ស្នងការរាជធានី ដាក់ចេញនូវគោលការណ៍បង្ការ ទប់ស្កាត់រាល់បទល្មើស និង អនុវត្ត​ប្រកប​ដោយ​ក្រម​សីលធម៌​វិជ្ជាជីវៈនគរបាល
ក្មេងទំនើង៣នាក់​បំផ្លាញទ្រព្យសម្បត្តិសាធារណៈ​ត្រូវបានឃាត់ខ្លួន ធ្វើកិច្ច​សន្យា​អប់រំ​ណែនាំ​ដោយ​មាន​ការធានាពីអាណាព្យាបាល ដើម្បី​អប់រំ​នៅ​មូលដ្ឋាន​បន្ត
រយៈពេល១ខែកន្លះចុងឆមាសទី១នេះ សមត្ថកិច្ចរាជធានី បង្ក្រាបបទល្មើសគ្រឿងញៀន ឃាត់មនុស្ស៧៣នាក់
​កម្លាំងនគរបាលស្រុកស្វាយជ្រំយកចិត្តទុកដាក់ទប់ស្កាត់និងបង្ក្រាប ធ្វើឱ្យបទល្មើសថយចុះស្ទើរទាំងស្រុង

សន្តិសុខ និង សង្គម

អគ្គិភ័យឆេះរាលដាលក្នុងទីក្រុង Rafah បន្ទាប់ពីអ៊ីស្រាអែលវាយប្រហារលើតំបន់ជនភៀសខ្លួនប៉ាឡេស្ទីន

2024/05/27 10:49:50 am        49
អគ្គិភ័យបានឆាបឆេះរាលដាល បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់មួយដែលត្រូវបានគេរៀបចំសម្រាប់ប្រជាជនប៉ាឡេស្ទីនភៀសខ្លួន ក្នុងទីក្រុង Rafah តំបន់ហ្កាហ្សា កាលពីយប់ថ្ងៃអាទិត្យ។ រូបភាពទទួលបានដោយសារព័ត៌មាន Reuters បង្ហាញពីមនុស្សបានប្រមូលផ្តុំនៅជិតអគ្គិភ័យដ៏ធំ។ យោធាអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនបានវាយប្រហារស៊ីបគោលដៅទៅលើបរិវេណក្រុមហាម៉ាសនៅភាគខាងត្បូងទីក្រុងរ៉ាហ្វា តំបន់ហ្កាហ្សា ប៉ុន្តែកំពុងពិនិត្យមើលឧបទ្ទវហេតុនេះបន្ទាប់ពីមានសេចក្តីរាយការណ៍ថាការវាយប្រហារ បានបណ្តាលឱ្យមានអគ្គិភ័យ និងបណ្តាលឲ្យជនស៊ីវិលស្លាប់ និងរងរបួស។ យន្តហោះរបស់កងកម្លាំងការពារជាតិអ៊ីស្រាអែលមួយគ្រឿង បានវាយប្រហារទៅលើបរិវេណក្រុមហាម៉ាសក្នុងទីក្រុង Rafah ជាកន្លែងដែលក្រុមភេរវករហាម៉ាស កំពុងធ្វើប្រតិបត្តិការ។ ការវាយប្រហារនេះ ត្រូវបានធ្វើឡើងទៅលើគោលដៅស្របច្បាប់ក្រោមច្បាប់អន្តរជាតិ ដោយប្រើអាវុធស៊ីបគោលដៅ និងផ្អែកលើការស៊ើបការណ៍ច្បាស់លាស់ ដែលបង្ហាញពីការប្រើប្រាស់តំបន់នេះរបស់ហាម៉ាស។ មន្ត្រីសុខាភិបាលប៉ាឡេស្ទីន និងអង្គភាពសេវាសង្គ្រោះបន្ទាន់ស៊ីវិល បាននិយាយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានសម្លាប់ប្រជាជនប៉ាឡេស្ទីនយ៉ាងហោចណាស់៤០នាក់ និងរងរបួសរាប់សិបនាក់នៅក្នុងតំបន់មួយនៅភាគខាងត្បូងទីក្រុង Rafah តំបន់ហ្កាហ្សា ជាកន្លែងត្រូវបានរៀបចំ សម្រាប់ជនភៀសខ្លួន។ ការវាយប្រហារ បានកើតឡើងនៅក្នុងសង្កាត់ Tel Al-Sultan នៅភាគខាងលិចទីក្រុង ជាកន្លែងដែលមនុស្សរាប់ពាន់នាក់កំពុងជ្រកកោន បន្ទាប់ពីមនុស្សជាច្រើនបានភៀសខ្លួនចេញពីតំបន់ភាគខាងកើត ទីក្រុង ដែលកងកម្លាំងអ៊ីស្រាអែល បានចាប់ផ្តើមការវាយលុកតាមជើងគោក កាលពី២សប្តាហ៍មុន។

