តំណាងអយ្យការចោទប្រកាន់ជនសង្ស័យម្នាក់យករូបថ្នាក់ដឹកនាំធ្វើជាប្រូហ្វាល់ ជាមធ្យោបាយគំរាមជនរងគ្រោះជំរិតទារប្រាក់
អាជ្ញាធររាជធានីភ្នំពេញបន្តរកឃើញបទល្មើស Online Scams ពីរទីតាំងបន្ថែមទៀត
បង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
អាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់

សន្តិសុខ និង សង្គម

ការវាយប្រហាររបស់អាមេរិក បានសម្លាប់អ្នកប្រយុទ្ធគាំទ្រអ៊ីរ៉ង់៨នាក់នៅអ៊ីរ៉ាក់ ធ្វើឲ្យទីក្រុង Baghdad មានកំហឹង

2023/11/23 12:43:42 pm        287
ប្រភពព័ត៌មានពីសហរដ្ឋអាមេរិកនិងអ៊ីរ៉ាក់ បាននិយាយថា យន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិក បានវាយប្រហារលើគោលដៅចំនួនពីរកន្លែងក្នុងប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃពុធ ដោយបានសម្លាប់អ្នកប្រយុទ្ធគាំទ្រអ៊ីរ៉ង់ចំនួន ៨ នាក់ ក្នុងការសងសឹកចំពោះការវាយប្រហារម្តងហើយម្តងទៀត ទៅលើកងទ័ពអាមេរិក។ការវាយប្រហារពីរលើក ដែលបានធ្វើឡើងបន្ទាប់ពីការទម្លាក់គ្រាប់បែកស្រដៀងគ្នារបស់កងកម្លាំងគាំទ្រដោយអ៊ីរ៉ង់ កាលពីថ្ងៃអង្គារ បានធ្វើឲ្យមានការថ្កោលទោសពីរដ្ឋាភិបាលអ៊ីរ៉ាក់ ដែលបាននិយាយថា វាមិនត្រូវបានពិភាក្សាអំពីសកម្មភាពយោធានៅលើដីរបស់ខ្លួន។ ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិកបាននិយាយនៅលើបណ្តាញ X ដែលគេស្គាល់កាលពីពេលមុន Twitter ថា យោធាសហរដ្ឋអាមេរិក បានធ្វើការវាយប្រហារដោយឡែកពីគ្នា និងចំគោលដៅទៅលើទីតាំងពីរកន្លែងក្នុងប្រទេសអ៊ីរ៉ាក់។ សារព័ត៌មានដដែលបាននិយាយថា ការវាយប្រហារនេះគឺជាការឆ្លើយតបដោយផ្ទាល់ទៅនឹងការវាយប្រហារមកលើ កងកម្លាំងសហរដ្ឋអាមេរិក និងកងកម្លាំងចម្រុះ ធ្វើឡើងដោយអ៊ីរ៉ង់ និងក្រុមដែលគាំទ្រដោយអ៊ីរ៉ង់។កងពលក្រុមហេសបូឡា(Hezbollah) គាំទ្រដោយអ៊ីរ៉ង់ ជាផ្នែកមួយនៃកងកម្លាំងចល័តដ៏ពេញនិយម នៅក្នុងកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសអ៊ីរ៉ាក់ បាននិយាយថា ការវាយប្រហារនេះ បានសម្លាប់អ្នកប្រយុទ្ធរបស់ខ្លួនចំនួន៨នាក់ ។ មន្ទីរបញ្ចកោណ និយាយថា ប៉ុន្មានម៉ោងមុននេះ យន្តហោះចម្បាំងមួយគ្រឿងបានវាយប្រហារលើយានយន្តរបស់អ្នកប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់ បន្ទាប់ពីពួកគេបានបាញ់មីស៊ីលបាលីស្ទីករយៈចម្ងាយជិតទៅលើបុគ្គលិក និងសម្ព័ន្ធមិត្តអាមេរិក។វាជាលើកទីមួយហើយ ដែលសហរដ្ឋអាមេរិកបានប្រកាសការវាយប្រហារលើកងកម្លាំងគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសអ៊ីរ៉ាក់ ចាប់តាំងពីពួកគេបានបើកការវាយប្រហារលើគោលដៅរបស់សហរដ្ឋអាមេរិក ជាការឆ្លើយតបទៅនឹងការគាំទ្ររបស់ទីក្រុងវ៉ាស៊ីនតោនសម្រាប់អ៊ីស្រាអែល ក្នុងសង្រ្គាមរបស់ប្រទេសនេះដើម្បីកម្ទេចក្រុមហាម៉ាស់។-

