទេសចិន នៅតែជាអ្នកទិញអង្ករកំពូលរបស់កម្ពុជា ដោយបានទិញអង្ករចំនួន ជាង៨,៤ ម៉ឺនតោន ឬ ៤៨ ភាគរយនៃការនាំចេញអង្ករសរុបរបស់កម្ពុជានៅក្នុងត្រីមាសទីមួយ។ ចំណែកទីផ្សារអឺរ៉ុប តំណាង ៣៨ភាគរយ ។ដោយឡែកបរិមាណស្រូវ ដែលបាននាំចេញចំនួន ជាង ១,៥ លានតោន ទៅកាន់ប្រទេសវៀតណាម ទទទួលបានចំណូលជាង ៣៩០លានដុល្លារ។នៅឆ្នាំ២០២២ កម្ពុជាបាននាំចេញអង្ករជាង ៦៣ម៉ឺនតោន ទៅកាន់ប្រទេសចំនួន៥៩ រកចំណូលបាន ៤១៤លានដុល្លារ ខណៈចំណូលពីការនាំចេញស្រូវមាន ៨៤១លានដុល្លារ។សហព័ន្ធស្រូវអង្ករកម្ពុជា បានកំណត់គោលដៅប្រកបដោយ​មហិច្ឆិតា ក្នុងការនាំចេញអង្ករយ៉ាងតិច​មួយលានតោននៅឆ្នាំ២០២៥ ដែលកើនឡើងជាង៥០ភាគរយ បើធៀបនឹងតួលេខនាំចេញ​នៅឆ្នាំ២០២២។អត្ថបទ៖ វណ្ណៈ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រជាជនអ៊ុយក្រែន ៥៦ភាគរយ ចង់ឲ្យ «ព្រមសម្បទាន» ដើម្បីបញ្ចប់សង្រ្គាមជាមួយរុស្ស៊ី
07/01/2025 04:07 PM
ឥណ្ឌាកំពុងសម្លឹងមើលប្រព័ន្ធការពារដែនអាកាស S-500 របស់រុស្ស៊ី
07/01/2025 04:07 PM
ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់៖ អារ៉ាប៊ីសាអ៊ូឌីត បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការទប់ស្កាត់ការកើនឡើងភាពតានតឹង
07/01/2025 04:07 PM
ការវាយប្រហាររបស់អាមេរិកលើអ៊ីរ៉ង់ អាចនាំឲ្យមានជំនួបកំពូលមួយទៀតរវាងលោកTrump និងលោក Kim Jong-un
07/01/2025 04:07 PM
តំណាងអចិន្ត្រៃយ៍ប្រចាំUN៖ អ៊ីស្រាអែលបានបាញ់ទម្លាក់យានដ្រូនអ៊ីរ៉ង់ជាង ១.០០០គ្រឿង
07/01/2025 03:07 PM
អ្នកការទូតប៉ាឡេស្ទីន ចោទប្រកាន់អ៊ីស្រាអែលថា បានធ្វើឲ្យខូចកិច្ចប្រឹងប្រែងឆ្ពោះទៅរកការស្ដារហ្កាហ្សាឡើងវិញ
07/01/2025 03:07 PM
លោក Kellogg៖ អាមេរិកជំរុញឲ្យរុស្ស៊ី យល់ព្រមលើបទឈប់បាញ់អ៊ុយក្រែន និងកិច្ចចរចាត្រីភាគី
07/01/2025 03:07 PM
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បន្តរបបទណ្ឌកម្មលើប្រទេសកុងហ្គោ
07/01/2025 03:07 PM
មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោ ផ្តល់ថវិកាសរុប ១២០ លានរៀល ដល់ធុរកិច្ចថ្មីជាប់វគ្គផ្តាច់ព្រ័ត្ររដូវកាលទី៤
07/01/2025 03:07 PM
មន្ត្រីរាជការ ព្រះសង្ឃ និងពលរដ្ឋ គាំទ្រសំណើសម្ដេចតេជោធ្វើវិសោធនកម្មច្បាប់ដកសញ្ជាតិក្រុមជ្រុលនិយម
07/01/2025 03:07 PM