មនុស្ស ៤០នាក់បានស្លាប់ នៅក្នុងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល លើជំរំនៅក្រុង Rafah

2024/05/27 08:48:57 am        116
ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន WAFA បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ៤០ នាក់បានស្លាប់ និងមួយចំនួនទៀតរងរបួសកាលពីល្ងាចថ្ងៃអាទិត្យ (២៦ ឧសភា) នៅក្នុងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល លើជំរំតង់នៅភាគពាយ័ព្យទីក្រុង រ៉ាហ្វា (Rafah) ដែលជាក្រុងនៅចុងភាគខាងត្បូងនៃតំបន់ហ្កាហ្សាស្ទ្រីប។ទីភ្នាក់ងារព័ត៌មាន WAFA បានបន្ថែមថា កងកម្លាំងអ៊ីស្រាអែល បានបាញ់រ៉ូកែតប្រហែលប្រាំបីគ្រាប់ឆ្ពោះទៅរកតង់បណ្ដោះអាសន្នរបស់អ្នកស្រុកនៅក្នុងជំរំបង្កើតថ្មី ដែលប្រមូលផ្តុំដោយជនភៀសខ្លួនរាប់ពាន់នាក់នៅក្បែរឃ្លាំងរបស់ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ដើមបូព៌ា (UNRWA)។ប្រភពក្នុងតំបន់បានប្រាប់សារព័ត៌មាន ស៊ីនហួរ ថា នេះគឺជាការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល «ដ៏ធ្ងន់ធ្ងរ និងមិនធ្លាប់មានពីមុនមក» លើតំបន់ដែលមានប្រជាជនភៀសខ្លួនរស់នៅយ៉ាងក្រាស់ក្រែលនេះ ដោយបានធ្វើឱ្យជំរំតង់ និងរថយន្តជនស៊ីវិលជាច្រើនត្រូវឆេះខ្ទេចខ្ទី។ ប្រភពដដែលបានបញ្ជាក់ថា ក្រុមមន្ត្រីការពារជនស៊ីវិល និងក្រុមរថយន្តសង្គ្រោះ បានជួបឧបសគ្គយ៉ាងខ្លាំងក្នុងការទាញយកសាកសពដោយសារស្ថានភាពលំបាកខ្លាំងពេក។នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីយប់ថ្ងៃអាទិត្យ ក្រុមហាម៉ាស បានថ្កោលទោសការទម្លាក់គ្រាប់បែកនេះថាជា «ការប្រឆាំងទាំងស្រុង និងមិនយកចិត្តទុកដាក់ចំពោះសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដែលទាមទារឱ្យវាបញ្ឈប់ការឈ្លានពានរបស់ខ្លួនប្រឆាំងនឹងក្រុង រ៉ាហ្វា»៕

មនុស្សជាង ៦៧០ នាក់ត្រូវគេបារម្ភថា ស្លាប់ក្នុងបំណាក់ដីនៅប៉ាពួនូវ៉ែលហ្គីណេ ខណៈការសង្រ្គោះកំពុងបន្ត

2024/05/27 08:41:59 am        112
ក្រុមសង្គ្រោះបន្ទាន់នៅប្រទេសប៉ាពួនូវ៉ែលហ្គីណេ នៅថ្ងៃច័ន្ទ (២៧ ឧសភា) នេះ បានបន្តកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះរបស់ពួកគេដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិត បន្ទាប់ពីមនុស្សជាង ៦៧០ នាក់ត្រូវគេបារម្ភថាបានស្លាប់ នៅក្នុងបំណាក់ដីដ៏ធំមួយ ដែលបានវាយប្រហារលើភូមិដាច់ស្រយាលមួយនៅក្នុងតំបន់ភាគខាងជើងនៃប្រទេសប៉ាស៊ីហ្វិកមួយនេះ។ទីភ្នាក់ងារអន្តោប្រវេសន៍របស់អង្គការសហប្រជាជាតិ កាលពីថ្ងៃអាទិត្យ បាននិយាយថាមនុស្សប្រហែល ១.២៥០ នាក់ត្រូវបានផ្លាស់ទីលំនៅពីបំណាក់ដីដែលបានកើតឡើងនៅក្នុងខេត្ត អែនហ្កា (Enga) របស់ ប្រទេសប៉ាពួនូវ៉ែលហ្គីណេ កាលពីព្រឹកព្រលឹមថ្ងៃសុក្រ សប្ដាហ៍មុន។ លំនៅឋានជាង ១៥០ ខ្នងត្រូវបានកប់ក្រោមបំណាក់ដី ហើយលំនៅឋានប្រហែល ២៥០ ខ្នងត្រូវបានប្រជាជនបោះបង់ចោល។នាយកប្រចាំប្រទេសនៃអង្គការ ឃែរ (CARE) អន្តរជាតិរបស់ប៉ាពួនូវ៉ែលហ្គីណេ លោកស្រី ចាស្ទីន មែកម៉ាហូន (Justine McMahon) បានប្រាប់ទូរទស្សន៍ ABC នៅថ្ងៃចន្ទ នេះថា ស្ថានភាពដ៏គ្រោះថ្នាក់ និងសណ្ឋានដីមិនស្ថិតស្ថេរ កំពុងរារាំងដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ ហើយមនុស្សប្រមាណ ៤.០០០ នាក់បានរស់នៅក្បែរតំបន់រងផលប៉ះពាល់នោះ។ក្រុមសង្គ្រោះបន្ទាន់កំពុងបន្តកិច្ចខិតខំប្រឹងប្រែងសង្រ្គោះ ប៉ុន្តែឧបករណ៍ធុនធ្ងន់ដែលត្រូវការសម្រាប់ការប្រតិបត្តិការមិនទាន់ទៅដល់ភូមិនៅឡើយទេ ដោយសារផ្លូវធំៗនៅតែត្រូវបានកាត់ផ្តាច់ ហើយការចេញចូលតំបន់កើតហេតុបានតែតាមរយៈឧទ្ធម្ភាគចក្រប៉ុណ្ណោះ៕