លោក Netanyahu និយាយថា កាកបាទក្រហមនឹងត្រូវបានអនុញ្ញាតឱ្យទៅសួរសុខទុក្ខចំណាប់ថ្នូរដែលនៅសល់

2023/11/23 12:32:11 pm        247
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយក្នុងអំឡុងសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធថា កាកបាទក្រហមនឹងត្រូវបានអនុញ្ញាតឱ្យចូលទៅសួរសុខទុក្ខចំណាប់ថ្នូរដែលនៅសេសសល់ក្នុងតំបន់ហ្កាហ្សា។លោកនិយាយថា អ៊ីស្រាអែលកំពុង «ទទួលជ័យជម្នះ» ហើយនឹងបន្តសង្រ្គាមរហូតដល់ខ្លួនទទួលបាន «ជ័យជម្នះពេញលេញ» ។អ៊ីស្រាអែល និងក្រុមហាម៉ាស់ បានព្រមព្រៀងគ្នាកាលពីថ្ងៃពុធចំពោះបទឈប់បាញ់នៅតំបន់ហ្កាហ្សាយ៉ាងហោចណាស់រយៈពេលបួនថ្ងៃ ដើម្បីអនុញ្ញាតឱ្យមានជំនួយ និងការដោះលែងចំណាប់ថ្នូរ យ៉ាងហោចណាស់ ៥០នាក់ ដែលឃុំឃាំងដោយក្រុមសកម្មប្រយុទ្ធនៅក្នុងតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីន ជាការដោះដូរជាមួយពលរដ្ឋប៉ាឡេស្ទីនយ៉ាងហោចណាស់ ១៥០នាក់ ដែលជាប់ពន្ធនាគារនៅប្រទេសអ៊ីស្រាអែល។ អ៊ីស្រាអែល និយាយថា បទឈប់បាញ់អាចត្រូវបានបន្ថែមពេល ប្រសិនបើចំណាប់ថ្នូរកាន់តែច្រើនត្រូវបានដោះលែង ហើយប្រភពពីប៉ាឡេស្ទីនបាននិយាយថា ចំណាប់ថ្នូរសរុបរហូតដល់ ១០០ នាក់អាចត្រូវបានដោះលែងនៅចុងខែនេះ។