ព្យុះស៊ីក្លូនវាយប្រហារបង់ក្លាដែស ខណៈមនុស្សជិត១លាននាក់ជម្លៀសទៅទីជម្រកបណ្ដោះអាសន្ន

2024/05/27 08:38:38 am        144
ព្យុះស៊ីក្លូនដ៏ខ្លាំងក្លាមួយបានបោកបក់ចូលឆ្នេរសមុទ្រនៅតំបន់ទំនាបនៃប្រទេសបង់ក្លាដែសកាលពីថ្ងៃអាទិត្យ ២៦ ឧសភា ដោយមនុស្សជិតមួយលាននាក់បានជម្លៀសខ្លួនចេញពីដីគោក។ ប្រធានមន្ទីរឧតុនិយមបង់ក្លាដែស លោក អាហ្ស៊ីហ្សើររ៉ាម៉ាន់ (Azizur Rahman) បានប្រាប់សារព័ត៌មាន AFP ថា ព្យុះស៊ីក្លូន មានឈ្មោះថា រីម៉ាល់ (Remal) ដ៏ធ្ងន់ធ្ងរបានចាប់ផ្តើមឆ្លងកាត់ឆ្នេរសមុទ្របង់ក្លាដែស ដោយបន្ថែមថា ព្យុះដ៏មានទ្ធិពលនេះ អាចបន្តវាយលុកតំបន់ឆ្នេរសមុទ្ររហូតដល់យ៉ាងហោចណាស់ព្រឹកព្រលឹមថ្ងៃចន្ទនេះ។ យើងបានកត់ត្រាល្បឿនខ្យល់អតិបរមា ៩០ គីឡូម៉ែត្រក្នុងមួយម៉ោង ប៉ុន្តែល្បឿនខ្យល់អាចនឹងកើនឡើងខ្លាំងជាងនេះ។ក្រុមអ្នកព្យាករណ៍អាកាសធាតុ បានព្យាករណ៍ថា មានខ្យល់បោកបក់ក្នុងល្បឿន ១៣០ គីឡូម៉ែត្រក្នុងមួយម៉ោង ដោយមានភ្លៀងធ្លាក់ខ្លាំង ហើយខ្យល់ក៏កំពុងបក់បោកទៅលើប្រទេសឥណ្ឌាជិតខាងផងដែរ។ក្រុមអាជ្ញាធរបានដំឡើងសញ្ញាគ្រោះថ្នាក់ដល់កម្រិតខ្ពស់បំផុត។ គួររម្លឹកថា ព្យុះស៊ីក្លូន ធ្លាប់បានសម្លាប់មនុស្សរាប់សែននាក់ក្នុងប្រទេសបង់ក្លាដែសក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ថ្មីៗនេះ ប៉ុន្តែចំនួននៃព្យុះកំបុតត្បូងដ៏បំផ្លិចបំផ្លាញ ដែលវាយប្រហារឆ្នេរសមុទ្រមានប្រជាជនរស់នៅយ៉ាងច្រើន បានកើនឡើងយ៉ាងខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំពិសេស៣ឆ្នាំចុងក្រោយ ដោយសារឥទ្ធិពលនៃបម្រែបម្រួលអាកាសធាតុ៕

អ៊ីស្រាអែលវាយប្រហារទីក្រុង Rafah ក្រោយតុលាការកំពូលរបស់ UN បញ្ជាឲ្យខ្លួនបញ្ឈប់ការវាយលុក

2024/05/25 03:50:36 pm        208
អ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើតំបន់ហ្កាហ្សា ក្នុងនោះរួមទាំងទីក្រុង Rafah នៅថ្ងៃសៅរ៍ (ទី២៥ ខែឧសភា) នេះ ពោលគឺមួយថ្ងៃបន្ទាប់ពីតុលាការកំពូលរបស់អង្គការសហប្រជាជាតិ (UN) បានបញ្ជាឲ្យខ្លួនបញ្ឈប់ប្រតិបត្តិការយោធា នៅក្នុងទីក្រុងភាគខាងត្បូងមួយនេះ ខណៈកិច្ចប្រឹងប្រែង កំពុងដំណើរការនៅទីក្រុងប៉ារីសប្រទេសបារាំង ដើម្បីស្វែងរកបទឈប់បាញ់នៅក្នុងសង្គ្រាម ដែលបង្កឡើងដោយការវាយប្រហាររបស់ក្រុមហាម៉ាស កាលថ្ងៃទី៧ ខែតុលា។ ជាមួយគ្នានេះ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក៏បានទាមទារផងដែរឲ្យមាន «ការដោះលែងជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ» ចំពោះចំណាប់ថ្នូរទាំងអស់ ដែលនៅតែត្រូវបានឃុំខ្លួនដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ដោយការទាមទារនោះកើតមានឡើងប៉ុន្មានម៉ោងបន្ទាប់ពីយោធាអ៊ីស្រាអែល បានប្រកាសថា កងទ័ពបានយកមកវិញនូវសពចំណាប់ថ្នូរ ៣នាក់ទៀត ពីភាគខាងជើងតំបន់ហ្កាហ្សា។លើសពីនេះទៀត តុលាការដែលមានមូលដ្ឋាននៅទីក្រុងឡាអេ ប្រទេសហូឡង់ ដែលបញ្ជារបស់ខ្លួនមានជាប់កាតព្វកិច្ចស្របច្បាប់ ប៉ុន្តែខ្វះយន្តការអនុវត្តដោយផ្ទាល់នោះ ក៏បានបញ្ជាឲ្យអ៊ីស្រាអែលបន្តបើកច្រកឆ្លងកាត់ Rafah រវាងប្រទេសអេហ្ស៊ីប និងតំបន់ហ្កាហ្សា ដែលខ្លួនបានបិទកាលពីដើមខែឧសភា នៅពេលចាប់ផ្តើមវាយប្រហារលើទីក្រុង។យ៉ាងណាក្ដី អ៊ីស្រាអែលមិនបានផ្តល់ការបង្ហាញថា ខ្លួនកំពុងរៀបចំកែប្រែគោលដៅ នៅទីក្រុង Rafah នោះទេ ដោយទទូចថា តុលាការបានយល់ពីស្ថានការណ៍ខុស។ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយជាមួយអ្នកនាំពាក្យក្រសួងការបរទេសរបស់អ៊ីស្រាអែល ទីប្រឹក្សាសន្តិសុខជាតិ លោក Tzachi Hanegbi បានប្រាប់ឲ្យដឹងថា៖ «អ៊ីស្រាអែលមិនមាន និងនឹងមិនធ្វើប្រតិបត្តិការយោធា នៅក្នុងតំបន់ Rafah ដែលបង្កើតលក្ខខណ្ឌរស់នៅ ដែលអាចបណ្តាលឲ្យមានការបំផ្លិចបំផ្លាញប្រជាជនប៉ាឡេស្ទីនទាំងមូល ឬមួយផ្នែកនោះទេ»។ក្រុមហាម៉ាសដែលបានគ្រប់គ្រងតំបន់ហ្កហ្សាតាំងពីឆ្នាំ២០០៧ មកនោះ បានស្វាគមន៍សេចក្តីសម្រេចរបស់ ICJ លើទីក្រុង Rafah ប៉ុន្តែបានរិះគន់ការសម្រេចរបស់ស្ថាប័ននេះ ក្នុងការមិនបញ្ចូលផ្នែកផ្សេងទៀតនៃតំបន់ហ្កាហ្សាដែលហែកហួរដោយសង្រ្គាម ក្នុងបទបញ្ជានេះ៕

ស្ត្រីម្នាក់ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារពីបទសម្អាតរូបិយប័ណ្ណគ្រីបតូ នៅអង់គ្លេស តាមរយៈការឆបោក ៦,៤ពាន់លានដុល្លារ នៅចិន