ការរលាយផ្ទាំងទឹកកកនៅប៉ាគីស្ថាន បង្កគ្រោះថ្នាក់ដល់ភូមិនានានៅតំបន់ភ្នំ

2023/11/23 12:29:21 pm        404
នៅលើទីជម្រាលចោត នៃផ្ទាំងទឹកកកដែលហូរកាត់ជ្រលងភ្នំ Hunza នៅតំបន់ភ្នំភាគខាងជើងប្រទេសប៉ាគីស្ថាន លោក Tariq Jamil វាស់ស្ទង់សកម្មភាពទឹកកក និងបានថតរូប។ ក្រោយមក លោក បានបង្កើតរបាយការណ៍ដែលរួមបញ្ចូលក្នុងទិន្នន័យពីឧបករណ៍ចាប់សញ្ញា និងកាមេរ៉ា ដែលត្រូវបានដំឡើងនៅជិតផ្ទាំងទឹកកក Shisper ដើម្បីធ្វើបច្ចុប្បន្នភាពភូមិរបស់លោក។ បេសកកម្មរបស់បុរសអាយុ ៥១ ឆ្នាំរូបនេះ ដែលប្រមូលផ្តុំសហគមន៍របស់លោកមានពលរដ្ឋចំនួន២០០គ្រួសារ នៅតំបន់ Hassanabad នៅភ្នំ Karakoram ដើម្បីការពារអនាគតភូមិ និងរបៀបរស់នៅរបស់ពួកគេ ដែលស្ថិតក្រោមការគំរាមកំហែងកាន់តែខ្លាំងឡើងពីបឹងមិនស្ថិតស្ថេរ បង្កឡើងដោយការរលាយទឹកកក។ នៅពេលបឹងទឹកកកពេញហៀរ ឬច្រាំងទន្លេប្រែជាលែងរឹងមាំ វាត្រូវហៀរចេញ បង្កជាទឹកជំនន់ដ៏ខ្លាំង ហូរនាំស្ពាន និងអគារ និងបំផ្លាញដីមានជីជាតិនៅទូទាំងតំបន់ភ្នំមួយចំនួន ដែលប្រសព្វគ្នានៅភាគខាងជើងប្រទេសប៉ាគីស្ថាន។យោងតាមមជ្ឈមណ្ឌលអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍តំបន់ភ្នំរួម បានឱ្យដឹងថា ផ្ទាំងទឹកកកនៅតំបន់ហិម៉ាឡៃ កំពុងជួបប្រទះការបាត់បង់ទឹកកករហូតដល់ ៧៥% នៅចុងបញ្ចប់នៃសតវត្សន៍នេះ ដោយសារការឡើងកម្តៅភពផែនដី។ លោក Jamil និយាយថា បន្ទាប់ពីឧបករណ៍ចាប់សញ្ញាទាំងអស់ត្រូវបានដំឡើង អ្នកតំណាងភូមិនឹងអាចត្រួតពិនិត្យទិន្នន័យតាមរយៈទូរស័ព្ទរបស់ពួកគេ។ ឧបករណ៍ប្រព័ន្ធព្រមានជាមុនទំនើប នឹងត្រូវបានដំឡើងនៅទីនេះ ដែលអាចឱ្យមនុស្សចូលប្រើប្រព័ន្ធត្រួតពិនិត្យមុនគេនៅលើទូរស័ព្ទដៃ និងប្រព័ន្ធអ៊ីនធឺណិតរបស់ពួកគេ។ក្នុងពេលខ្វះខាតមូលនិធិសម្រាប់អ្នកងាយរងគ្រោះបំផុតពីផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ អ្នកភូមិនិយាយថា ពួកគេត្រូវការជំនួយបន្ថែមបន្ទាន់ដើម្បីសម្របខ្លួនទៅនឹងការគំរាមកំហែងនៃទឹកជំនន់បឹងទឹកកក។ ប្រទេសប៉ាគីស្ថាន គឺជាប្រទេសតែមួយគត់ដែលទទួលបានមូលនិធិបន្សាំពីមូលនិធិអាកាសធាតុបៃតង ជាសក្តានុពលហិរញ្ញប្បទានដ៏សំខាន់របស់កិច្ចព្រមព្រៀងទីក្រុងប៉ារីស ដើម្បីបន្ធូរបន្ថយហានិភ័យនៃទឹកជំនន់បែបនេះ។

អង្គការសុខភាពពិភពលោក ស្នើសុំឲ្យប្រទេសចិន ស្វែងរកព័ត៌មានលម្អិតស្តីពីការផ្ទុះជំងឺផ្លូវដង្ហើម

2023/11/23 12:26:00 pm        262
អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃពុធ បានស្នើសុំជាផ្លូវការឲ្យប្រទេសចិនផ្តល់ព័ត៌មានលម្អិតអំពីការកើនឡើងនៃជំងឺផ្លូវដង្ហើម និងបានរាយការណ៍អំពីចង្កោមនៃជំងឺរលាកសួតចំពោះកុមារ។WHO បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អាជ្ញាធរចិនមកពីគណៈកម្មាធិការសុខភាពជាតិ បានធ្វើសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ដើម្បីរាយការណ៍ពីការកើនឡើងនៃជំងឺផ្លូវដង្ហើម នៅក្នុងប្រទេសនេះ។ទីភ្នាក់ងារសុខភាពពិភពលោក បានអះអាងថា អាជ្ញាធរចិន បានសន្មតថា ការកើនឡើងនេះដោយសារតែការដកការរឹតបន្តឹងនៃជំងឺCOVID-19 និងការចរាចរនៃភ្នាក់ងារបង្កជំងឺដែលគេស្គាល់ដូចជា គ្រុនផ្តាសាយ ជំងឺរលាកសួតមីកូផ្លាស្មា (mycoplasma)(ការឆ្លងមេរោគបាក់តេរីទូទៅដែលជាធម្មតាប៉ះពាល់ដល់កុមារតូចៗ) វីរុសផ្លូវដង្ហើម និងវីរុសដែលបង្កឡើងដោយជំងឺកូវីដ១៩។

មនុស្សជាង ១៥.៩០០ នាក់ ត្រូវបានសម្លាប់នៅក្នុងជម្លោះដ៏តានតឹងរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល

2023/11/23 12:21:12 pm        255
ចំនួនអ្នកស្លាប់ដោយសារជម្លោះដ៏តានតឹងដែលកំពុងបន្តរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល បានកើនឡើងលើសពី ១៥.៩០០នាក់ នេះបើយោងតាមទិន្នន័យផ្លូវការចេញផ្សាយដោយភាគីទាំងពីរកាលពីថ្ងៃពុធ (២២ វិច្ឆិកា)។ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាល ដែលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយថា ចំនួនអ្នកស្លាប់ប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា ស្ទ្រីប បានកើនឡើងដល់ ១៤.៥៣២ នាក់ ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះរវាងហាម៉ាស និងអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា មក។លោក អ៊ីស្មែល អាល់ថាវ៉ាបតា (Ismael al-Thawabta) ប្រធានការិយាល័យប្រព័ន្ធផ្សព្វផ្សាយបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ក្នុងចំណោមអ្នកស្លាប់ទាំងនោះមានកុមារចំនួន ៦.០០០ នាក់ និងស្ត្រី ៤.០០០ នាក់ ដោយបន្ថែមថាមនុស្សជាង ៣៥.០០០ នាក់ បានរងរបួស។ លោកបានបន្តថា មនុស្សជាង ៧.០០០ នាក់ ត្រូវគេរាយការណ៍ថាបានបាត់ខ្លួន ហើយមនុស្សជាង ៤.៧០០ នាក់ក្នុងចំណោមអ្នកបាត់ខ្លួនទាំងនោះជាកុមារ និងស្ត្រី។នៅតំបន់វេស ប៊ែង មនុស្សប្រហែល ២២៥ នាក់ ត្រូវបានសម្លាប់នៅក្នុងជម្លោះគិតត្រឹមយប់ថ្ងៃពុធ នេះបើយោងតាមក្រសួងសុខាភិបាលប៉ាឡេស្ទីន។ នៅខាងអ៊ីស្រាអែល ទិន្នន័យរបស់រដ្ឋាភិបាលបង្ហាញថាមនុស្សប្រហែល ១.២០០ នាក់បានបាត់បង់ជីវិត៕