2024/05/25 02:22:02 pm        126
ស្ត្រីម្នាក់ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារជិត ៧ឆ្នាំ កាលពីថ្ងៃសុក្រ (ទី២៤ ខែឧសភា) ពីបទសម្អាតលុយកខ្វក់ បន្ទាប់ពីមានការកាត់ក្តី នៅតុលាការទីក្រុងឡុងដ្រ៍ ដោយរូបនាងត្រូវបានចោទប្រកាន់ពីបទបំប្លែងកាក់ប៊ីតខន (រូបិយប័ណ្ណគ្រីបតូ) ទៅជាសាច់ប្រាក់ និងទ្រព្យសម្បត្តិ ដើម្បីជួយបិទបាំងដំណើរការឆបោកទឹកប្រាក់ ៥ពាន់លានផោន (៦,៤ពាន់លានដុល្លារ)។ព្រះរាជអាជ្ញាបានឲ្យដឹងថា លោកស្រី Wen Jian បានជួយលាក់ប្រភពលុយដែលត្រូវបានគេចោទប្រកាន់ថាបានលួចពីអ្នកវិនិយោគចិនជិត ១៣០.០០០នាក់ នៅក្នុងគម្រោងទ្រព្យសម្បត្តិបោកប្រាស់ នៅចន្លោះឆ្នាំ២០១៤ និងឆ្នាំ២០១៧។ អ្នកទោសស្រីរូបនេះមិនត្រូវបានចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធនឹងការឆបោកដែលរដ្ឋអាជ្ញាបាននិយាយថា ត្រូវបានរៀបគម្រោងដោយស្ត្រីម្នាក់ទៀត ដែលលោកស្រី Wen ជឿថា ជាអ្នកមានទ្រព្យស្ដុកស្ដម្ភមិនធម្មតាម្នាក់។ជាផ្នែកមួយនៃការស៊ើបអង្កេតរបស់ពួកគេ នគរបាលអង់គ្លេសបានរឹបអូសហឹបមួយដែលមានទុកកាក់ប៊ីតខនជាង ៦១.០០០កាក់ ដែលនេះធ្វើឲ្យវាជាក្លាយជាការរឹបអូសរូបិយប័ណ្ណគ្រីបតូដ៏ធំបំផុតមួយ តាមរយៈការអនុវត្តច្បាប់ទូទាំងពិភពលោក។ អំឡុងសវនាការរបស់លោកស្រី Wen ព្រះរាជអាជ្ញាបាននិយាយថា កាក់ប៊ីតខន ៦១.០០០កាក់នេះ មានតម្លៃប្រហែល ១,៤ពាន់លានផោន នៅពេលដែលនគរបាលទទួលបានសិទ្ធិចូលទៅរឹបអូស ក្នុងឆ្នាំ២០២១។ តែឥឡូវនេះវាមានតម្លៃជាង ៣ពាន់លានផោន។លោកស្រី Wen វ័យ ៤២ឆ្នាំ បានបដិសេធបទចោទ ៣ករណី ពាក់ព័ន្ធនឹងការសម្អាតលុយកខ្វក់ ហើយបាននិយាយថា លោកស្រីមិនមានចំណេះដឹងអំពីបទល្មើសឧក្រិដ្ឋដែលទាក់ទងនឹងកាក់ប៊ីតខននោះទេ។ អ្នកទោសរូបនេះត្រូវបានក្រុមប្រឹក្សាតុលាការរកឃើញថា មានទោស ១ករណី ក្នុងខែមីនា ក្រោយការកាត់ក្ដី នៅតុលាការ Southwark Crown តែគណៈវិនិច្ឆ័យមិនអាចឈានដល់ការចេញសាលក្រមលើបទចោទ ២ករណីផ្សេងទៀតទ។ កាលពីថ្ងៃសុក្រ លោកស្រី Wen ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៦ឆ្នាំ និង ៨ខែ ពីបទសម្អាតលុយកខ្វក់ ដែលលោកស្រីត្រូវបានរកឃើញថា មានទោសពិតប្រាកដមែន៕