ពលរដ្ឋអ៊ីស្រាអែល ជំរុញឱ្យរដ្ឋាភិបាលនាំយកចំណាប់ថ្នូរទាំងអស់មកវិញ

2023/11/23 12:18:25 pm        275
ប្រជាជនអ៊ីស្រាអែល បានសម្តែងការគាំទ្រចំពោះកិច្ចព្រមព្រៀងឈប់បាញ់រយៈពេលបួនថ្ងៃ ដែលសម្រេចបានរវាងរដ្ឋាភិបាល និងក្រុមហាម៉ាស កាលពីថ្ងៃពុធ (២២ វិច្ឆិកា) ខណៈពួកគេបន្តជំរុញឱ្យមានការដោះលែងចំណាប់ថ្នូរទាំងអស់ ដែលត្រូវបានចាប់ឃុំខ្លួននៅតំបន់ហ្កាហ្សា ស្ទ្រីប។ពលរដ្ឋអ៊ីស្រាអែលម្នាក់និយាយថា «ខ្ញុំពិតជាសង្ឃឹមថាចំណាប់ថ្នូរទាំង ៥០នាក់នោះ នឹងគ្រាន់តែជាមនុស្សដំបូងគេដែលត្រូវបានដោះលែង។ ហើយរៀងរាល់សប្តាហ៍ ឬរយៈពេលបន្ទាប់ទៀត ពួកគេនឹងដោះលែងមនុស្សទាំងអស់។ មនុស្សទាំងនេះស្លូតត្រង់ណាស់ ហើយពួកគេមិនបានធ្វើអ្វីខុសឡើយ»។បន្ទាប់ពីជម្លោះដ៏បង្ហូរឈាមអស់រយៈពេលជាង ៤៦ ថ្ងៃនៅក្នុងតំបន់ហ្កាហ្សា អ៊ីស្រាអែល និងក្រុមហាម៉ាស កាលពីថ្ងៃពុធ (២២ វិច្ឆិកា) បានបញ្ជាក់ពីកិច្ចព្រមព្រៀងរបស់ពួកគេលើសំណើសម្របសម្រួលដោយប្រទេសកាតា សម្រាប់បទឈប់បាញ់នៅក្នុងតំបន់ឆ្នេរសមុទ្រហ៊ុមព័ទ្ធមួយនេះ។ សេចក្តីថ្លែងការណ៍បាននិយាយថា នៅក្រោមកិច្ចព្រមព្រៀងនេះ ចំណាប់ថ្នូរយ៉ាងតិច ៥០ នាក់ ភាគច្រើនជាកុមារ និងស្ត្រី នឹងត្រូវបានដោះលែង ជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីនប្រហែល ១៥០ នាក់ ពីពន្ធនាគារអ៊ីស្រាអែល។វិបត្តិចំណាប់ថ្នូរអ៊ីស្រាអែល បានចាប់ផ្តើមកាលពីថ្ងៃទី៧ ខែតុលា នៅពេលដែលពួកសកម្មប្រយុទ្ធហាម៉ាស បានបើកការវាយប្រហារយ៉ាងបង្ហូរឈាមទៅលើអ៊ីស្រាអែល ដោយបានចាប់ចំណាប់ថ្នូរប្រហែល ២៤០ នាក់រួមទាំងទាហាន និងជនស៊ីវិល ដែលមានកុមារ ស្ត្រី និងមនុស្សចាស់នៃជាតិសាសន៍ផ្សេងៗទៀតទៅតំបន់ហ្កាហ្សា៕

អ្នកចិត្តសាស្រ្តកុមារ ជួបការលំបាកក្នុងការជួយផ្លូវចិត្តចំណាប់ថ្នូរឱ្យសះស្បើយឡើងវិញ

2023/11/23 12:15:03 pm        112
ខណៈកិច្ចខិតខំប្រឹងប្រែងនៅតែបន្តសម្រាប់រដ្ឋាភិបាលអ៊ីស្រាអែល ក្នុងការដោះលែងចំណាប់ថ្នូរប្រហែល ២៤០ នាក់ ដែលត្រូវបានចាប់ឃុំឃាំងដោយក្រុមប៉ាឡេស្ទីនហាម៉ាស អ្នកចិត្តសាស្រ្តកុមារម្នាក់និយាយថាខ្លួនកំពុងជួបការលំបាករវាងភាពសោកសៅផ្ទាល់ខ្លួន និងបំណងប្រាថ្នាក្នុងការជួយព្យាបាលផ្លូវចិត្តចំណាប់ថ្នូរកុមារឱ្យជាសះស្បើយឡើងវិញ។យោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល និងរដ្ឋាភិបាលអ៊ីស្រាអែល បានឲ្យដឹងថា ចំណាប់ថ្នូររហូតដល់ ៤០ នាក់ ដែលត្រូវបានឃុំខ្លួន គឺជាកុមារ រួមទាំងទារកអាយុ ១០ ខែម្នាក់ និងកុមារកម្រិតមត្តេយ្យសិក្សាផងដែរ។លោកស្រីវេជ្ជបណ្ឌិត ដាបណា ដូលប៊ឺក (Daphna Dollberg) ដែលជាអ្នកចិត្តសាស្រ្តផ្នែកព្យាបាល និងអភិវឌ្ឍន៍ នៅមហាវិទ្យាល័យសិក្សា យ៉ាហ្វហ្វូ (Yaffo) នៃទីក្រុង តែលអាវីវ របស់អ៊ីស្រាអែល បានធ្វើការងារនេះអស់រយៈពេល ៣០ ឆ្នាំ ហើយក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ បានផ្តោតលើការព្យាបាលផ្លូវចិត្តរបស់ឪពុកម្តាយ និងកូនដែលផ្តោតលើការប៉ះទង្គិចផ្លូវចិត្ត។លោកស្រីនិយាយថា ផ្នែកមួយនៃសោកនាដកម្មនេះ គឺការមិនដឹងពីវិសាលភាពពេញលេញនៃរបួសផ្លូវចិត្តដែលកើតឡើងចំពោះចំណាប់ថ្នូរ។ លោកស្រីបន្ថែមថា ចំណាប់ថ្នូរជាច្រើនទំនងជាត្រឡប់មកវិញដោយមានរោគសញ្ញាបង្ហាញពីជំងឺស្ត្រេសក្រោយការប៉ះទង្គិចផ្លូវចិត្ត ហើយការស្តារផ្លូវចិត្តឡើងវិញគឺអាចធ្វើទៅបាន ប៉ុន្តែនឹងតម្រូវឱ្យមានការដំណើរការ និងការគាំទ្រ ហើយពួកគេនឹងមិនអាចបំភ្លេចព្រឹត្តិការណ៍នោះបានឡើយ៕

ក្រុមប្រឹក្សាសន្តិសុខ និងមន្ត្រី UN អំពាវនាវឱ្យមានបទឈប់បាញ់យូរជាងនេះ នៅតំបន់ហ្កាហ្សា

2023/11/23 12:11:58 pm        82
ក្រុមមន្ត្រីអង្គការសហប្រជាជាតិ បានធ្វើបទសម្ភាសន៍សង្ខេបទៅកាន់ក្រុមប្រឹក្សាសន្តិសុខអំពីវិបត្តិមនុស្សធម៌ដែលស្ត្រី និងកុមារប្រឈមមុខនៅតំបន់ហ្កាហ្សា កាលពីថ្ងៃពុធ (២២ វិច្ឆិកា) ខណៈអំពាវនាវឱ្យមានបទឈប់បាញ់យូរជាងនេះ ដែលត្រូវបន្តលើសពីរយៈពេលបួនថ្ងៃនោះ។អ៊ីស្រាអែល បានទម្លាក់គ្រាប់បែកពីលើអាកាសលើតំបន់ហ្កាហ្សា បានដាក់ការឡោមព័ទ្ធ និងឈ្លានពានដោយមានទាហានទាហាននិងរថក្រោះជាច្រើន។ រដ្ឋជី្វហ្វមួយនេះបានយល់ព្រមកាលពីថ្ងៃពុធ សម្រាប់បទឈប់បាញ់ជាមួយក្រុមហាម៉ាស រយៈពេល ៤ ថ្ងៃដើម្បីអនុញ្ញាតឱ្យផ្តល់ជំនួយដល់តំបន់ហ្កាហ្សា និងផ្លាស់ប្តូរចំណាប់ថ្នូរមួយចំនួន ជាមួយជនជាតិប៉ាឡេស្ទីនដែលជាប់ពន្ធនាគារនៅអ៊ីស្រាអែល។ឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិ របស់អ៊ីស្រាអែល លោក ហ្គីឡាដ អឺដាន (Gilad Erdan) បានចោទប្រកាន់ទាំងអង្គការយូនីសេហ្វ (UNICEF) និងក្រុមប្រឹក្សាស្រ្តីអង្គការសហប្រជាជាតិ ថាមិនយកចិត្តទុកដាក់ចំពោះអ្នកដែលរងផលប៉ះពាល់ក្នុងអំឡុងពេលការគ្រប់គ្រងរបស់ក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា។ លោក អឺដាន បានព្រមានថា រដ្ឋាភិបាលអ៊ីស្រាអែល នឹងបន្តអនុវត្តគោលបំណងរបស់ខ្លួន «ដោយប្រើប្រាស់កម្លាំងពេញលេញ» នៅពេលការផ្អាកនេះត្រូវបានបញ្ចប់៕