មនុស្សជាង ៣០០ នាក់ត្រូវបានកប់ក្នុងបំណាក់ដីនៅប៉ាពួ នូវ៉ែលហ្គីនណេ

2024/05/25 11:51:14 am        146
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍នៅថ្ងៃសៅរ៍នេះថា មនុស្សជាង៣០០នាក់ និងលំនៅឋានជាង ១.១០០ខ្នង ត្រូវបានកប់ដោយបំណាក់ដីដ៏ធំ នៅភាគខាងជើង ប្រទេសប៉ាពួ នូវ៉ែលហ្គីនណេ។មនុស្សរាប់រយនាក់ ត្រូវបានគេបារម្ភថា ស្លាប់នៅក្នុងបំណាក់ដី ដែលបានកើតឡើងនៅភូមិ Kaokalam ក្នុងខេត្ត Enga ចម្ងាយប្រហែល៦០០ គីឡូម៉ែត្រ ភាគពាយព្យរដ្ឋធានី Port Moresby។សារព័ត៌មាន បាននិយាយថា បំណាក់ដីនៅក្នុងប្រទេសតំបន់ប៉ាស៊ីហ្វិកភាគខាងជើងប្រទេសអូស្ត្រាលីបានកប់មនុស្សជាង៣០០នាក់ និងលំនៅឋាន១.១៨២ខ្នង។ ក្រសួងការបរទេស និងពាណិជ្ជកម្មរបស់ប្រទេសអូស្ត្រាលី បាននិយាយនៅថ្ងៃសៅរ៍នេះថា ភូមិចំនួន៦ បានរងផលប៉ះពាល់ ដោយបំណាក់ដីនៅក្នុងតំបន់ Mulitaka ។អ្នកនាំពាក្យក្រសួង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា គណៈកម្មាធិការជាន់ខ្ពស់របស់ប្រទេសអូស្ត្រាលី នៅទីក្រុង Port Moresby កំពុងទាក់ទងយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរ ប៉ាពួ នូវ៉ែលហ្គីណេ សម្រាប់ការវាយតម្លៃបន្ថែមលើទំហំនៃការខូចខាត និងជនរងគ្រោះ។ សារព័ត៌មាន ABC បានរាយការណ៍នៅថ្ងៃសៅរ៍នេះថា សាកសពចំនួន៤នាក់ ត្រូវបានគេយកចេញពីទីក្រុង បន្ទាប់ពីក្រុមសង្គ្រោះបន្ទាន់បានទៅដល់តំបន់ដែលមានប្រជាជនរស់នៅដាច់ៗពីគ្នា ខណៈចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថា នឹងកើនឡើង។ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា បំណាក់ដី បានបិទផ្លូវហាយវ៉េ ធ្វើឱ្យឧទ្ធម្ភាគចក្រត្រូវបានប្រើប្រាស់ ជាមធ្យោបាយតែមួយគត់ដើម្បីទៅដល់តំបន់រងគ្រោះ។ នាយករដ្ឋមន្ត្រី លោក James Marape បាននិយាយថា មន្ត្រីគ្រោះមហន្តរាយ កងកម្លាំងការពារជាតិ និងក្រសួងសាធារណៈការនិងផ្លូវហាយវ៉េ កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងសង្គ្រោះ និងស្តារឡើងវិញ។

នគរបាលរាជធានី នឹងធ្វើសន្និសិទបង្ហាញមុខក្រុមក្មេងទំនើងដែលបង្ក្រាបបាន នៅរសៀលនេះ

2024/05/25 10:54:21 am        200
ភ្នំពេញ៖ យោងតាមប្រភពមន្ត្រីនគរបាលរាជធានីភ្នំពេញ នៅម៉ោង១៤ និង០០នាទីរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤នេះ សមត្ថកិច្ចនឹងធ្វើសន្និសិទព័ត៌មានបង្ហាញមុខក្រុមក្មេងទំនើងជាច្រើននាក់ ដែលធ្វើការបង្ក្រាបបានក្នុងរយះពេល២ថ្ងៃមកនេះ ។សន្និសិទនេះ នឹងធ្វើឡើងនៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានី ដោយបង្ហាញមុខក្រុមជនសង្ស័យ រួមជាមួយវត្ថុតាងមានជាដាវ និងកាំបិតជាច្រើន ដែលបានដកហូត បន្ទាប់ពីក្រុមទាំងនេះ បានធ្វើសកម្មភាពអុកឡុក និងដើរកាប់ចាក់យ៉ាងខ្លាំងខ្លាក្នុងរាជធានីភ្នំពេញ ។ ក្នុងរយះពេល២ថ្ងៃមកនេះ កម្លាំងសមត្ថកិច្ចទូទាំងរាជធានីភ្នំពេញ ដោយបានសហការ ​ជាមួយ​កម្លាំងនគរបាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ ក្នុងការចុះល្បាតក្នុងភូមិសាស្ត្ររាជធានី ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបលើ​សកម្មភាព​ក្រុមក្មេងទំនើង ដែលបានបង្កើតភាពអសន្តិសុខ បង្កជាក្តីព្រួយបារម្ភ និងភ័យខ្លាច​ដល់ប្រជាពលរដ្ឋ​ស្លូតត្រង់នៅក្នុងសង្គមជាតិ ។ ប្រតិបត្តិការដ៏ក្តៅគគុករបស់កម្លាំងសមត្ថកិច្ចនេះ ធ្វើឡើង បន្ទាប់ពីមានបទបញ្ជា​ដ៏ម៉ឺងម៉ាត់​របស់​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានបញ្ជារដល់កងកម្លាំង​គ្រប់លំដាប់​ថ្នាក់ ពិសេសអភិបាលរាជធានីខេត្តទាំង២៤ ធ្វើយ៉ាងណាដាច់ខាត​ត្រូវតែបង្ក្រាបឱ្យមាន​ប្រសិទ្ធិភាព​បំផុត លើសកម្មភាពក្រុមក្មេងទំនើង ​ដែលកំពុងមានការផុសផុលឡើងខ្លាំង បង្កជាភាព​អសន្តិសុខដល់ពលរដ្ឋ និងសង្គមជាតិ ក្នុងពេលបច្ចុប្បន្ននេះ ៕ អត្ថបទ ៖ លីហេង 