អង្គការយូនីសេហ្វ៖ ហ្កាហ្សាគឺជាកន្លែងគ្រោះថ្នាក់បំផុតនៅលើពិភពលោកសម្រាប់កុមារ

2023/11/23 12:05:49 pm        72
ប្រធានទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ យូនីសេហ្វ (UNICEF) បាននិយាយកាលពីថ្ងៃពុធ (២២ វិច្ឆិកា) ថា តំបន់ហ្កាហ្សា ស្ទ្រីប គឺជា «កន្លែងគ្រោះថ្នាក់បំផុតនៅក្នុងពិភពលោកសម្រាប់កុមារ»។ នាយកប្រតិបត្តិអង្គការ UNICEF លោកស្រី ខាធឺរីន រ៉ុសសែល (Catherine Russell) បានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា កុមារប៉ាឡេស្ទីនជាង ៥.៣០០ នាក់ ត្រូវរាយការណ៍ថាបានស្លាប់ចាប់តាំងពីថ្ងៃទី ៧ ខែតុលា នៅពេលដែលពួកសកម្មប្រយុទ្ធប៉ាឡេស្ទីននៃក្រុមហាម៉ាស បានវាយប្រហារអ៊ីស្រាអែល ដោយបានសម្លាប់មនុស្ស ១.២០០ នាក់ និងចាប់ចំណាប់ថ្នូរជាច្រើននាក់ទៀត ដែលភាគច្រើនជាជនស៊ីវិល។លោកស្រី រ៉ុសសែល បាននិយាយថា «តំបន់ហ្កាហ្សា ស្រ្ទីប គឺជាកន្លែងគ្រោះថ្នាក់បំផុតនៅក្នុងពិភពលោកសម្រាប់កុមារ។ នៅហ្កាហ្សា ឥទ្ធិពលនៃអំពើហឹង្សាដែលប្រព្រឹត្តលើកុមារ គឺជាមហន្តរាយ មិនរើសអើង និងមិនសមាមាត្រនោះទេ»។អ៊ីស្រាអែល បានផ្តោតការសងសឹករបស់ខ្លួនប្រឆាំងនឹងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា ដែលជាទឹកដីមានប្រជាជនចំនួន ២,៣ លាននាក់ ព្រមទាំងបានទម្លាក់គ្រាប់បែកពីលើអាកាសលើតំបន់ហ្កាហ្សា ហើយបានដាក់ការឡោមព័ទ្ធ និងឈ្លានពានដោយមានទាហាននិងរថក្រោះជាច្រើន។ ទោះបីជាយ៉ាងណាក៏ដោយ អ៊ីស្រាអែល បានយល់ព្រមកាលពីថ្ងៃពុធ (២២ វិច្ឆិកា) លើបទឈប់បាញ់ជាមួយក្រុមហាម៉ាស រយៈពេល ៤ ថ្ងៃដើម្បីអនុញ្ញាតឱ្យមានជំនួយមនុស្សធម៌ និងដោះលែងចំណាប់ថ្នូរយ៉ាងហោចណាស់ ៥០ នាក់ ដែលឃុំខ្លួនដោយពួកសកម្មប្រយុទ្ធនេះជាថ្នូរនឹងការដោះលែងជនជាតិប៉ាឡេស្ទីន យ៉ាងហោចណាស់ ១៥០ នាក់ ដែលជាប់ពន្ធនាគារនៅក្នុងប្រទេសអ៊ីស្រាអែល៕

U.N.៖ មនុស្សជិត៣០ម៉ឺននាក់រត់ភៀសខ្លួនចេញពីសហភាពមីយ៉ាន់ម៉ា ខណៈការប៉ះទង្គិចគ្នាកើនឡើងខ្លាំង

2023/11/23 12:02:29 pm        62
យោងតាមការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ ជម្លោះដែលកំពុងរីកកាន់តែធំរវាងយោធាមីយ៉ាន់ម៉ា និងក្រុមជនជាតិភាគតិចជាច្រើនដែលកំពុងស្វែងរកស្វ័យគ្រប់គ្រង ពេលនេះ បានរាលដាលកាន់តែធំបំផុតនិងទូលំទូលាយបំផុតតាមភូមិសាស្ត្រ ចាប់តាំងពីរដ្ឋប្រហារយោធាឆ្នាំ២០២១មក។ទីភ្នាក់ងារអង្គការសហប្រជាជាតិ បាននិយាយនៅក្នុងរបាយការណ៍មួយថា មនុស្សជាង២៨៦.០០០នាក់ បានរត់ចេញពីផ្ទះរបស់ខ្លួន ចាប់តាំងពីសម្ព័ន្ធកងកម្លាំងប្រដាប់អាវុធជនជាតិភាគតិច បានបើកការវាយប្រហារលើរដ្ឋសាន(Shan) ភាគខាងជើង កាលពីខែតុលា ។ ការប្រយុទ្ធគ្នាបាន បានរាលដាល ទៅដល់តំបន់ជាច្រើន ដោយបានសម្លាប់ជនស៊ីវិល១៨៧នាក់ និង២៤៦នាក់ផ្សេងទៀតរងរបួស។ទីភ្នាក់ងារខាងលើនិយាយថា ការប៉ះទង្គិចជាបន្តបន្ទាប់រវាងកងកម្លាំងប្រដាប់អាវុធ បានរាលដាលចូលដល់តំបន់កាន់តែច្រើន រួមទាំងតំបន់ភាគកណ្ដាលជាយក្រុង ដែលមានប្រជាជនរស់នៅច្រើន បង្កហានិភ័យកាន់តែខ្លាំងដល់សុវត្ថិភាពនិងសន្តិសុខ ជនស៊ីវិលទូទាំងប្រទេស។យោងតាមប្រភពពីមន្ត្រីឥណ្ឌា ប្រជាជនមីយ៉ាន់ម៉ារាប់ពាន់នាក់ និងទាហានជាច្រើននាក់ បានចូល​ទៅ​ក្នុងប្រទេសឥណ្ឌា ភៀសខ្លួនចេញពីការវាយប្រហារដោយក្រុមបះបោរទៅលើមូលដ្ឋានយោធា​របស់ពួកគេនៅជិតព្រំដែនឥណ្ឌា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មេដឹកនាំកូរ៉េខាងជើង ត្រួតពិនិត្យការសាកល្បងអាវុធសំខាន់ដែលគេមើលឃើញថាផ្ដោតលើកូរ៉េខាងត្បូង
06/26/2026 10:06 AM
កម្ពុជាអំពាវនាវឱ្យមានការអនុវត្តច្បាប់អន្តរជាតិឱ្យបានពេញលេញ ដើម្បីការពារកុមារក្នុងជម្លោះប្រដាប់អាវុធ
06/26/2026 10:06 AM
កោះតៃវ៉ាន់ សាកល្បងការការពារប្រឆាំងនឹងការគំរាមកំហែងដែនសមុទ្ររបស់ប្រទេសចិន
06/26/2026 10:06 AM
សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួន
06/26/2026 09:06 AM
ប្រទេសកេនយ៉ា ចាប់ខ្លួនមនុស្សជាង ៣៥០នាក់ ខណៈប្រជាជនប្រារព្ធខួបនៃការតវ៉ាដ៏បង្ហូរឈាម
06/26/2026 09:06 AM
UN៖ ការជម្លៀសនាវិកនៅច្រកសមុទ្រHormuz ត្រូវបានផ្អាកក្រោយការវាយប្រហារនៅឈូងសមុទ្រអូម៉ង់
06/26/2026 09:06 AM
រលកកម្ដៅកំពុងប៉ះពាល់ដល់មនុស្សជាង១០០ លាននាក់ចាប់ពីអេស្ប៉ាញដល់អាល្លឺម៉ង់ខណៈអ្នកស្លាប់ជាង២០០នាក់
06/26/2026 09:06 AM
នៅព្រឹកនេះ ព្រឹទ្ធសភាបន្តសម័យប្រជុំលើកទី៥ ដើម្បីពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី«វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់»
06/26/2026 09:06 AM
កម្ពុជាទទួលបានមេដាយមាស ប្រាក់ សំរឹទ្ធ និងពាន៣ ពី​ការប្រឡងកម្មវិធី The Young Master Challenge Global Final 2026 នៅចក្រភពអង់គ្លេស
06/26/2026 08:06 AM
រុស្ស៊ី-កម្ពុជា បន្តទំនាក់ទំនងដ៏រឹងមាំលើវិស័យអប់រំ វប្បធម៌ កសិកម្ម ថាមពល ការពារជាតិ និងពាណិជ្ជកម្ម​
06/26/2026 08:06 AM