បាតុករគាំទ្រប៉ាឡេស្ទីននិយាយថា «មិនគ្រប់គ្រាន់ទេ» សម្រាប់សេចក្តីសម្រេចរបស់ ICJ លើអ៊ីស្រាអែល

2024/05/25 09:36:37 am        170
ក្រុមបាតុករគាំទ្រប៉ាឡេស្ទីនមួយក្រុម បានមកប្រមូលផ្តុំគ្នានៅខាងក្រៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) កាលពីថ្ងៃសុក្រ ដោយបានស្តីបន្ទោសចំពោះសេចក្តីសម្រេចរបស់តុលាការដែលឲ្យអ៊ីស្រាអែលត្រឹមតែ បញ្ឈប់ប្រតិបត្តិការយោធាទាំងអស់នៅទីក្រុងRafah។ អ្នកតវ៉ានិយាយថា សវនាការនៅថ្ងៃនេះល្អ ប៉ុន្តែវាមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ «សេរីភាពប៉ាឡេស្ទីន ព្រមទាំងដំណោះស្រាយរដ្ឋពីរដោយសេរីភាព នោះទើបគ្រប់គ្រាន់។ វាល្អសម្រាប់ប្រជាជនទាំងសងខាង ទាំងសាសនា និងសម្រាប់តំបន់មជ្ឈិមបូព៌ាផងដែរ។ចៅក្រមតុលាការកំពូលរបស់អង្គការសហប្រជាជាតិ បានបង្គាប់ឱ្យអ៊ីស្រាអែល បញ្ឈប់ការវាយលុកដោយយោធារបស់ខ្លួនលើទីក្រុងRafah ភាគខាងត្បូងតំបន់ហ្កាហ្សា នៅក្នុងសេចក្តីសម្រេចបន្ទាន់មួយលើករណីនាំមកដោយប្រទេសអាហ្រ្វិកខាងត្បូង ដែលចោទប្រកាន់អ៊ីស្រាអែលពីបទប្រល័យពូជសាសន៍។ តុលាការ ក៏បានបង្គាប់ឱ្យអ៊ីស្រាអែលបើកច្រកឆ្លងកាត់ទីក្រុង Rafah រវាងអេហ្ស៊ីប និងតំបន់ហ្កាហ្សា ដើម្បីអនុញ្ញាតឲ្យមានការដឹកជញ្ជូនជំនួយមនុស្សធម៌ចូលទៅក្នុងតំបន់ហ៊ុមព័ទ្ធ។បាតុករ អ្នកស្រី អ៊ីមម៉ាន ខាសាណេ(Eman Khasawneh) បាននិយាយថាតុលាការយុត្តិធម៌អន្តរជាតិ (ICJ) គួរតែបង្គាប់ឱ្យមានបទឈប់បាញ់ ដែលការចេញសេចក្តីសម្រេចរបស់តុលាការនៅពេលនេះ មិនគ្រប់គ្រាន់នៅឡើយទេ។ យើងកោតសរសើរចំពោះការចេញសេចក្តីសម្រេចឲ្យបញ្ឈប់ប្រតិបត្តិការនៅទីក្រុង Rafah ប៉ុន្តែវាមិនទាន់គ្រប់គ្រាន់។អ៊ីស្រាអែល បានច្រានចោល ការចោទប្រកាន់ករណីប្រល័យពូជសាសន៍ ម្តងហើយម្តងទៀតថា ការចោទប្រកាន់នេះ «គ្មានមូលដ្ឋាន» ដោយលើកហេតុផលនៅក្នុងតុលាការថា ប្រតិបត្តិការរបស់ខ្លួននៅតំបន់ហ្កាហ្សា គឺជាការ ការពារខ្លួន និងបានដាក់គោលដៅតែទៅលើក្រុមសកម្មប្រយុទ្ធហាម៉ាស ដែលបានវាយប្រហារលើអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា។

ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា កើនឡើងលើសពី ៣៥.៨០០ នាក់

2024/05/24 01:01:18 pm        132
អាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ (២៣ ឧសភា) ថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន ពីការវាយប្រហារដែលកំពុងបន្តរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សាស្ទ្រីប បានកើនឡើងដល់ជាង ៣៥.៨០០ នាក់ និងរបួសជាង ៨០.០០០ នាក់។ យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ ប្រតិបត្តិការយោធាអ៊ីស្រាអែល នៅតំបន់ហ្កាហ្សា បានបណ្តាលឱ្យមនុស្ស ៩១ នាក់ស្លាប់។តាំងពីយប់ថ្ងៃពុធមក យោធាអ៊ីស្រាអែល បានធ្វើការវាយប្រហារតាមអាកាសលើតំបន់ជាច្រើននៅភាគកណ្តាល និងភាគខាងជើងហ្កាហ្សា។ កាលពីថ្ងៃព្រហស្បត្តិ៍ យោធានិយាយថា ខ្លួនមិនទាន់បានបើកការវាយលុកដ៏ធំលើទីក្រុងរ៉ាហ្វា ភាគខាងត្បូងអេហ្ស៊ីប ដែលជាអ្នកជិតខាងរបស់តំបន់ហ្កាហ្សា នៅឡើយទេ ប៉ុន្តែកំពុងពង្រឹងការប្រយុទ្ធរបស់ខ្លួន ហើយនឹងបញ្ជូនទាហានបន្ថែមទៀតទៅកាន់ទីក្រុងនេះ។អ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែល (IDF) លោក ដានីញ៉ែល ហាហ្ការី (Daniel Hagari) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រហូតមកដល់ពេលនេះ កងកម្លាំងអ៊ីស្រាអែល បានសម្លាប់យុទ្ធជនប្រដាប់អាវុធរាប់សិបនាក់នៅក្នុងទីក្រុងរ៉ាហ្វា បានរកឃើញផ្លូវរូងក្រោមដីរាប់សិបកន្លែង និងបានបំផ្លាញទីតាំងយោធា រួមទាំងកន្លែងបាញ់គ្រាប់រ៉ូកែតផងដែរ។អាជ្ញាធរសុខាភិបាលហ្កាហ្សា បាននិយាយកាលពីយប់ថ្ងៃព្រហស្បតិ៍ថា ស្តុកប្រេងឥន្ធនៈសម្រាប់មន្ទីរពេទ្យ អាល់អាកសា ម៉ាទីស (Al-Aqsa Martyrs) កំពុងជិតអស់ ហើយមន្ទីរពេទ្យនឹងឈប់ដំណើរការ ដោយធ្វើឱ្យអ្នករងរបួស ស្ថិតក្នុងស្ថានភាពគំរាមកំហែងដល់អាយុជីវិត៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់ចេញបទបញ្ជា ៩ ចំណុច ស្តីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
07/15/2025 10:07 PM
សម្តេចប្រធានរដ្ឋសភាកម្ពុជាចែករំលែកអនុសាសន៍៥ចំនុច ក្នុងការលើកកម្ពស់វប្បធម៌សន្ទនា កសាងសុខសន្តិភាព ដល់កិច្ចប្រជុំ AIPA
07/15/2025 08:07 PM
សហគមន៍ជនបទយេម៉ែនកំពុងជួបការលំបាកខ្លាំង ស្របពេលដែលគ្រោះរាំងស្ងួតកាន់តែធ្ងន់ធ្ងរទៅ
07/15/2025 08:07 PM
ប៉េរ៉ូបើកឡើងវិញតំបន់បុរាណវិទ្យាអាយុកាល ៣.៨០០ឆ្នាំ Penico ដល់ភ្ញៀវទេសចរ
07/15/2025 08:07 PM
រដ្ឋមន្ត្រីសុខាភិបាល បន្តរំលឹក «គំនិត ពេលវេលា និងសុចរិតភាព គឺជាកត្តាគន្លឹះឈានទៅរកភាពជោគជ័យយូរអង្វែង ទាំងក្នុងជីវិតការងារ ទាំងក្នុងជីវិតបុគ្គលម្នាក់ៗ»
07/15/2025 08:07 PM
UN ៖ ជនប៉ាឡេស្ទីន ៨៧៥នាក់ ត្រូវបានសម្លាប់នៅជិតទីតាំងចែកចាយជំនួយក្នុងតំបន់ហ្កាហ្សា
07/15/2025 08:07 PM
វិមានក្រឹមឡាំង៖ សេចក្តីថ្លែងការណ៍របស់លោក Trump ស្តីពីរុស្ស៊ី និងលោក Putin គឺធ្ងន់ធ្ងរ និងត្រូវការការវិភាគ
07/15/2025 08:07 PM
បារាំង៖ សន្និសីទ UN នឹងពិភាក្សា អំពីហ្កាហ្សាក្រោយសង្គ្រាម និងការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន
07/15/2025 07:07 PM
កូរ៉េខាងត្បូងកោះអញ្ជើញមន្ត្រីអនុព័ន្ធការពារជាតិជប៉ុន ដើម្បីតវ៉ា ជុំវិញការអះអាងសិទ្ធិលើកោះ
07/15/2025 07:07 PM
លោក Netanyahu ស្ថិតក្រោមសម្ពាធនយោបាយកាន់តែខ្លាំង ក្រោយមានគណបក្សដកខ្លួន
07/15/2025 07:07 PM